បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/០២ ទំ. ១
  • អំណរដែលបានមកពីកិច្ចបំរើពេញពេល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អំណរដែលបានមកពីកិច្ចបំរើពេញពេល
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • «បើអ្នកត្រួសត្រាយពេញពេល អ្នកប្រាកដជាធ្វើបានល្អណាស់!»
    ២០១០ កិច្ចបម្រើព្រះ
  • ពរនៃកិច្ចបំរើជាអ្នកត្រួសត្រាយ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ការធ្វើជាអ្នកត្រួសត្រាយពង្រឹងចំណងមិត្តភាពរវាងយើងនិងព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • សូមឲ្យលោកធ្វើឲ្យគ្រប់ទាំងគម្រោងរបស់អ្នកបានសម្រេច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៧/០២ ទំ. ១

អំណរ​ដែល​​បាន​មក​ពី​កិច្ច​បំរើ​ពេញ​ពេល​

១ ដោយសារ​អ្នក​នៅ​ក្មេង​នៅ​ឡើយ អ្នក​ទំនង​ជា​បាន​គិត​ខ្លះៗអំពី​អនាគត​របស់​អ្នក​រួច​ទៅ​ហើយ។  សុភាសិត ២១:៥​ចែង​ប្រាប់​យើង​ថា៖ «គំនិត​របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង»។ អ្នក​នឹង​ទទួល​ប្រយោជន៍​បាន​ច្រើន បើ​អ្នក​គិត​ឲ្យ​បាន​ជ្រៅជ្រះ​អំពី​គោល​ដៅ​របស់​អ្នក​ក្នុង​ជីវិត​។ ពេល​អ្នក​គិត​អំពី​គោល​ដៅ​របស់​អ្នក​សំរាប់​ពេល​អនាគត​នោះ ចូរ​គិត​អំពី​កិច្ច​បំរើ​ពេញ​ពេល​ដែរ។ ហេតុ​អ្វី?

២ អញ្ជើញ​សួរ​អ្នក​ពេញ​វ័យ​ដែល​​បាន​ត្រួសត្រាយ​ពេញ​ពេល​កាល​ពី​ក្មេង​ដើម្បី​​ឲ្យ​ដឹង​ពី​អារម្មណ៍​របស់​គេ។ ពួក​គេ​ច្បាស់​ជា​នឹង​និយាយ​ដូច​គ្នា​ថា៖ «ឆ្នាំ​ទាំង​នោះ​គឺ​ជា​គ្រា​ដ៏​សប្បាយ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ!»។ បង​ប្រុស​ម្នាក់​ដែល​​បាន​រីករាយ​នឹង​កិច្ច​បំរើ​ពេញ​ពេល​តាំង​ពី​ក្មេង​មក បាន​ពោល​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ពីព្រោះ​ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​អតីតកាល​កាល​ដែល​​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​អាច​និយាយ​ថា ខ្ញុំ​បាន​ធ្វើ​តាម​ដំបូន្មាន​ដែល​​ប្រកប​ដោយ​​ប្រាជ្ញា​ដែល​​ថា៖ ‹ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​​ឯង​នៅ​ក្មេង›»។ (សាស. ១២:១) អ្នក​និង​មាតា​បិតា​របស់​អ្នក​ត្រូវ​រៀប​ចំ​ឲ្យ​បាន​ហ្មត់ចត់​ឥឡូវ​នេះ ដើម្បី​​រក​វិធី​ដែល​​អ្នក​អាច​ទទួល​អំណរ​បែប​នេះ​ដែរ​ក្នុង​គ្រា​យុវ​វ័យ​របស់​អ្នក។

