ចូរបង្ហាញចិត្តកតញ្ញូចំពោះតួនាទីដ៏ល្អឯកដែលព្រះយេស៊ូមានក្នុងគោលបំណងរបស់ព្រះ
«ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត។ បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាអាចទៅឯព្រះវរបីតាបានឡើយ»។—យ៉ូន. ១៤:៦
១, ២. ហេតុអ្វីយើងគួរចាប់អារម្មណ៍នឹងការពិនិត្យមើលតួនាទីដ៏ល្អឯក ដែលព្រះយេស៊ូមានក្នុងគោលបំណងរបស់ព្រះ?
តាំងពីដើមមក មនុស្សជាច្រើនខំប្រឹងខ្នះខ្នែងដើម្បីធ្វើឲ្យប្លែកពីមនុស្សដែលនៅជុំវិញខ្លួន។ មនុស្សមួយចំនួនតិចបានទទួលជោគជ័យដោយធ្វើដូច្នោះ។ មនុស្សមួយចំនួនតិចជាងនេះទៅទៀត អាចអះអាងថាខ្លួនល្អឯកក្នុងរឿងសំខាន់ៗ។ ប៉ុន្តែ ព្រះយេស៊ូគ្រិស្តដែលជាបុត្រនៃព្រះ ទ្រង់ល្អឯកក្នុងលក្ខណៈជាច្រើន។
២ ហេតុអ្វីយើងគួរចាប់អារម្មណ៍នឹងតួនាទីដ៏ល្អឯករបស់ព្រះយេស៊ូ? គឺដោយសារនេះទាក់ទងនឹងចំណងមេត្រីភាពជាមួយព្រះ ដែលជាបិតានៅស្ថានសួគ៌របស់យើង! ព្រះយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត។ បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបីតាបានឡើយ»។ (យ៉ូន. ១៤:៦; ១៧:៣) សូមឲ្យយើងពិនិត្យមើលលក្ខណៈខ្លះៗដែលបង្ហាញថាព្រះយេស៊ូល្អឯក។ ការពិនិត្យមើលនេះនឹងបង្កើនចិត្តកតញ្ញូរបស់យើងចំពោះតួនាទីដែលទ្រង់មានក្នុងគោលបំណងរបស់ព្រះ។
«ព្រះរាជបុត្រាទ្រង់តែមួយ»
៣, ៤. (ក) ហេតុអ្វីយើងអាចនិយាយថាព្រះយេស៊ូល្អឯក ក្នុងតួនាទីជាបុត្រតែមួយគត់ដែលព្រះបង្កើតផ្ទាល់? (ខ) តើតួនាទីរបស់ព្រះយេស៊ូក្នុងការបង្កើតល្អឯកយ៉ាងដូចម្ដេច?
៣ ព្រះយេស៊ូមិនគ្រាន់តែជា«ព្រះរាជបុត្រានៃព្រះ»ប៉ុណ្ណោះឡើយ។ នេះជាឋានន្តរដែលសាតាំងបានហៅព្រះយេស៊ូពេលល្បួងទ្រង់។ (ម៉ាថ. ៤:៣, ៦) ប៉ុន្តែ ឋានន្តរដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគឺជា«ព្រះរាជបុត្រាតែ១របស់ព្រះ»។ (យ៉ូន. ៣:១៦, ១៨) ពាក្យភាសាក្រិចសម្រាប់«ព្រះរាជបុត្រាទ្រង់តែ១»បានបកស្រាយថា «មានតែមួយប៉ុណ្ណោះ» «មានតែមួយប្រភេទឬតែម្នាក់» ឬ«ល្អឯក»។ ព្រះយេហូវ៉ាមានបុត្រាដែលជាទេវតារាប់រយលាននាក់។ បើដូច្នេះ តើព្រះយេស៊ូជាបុត្រ«តែមួយប៉ុណ្ណោះ»ក្នុងន័យអ្វី?
