បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w19 មីនា ទំ. ២៩-៣១
  • ព្រះយេហូវ៉ាឲ្យតម្លៃចំពោះពាក្យ«អាមេន»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាឲ្យតម្លៃចំពោះពាក្យ«អាមេន»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​បណ្ដា​ជន​ទាំង​ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា‹អាម៉ែន›​»​
  • ​«​បណ្ដា​ជន​ទាំង​អស់​គ្នា​ក៏​ទទួល​ឡើង​ថា​៖ ‹អាម៉ែន!› ហើយ​ក៏​សរសើរ​ដំ​កើង​ដល់​ព្រះ​យេហូវ៉ា​ដែរ​»​
  • មូលហេតុ​ដែល​ការ​ពោល​ពាក្យ​«​អាមេន​»​គឺ​សំខាន់
  • ចូរបង្ហាញចិត្ដកតញ្ញូចំតួនាទីដ៏ល្អឯកដែលព្រះយេស៊ូមានក្នុងគោលបំណងរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរចូលទៅជិតព្រះតាមរយៈការអធិស្ឋាន
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • «ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
w19 មីនា ទំ. ២៩-៣១
បងប្អូនក្នុងក្រុមជំនុំឱនក្បាលដើម្បីអធិដ្ឋាន

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ពាក្យ​«​អាមេន​»​

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ លោក​«​ប្រុ​ង​ស្ដាប់ ក៏​បាន​ឮ​»​ពួក​អ្នក​បម្រើ​លោក ហើយ​លោក​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ទាំង​អស់​ដែល​ពួក​គេ​ធ្វើ​ដើម្បី​សរសើរ​លោក ទោះ​ជា​នោះ​គឺ​តូច​តាច​ក៏​ដោយ។ (​ម៉ាឡ. ៣:១៦​) ជា​ឧទាហរណ៍ សូម​គិត​អំពី​ពាក្យ​មួយ​ដែល​យើង​ទំនង​ជា​បាន​ពោល​អស់​ជា​ច្រើន​ដង។ ពាក្យ​នោះ​គឺ​«​អាមេន​»។ តើ​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ពាក្យ​នេះ​ឬ​ទេ? លោក​ពិត​ជា​ឲ្យ​តម្លៃ​មែន! ដើម្បី​ដឹង​អំពី​មូលហេតុ សូម​យើង​ពិចារណា​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ និង​របៀប​ដែល​ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ក្នុង​គម្ពីរ។

​«​បណ្ដា​ជន​ទាំង​ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា‹អាម៉ែន›​»​

ពាក្យ​«​អាមេន​»​មាន​អត្ថន័យ​ថា​«​ប្រាកដ​ហើយ​»​ ឬ​«​សូម​ឲ្យ​បាន​សម្រេច​ដូច​បំណង​»។ ពាក្យ​នេះ​មក​ពី​ពាក្យ​ភាសា​ហេប្រឺ​ដែល​មាន​ន័យ​ថា​«​ស្មោះ​ត្រង់​»​ និង​«​គួរ​ឲ្យ​ទុក​ចិត្ត​»។ ជួន​កាល​ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ខាង​ផ្លូវ​ច្បាប់។ ក្រោយ​ពី​បុគ្គល​ណា​ម្នាក់​បាន​ស្បថ គាត់​បាន​និយាយ​«​អាមេន​»​ដើម្បី​បញ្ជាក់​ថា​អ្វី​ដែល​គាត់​ទើប​តែ​បាន​និយាយ​ជា​ការ​ពិត ហើយ​គាត់​នឹង​ព្រម​ទទួល​លទ្ធផល​នៃ​សម្បថ​នោះ។ (​ជន. ៥:២២​) ពេល​បុគ្គល​នោះ​បាន​និយាយ​ពាក្យ​«​អាមេន​»​នៅ​មុខ​គេ នេះ​កាន់​តែ​ជំរុញ​គាត់​ឲ្យ​ធ្វើ​តាម​ពាក្យ​របស់​គាត់។—នេហ. ៥:១៣