៣ មាតា​បិតា​ទាំង​ឡាយ​អើយ! ចូរ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ចូល​រួម​កិច្ច​បំរើ​ពេញ​ពេល: ដោយសារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា​ដែល​​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក នោះ​ទ្រង់​បង្ហាញ​អ្នក​នូវ​ផ្លូវ​ដែល​​អ្នក​គួរ​ដើរ។ (អេសា. ៣០:២១) ដោយសារ​ទ្រង់​ផ្ដល់​ការ​ណែនាំ​ដោយ​​សេចក្ដី​ស្រឡាញ់​ដូច្នេះ នោះ​ទ្រង់​ជា​គំរូ​ល្អ​សំរាប់​មាតា​បិតា​គ្រីស្ទាន​ទាំង​ឡាយ។ ជាជាង​ទុក​ឲ្យ​កូន​របស់​អ្នក​សម្រេច​ចិត្ត​ដោយ​​ខ្លួន​ឯង អំពី​ផ្លូវ​ណា​ជា​ផ្លូវ​ល្អ​បំផុត​នោះ ចូរ​បង្ហាត់​បង្រៀន​កូន​ដោយ​​ប្រាជ្ញា​ឲ្យ​ដឹង​ផ្លូវ​ណា​ដែល​​ពួក​គេ​គួរ​ដើរ ដើម្បី​​ឲ្យ​បាន​ព្រះ​ពរ​ពី​ព្រះ​យេហូវ៉ា។ យ៉ាង​នោះ ពេល​គេ​ធំ​ឡើង ការ​បង្ហាត់​បង្រៀន​របស់​អ្នក​នឹង​ជួយ​គេ​ឲ្យ​ចេះ​«ដឹង​ខុស​ត្រូវ»។ (ហេ​. ៥:១៤) ដោយ​​ការ​ពិសោធន៍​អ្នក​ពេញ​វ័យ​បាន​យល់​ដឹង​ថា ពួក​គេ​មិន​អាច​ទុក​ចិត្ត​ទៅ​លើ​ការ​យល់​ដឹង​របស់​ខ្លួន​បាន​ឡើយ តែ​ពួក​គេ​ត្រូវ​ពឹងពាក់​ទៅ​លើ​ព្រះ​យេហូវ៉ា​ដើម្បី​​តម្រង់​ផ្លូវ​របស់​ខ្លួន​វិញ។ (សុ. ៣:៥, ៦) ដោយសារ​យុវជន​យុវនារី​មាន​បទ​ពិសោធន៍​តិច​ជាង​ក្នុង​ជីវិត​នោះ គេ​ត្រូវ​តែ​ពឹងពាក់​ទៅ​លើ​ព្រះ​យេហូវ៉ា​ជាង​អំ​បាល​ម៉ាន​ទៅ​ទៀត។

៤ មាតា​បិតា​ទាំង​ឡាយ​អើយ! ពេល​កូន​របស់​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​យុវ​វ័យ ឬ​ក៏​​មុន​វ័យ​​នោះ​ទៅ​ទៀត ចូរ​ពិគ្រោះ​ជា​មួយ​គេ​ដោយ​​ប្រាកដប្រជា​អំពី​អាជីព​ដែល​​គេ​គ្រោង​ទុក​នោះ។ គ្រូ​អនុ​រក្ស លោក​គ្រូ​អ្នក​គ្រូ និង​មិត្ត​រួម​ថ្នាក់ នឹង​ខិតខំ​ជំរុញ​កូន​យើង​ឲ្យ​ជ្រើសរើស​គោល​ដៅ​ខាង​លោកីយ៍ ដើម្បី​​ដេញ​តាម​ទ្រព្យ​សម្បត្ដិ​វិញ។ ចូរ​ជួយ​កូន​របស់​អ្នក​ឲ្យ​ជ្រើសរើស​មុខ​វិជ្ជា​នៅ​សាលា​ដែល​​ជួយ​គេ​រៀន​អ្វី​ដែល​​មាន​ប្រយោជន៍​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ និង​ដើម្បី​​ឲ្យ​គេ​អាច​មាន​សមត្ថភាព​ចិញ្ចឹម​ខ្លួន​ដោយ​​មិន​លះ​ចោល​ប្រយោជន៍​ព្រះ​រាជាណាចក្រ។ (១ធី. ៦:៦​-​១១) ក្នុង​ករណី​ភាគ​ច្រើន ការ​រៀន​ទាល់តែ​ចប់​វិទ្យាល័យ​ព្រម​ជា​មួយ​នឹង​ការ​រៀន​វិជ្ជា​ជីវៈ​ខ្លះ ឬ​ក៏​ការ​ចុះ​កម្ម​សិក្សា គឺ​ប្រហែល​ជា​ល្មម​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ខ្លួន​ពេល​ដែល​​គេ​ចាប់​ផ្ដើម​ត្រួសត្រាយ​ពេញ​ពេល។

៥ លើក​ទឹក​ចិត្ត​យុវជន​យុវនារី​ឲ្យ​នៅ​លីវ​មួយ​រយៈ ដោយ​​ចាត់​ទុក​នោះ​ជា​អំណោយ​មួយ។ កាល​បើ​ក្រោយ​មក​ពួក​គេ​សម្រេច​ចិត្ត​ចង់​រៀប​ការ នោះ​ពួក​គេ​នឹង​មាន​សមត្ថភាព​ច្រើន​ជាង​ដើម្បី​​ទទួល​ភារៈ​ធំ​ជាង​ដែល​​មាន​ក្នុង​អាពាហ៍ពិពាហ៍។ ដោយ​​និយាយ​ល្អៗអំពី​ការ​ត្រួសត្រាយ ការ​បំរើ​នៅ​កន្លែង​ដែល​​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​ កិច្ច​បំរើ​នៅ​បេតអែល និង​កិច្ច​បំរើ​ជា​សាសនទូត អ្នក​អាច​ជំរុញ​ឲ្យ​កូន​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​តាំង​ពី​នៅ​តូច​នៅ​ឡើយ ឲ្យ​ចង់​ប្រើ​ជីវិត​របស់​ពួក​គេ​តាម​វិធី​ដែល​​សព្វ​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា មាន​ប្រយោជន៍​ដល់​​អ្នក​ឯ​ទៀត និង​ធ្វើ​ឲ្យ​ខ្លួន​គេ​មាន​អំណរ​ផង​ដែរ។

៦ យុវជន​អើយ! ចូរ​ទុក​កិច្ច​បំរើ​ពេញ​ពេល​ជា​អាទិ​ភាព: យុវជន​អើយ! អ្នក​មិន​ចាំបាច់​ឆ្ងល់​ថា​កិច្ចការ​ត្រួសត្រាយ​គឺ​យ៉ាង​ណា​ទេ ពីព្រោះ​អ្នក​អាច​សាក​ចូល​រួម​ធ្វើ​ការ​ត្រួសត្រាយ​ជំនួយ​មួយ​រយៈ ពេល​អ្នក​មាន​លទ្ធភាព ពេល​នៅ​រៀន និង​ពេល​មាន​វិស្សមកាល​ផង។ ពេល​ធ្វើ​ដូច្នេះ​អ្នក​នឹង​ដឹង​ថា​ការ​ត្រួសត្រាយ​នាំ​ឲ្យ​ពេញ​ចិត្ត​យ៉ាង​ណា​ទៅ។ តើ​អ្នក​អាច​រៀប​ចំ​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ពេល​អ្នក​មាន​វិស្សមកាល​ពី​សាលា​រៀន​បាន​ទេ?

៧ ប្រសិន​បើ​អ្នក​ជា​យុវ​បុរស​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា សូម​គិត​ឲ្យ​បាន​ប្រាកដប្រជា​អំពី​ការ​បំពេញ​តម្រូវ​ការ​ដើម្បី​​ធ្វើ​ជា​អ្នក​ងារ​ជំនួយ។ (១ធី. ៣:៨​-​១០, ១២) ម្យ៉ាង​ទៀត សូម​សម្រេច​ចិត្ត ថា​តើ​អ្នក​នឹង​ចុះ​ឈ្មោះ​សុំ​ចូល​បំរើ​នៅ​បេតអែល ឬ​ក៏​សុំ​ទៅ​សាលា​បង្ហាត់​ខាង​កិច្ច​បំរើ ពេល​អ្នក​មាន​អាយុ​គ្រប់គ្រាន់​តាម​តម្រូវ​ការ​នោះ​ឬ​ក៏​យ៉ាង​ណា។ បទ​ពិសោធន៍​ដែល​​អ្នក​អាច​ទទួល​ពី​ការ​ត្រួសត្រាយ​នោះ នឹង​បង្រៀន​អ្នក​មេ​រៀន​ដ៏​សំខាន់ៗ ដូច​ជា​ការ​ប្រើ​កាល​វិភាគ របៀប​រៀប​ចំ​ខ្លួន​ឲ្យ​មាន​របៀប​រៀប​រយ និង​របៀប​ប្រស្រ័យ​ទាក់ទង​នឹង​អ្នក​ឯ​ទៀត ថែម​ទាំង​បង្រៀន​អ្នក​ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ​ទៀត​ផង។ ទាំង​អស់​នេះ​នឹង​បង្វឹក​បង្វឺន​អ្នក​ទុក​ជា​មុន​ឲ្យ​មាន​សមត្ថភាព​ទទួល​ឯក​សិទ្ធិ​ដ៏​ធំ​ជាង​ពេល​ក្រោយ​មក។

៨ កត្ដា​ចំ​បង​ដែល​​ជួយ​អ្នក​មាន​ជោគជ័យ​ក្នុង​កិច្ច​បំរើ​ពេញ​ពេល គឺ​ជា​ភាព​ឧស្សាហ៍​ក្នុង​កិច្ច​បំរើ​របស់​ព្រះ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ទស្សនៈ​បែប​នេះ ពេល​គាត់​លើក​បញ្ជាក់​ពរ​ដែល​​យើង​នឹង​ទទួល​ពី​នោះ ដោយ​​ពោល​ថា៖ «ការ​អ្វី​ដែល​​ត្រូវ​ធ្វើ​ក៏​ដោយ​ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​​ព្រះ​អម្ចាស់ . . . ដោយ​​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរ​ដក​អំពី​ព្រះ​អម្ចាស់​មក»។ (កូល​. ៣:២៣, ២៤) សូម​ឲ្យ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ជា​អំណរ​យ៉ាង​ច្រើន​ក្រៃលែង​ក្នុង​កិច្ច​បំរើ​ពេញ​ពេល!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក