វីដេអូថ្មីដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ
គេហទំព័រjw.orgមានវីដេអូខ្លីមួយដែលមានចំណងជើងថា ហេតុអ្វីរៀនគម្ពីរ? វីដេអូនេះកំពុងតែទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនជាច្រើន។ វីដេអូនេះបានត្រូវរៀបចំឡើងដើម្បីជំរុញចិត្តអ្នកចាប់អារម្មណ៍ឲ្យយល់ព្រមសិក្សាគម្ពីរដោយឥតគិតថ្លៃ។ បើចង់មើលវីដេអូនោះ សូមចុចខាងក្រោមទំព័រដើមដែលថា«ស្នើសុំរៀនគម្ពីរ» ឬក៏ថតបារកូដដែលមាននៅទំព័រចុងក្រោយក្នុងខិត្តប័ណ្ណថ្មីរបស់យើង។ នៅខាងក្រោមនេះមានវិធីខ្លះៗដែលយើងអាចប្រើវីដេអូនោះឲ្យបានប្រយោជន៍ច្រើនបំផុត។
• ពេលត្រឡប់ទៅជួប សូមប្រាប់ម្ចាស់ផ្ទះថា៖ «ខ្ញុំមានវីដេអូខ្លីមួយ។ វីដេអូនេះពន្យល់អំពីរបៀបរកចម្លើយចំពោះសំណួររបស់អ្នកអំពីគម្ពីរ។ តើខ្ញុំអាចបង្ហាញអ្នកបានទេ?»។ បើគាត់យល់ព្រម សូមបង្ហាញគាត់វីដេអូនេះតាមទូរស័ព្ទឬឧបករណ៍ផ្សេងទៀតរបស់អ្នក ឬកុំព្យូទ័ររបស់ម្ចាស់ផ្ទះ។
• បើយើងបានជូនខិត្តប័ណ្ណថ្មីមួយដល់អ្នកណាម្នាក់នៅពេលយើងផ្សព្វផ្សាយក្រៅផ្លូវការឬផ្សព្វផ្សាយជាសាធារណៈ សូមបង្ហាញបារកូដ ហើយលើកទឹកចិត្តគាត់ឲ្យថតបារកូដដោយទូរស័ព្ទដៃរបស់គាត់។ ក្នុងភាសាជាច្រើនមានបារកូដ ដូច្នេះបើយើងថតបារកូដនោះ យើងនឹងឃើញវីដេអូជាភាសានោះតែម្ដងក្នុងគេហទំព័ររបស់អង្គការយើង។ ហេតុនេះយើងប្រហែលជាអាចប្រើទូរស័ព្ទដៃឬឧបករណ៍ផ្សេងទៀត ដើម្បីបង្ហាញវីដេអូនេះនៅពេលដែលយើងកំពុងផ្សព្វផ្សាយ។
• សូមប្រាប់អំពីវីដេអូនោះដល់អ្នកធ្វើការជាមួយ សិស្សរួមថ្នាក់ សាច់ញាតិ និងអ្នកណាដែលអ្នកស្គាល់ ហើយស្នើសុំបង្ហាញវីដេអូនោះឲ្យពួកគេមើល។ ម្យ៉ាងទៀត អ្នកអាចផ្ញើអ៊ីមែលដោយភ្ជាប់វីដេអូនោះ ហើយអញ្ជើញពួកគេឲ្យមើលដោយខ្លួនគេផ្ទាល់។
តាមរយៈការប្រើវីដេអូថ្មីដែលមានប្រសិទ្ធភាពនេះ ប្រហែលជាយើងអាចចាប់ផ្ដើមបង្រៀនគម្ពីរច្រើនជាង ហើយជួយ«អស់អ្នកដែលមានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»មានចំណងមិត្តភាពជាមួយព្រះ។—សកម្ម. ១៣:៤៨