«តើខ្ញុំគួរធ្វើយ៉ាងណា»?
១ ជាយុវជនម្នាក់ ដែលកំពុងតែឆ្ពោះដល់ភាពពេញវ័យ ប្រហែលជាអ្នកនឹងសួរថា៖ ‹តើខ្ញុំគួរធ្វើយ៉ាងណា ចំពោះជីវិតរបស់ខ្ញុំ›? យុវជនគ្រីស្ទាន ចង់បង្កើនកិច្ចបំរើរបស់គេចំពោះព្រះយេហូវ៉ា ក្នុងកិច្ចផ្សព្វផ្សាយ។ ក៏ប៉ុន្តែ តើអ្នកអាចធ្វើនេះយ៉ាងដូចម្ដេច កាលដែលអ្នកកំពុងទទួលភារកិច្ច ដែលទាក់ទងភាពពេញវ័យ ដែលរួមបញ្ចូលការបំពេញតម្រូវការខាងរូបកាយ? ចម្លើយប្រហែលជាមិនស្រួលរកឃើញទេ។
២ យុវជនខ្លះ ប្រហែលជាចាប់ផ្ដើមខ្វល់ខ្វាយ ពេលដែលគេមើលស្ថានភាពខាងសេដ្ឋកិច្ចទូទាំងពិភពលោក និងទំនាយអំពីពេលអនាគតនោះដែរ។ ពួកគេឆ្ងល់ថា៖ ‹តើខ្ញុំគួរតាមរកការអប់រំខាងលោកីយ៍ជាបន្ថែមទេ? តើខ្ញុំគួរចូលរួមកិច្ចបំរើពេញពេលភ្លាមទេ›? ដើម្បីធ្វើការសម្រេចដ៏ត្រឹមត្រូវ នោះមនុស្សម្នាក់ត្រូវតែឆ្លើយយ៉ាងពិតត្រង់នូវសំនួរដែលថា ‹ក្នុងជីវិត តើចំណាប់អារម្មណ៍ដ៏ធំបំផុតរបស់ខ្ញុំគឺជាអ្វីទៅ›? គាត់ត្រូវតែពិនិត្យមើលបំណងចិត្តរបស់គាត់ដែរ។
៣ ក្នុងយុវវ័យភាពរបស់អ្នក តើការយកចិត្តទុកដាក់អ្វីជាងគេដែលអ្នកបានបណ្ដុះបណ្ដាលនោះ? តើអ្នកចាប់អារម្មណ៍ ច្រើនតែនឹងការស្វែងរកអត្ថប្រយោជន៍ពីលុយកាក់ទេ ឬក៏តើអ្នកពិតជាចង់ប្រើជីវិតរបស់អ្នកដើម្បីបង្កើនឡើងនូវអ្វីៗខាងព្រះរាជាណាចក្រ? សញ្ញាប័ត្រពីសកលវិទ្យាល័យ មិនធានាឲ្យបានជោគជ័យក្នុងការស្វែងរកការងារឡើយ។ គឺជាផ្លូវមួយទៀត ច្រើននាក់បានទទួលជំនាញការ ដោយកម្មវិធីហាត់ធ្វើការជាកូនជាង កម្មវិធីវិជ្ជាជីវៈឬសាលាបច្ចេកទេសខ្លះៗ ឬក៏វិជ្ជាសិក្សារយៈពេលខ្លីនៅឯសកលវិទ្យាល័យដែលតម្រូវពេលនិងការចូលរួមតិចទេ។
៤ ចូរមានទំនុកចិត្តនឹងសេចក្ដីសន្យារបស់ព្រះយេហូវ៉ា: ហេតុការណ៍ដ៏សំខាន់បំផុតដើម្បីយកមកពិចារណា គឺការធានាពីព្រះយេហូវ៉ាដែលទ្រង់នឹងផ្គត់ផ្គង់ដល់អ្នកដែលទុកប្រយោជន៍ព្រះរាជាណាចក្រមុនបង្អស់ក្នុងជីវិត។ (ម៉ាថាយ ៦:៣៣) នេះមិនមែនជាពាក្យសន្យាដ៏អសារឥតការទេ។ បងប្រុសជាច្រើនដែលចូលរួមសាលាបង្ហាត់ខាងកិច្ចបំរើ នោះបានទទួលសញ្ញាប័ត្រសកលវិទ្យាល័យ មុនដែលគេបានរៀនសេចក្ដីពិត។ ក៏ប៉ុន្តែ តើពួកគេប្រកបរបរអ្វី? មានចំនួនតិចណាស់ ដែលបានរកស៊ីតាមអាជីពដែលគេបានត្រូវអប់រំធ្វើនោះ។ ពួកគេជាច្រើនបានធ្វើការខាងសេវ៉ាមួយប្រភេទទាំងបំពេញយ៉ាងល្អនូវតម្រូវការរបស់ខ្លួនខាងលុយកាក់ កាលដែលធ្វើកិច្ចការត្រួសត្រាយ។ ដោយបានពង្រីកនូវសកម្មភាពរបស់គេក្នុងកិច្ចបំរើ នោះគេបានទទួលពរយ៉ាងលើសជាងអ្វីៗខាងលុយកាក់ទៅទៀត។
៥ ក្នុងការសម្រេចអ្វីដែលអ្នកគួរធ្វើបន្ទាប់ពីរៀនចប់នៅមហាវិទ្យាល័យ នោះចូរគិតថ្លឹងថ្លែងនូវកត្ដាទាំងអស់ និងពិចារណាយ៉ាងផ្ចិតផ្ចង់នូវអ្វីដែលជំរុញចិត្តអ្នក។ សំរាប់ទស្សនៈមួយដែលប្រកបដោយតុល្យភាព នោះពិចារណាពត៌មានដូចជាបានលេចមកក្នុងទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៨ ទំព័រ១៩-២១ (ភាសាអង់គ្លេស)។ សូមនិយាយជាមួយឪពុកម្ដាយរបស់អ្នក ពួកអ្នកចាស់ទុំ អ្នកត្រួតពិនិត្យតាមមណ្ឌលរបស់អ្នក និងពួកអ្នកត្រួសត្រាយដែលជោគជ័យនៅតំបន់របស់អ្នកផងដែរ។ ដោយធ្វើអ៊ីចឹង នោះនឹងជួយអ្នកធ្វើការសម្រេចដោយប្រាជ្ញា អំពីអ្វីដែលអ្នកគួរធ្វើចំពោះជីវិតរបស់អ្នក។—សាស្ដា ១២:១, ១៣