គ្មានអ្នកណាអាចគេចផុតពីសេចក្ដីស្លាប់
សូមស្រមៃគិតថាអ្នកកំពុងមើលវីដេអូអំពីបុគ្គលល្បីល្បាញម្នាក់ ហើយប្រហែលគាត់ជាតន្ត្រីករដ៏ល្បីល្បាញដែលអ្នកកោតសរសើរ។ វីដេអូចាប់ផ្ដើមបង្ហាញអំពីកាលដែលនាងនៅកុមារភាព ពេលនាងបានរៀនរបៀបលេងឧបករណ៍តន្ត្រី និងការហ្វឹកហាត់ជាច្រើនដងរបស់នាង។ ក្រោយមកអ្នកឃើញនាងសម្ដែងនៅការប្រគំតន្ត្រី ហើយបានធ្វើដំណើរទៅប្រទេសជាច្រើន ព្រមទាំងក្លាយទៅជាអ្នកល្បីឈ្មោះមួយរូបនៅទូទាំងពិភពលោក។ មិនយូរក្រោយមក វីដេអូបង្ហាញអំពីពេលនាងបានទៅជាចាស់ និងចុងក្រោយនៃវីដេអូគឺនាងស្លាប់។
វីដេអូនេះគឺជារឿងពិតរបស់បុគ្គលដែលធ្លាប់មានជីវិតរស់នៅ។ ទោះជាបុគ្គលក្នុងវីដេអូជាអ្នកណាក៏ដោយ មិនថាជាតន្ត្រីករ អ្នកវិទ្យាសាស្ត្រ អ្នកកីឡា ឬបុគ្គលល្បីល្បាញឯទៀត លទ្ធផលរបស់ពួកគេគឺដូចគ្នា។ បុគ្គលបែបនោះប្រហែលជាបានធ្វើអ្វីៗល្អជាច្រើន ប៉ុន្តែសូមគិត បើគាត់មិនបានទៅជាចាស់ហើយស្លាប់ តើគាត់អាចនឹងធ្វើអ្វីៗបានច្រើនថែមទៀតយ៉ាងណាទៅ?
យើងប្រហែលមានអារម្មណ៍សោកស្ដាយពេលយើងគិតអំពីរឿងនេះ ប៉ុន្តែនេះជាអ្វីដែលយើងទាំងអស់គ្នាគេចមិនផុតទេ។ (សាស្ដា ៩:៥) ទោះជាយើងខំព្យាយាមយ៉ាងណាក៏ដោយ យើងនៅតែទៅជាចាស់ហើយស្លាប់។ មិនត្រឹមតែប៉ុណ្ណោះ យើងអាចស្លាប់មុនអាយុ បើយើងមានជំងឺឬមានគ្រោះថ្នាក់។ នៅក្នុងគម្ពីរបានរៀបរាប់ថា ជីវិតយើងគឺដូចអ័ព្ទនៅពេលព្រឹកដែល«នៅតែមួយរយៈពេលខ្លី រួចបាត់ទៅ»។—យ៉ាកុប ៤:១៤
ចំពោះមនុស្សខ្លះ ជីវិតគឺមិនទៀងនិងគ្មានន័យខ្លឹមសារ ហេតុនេះហើយពួកគេរស់នៅដោយគិតថា៖ «ចូរឲ្យយើងស៊ីផឹកទៅ ព្រោះស្អែកយើងត្រូវស្លាប់»។ (កូរិនថូសទី១ ១៥:៣២) ពួកគេរស់នៅតាមរបៀបនេះ ពីព្រោះពួកគេទទួលស្គាល់ថាពួកគេអាចស្លាប់គ្រប់ពេល ហើយគ្មានសេចក្ដីសង្ឃឹមចំពោះអនាគតទេ។ ពេលបុគ្គលម្នាក់ជួបស្ថានភាពពិបាកក្នុងជីវិត នោះគាត់ឆ្ងល់ថា ‹តើជីវិតយើងមានតែប៉ុណ្ណេះឬ?› តើលោកអ្នកអាចរកឃើញចម្លើយនៅឯណា?
សព្វថ្ងៃនេះ មនុស្សជាច្រើនខំរកចម្លើយពីវិទ្យាសាស្ត្រ។ អ្នកវិទ្យាសាស្ត្រនិងគ្រូពេទ្យបានរកឃើញវិធីផ្សេងៗដែលអាចជួយឲ្យយើងរស់នៅយូរជាង។ អ្នកវិទ្យាសាស្ត្រខ្លះកំពុងខិតខំរកវិធីដើម្បីឲ្យយើងរស់នៅកាន់តែយូរជាងនេះទៅទៀត។ ប៉ុន្តែ ទោះជាពួកអ្នកវិទ្យាសាស្ត្រទទួលបានលទ្ធផលយ៉ាងណាក៏ដោយ នៅតែមានសំណួរដូចតទៅ៖ ហេតុអ្វីយើងទៅជាចាស់ ហើយស្លាប់? តើសេចក្ដីស្លាប់ដែលជាសត្រូវរបស់យើងនឹងត្រូវបំផ្លាញចោលបានឬទេ? អត្ថបទបន្តបន្ទាប់នឹងពិចារណាប្រធានបទទាំងនេះ ព្រមទាំងឆ្លើយសំណួរ តើជីវិតយើងមានតែប៉ុណ្ណេះឬ?