ឧទាហរណ៍​ដ៏​ល្អ​មួយ​អំពី​ការ​ប្រើ​ពាក្យ​«​អាមេន​»​បាន​ត្រូវ​កត់​ទុក​នៅ​ចោទិយកថា ជំពូក​ទី​២៧។ ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា ពួក​គេ​ត្រូវ​ជួប​ជុំ​គ្នា​នៅ​ចន្លោះ​ភ្នំ​កេរិស៊ីម​និង​ភ្នំ​អេបាល ដើម្បី​ស្ដាប់​ច្បាប់​ដែល​បាន​ត្រូវ​អាន​ឮ​ៗ។ ប៉ុន្តែ ពួក​គេ​នៅ​ទី​នោះ​មិន​គ្រាន់​តែ​ដើម្បី​ស្ដាប់​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ប្រកាស​ថា​ពួក​គេ​ព្រម​ធ្វើ​តាម​ច្បាប់​នោះ។ ពួក​គេ​បាន​ធ្វើ​ដូច្នេះ​ដោយ​តប​ឆ្លើយ​ថា‹អាមេន!› ពេល​បាន​ស្ដាប់​លទ្ធផល​ដែល​មក​ពី​ការ​មិន​ស្ដាប់​បង្គាប់។ (​ចោ. ២៧:១៥​-​២៦​) សូម​ស្រមៃ​គិត​អំពី​សំឡេង​របស់​បុរស ស្ត្រី និង​កូន​ក្មេង​រាប់​ពាន់​នាក់​ដែល​បាន​ឆ្លើយ​យ៉ាង​ឮ​ៗ​! (​យ៉ូស. ៨:៣០​-​៣៥​) ពួក​គេ​ច្បាស់​ជា​មិន​បាន​ភ្លេច​ពាក្យ​ដែល​ពួក​គេ​បាន​និយាយ​នៅ​ថ្ងៃ​នោះ​ទេ។ យើង​ដឹង​ថា​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​នោះ​បាន​រក្សា​ពាក្យ​សន្យា​នោះ ដោយ​សារ​គម្ពីរ​ចែង​ថា​៖ ​«​ឯ​សាសន៍​អ៊ីស្រាអែល​គេ​បាន​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​គ្រប់​១​ជីវិត​របស់​យ៉ូស្វេ នឹង​ជីវិត​របស់​ពួក​ចាស់​ទុំ​ដែល​រស់​នៅ​ក្រោយ​លោក ជា​ពួក​អ្នក​បាន​ស្គាល់​អស់​ទាំង​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សំ​រាប់​ពួក​អ៊ីស្រាអែល​»។—យ៉ូស. ២៤:៣១

លោក​យេស៊ូ​ក៏​បាន​ប្រើ​ពាក្យ​«​អាមេន​»​ដើម្បី​បញ្ជាក់​ថា​អ្វី​ដែល​លោក​មាន​ប្រសាសន៍​ជា​ការ​ពិត តែ​លោក​បាន​ធ្វើ​ដូច្នេះ​តាម​របៀប​ដ៏​ពិសេស​មួយ។ ជា​ជាង​ប្រើ​ពាក្យ​«​អាមេន​»​(​ដែល​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា​«​ការ​ពិត​»​)ដើម្បី​តប​ឆ្លើយ​នឹង​ការ​លើក​ឡើង​ណា​មួយ លោក​បាន​ប្រើ​ពាក្យ​«​អាមេន​»​មុន​លោក​មាន​ប្រសាសន៍​អំពី​ការ​ពិត​ណា​មួយ។ ជួន​កាល​ក្នុង​ភាសា​ដើម លោក​បាន​ប្រើ​ពាក្យ​នេះ​ស្ទួន ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អាមេន អាមេន​»។ (​ម៉ាថ. ៥:១៨; យ៉ូន. ១:៥១​) យ៉ាង​នេះ លោក​បង្ហាញ​យ៉ាង​ច្បាស់​ដល់​អ្នក​ស្ដាប់​ថា​ប្រសាសន៍​របស់​លោក​គឺ​ជា​ការ​ពិត។ លោក​យេស៊ូ​អាច​មាន​ប្រសាសន៍​ដោយ​ជឿ​ជាក់​បែប​នេះ ដោយ​សារ​លោក​គឺ​ជា​បុគ្គល​ដែល​មាន​តួនាទី​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ​ទៅ​ជា​ការ​ពិត។—២កូ. ១:២០; បប. ៣:១៤

​«​បណ្ដា​ជន​ទាំង​អស់​គ្នា​ក៏​ទទួល​ឡើង​ថា​៖ ‹អាម៉ែន!› ហើយ​ក៏​សរសើរ​ដំ​កើង​ដល់​ព្រះ​យេហូវ៉ា​ដែរ​»​

