តើការរៀនអំពីព្រះអាចផ្ដល់ប្រយោជន៍អ្វីខ្លះដល់លោកអ្នក?
តាមរយៈអត្ថបទមុនៗ យើងបានរៀនអំពីអ្វីដែលជួយយើងឲ្យរកឃើញចម្លើយចំពោះសំណួរ តើព្រះពិតជាអ្នកណា? យើងចាប់ផ្ដើមដោយរៀនថាក្នុងគម្ពីរ ឈ្មោះរបស់លោកគឺយេហូវ៉ា ហើយថាគុណសម្បត្តិសំខាន់បំផុតរបស់លោកគឺសេចក្ដីស្រឡាញ់។ យើងក៏បានពិចារណាអំពីអ្វីដែលលោកបានធ្វើ និងអ្វីដែលលោកនឹងធ្វើដើម្បីជាប្រយោជន៍ដល់មនុស្សជាតិដែរ។ ទោះជាមានអ្វីជាច្រើនទៀតដែលយើងអាចរៀនអំពីព្រះ ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ថាតើការរៀនអំពីព្រះថែមទៀតផ្ដល់ប្រយោជន៍អ្វីខ្លះ។
ព្រះយេហូវ៉ាសន្យាថា៖ «បើកូនស្វែងរកលោក នោះលោកនឹងឲ្យកូនរកលោកឃើញ»។ (ប្រវត្តិហេតុទី១ ២៨:៩) កាលដែលអ្នកកំពុងស្វែងរកព្រះនិងស្គាល់លោក សូមស្រមៃគិតអំពីអំណោយដ៏មានតម្លៃដែលនៅខាងមុខអ្នក ពោលគឺការធ្វើជា«មិត្តសម្លាញ់របស់លោក»! (ចម្រៀងសរសើរព្រះ ២៥:១៤) តើការមានចំណងមិត្តភាពជាមួយព្រះ អាចផ្ដល់ប្រយោជន៍យ៉ាងណាខ្លះដល់អ្នក?
សុភមង្គលពិត។ គម្ពីររៀបរាប់ថាព្រះយេហូវ៉ាជា«ព្រះដែលមានសេចក្ដីសប្បាយ»។ (ធីម៉ូថេទី១ ១:១១) ការចូលទៅជិតស្និទ្ធនឹងលោកនិងការយកតម្រាប់លោកនឹងនាំឲ្យអ្នកមានសុភមង្គលពិត ដែលអាចផ្ដល់ប្រយោជន៍ដល់អ្នកទាំងផ្លូវចិត្តទាំងផ្លូវកាយ។ (ចម្រៀងសរសើរព្រះ ៣៣:១២) អ្នកក៏នឹងអាចមានជីវិតដ៏មានសុភមង្គល ដោយទម្លាប់ខ្លួនឲ្យធ្វើអ្វីដែលជួយដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត រក្សាទំនាក់ទំនងល្អជាមួយនឹងអ្នកឯទៀត និងជៀសវាងពីរបៀបរស់នៅដែលបំផ្លាញជីវិតខ្លួន។ អ្នកនឹងយល់ស្របអ្វីដែលអ្នកតែងចម្រៀងសរសើរព្រះបានសរសេរថា៖ «ការដែលខ្ញុំចូលទៅជិតព្រះ នោះជាការប្រសើរណាស់»។—ចម្រៀងសរសើរព្រះ ៧៣:២៨
ការយកចិត្តទុកដាក់។ ព្រះយេហូវ៉ាបានសន្យានឹងអ្នកបម្រើរបស់លោកថា៖ «ខ្ញុំនឹងផ្ដល់ឱវាទដល់អ្នក ហើយមើលថែអ្នកមិនឲ្យឃ្លាតពីភ្នែករបស់ខ្ញុំឡើយ»។ (ចម្រៀងសរសើរព្រះ ៣២:៨) នោះមានន័យថាព្រះយេហូវ៉ាយកចិត្តទុកដាក់នឹងអ្នកបម្រើម្នាក់ៗរបស់លោក ហើយផ្ដល់ឲ្យពួកគេនូវអ្វីដែលពួកគេត្រូវការ។ (ចម្រៀងសរសើរព្រះ ១៣៩:១, ២) កាលដែលអ្នកមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ា នោះអ្នកនឹងឃើញថាលោកតែងតែចាំជួយអ្នក។
អនាគតត្រចះត្រចង់។ ក្រៅពីជួយអ្នកឲ្យមានជីវិតសប្បាយនិងស្កប់ចិត្តនៅឥឡូវនេះ ព្រះយេហូវ៉ាក៏ធ្វើឲ្យអ្នកអាចមានអនាគតដ៏ភ្លឺស្វាងដែរ។ (អេសាយ ៤៨:១៧, ១៨) គម្ពីរចែងថា៖ «អស់អ្នកដែលនឹងទទួលជីវិតដែលគ្មានទីបញ្ចប់ ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ និងត្រូវស្គាល់យេស៊ូគ្រិស្តដែលលោកបានចាត់ឲ្យមក»។ (យ៉ូហាន ១៧:៣) នៅគ្រាដ៏ពិបាកនេះ សេចក្ដីសង្ឃឹមដែលព្រះផ្ដល់ឲ្យអាចប្រៀបដូចជាយុថ្កាដែលជួយយើងឲ្យបន្ត«រឹងមាំ»។—ហេប្រឺ ៦:១៩
ប្រយោជន៍ដែលទើបតែបានលើកឡើងទាំងនេះគ្រាន់តែជាមូលហេតុសំខាន់ៗមួយចំនួនដើម្បីស្គាល់ព្រះឲ្យបានច្បាស់ជាង និងបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយនឹងលោក។ យើងសូមអញ្ជើញអ្នកឲ្យនិយាយជាមួយនឹងសាក្សីព្រះយេហូវ៉ាណាម្នាក់ ឬចូលគេហទំព័រយើងjw.orgដើម្បីទទួលព័ត៌មានថែមទៀត។