កិរិយាប្រព្រឹត្តរបស់គ្រិស្តសាសនិកនៅឯសាលារៀន
១ ប្រសិនបើប្អូនជាយុវវ័យគ្រិស្តសាសនិកនៅតែរៀននៅសាលានៅឡើយ ប្អូនត្រូវការជំនឿមាំមួនដើម្បីរក្សាចិត្តគ្រប់លក្ខណ៍។ ប្អូនកំពុងតែជួបប្រទះការសេពគប់មិនល្អ និងស្ថានការណ៍ដែលអាចល្បងលជំនឿរបស់ប្អូន។ គឺសំខាន់ដែលប្អូនធ្វើតាមឱវាទរបស់ពេត្រុសឲ្យ «ប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃដើម្បី . . . ឲ្យគេបានសរសើរដល់ព្រះ . . . ដោយគេឃើញការល្អរបស់អ្នករាល់គ្នា»។ (១ពេ. ២:១២) ប្អូនត្រូវការចិត្តក្លាហាន ព្រមទាំងតាំងចិត្តដើម្បីយកឈ្នះលើការពិបាកនោះ។
២ មិនថានៅក្នុងឬក្រៅពីសាលា មានអានុភាពដ៏អាក្រក់ជាច្រើនដែលឡោមព័ទ្ធប្អូន ដូចជាការរួមភេទមុនរៀបការ ការប្រើពាក្យអាសអាភាស ថ្នាំជក់ និងថ្នាំញៀន។ ជារៀងរាល់ថ្ងៃ ប្អូនជួបប្រទះការទាក់ទាញចិត្តឲ្យធ្វើអ្វីដែលអាចបង្ខូចកិរិយាល្អរបស់ប្អូន។ ដូចជាមនុស្សពេញវ័យដែរ បើប្អូនចង់ស៊ូទ្រាំការល្បងលបែបនោះបាន ប្អូនត្រូវតែ«ខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ» (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៩១ ទំព័រ២៣-២៦ ជាភាសាអង់គ្លេស)។—យូ. ៣
៣ នៅសាលារៀនមានពិធីបុណ្យផ្សេងៗរបស់លោកិយ និងពិធីស្នេហាជាតិ។ តើប្អូនស្គាល់ពិធីបុណ្យជាតិនិងបុណ្យខាងសាសនាណាដែលបានផ្សាយឲ្យចូលរួមនៅឯសាលាប្អូនទេ? ប្រសិនបើប្អូនជួបប្រទះស្ថានការណ៍ពិបាកមួយ តើប្អូនអាច«មានបញ្ញាចិត្តជ្រះថ្លា ដើម្បីឲ្យ[គេ] . . . បានអៀនខ្មាសវិញ ដោយព្រោះគេនិយាយបង្កាច់ពីកិរិយាល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត»ទេ?—១ពេ. ៣:១៦
៤ ប្អូនប្រហែលត្រូវបានទាក់ទាញចិត្តពីសកម្មភាពលេងកីឡាឬពិធីជប់លៀងដែលសាលាបានរៀបចំ។ ប្អូនត្រូវប្រយ័ត្នប្រយែងដើម្បីស្គាល់នូវរបៀបសកម្មភាពបែបនោះ ដែលមើលទៅហាក់ដូចជាសប្បាយ តែអាចធ្វើឲ្យប្អូនបោះបង់ចោលជំនឿរបស់ខ្លួន។ គឺចាំបាច់ឲ្យប្អូនជ្រើសរើសការសេពគប់មិត្តដែលអាច«កំសាន្តចិត្តគ្នាទៅវិញទៅមក» ដោយសារជំនឿរបស់ទាំងអស់គ្នា នោះម្នាក់ៗអាចលើកទឹកចិត្តគ្នា។—រ៉ូម ១:១២
៥ អ្នកអាចស៊ូទ្រាំបានដោយជំនួយពីព្រះយេហូវ៉ា: សាតាំងតែងតែខំល្បងលជំនឿរបស់ប្អូន។ ការល្បងលដែលប្អូនត្រូវស៊ូទ្រាំអាចជាខ្លាំងក្រៃលែង តែរង្វាន់ដែលប្អូនទទួលគឺសមនឹងការស៊ូទ្រាំនោះ។ (១ពេ. ១:៦, ៧) ប្អូនត្រូវសុំជំនួយពីព្រះយេហូវ៉ា ដ្បិតប្អូនមិនអាចស៊ូទ្រាំឲ្យបានជោគជ័យដោយខ្លួនឯងឡើយ។ ព្រះយេស៊ូបានដាស់តឿនសិស្សរបស់ទ្រង់ថា៖ «ចូរចាំយាម ហើយអធិស្ឋានចុះ! ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ»។ (ម៉ាថ. ២៦:៤១) ដើម្បីស៊ូទ្រាំបាន ជាចាំបាច់ ប្អូនត្រូវចេះលត់ដំខ្លួន ព្រមទាំងចេះទប់ចិត្តដែរ។—១កូ. ៩:២៧
៦ ចូរចាំជានិច្ចថា ប្អូនទទួលខុសត្រូវសម្រាប់កិរិយាប្រព្រឹត្តរបស់ខ្លួនចំពោះព្រះយេហូវ៉ា។ (សាស. ១១:៩) សូម្បីតែអ្នកឯទៀតមិនបានឃើញអ្វីដែលប្អូនធ្វើក៏ដោយ ព្រះយេហូវ៉ាជ្រាបទាំងអស់ ហើយទ្រង់នឹងជំនុំជម្រះ។ (ហេ. ៤:១៣) ការមានសេចក្ដីប្រាថ្នាដ៏ស្មោះដើម្បីផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា គួរជំរុញប្អូនឲ្យ‹បង្ហើយសេចក្ដីសង្គ្រោះរបស់ប្អូន ដោយកោតខ្លាច ហើយញាប់ញ័រ›។ (ភី. ២:១២) ការអានបន្ទូលរបស់ព្រះប្រចាំថ្ងៃគឺជាជំនួយដ៏ល្អ ដោយសារព្រះគម្ពីរពោរពេញទៅដោយឱវាទដ៏ខ្ពង់ខ្ពស់ និងគំរូដ៏ប្រសើរដើម្បីឲ្យយើងយកតម្រាប់តាម។—ហេ. ១២:១-៣
៧ មាតាបិតាទាំងឡាយ អ្នកមានតួនាទីសំខាន់ណាស់! អ្នកត្រូវតាមដានកូនឲ្យបានដិតដល់ ស្គាល់ពីបញ្ហាដែលកូនជួបប្រទះ ហើយផ្ដល់ជំនួយពេលត្រូវការ។ តើអ្នកមានទំនាក់ទំនងល្អជាមួយកូនទេ? តើអ្នកបានបង្រៀនកូនឲ្យយល់និងមានចិត្តអបអរចំពោះច្បាប់និងគោលការណ៍របស់ព្រះទេ? ពេលជួបប្រទះការបង្ខិតបង្ខំ ឬការទាក់ទាញចិត្ត តើកូនមានកម្លាំងទប់ទល់បាន ឬក៏ចុះចាញ់យ៉ាងងាយវិញ? តើកូនអាក់អន់ចិត្តដោយសារខ្លួនត្រូវតែខុសប្លែកពីមនុស្សវ័យស្រករគ្នាទេ? ជាមាតាបិតា អ្នកមានភារកិច្ចដើម្បីជួយកូន។ (ចោទិ. ៦:៦, ៧) ប្រសិនបើអ្នកបំពេញភារកិច្ចនេះដោយល្អ អ្នកអាចជួយកូនទទួលជ័យជម្នះក្នុងការខំប្រឹងតយុទ្ធដើម្បីការពារជំនឿ។—សុ. ២២:៦