ឥទ្ធិពលនៃវីដេអូទាំងឡាយដែលធ្វើបន្ទាល់ដោយឯកឯង
១ «កូនប្រុសរបស់យើងធ្លាប់ចូលចិត្តមើលវីដេអូនោះតាំងតែពីមិនទាន់ចេះដើរនៅឡើយ។ កូនយើងមើលម្ដងហើយម្ដងទៀត។ យើងសប្បាយចិត្តមែនទែន! ដោយមានឧបករណ៍បែបនេះ ដែលអាចជួយកូនយើងបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាក្នុងចិត្តរបស់កូន»។ តើមាតាបិតាគ្រីស្ទានទាំងនេះនិយាយអំពីកាសែតវីដេអូមួយណា? នេះគឺកាសែតវីដេអូចំណងជើងថាលោកណូអេ—គាត់បានដើរជាមួយនឹងព្រះ។ មាតាមួយរូបដែលមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ាមានកូនប្រុសម្នាក់ មាតានេះធ្លាប់មើលកាសែតវីដេអូលោកណូអេនៅផ្ទះអ្នកផ្សេងទៀត។ មាតានេះបានផ្ញើលុយ៩០ដុល្លារអាមេរិកទៅកាន់ការិយាល័យសាខាហើយសួរថា តើយើងអាចមានកាសែតវីដេអូផ្សេងៗទៀតសំរាប់ក្មេងៗឬទេ? កាសែតវីដេអូទាំងឡាយដែលអង្គការរបស់ព្រះយេហូវ៉ាផលិត គឺមានអានុភាពយ៉ាងខ្លាំងទៅលើកុមារនិងមនុស្សពេញវ័យ។
២ ក្នុងក្រុមគ្រួសារ: ក្រុមគ្រួសារស្មរបន្ទាល់បានមើលកាសែតវីដេអូស្មរបន្ទាល់ព្រះយេហូវ៉ាកាន់ជំហរមាំមួននឹងការប្រយុទ្ធពីរបបណាត្ស៊ី។ ក្រោយនោះមាតារៀបរាប់ថា៖ «ខ្ញុំបានជញ្ជឹងគិតពេញមួយថ្ងៃអំពីរបៀបព្រះយេហូវ៉ាជួយមនុស្សធម្មតាស៊ូទ្រាំនឹងកាលៈទេសៈដ៏លំបាកដូចនោះ! ការជញ្ជឹងគិតដូច្នេះបានរំឭកខ្ញុំថាបញ្ហារបស់ខ្ញុំគឺតូចមែនទែន។ ការទស្សនាវីដេអូនេះជាមួយនឹងកូនរបស់យើងអាចជួយពួកគេយល់ដឹងច្បាស់ជាងនូវភាពចាំបាច់នៃការពឹងពាក់ទៅលើព្រះយេហូវ៉ា។ ការពិគ្រោះជាមួយកូនៗក្រោយយើងបានទស្សនាវីដេអូនេះចប់ហើយនោះ អាចជួយកូនស្រីៗរបស់យើងមានសមត្ថភាពស៊ូទ្រាំនឹងការសង្កត់សង្កិននិងការបង្ខិតបង្ខំនិងការបៀតបៀនណាដែលគេនឹងជួបប្រទះ»។
៣ នៅឯសាលារៀន: សំរាប់សេចក្ដីរាយការណ៍ ស្មរបន្ទាល់វ័យជំទង់មួយរូបបានបង្ហាញកាសែតវីដេអូកាន់ជំហរមាំមួនអស់មួយផ្នែកឲ្យសិស្សក្នុងថ្នាក់រៀនរបស់គាត់មើល។ ពីមុនមើលវីដេអូនោះ អ្នកគ្រូរបស់គាត់បាននិយាយថា គាត់មិនចូលចិត្តស្មរបន្ទាល់ទេ។ ក្រោយពីគាត់មើលវីដេអូនោះ អ្នកគ្រូស្រដីថា៖ «នេះបានធ្វើឲ្យខ្ញុំផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំទាំងស្រុងចំពោះស្មរបន្ទាល់ព្រះយេហូវ៉ា។ ខ្ញុំសន្យាថា ពេលគេមកលេងផ្ទះខ្ញុំលើកក្រោយ ខ្ញុំនឹងស្ដាប់ពួកគេនិងចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយគេផងដែរ!»។ តើអ្វីបានធ្វើឲ្យគាត់ផ្លាស់ប្ដូរទស្សនៈរបស់គាត់ចំពោះស្មរបន្ទាល់ព្រះយេហូវ៉ា? អ្នកគ្រូនិយាយថា គឺ«សេចក្ដីស្រឡាញ់និងភាពស្មោះត្រង់ដ៏ពិត»របស់ពួកគេ។
៤ ក្នុងកិច្ចបំរើ: បងស្រីម្នាក់ជួបស្ត្រីមួយដែលមិនព្រមទទួលប្រកាសនវត្ថុរបស់យើង ទោះជាគាត់មានសំនួរជាច្រើនអំពីអង្គការនិងជំនឿរបស់យើងក៏ដោយ។ បងស្រីនេះបានត្រឡប់ទៅជួបវិញដោយនាំយកមកជាមួយនូវកាសែតវីដេអូស្មរបន្ទាល់ព្រះយេហូវ៉ា—អង្គការដែលគាំទ្រឈ្មោះនោះ ហើយបញ្ចាំងឲ្យស្ត្រីនោះនិងស្វាមីរបស់គាត់ទស្សនា។ ស្ត្រីនោះនិងស្វាមីរបស់គាត់បានកោតស្ងើចមែនទែន ហើយបានយល់ព្រមសិក្សាព្រះគម្ពីរ។ ដោយសារបន្ទាល់ដ៏ប្រសើរដែលគេបានឮនោះ ពួកគេចាប់ផ្ដើមរស់នៅសមស្របទៅតាមព្រះហឫទ័យរបស់ព្រះ។
៥ តើអ្នកកំពុងតែប្រើកាសែតវីដេអូឲ្យបានប្រសិទ្ធិភាពច្រើនបំផុតទេ?