ជន​ជាតិ​អ៊ីស្រាអែល​ក៏​ប្រើ​ពាក្យ​«​អាមេន​»​ពេល​សរសើរ​និង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ (​នេហ. ៨:៦; ទំនុក. ៤១:១៣​) ពេល​និយាយ​ពាក្យ​នេះ​បន្ទាប់​ពី​សេចក្ដី​អធិដ្ឋាន អ្នក​ស្ដាប់​បាន​បង្ហាញ​ថា​ពួក​គេ​យល់​ស្រប​នឹង​អ្វី​ដែល​បាន​ត្រូវ​និយាយ។ យ៉ាង​នេះ​អស់​អ្នក​ដែល​មាន​វត្តមាន​នៅ​ទី​នោះ​អាច​រួម​ចំណែក ហើយ​ក៏​អាច​សប្បាយ​រីក​រាយ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ នេះ​បាន​កើត​ឡើង​ពេល​ស្តេច​ដាវីឌ​បាន​នាំ​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​ទៅ​ក្រុង​យេរូសាឡិម។ ក្នុង​អំឡុង​បុណ្យ​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ពេល​នោះ គាត់​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​ដោយ​ច្រៀង​ចម្រៀង​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​របា​ក្សត្រ​ទី១ ១៦:៨​-​៣៦។ អ្នក​ស្ដាប់​បាន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​ពាក្យ​របស់​គាត់ រហូត​ដល់​«​បណ្ដា​ជន​ទាំង​អស់​គ្នា​ក៏​ទទួល​ឡើង​ថា​៖ ‹អាម៉ែន!› ហើយ​ក៏​សរសើរ​ដំ​កើង​ដល់​ព្រះ​យេហូវ៉ា​ដែរ​»។ ការ​ឆ្លើយ​រួម​គ្នា​បាន​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​សប្បាយ​ក្នុង​ពិធី​នោះ។

គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​ក៏​បាន​ប្រើ​ពាក្យ​«​អាមេន​»​ពេល​សរសើរ​ព្រះ​យេហូវ៉ា ហើយ​អ្នក​សរសេរ​គម្ពីរ​បាន​ប្រើ​ពាក្យ​នេះ​ច្រើន​ដង​ក្នុង​សំបុត្រ​របស់​ពួក​គេ។ (​រ៉ូម ១:២៥; ១៦:២៧; ១ពេ. ៤:១១​) សៀវភៅ​ការ​បើក​បង្ហាញ​ថែម​ទាំង​ពណ៌នា​អំពី​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ថា ពួក​គេ​បាន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដោយ​ពោល​ថា​៖ ​«​អាមេន! ចូរ​អ្នក​រាល់​គ្នា​សរសើរ​យ៉ា!​»។ (​បប. ១៩:១, ៤​) តាម​ធម្មតា គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​និយាយ​«​អាមេន​»​បន្ទាប់​ពី​សេចក្ដី​អធិដ្ឋាន​នៅ​កិច្ច​ប្រជុំ។ (​១កូ. ១៤:១៦​) ប៉ុន្តែ នេះ​មិន​មែន​ជា​ពាក្យ​ដែល​ពួក​គេ​និយាយ​ដោយ​មិន​គិត​ទេ។

មូលហេតុ​ដែល​ការ​ពោល​ពាក្យ​«​អាមេន​»​គឺ​សំខាន់

ការ​ពិចារណា​អំពី​របៀប​ដែល​អ្នក​បម្រើ​ព្រះ​បាន​ប្រើ​ពាក្យ​នេះ​នៅ​អតីតកាល ជួយ​យើង​ឲ្យ​ឃើញ​អំពី​មូលហេតុ​ដែល​ពាក្យ​«​អាមេន​»​គឺ​សំខាន់​ដើម្បី​បញ្ចប់​សេចក្ដី​អធិដ្ឋាន។ ពេល​យើង​ពោល​ពាក្យ​នេះ​នៅ​ទី​បញ្ចប់​នៃ​សេចក្ដី​អធិដ្ឋាន​របស់​ខ្លួន យើង​បង្ហាញ​ថា​អ្វី​ដែលយើង​បាន​និយាយ​គឺ​ស្មោះ​អស់​ពី​ចិត្ត។ ម្យ៉ាង​ទៀត ពេល​យើង​និយាយ​ពាក្យ​«​អាមេន​»​បន្ទាប់​ពី​បង​ប្អូន​ណា​ម្នាក់​អធិដ្ឋាន​ជា​តំណាង​យើង ទោះ​ជា​យើង​ពោល​ពាក្យ​នេះ​ក្នុង​ចិត្ត​ក៏​ដោយ យើង​បង្ហាញ​ថា​យើង​យល់​ស្រប​ចំពោះ​អ្វី​ដែល​អ្នក​នោះ​បាន​និយាយ។ សូម​ពិចារណា​អំពី​មូលហេតុ​ផ្សេង​ទៀត​ដែល​ការ​ពោល​ពាក្យ​«​អាមេន​»​គឺ​សំខាន់។

យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ យើង​ចង់​ពោល​ពាក្យ​«​អាមេន​»​យ៉ាង​ស្មោះ ដូច្នេះ​យើង​រក្សា​ចិត្ត​គំនិត​ត្រឹម​ត្រូវ និង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​នោះ។ ពេល​យើង​អធិដ្ឋាន យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​តាម​រយៈ​ការ​ពោល​ពាក្យ​«​អាមេន​»​ប៉ុណ្ណោះ​ទេ តែ​ក៏​តាម​រយៈ​ការ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​នោះ​ផង​ដែរ។

យើង​មាន​សាមគ្គី​ភាព​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ។ ក្នុង​សេចក្ដី​អធិដ្ឋាន​ជា​សាធារណៈ សមាជិក​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​តែ​មួយ​ជា​មួយ​គ្នា។ (​សកម្ម. ១:១៤; ១២:៥​) ពេល​យើង​ពោល​ពាក្យ​«​អាមេន​»​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង យើង​មាន​សាមគ្គី​ភាព​កាន់​តែ​ខ្លាំង។ ទោះ​ជា​យើង​ពោល​ពាក្យ​នេះ​ឮ​ៗ​ឬ​ក្នុង​ចិត្ត​ក្ដី ពាក្យ​«​អាមេន​»​ផ្ដល់​មូលហេតុ​ថែម​ទៀត​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សំណូម​ពរ​របស់​យើង​ជា​ក្រុម។

បងស្រីម្នាក់ឱនក្បាលដើម្បីអធិដ្ឋានកាលដែលគាត់ស្ដាប់កិច្ចប្រជុំតាមទូរស័ព្ទ

ពេល​យើង​ពោល​ពាក្យ​«​អាមេន​»​ យើង​រួម​ចំណែ​ក្នុង​ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ

យើង​សរសើរ​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​កត់​សម្គាល់​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ដើម្បី​គោរព​ប្រណិប័តន៍​លោក។ (​លូក. ២១:២, ៣​) លោក​ឃើញ​អ្វី​ៗ​ដែល​នៅ​ក្នុង​ចិត្ត រួម​ទាំង​បំណង​ចិត្ត​របស់​យើង។ សូម្បី​តែ​ពេល​យើង​ត្រូវ​ស្ដាប់​កិច្ច​ប្រជុំ​តាម​ទូរស័ព្ទ ក៏​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​កត់​សម្គាល់​ពេល​យើង​ពោល​ពាក្យ​«​អាមេន​»។ ពេល​យើង​ពោល​ពាក្យ​នេះ យើង​រួម​ចំណែក​ក្នុង​ការ​សរសើរ​ព្រះ​ជា​មួយ​នឹង​បង​ប្អូន​ដែល​នៅ​កិច្ច​ប្រជុំ​នោះ។

ការ​ពោល​ពាក្យ​«​អាមេន​»​ប្រហែល​ជា​មើល​ទៅ​មិន​សូវ​សំខាន់​ទេ ប៉ុន្តែ​តាម​ពិត​នេះ​គឺ​សំខាន់។ សព្វវចនាធិប្បាយ​មួយ​អំពី​គម្ពីរ​រៀប​រាប់​ថា​៖ ​«​តាម​រយៈ​ការ​ពោល​ពាក្យ​តែ​មួយ​នេះ​»​ អ្នក​បម្រើ​របស់​ព្រះ​អាច​ប្រាប់​«​អំពី​ទំនុក​ចិត្ត ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង និង​សេចក្ដី​សង្ឃឹម​ដ៏​មុត​មាំ​ដែល​ពួក​គេ​មាន​ក្នុង​ចិត្ត​»។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​រាល់​ដង​ដែល​យើង​ពោល​ពាក្យ​«​អាមេន​»។—ទំនុក. ១៩:១៤

តើ​អ្នក​គួរ​ពោល​ពាក្យ​«​អាមេន​»​រាល់​ដង​ឬ​ទេ?