៤ ព្រះយេស៊ូគឺល្អឯក ឬខុសប្លែកពីបុត្រាឯទៀតរបស់ព្រះក្នុងន័យថា មានតែទ្រង់ទេដែលព្រះយេហូវ៉ាបង្កើតដោយអង្គទ្រង់ផ្ទាល់។ ព្រះយេស៊ូជាបុត្រច្បង។ តាមពិត ទ្រង់«ជាបងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក»។ (កូល. ១:១៥) ទ្រង់«ជាដើមការដែលព្រះទ្រង់បង្កើតមក»។ (វិវរ. ៣:១៤) តួនាទីក្នុងការបង្កើតរបស់បុត្រតែមួយគត់ដែលព្រះបង្កើតផ្ទាល់ក៏ល្អឯកដែរ។ ទ្រង់មិនមែនជាអ្នកបង្កើត ឬជាអ្នកផ្ដើមការបង្កើតឡើយ។ ប៉ុន្តែ ព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងអស់តាមរយៈឬដោយសារទ្រង់។ (សូមអាន យ៉ូហាន ១:៣) សាវ័កប៉ុលបានសរសេរថា៖ «គង់តែខាងយើង មានព្រះតែ១ប៉ុណ្ណោះ គឺជាព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីទ្រង់ ហើយយើងរាល់គ្នាក៏សំរាប់ទ្រង់ ក៏មានព្រះអម្ចាស់តែ១ គឺជាព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារទ្រង់ ហើយយើងក៏ដោយសារទ្រង់ដែរ»។—១កូ. ៨:៦
៥. តើបទគម្ពីរដៅបញ្ជាក់ពីលក្ខណៈខ្លះដែលព្រះយេស៊ូល្អឯកយ៉ាងដូចម្ដេច?
៥ ក៏ប៉ុន្តែ ព្រះយេស៊ូល្អឯកក្នុងលក្ខណៈច្រើនទៀត។ បទគម្ពីរបានកំណត់ឋានន្តរឬនាមកត្ដាជាច្រើនដល់ទ្រង់ បញ្ជាក់ពីតួនាទីដ៏ល្អឯកដែលទ្រង់មានក្នុងគោលបំណងរបស់ព្រះ។ ឥឡូវសូមឲ្យយើងពិនិត្យមើលឋានន្តរប្រាំយ៉ាងទៀតក្នុងបទគម្ពីរភាសាក្រិចរបស់ពួកគ្រិស្តសាសនិក ដែលសំដៅទៅលើព្រះយេស៊ូ។
«ព្រះបន្ទូល»
៦. ហេតុអ្វីបានជាសមគួរដែលព្រះយេស៊ូត្រូវបានហៅថា «ព្រះបន្ទូល»?
៦ សូមអាន យ៉ូហាន ១:១៤។ ហេតុអ្វីបានជាព្រះយេស៊ូត្រូវបានហៅថា «ព្រះបន្ទូល» ឬឡូកូស? ឋានន្តរនេះសំដៅទៅកិច្ចការដែលទ្រង់បានធ្វើ តាំងពីពេលដែលមនុស្សនិងទេវតាទាំងឡាយត្រូវបានបង្កើតមក។ ព្រះយេហូវ៉ាបានចាត់បុត្ររបស់ទ្រង់ឲ្យនាំព័ត៌មាន និងការណែនាំទៅដល់ពួកទេវតាឯទៀត ដូចព្រះបានចាត់បុត្ររបស់ទ្រង់ឲ្យនាំសារទៅដល់មនុស្សនៅផែនដីដែរ។ ព្រះយេស៊ូជាបន្ទូលឬអ្នកនាំពាក្យរបស់ព្រះ ហើយនេះគឺសមស្របទៅនឹងអ្វីដែលទ្រង់មានប្រសាសន៍ដល់អ្នកស្ដាប់ដែលជាជនជាតិយូដាថា៖ «សេចក្ដីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ។ បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្ដីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ»។ (យ៉ូន. ៧:១៦, ១៧) សូម្បីតែព្រះយេស៊ូមានសិរីរុងរឿងនៅឯស្ថានសួគ៌វិញក៏ដោយ នោះទ្រង់នៅតែមានឋានន្តរជា«ព្រះបន្ទូលនៃព្រះ»។—វិវរ. ១៩:១១, ១៣, ១៦
៧. ព្រះយេស៊ូមានចិត្តរាបទាបក្នុងតួនាទីរបស់ទ្រង់ជា«ព្រះបន្ទូល» តើយើងអាចយកតម្រាប់តាមទ្រង់យ៉ាងដូចម្ដេច?
៧ សូមគិតអំពីអ្វីដែលឋានន្តរនេះបង្ហើបឲ្យដឹង។ ថ្វីបើព្រះយេស៊ូមានប្រាជ្ញាបំផុតក្នុងចំណោមការបង្កើតទាំងអស់របស់ព្រះយេហូវ៉ាក៏ដោយ ទ្រង់មិនបានពឹងទៅលើប្រាជ្ញារបស់ខ្លួនទេ។ ទ្រង់មានប្រសាសន៍ដូចបិតាបានបង្គាប់វិញ។ ព្រះយេស៊ូតែងតែលើកបញ្ជាក់ពីព្រះយេហូវ៉ាជាជាងខ្លួនឯង។ (យ៉ូន. ១២:៥០) ទ្រង់ពិតជាគំរូដ៏ល្អឲ្យយើងធ្វើតាមមែន! យើងក៏បានទទួលឯកសិទ្ធិពិសេសដើម្បី«ប្រកាសប្រាប់ដំណឹងល្អពីសេចក្ដីសុខសាន្ត»ដែរ។ (រ៉ូម ១០:១៥) ការមានចិត្តកតញ្ញូចំពោះគំរូរបស់ទ្រង់ក្នុងការបង្ហាញចិត្តរាបទាប នោះគួរជំរុញចិត្តយើងឲ្យជៀសចេញពីការនិយាយពីគំនិតខ្លួន។ ពេលដែលត្រូវប្រាប់សារដើម្បីសង្គ្រោះជីវិតពីគម្ពីរ នោះយើងមិនគួរ«គិតខ្ពស់លើសជាងសេចក្ដី ដែលបានចែងទុកមក»ឡើយ។—១កូ. ៤:៦
«អាម៉ែន»
៨, ៩. (ក) តើពាក្យ«អាម៉ែន»មានន័យអ្វី? ហើយហេតុអ្វីព្រះយេស៊ូត្រូវបានហៅថា«អាម៉ែន»? (ខ) តើព្រះយេស៊ូបានបំពេញតួនាទីជា«អាម៉ែន»យ៉ាងដូចម្ដេច?
៨ សូមអាន វិវរណៈ ៣:១៤។ ហេតុអ្វីព្រះយេស៊ូត្រូវបានហៅថា«អាម៉ែន»? ពាក្យបកប្រែថា«អាម៉ែន» ដែលជាការសរសេរតាមសូរសំឡេងនៃពាក្យមួយជាភាសាហេព្រើរដែលមានន័យថា «សូមឲ្យបានសម្រេចដូចបំណង» ឬ«ប្រាកដហើយ»។ ពាក្យអាម៉ែនបានដកស្រង់ចេញពីពាក្យដើមជាភាសាហេព្រើរដែលមាន័យថា«ស្មោះត្រង់» ឬ«គួរឲ្យទុកចិត្ត»។ ពាក្យដដែលនោះត្រូវបានប្រើពេលពិពណ៌នាអំពីភាពស្មោះត្រង់របស់ព្រះយេហូវ៉ា។ (ចោទិ. ៧:៩; អេសា. ៤៩:៧) ដូច្នេះ ពេលព្រះយេស៊ូត្រូវបានហៅថា«អាម៉ែន» តើទ្រង់ល្អឯកតាមវិធីណាខ្លះ? សូមកត់សម្គាល់របៀបដែលសៀវភៅកូរិនថូសទី២ ១:១៩, ២០ បានឆ្លើយថា៖ «ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលយើងខ្ញុំ . . . បានប្រកាសប្រាប់ក្នុងពួកអ្នករាល់គ្នា ទ្រង់មិនមែនជា«បាទ»ផង «ទេ»ផងនោះទេ គឺមានតែ«បាទ»សុទ្ធនៅក្នុងទ្រង់ប៉ុណ្ណោះ។ ដ្បិតទោះបើមានសេចក្ដីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា«បាទ»ក្នុងទ្រង់ ហើយ«អាម៉ែន»ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា»។
៩ ព្រះយេស៊ូជា«អាម៉ែន»ចំពោះសេចក្ដីសន្យារបស់ព្រះយេហូវ៉ាទាំងអស់។ គន្លងជីវិតដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូនៅផែនដី រួមទាំងការបូជាជីវិតខ្លួនផង បញ្ជាក់ថាសេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ាអាចសម្រេចបាន។ ណាមួយទៀត ដោយរក្សាចិត្តស្មោះត្រង់ នោះព្រះយេស៊ូបង្ហាញថាការអះអាងរបស់សាតាំងដែលបានកត់ទុកនៅសៀវភៅយ៉ូប គឺមិនពិតឡើយ។ សាតាំងអះអាងថា បើអ្នកបម្រើរបស់ព្រះជួបប្រទះការខ្វះខាត ការរងទុក្ខ និងការល្បងល នោះពួកគាត់នឹងលះបង់ចោលព្រះតែម្ដង។ (យ៉ូប ១:៦-១២; ២:២-៧) ក្នុងចំណោមការបង្កើតទាំងអស់របស់ព្រះ នោះព្រះយេស៊ូជាបុត្រច្បងអាចផ្ដល់ចម្លើយមួយដងជាការស្រេចចំពោះការចោទប្រកាន់របស់សាតាំង។ បន្ថែមទៅទៀត ព្រះយេស៊ូបានផ្ដល់ទីសំអាងដ៏ល្អបំផុតក្នុងការគាំទ្របិតារបស់ទ្រង់ ស្តីអំពីសិទ្ធិរបស់ព្រះយេហូវ៉ាដើម្បីគ្រប់គ្រងលើសកលលោកទាំងមូល។
១០. តើយើងអាចយកតម្រាប់តាមព្រះយេស៊ូក្នុងតួនាទីដ៏ល្អឯករបស់ទ្រង់ជា«អាម៉ែន»យ៉ាងដូចម្ដេច?
១០ តើយើងអាចយកតម្រាប់តាមព្រះយេស៊ូក្នុងតួនាទីដ៏ល្អឯករបស់ទ្រង់ជា«អាម៉ែន»យ៉ាងដូចម្ដេច? គឺដោយរក្សាចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា និងគាំទ្រទ្រង់ជាអ្នកដែលមានសិទ្ធិគ្រប់គ្រងលើសកលលោកទាំងមូល។ ពេលធ្វើដូច្នេះ នោះយើងនឹងតបឆ្លើយយ៉ាងល្អចំពោះសំណូមពរដែលបានកត់ទុកនៅសៀវភៅសុភាសិត ២៧:១១ ដែលថា៖ «កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ! ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។
«អ្នកកណ្ដាលនៃសញ្ញា[ឬ«កិច្ចព្រមព្រៀង»]ថ្មី»
១១, ១២. តើតួនាទីរបស់ព្រះយេស៊ូជាអ្នកកណ្ដាល ល្អឯកយ៉ាងដូចម្ដេច?
១១ សូមអាន ធីម៉ូថេទី១ ២:៥, ៦។ ព្រះយេស៊ូជា«អ្នកសង្រួបសង្រួមតែ១ នៅកណ្ដាលព្រះនឹងមនុស្ស»។ ទ្រង់ជា«អ្នកកណ្ដាលនៃសញ្ញា[ឬ«កិច្ចព្រមព្រៀង»]ថ្មី»។ (ហេ. ៩:១៥; ១២:២៤; ព.ថ.) ក៏ប៉ុន្តែ អ្នកកណ្ដាលក៏បានសំដៅទៅលើម៉ូសេដែរ ជាពិសេសជាអ្នកកណ្ដាលនៃកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យ។ (កា. ៣:១៩) បើដូច្នេះ តើតួនាទីរបស់ព្រះយេស៊ូជាអ្នកកណ្ដាលល្អឯកយ៉ាងដូចម្ដេច?
១២ ក្នុងភាសាដើម ពាក្យដែលបានបកប្រែថា«អ្នកកណ្ដាល»ជាពាក្យមួយដែលគេប្រើខាងច្បាប់។ ពាក្យនេះសំដៅទៅលើព្រះយេស៊ូជាអ្នកកណ្ដាលឬអ្នកសម្រុះសម្រួលតាមច្បាប់។ ឬក៏បើនិយាយឲ្យចំទៅ គឺថាទ្រង់ដូចជាមេធាវីនៃកិច្ចព្រមព្រៀងថ្មី ជាអ្នកផ្ដល់កំណើតឲ្យសាសន៍ថ្មី ពោលគឺ«សាសន៍អ៊ីស្រាអែលនៃព្រះ»។ (កា. ៦:១៦) គ្រិស្តសាសនិកដែលបានរើសតាំងដោយសកម្មពលរបស់ព្រះជាសមាជិកនៃសាសន៍ថ្មីនេះ។ ពួកគាត់ជា«ពួកសង្ឃហ្លួង»ឬសង្ឃដែលមានតំណែងជាស្តេចនៅឯស្ថានសួគ៌។ (១ពេ. ២:៩; និក្ខ. ១៩:៦) កិច្ចព្រមព្រៀងខាងក្រឹត្យវិន័យ ដែលមានម៉ូសេជាអ្នកកណ្ដាល មិនអាចបង្កើតសាសន៍ថ្មីដូចនោះឡើយ។
១៣. តើតួនាទីរបស់ព្រះយេស៊ូជាអ្នកកណ្ដាលរួមបញ្ចូលអ្វីខ្លះ?
១៣ តើតួនាទីរបស់ព្រះយេស៊ូជាអ្នកកណ្ដាលរួមបញ្ចូលអ្វីខ្លះ? ព្រះយេហូវ៉ាបានយកតម្លៃនៃឈាមរបស់ព្រះយេស៊ូប្រយោជន៍នឹងប្រោសលោះអស់អ្នកដែលរួមចំណែកក្នុងកិច្ចព្រមព្រៀងថ្មី។ យ៉ាងនេះ ព្រះយេហូវ៉ាចាត់ទុកតាមច្បាប់ថាពួកគាត់ជាមនុស្សសុចរិត។ (រ៉ូម ៣:២៤; ហេ. ៩:១៥) ព្រះអាចឲ្យពួកគាត់រួមចំណែកក្នុងកិច្ចព្រមព្រៀងថ្មី ហើយពួកគាត់អាចធ្វើជាស្តេចនិងសង្ឃនៅឯស្ថានសួគ៌! ព្រះយេស៊ូជាអ្នកកណ្ដាលដែលបានជួយពួកគាត់រក្សាឲ្យមានភាពស្អាតស្អំចំពោះព្រះ។—ហេ. ២:១៦
១៤. មិនថាមានក្ដីសង្ឃឹមបែបណាក៏ដោយ ហេតុអ្វីគប្បីឲ្យគ្រិស្តសាសនិកទាំងឡាយអបអរនឹងតួនាទីរបស់ព្រះយេស៊ូជាអ្នកកណ្ដាល?
១៤ ចុះយ៉ាងណាវិញ ចំពោះអស់អ្នកដែលមិនរួមចំណែកក្នុងកិច្ចព្រមព្រៀងថ្មី ជាអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី មិនមែននៅស្ថានសួគ៌នោះ? ទោះបើពួកគាត់មិនរួមចំណែកក្នុងកិច្ចព្រមព្រៀងថ្មីក៏ពិតមែន ពួកគាត់ក៏នៅតែទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងថ្មីនោះដែរ។ ពួកគាត់ទទួលការអត់ឱនទោសឲ្យរួចពីអំពើខុសឆ្គងរបស់ខ្លួន ថែមទាំងត្រូវបានចាត់ទុកជាមិត្តសម្លាញ់របស់ព្រះផង។ (យ៉ា. ២:២៣; ១យ៉ូន. ២:១, ២) ដូច្នេះ មិនថាយើងមានក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ឬផែនដីក៏ដោយ យើងគ្រប់គ្នាមានមូលហេតុល្អដើម្បីអបអរនឹងតួនាទីរបស់ព្រះយេស៊ូជាអ្នកកណ្ដាលនៃកិច្ចព្រមព្រៀងថ្មី។
«សំដេចសង្ឃ»
១៥. តើតួនាទីរបស់ព្រះយេស៊ូជាសម្ដេចសង្ឃ ខុសគ្នាពីបុរសទាំងឡាយឯទៀតដែលធ្លាប់បម្រើជាសម្ដេចសង្ឃយ៉ាងដូចម្ដេច?
១៥ បុរសជាច្រើននាក់ធ្លាប់បម្រើជាសម្ដេចសង្ឃ តែតួនាទីរបស់ព្រះយេស៊ូជាសម្ដេចសង្ឃពិតជាល្អឯកមែន។ តើល្អឯកយ៉ាងដូចម្ដេច? សាវ័កប៉ុលបានពន្យល់ថា៖ «ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង។ ព្រោះឯក្រិត្យវិន័យ នោះតែងតាំងមនុស្សឲ្យធ្វើជាសំដេចសង្ឃ ដែលគេមានសេចក្ដីកំសោយ តែសេចក្ដីសម្បថ ដែលមកក្រោយក្រិត្យវិន័យ នោះបានតាំងព្រះរាជបុត្រាវិញ ដែលទ្រង់បានគ្រប់លក្ខណ៍នៅអស់កល្បជានិច្ច»។—ហេ. ៧:២៧, ២៨a
១៦. ហេតុអ្វីបានជាយញ្ញបូជារបស់ព្រះយេស៊ូពិតជាល្អឯក?
១៦ ព្រះយេស៊ូជាមនុស្សល្អឥតខ្ចោះស្មើនឹងអ័ដាម មុនពេលដែលអ័ដាមប្រព្រឹត្តអំពើខុសឆ្គង។ (១កូ. ១៥:៤៥) ដូច្នេះហើយ ព្រះយេស៊ូជាមនុស្សតែមួយគត់ដែលអាចថ្វាយយញ្ញបូជាដ៏ល្អឥតខ្ចោះនិងពេញលេញ ជាយញ្ញបូជាដែលត្រូវថ្វាយតែមួយដងប៉ុណ្ណោះ។ ក្រោមក្រឹត្យវិន័យម៉ូសេ យញ្ញបូជាត្រូវថ្វាយរៀងរាល់ថ្ងៃ។ ប៉ុន្តែ យញ្ញបូជាបែបនេះទាំងអស់ ព្រមទាំងកិច្ចការរបស់ពួកសង្ឃ គឺជាស្រមោលពីអ្វីដែលព្រះយេស៊ូនឹងត្រូវបំពេញ។ (ហេ. ៨:៥; ១០:១) ដូច្នេះ ដោយសារព្រះយេស៊ូអាចបំពេញកិច្ចការច្រើនជាងសម្ដេចសង្ឃឯទៀត ថែមទាំងនឹងមានតួនាទីនេះជាអចិន្ត្រៃយ៍ផង ហេតុនេះហើយ ឋានៈរបស់ព្រះយេស៊ូជាសម្ដេចសង្ឃពិតជាល្អឯកមែន។
១៧. ហេតុអ្វីគប្បីឲ្យយើងមានចិត្តកតញ្ញូចំពោះព្រះយេស៊ូដែលមានតួនាទីជាសម្ដេចសង្ឃរបស់យើង? តើយើងអាចបង្ហាញចិត្តកតញ្ញូយ៉ាងដូចម្ដេច?
១៧ យើងត្រូវការព្រះយេស៊ូក្នុងឋានៈជាសម្ដេចសង្ឃ ដើម្បីជួយឲ្យយើងមានចំណងមេត្រីភាពជាមួយព្រះ។ យើងពិតជាមានសម្ដេចសង្ឃដ៏ល្អអស្ចារ្យមែន! សាវ័កប៉ុលបានសរសេរថា៖ «សំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្ដីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ»។ (ហេ. ៤:១៥) ពិតមែន ការមានចិត្តកតញ្ញូចំពោះសម្ដេចសង្ឃដែលចេះអាណិតអាសូរនេះ គួរតែជំរុញចិត្តយើង«មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ»។—២កូ. ៥:១៤, ១៥; លូ. ៩:២៣
«ពូជ»ដែលបានទាយទុក
១៨. បន្ទាប់ពីអ័ដាមប្រព្រឹត្តអំពើខុសឆ្គង តើព្រះបានទាយប្រាប់អំពីអ្វី? ហើយក្រោយមក តើអ្វីបានលាតត្រដាងស្តីអំពីទំនាយនេះ?
១៨ នៅសួនច្បារអេដែន ពេលមនុស្សជាតិមើលទៅហាក់ដូចជាបាត់បង់អ្វីៗអស់រលីងហើយ ពោលគឺចំណងមេត្រីភាពជាមួយព្រះ ជីវិតដែលគ្មានទីបញ្ចប់ សុភមង្គល និងសួនឧទ្យាន នោះព្រះយេហូវ៉ាបានទាយប្រាប់អំពីអ្នកសង្គ្រោះម្នាក់។ អ្នកសង្គ្រោះនេះត្រូវបានហៅថា«ពូជ»។ (លោ. ៣:១៥) អស់អំឡុងរាប់ពាន់ឆ្នាំមកហើយ ពូជអាថ៌កំបាំងនេះ បានទៅជារឿងសំខាន់ក្នុងទំនាយជាច្រើនដែលបានកត់ទុកក្នុងគម្ពីរ។ ពូជនោះត្រូវតែជាកូនចៅអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប។ ម្យ៉ាងទៀត ពូជនោះក៏នឹងត្រូវកើតមកក្នុងវង្សត្រកូលរបស់ស្តេចដាវីឌផង។—លោ. ២១:១២; ២២:១៦-១៨; ២៨:១៤; ២សាំ. ៧:១២-១៦
១៩, ២០. (ក) តើនរណាជាពូជសន្យា? (ខ) ពូជដែលបានទាយទុកគឺរួមបញ្ចូលព្រះយេស៊ូនិងអ្នកឯទៀត ហេតុអ្វីបានជាត្រឹមត្រូវ?
១៩ តើនរណាជាពូជសន្យានេះ? ចម្លើយចំពោះសំណួរនេះបានចែងទុកនៅសៀវភៅកាឡាទី ៣:១៦។ (សូមអាន) ក៏ប៉ុន្តែ ក្រោយមកនៅក្នុងជំពូកដដែលនោះ សាវ័កប៉ុលប្រាប់ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ថា៖ «ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរដកតាមសេចក្ដីសន្យាផង»។ (កា. ៣:២៩) ប្រសិនបើព្រះគ្រិស្តជាពូជសន្យា ហេតុអ្វីបានជាអ្នកឯទៀតរួមចំណែកក្នុងពូជនោះដែរ?
២០ មនុស្សរាប់លាននាក់អះអាងថាខ្លួនជាកូនចៅអ័ប្រាហាំ ហើយសូម្បីតែមានអ្នកខ្លះតាំងខ្លួនជាអ្នកប្រកាសទំនាយផង។ សាសនាខ្លះសង្កត់ខ្លាំងទៅលើសារៈសំខាន់នៃការអះអាងដែលថា អ្នកប្រកាសទំនាយរបស់ពួកគេជាកូនចៅអ័ប្រាហាំ។ ប៉ុន្តែ តើអ្នកប្រកាសទំនាយទាំងអស់នេះជាពូជសន្យាទេ? មិនមែនទេ។ ក្រោមការដឹកនាំនៃសកម្មពលរបស់ព្រះ សាវ័កប៉ុលបញ្ជាក់ថា មិនមែនកូនចៅរបស់អ័ប្រាហាំទាំងអស់អាចអះអាងថាខ្លួនជាពូជសន្យាឡើយ។ កូនចៅឯទៀតរបស់អ័ប្រាហាំមិនបានជ្រើសរើសដើម្បីផ្ដល់ពរដល់មនុស្សជាតិទេ។ ពូជដែលនឹងផ្ដល់ពរត្រូវលេចមកតាមរយៈអ៊ីសាកតែមួយគត់។ (ហេ. ១១:១៨) នៅទីបំផុត មានបុរសតែមួយ ពោលគឺព្រះយេស៊ូគ្រិស្ត ដែលគម្ពីរបានកត់ទុកតំណវង្សត្រកូលរបស់ទ្រង់ចាប់តាំងពីអ័ប្រាហាំមក។ ម្យ៉ាងទៀត ទ្រង់ជាតួអង្គសំខាន់ជាងគេក្នុងពូជដែលបានទាយទុកនោះ។b អ្នកឯទៀតទាំងអស់ដែលក្រោយមកបានក្លាយទៅជាផ្នែកទី២នៃពូជអ័ប្រាហាំ គឺដោយសារពួកគាត់ជា«របស់ផងព្រះគ្រីស្ទ»។ ត្រូវហើយ តួនាទីរបស់ព្រះយេស៊ូក្នុងការសម្រេចទំនាយនេះពិតជាល្អឯកមែន។
២១. ស្តីអំពីរបៀបដែលព្រះយេស៊ូបានសម្រេចតួនាទីដ៏ល្អឯករបស់ខ្លួនក្នុងគោលបំណងរបស់ព្រះយេហូវ៉ា តើអ្នកស្ងើចចិត្តនឹងចំណុចមួយណា?
២១ ផ្អែកទៅលើការពិនិត្យមើលយ៉ាងត្រួសៗអំពីតួនាទីដ៏ល្អឯកដែលព្រះយេស៊ូមានក្នុងគោលបំណងរបស់ព្រះ តើយើងបានរៀនអ្វីខ្លះ? តាំងពីពេលទ្រង់ត្រូវបានបង្កើតមក នោះបុត្រតែមួយគត់ដែលព្រះបង្កើតផ្ទាល់ ពិតជាល្អឯកគ្មានអ្នកណាប្រៀបដូចទេ។ ក៏ប៉ុន្តែ បុត្រនៃព្រះដ៏ល្អឯកនេះដែលបានទៅជាព្រះយេស៊ូ តែងតែបម្រើដោយចិត្តរាបទាបតាមបំណងប្រាថ្នារបស់បិតា ហើយមិនដែលរកកិត្ដិសព្ទចំពោះខ្លួនសោះ។ (យ៉ូន. ៥:៤១; ៨:៥០) ទ្រង់ពិតជាគំរូដ៏ល្អសម្រាប់យើងសព្វថ្ងៃនេះមែន! សូមឲ្យយើងតាំងគោលដៅដើម្បី«ធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះ»ដូចព្រះយេស៊ូចុះ!—១កូ. ១០:៣១
[កំណត់សម្គាល់]
a យោងទៅតាមបណ្ឌិតម្នាក់ខាងគម្ពីរ ពាក្យដែលបានបកប្រែថា«១ដងជាសំរេច» បញ្ជាក់ពីសេចក្ដីបង្រៀនដែលមានក្នុងគម្ពីរដែល«បង្ហើបពីភាពច្បាស់លាស់ ភាពល្អឯក ឬភាពតែមួយគត់នៃមរណភាពរបស់គ្រិស្ត»។
b ជនជាតិយូដានៅសតវត្សរ៍ទី១ បានគិតថាខ្លួនជាទីពេញចិត្តរបស់ព្រះ ដោយសារពួកគាត់ជាកូនចៅរបស់អ័ប្រាហាំពិតប្រាកដ។ ប៉ុន្តែ ពួកគាត់បានរង់ចាំបុគ្គលម្នាក់ដែលនឹងត្រូវលេចខ្លួនជាមេស្ស៊ី ឬព្រះគ្រិស្ត។—យ៉ូន. ១:២៥; ៧:៤១, ៤២; ៨:៣៩-៤១
តើអ្នកចាំទេ?
• តើអ្នកបានរៀនអ្វីខ្លះអំពីតួនាទីដ៏ល្អឯក អំពីឋានន្តរឬនាមកត្ដារបស់ព្រះយេស៊ូ? (សូមមើលប្រអប់)
• តើយើងអាចយកតម្រាប់តាមគំរូនៃបុត្រដ៏ល្អឯករបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
[ប្រអប់/រូបភាពនៅទំព័រ២៥]
ឋានន្តរខ្លះៗដែលបង្ហាញពីតួនាទីដ៏ល្អឯកដែលព្រះយេស៊ូមានក្នុងគោលបំណងរបស់ព្រះ
◼ ព្រះរាជបុត្រាទ្រង់តែមួយ។ (យ៉ូន. ១:៣) មានតែព្រះយេស៊ូទេដែលព្រះយេហូវ៉ាបង្កើតដោយអង្គផ្ទាល់។
◼ ព្រះបន្ទូល។ (យ៉ូន. ១:១៤) ព្រះយេហូវ៉ាបានចាត់បុត្ររបស់ទ្រង់ជាអ្នកនាំពាក្យដើម្បីផ្ដល់ព័ត៌មាន និងការណែនាំទៅដល់ពួកទេវតានិងមនុស្ស។
◼ អាម៉ែន។ (វិវរ. ៣:១៤) គន្លងជីវិតដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូនៅផែនដី រួមទាំងការបូជាជីវិតខ្លួនផង បានបញ្ជាក់ថាសេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ាអាចសម្រេចបាន។
◼ អ្នកកណ្ដាលនៃកិច្ចព្រមព្រៀងថ្មី។ (១ធី. ២:៥, ៦) ជាអ្នកកណ្ដាលឬអ្នកសម្រុះសម្រួលតាមច្បាប់ ព្រះយេស៊ូបាននាំឲ្យមានសាសន៍ថ្មី ពោលគឺ«សាសន៍អ៊ីស្រាអែលនៃព្រះ»។ សមាជិកនៃសាសន៍ថ្មីនេះ គឺគ្រិស្តសាសនិកដែលនឹងធ្វើជា«ពួកសង្ឃហ្លួង» ឬសង្ឃដែលមានតំណែងជាស្តេច នៅឯស្ថានសួគ៌។—កា. ៦:១៦; ១ពេ. ២:៩
◼ សម្ដេចសង្ឃ។ (ហេ. ៧:២៧, ២៨) ព្រះយេស៊ូជាមនុស្សតែមួយគត់ដែលអាចថ្វាយយញ្ញបូជាដ៏ឥតខ្ចោះនិងពេញលេញ ជាយញ្ញបូជាដែលត្រូវថ្វាយតែមួយដងប៉ុណ្ណោះ។ ទ្រង់អាចសម្អាតយើងពីអំពើខុសឆ្គង ហើយសង្គ្រោះយើងឲ្យរួចពីសេចក្ដីស្លាប់ដែលជាលទ្ធផលនៃអំពើខុសឆ្គងនោះ។
◼ ពូជសន្យា។ (លោ. ៣:១៥) មានតែបុរសម្នាក់គត់ ពោលគឺព្រះយេស៊ូគ្រិស្ត ដែលជាតួអង្គសំខាន់ជាងគេក្នុងពូជដែលបានទាយទុកនោះ។ ក្រោយមក អ្នកឯទៀតទាំងអស់ដែលបានក្លាយទៅជាផ្នែកទី២នៃពូជអ័ប្រាហាំ គឺដោយសារពួកគាត់ជា«របស់ផងព្រះគ្រីស្ទ»។—កា. ៣:២៩