ពាក្យ​«​អាមេន​»​គឺ​ជា​ពាក្យ​សំខាន់។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​ដែល​អធិដ្ឋាន​ជា​តំណាង​យើង​និយាយ​ពាក្យ​មិន​ត្រឹម​ត្រូវ? តើ​យើង​មិន​គួរ​និយាយ​«​អាមេន​»​ឬ​ទេ? មិន​តែង​តែ​ដូច្នេះ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​ថា​យើង​ទាំង​អស់​គ្នា​ចេះ​និយាយ​ខុស ហើយ​លោក​មិន​ផ្ដោត​ទៅ​លើ​កំហុស​នោះ​ទេ។ ដូច្នេះ​ពេល​អ្នក​ឯ​ទៀត​អធិដ្ឋាន បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​គាត់​ចង់​និយាយ​ជា​ជាង​ពាក្យ​ដែល​គាត់​និយាយ យើង​ប្រហែល​ជា​នៅ​តែ​មាន​អារម្មណ៍​ថា​យើង​អាច​ពោល​ពាក្យ​«​អាមេន​»​ចំពោះ​សេចក្ដី​អធិដ្ឋាន​នោះ។

ផ្ទុយ​ទៅ​វិញ យើង​មិន​និយាយ​«​អាមេន​»​ទោះ​ជា​នៅ​ក្នុង​ចិត្ត​ឬ​ឮ​ៗ​ក្ដី ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដែល​មិន​ជឿ​ទេ។ ចុះ​បើ​យើង​មាន​វត្តមាន​ពេល​គេ​អធិដ្ឋាន? ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ចូល​រួម​កម្ម​វិធី​ដែល​មិន​ទាក់​ទង​នឹង​សាសនា និង​ដែល​បាន​រៀប​ចំ​ដោយ​អ្នក​មិន​ជឿ ហើយ​គេ​សុំ​ឲ្យ​អ្នក​ណា​ម្នាក់​អធិដ្ឋាន​ជា​តំណាង​ពួក​អ្នក​ដែល​នៅ​ទី​នោះ។ ឬ​យើង​ប្រហែល​ជា​នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សមាជិក​ខ្លះ​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ចុះ​បើ​ប្រមុខ​គ្រួសារ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ចង់​អធិដ្ឋាន​ជា​តំណាង​គ្រួសារ? តើ​យើង​គួរ​ធ្វើ​អ្វី?

បើ​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​នោះ យើង​អាច​បង្ហាញ​ការ​គោរព ហើយ​នៅ​ស្ងៀម។ យើង​នឹង​មិន​រួម​ចំណែក​ក្នុង​សេចក្ដី​អធិដ្ឋាន​នោះ​ដោយ​ពោល​ពាក្យ​«​អាមេន​»​ទេ ហើយ​យើង​ក៏​នឹង​មិន​កាន់​ដៃ​អ្នក​ឯ​ទៀត​ពេល​គេ​អធិដ្ឋាន​ដែរ ដោយ​សារ​ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា​យើង​កំពុង​ចូល​រួម​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ។ យើង​ប្រហែល​ជា​នឹង​សម្រេច​ចិត្ត​អធិដ្ឋាន​ក្នុង​ចិត្ត ប៉ុន្តែ​យើង​នឹង​មិន​និយាយ​«​អាមេន​»​ឮ​ៗ​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​ឯ​ទៀត​យល់​ថា​យើង​កំពុង​រួម​ចំណែក​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ។ បើ​មនុស្ស​នៅ​ទី​នោះ​ក្រោក​ឈរ​ឡើង ការ​ក្រោក​ឈរ​ជា​មួយ​នឹង​ពួក​គេ​ឬ​មិន​ក្រោក​ឈរ​គឺ​ស្រេច​ទៅ​លើ​អ្នក។ ការ​ក្រោក​ឈរ​ឬ​ឱន​ក្បាល​មិន​មែន​បង្ហាញ​ថា​យើង​កំពុង​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​នោះ​ទេ។ គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​គាត់​នឹង​ធ្វើ​ក្នុង​ស្ថានភាព​បែប​នោះ ហើយ​គ្មាន​អ្នក​ណា​គួរ​រិះ​គន់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គាត់​ឡើយ។

អ្វី​ៗ​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ បង្ហាញ​អំពី​មូលហេតុ​ថែម​ទៀត​ដែល​ការ​ពោល​ពាក្យ​«​អាមេន​»​គឺ​ជា​អ្វី​ដ៏​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក