តើអ្នកនឹងនិយាយយ៉ាងណាទៅអ្នកកាន់សាសនាហិណ្ឌូ?
១ ដូចជាអ្នកប្រហែលជាដឹងស្រាប់ហើយ គឺមានពួកអ្នកកាន់សាសនាហិណ្ឌូជាច្រើនរស់នៅប្រទេសផ្សេងៗ រួមបញ្ចូលនឹងប្រទេសនេះដែរ។ នេះមានន័យថា មិនយូរមិនឆាប់ នោះអ្នកប្រហែលជានឹងជួបអ្នកកាន់សាសនាហិណ្ឌូម្នាក់ ក្នុងកិច្ចផ្សព្វផ្សាយរបស់អ្នក។ នៅពេលដែលអ្នកជួបគេនោះ តើអ្នកនឹងនិយាយយ៉ាងណាជាមួយនឹងបុគ្គលនេះ?
២ ចូរនឹកចាំចំណុចទាំងនេះ: ពួកសាសនទូតដែលបានធ្វើបន្ទាល់ដោយជោគជ័យដល់ពួកកាន់សាសនាហិណ្ឌូនិយាយថា គឺមិនចាំបាច់រៀនឲ្យបានជ្រៅជ្រះនឹងសាសនាហិណ្ឌូ ដើម្បីធ្វើបន្ទាល់ឲ្យមានប្រសិទ្ធិភាពនោះទេ។ របៀបផ្សាយសេចក្ដីពិត ដោយស្រួលបួលហើយប្រយ័ត្នប្រយែង ច្រើនតែនាំឲ្យគេតបវិញយ៉ាងវិជ្ជមាន។ សូមជួបនិយាយជាមួយមេគ្រួសារជាមុនដំបូង។ ប្រសិនបើគាត់ព្រមទទួលស្ដាប់ នោះគឺស្រួលជាងក្នុងការធ្វើបន្ទាល់ដល់សមាជិកឯទៀតនៅក្នុងគ្រួសារនោះដែរ។ នៅដើមដំបូង ជៀសវាងសំដីដែលស្ដាប់ទៅដូចជាអ្នកនាំសារដំណឹងដ៏ប្រសើរជាងអ្វីដែលអ្នកម្ចាស់ផ្ទះជឿហើយ ឬកុំថាអ្នកចង់ពិគ្រោះអំពីព្រះពិតតែមួយ ឬក៏ឯកសារដ៏ពិសិដ្ឋដែលចាស់ជាងគេបំផុត។ ដោយព្រោះពួកអ្នកកាន់សាសនាហិណ្ឌូជាច្រើន ចាត់ទុកថាព្រះគម្ពីរជាសៀវភៅនៃបស្ចិមប្រទេស នោះអ្នកអាចបំបាត់នូវការប្រកាន់នេះ ដោយពន្យល់ថាព្រះគម្ពីរមិនលើកផ្សាយឲ្យមានអាណានិគម ឬភាពខ្ពស់នៃពូជសាសន៍មួយទៅលើមួយទៀតនោះទេ។
៣ ប្រើឧបករណ៍ផ្សាយដ៏ត្រឹមត្រូវ: មានសៀវភៅស្តើងពីរប្រភេទដែលបានរៀបចំឡើង ជាពិសេសសំរាប់ពួកកាន់សាសនាហិណ្ឌូ។ ហេតុអ្វីក៏យើងគួរតែថ្វាយបង្គំព្រះដោយសេចក្ដីស្រឡាញ់និងសេចក្ដីពិត? គឺបានត្រូវបោះពុម្ពជាភាសាហ្គូចារ៉ាធី និងភាសាភូនចាប៊ី។ បញ្ហារបស់យើង—តើអ្នកណាគេនឹងជួយយើងដោះស្រាយនោះ? គឺបានត្រូវបោះពុម្ពផ្សាយជា១១ភាសាឥណ្ឌាបន្ថែមទៀត។ សៀវភៅស្តើងទាំងពីរប្រភេទនេះក៏មានជាភាសាអង់គ្លេសដែរ។ សៀវភៅស្តើងដែលមានចំណងជើង «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» និង តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ក៏បានសឲ្យឃើញថាមានប្រសិទ្ធិភាពកាលដែលផ្សព្វផ្សាយដល់អស់អ្នកដែលកាន់សាសនាហិណ្ឌូនោះ។ សៀវភៅស្តើងតម្រូវ និងសៀវភៅចំណេះ ក៏អាចយកមកប្រើដោយជោគជ័យ ដើម្បីបង្រៀនសិស្សព្រះគម្ពីរ។
៤ ស្ថាបនាឲ្យមានការចុះសំរុងគ្នាទៅវិញទៅមក: គឺមិនជាពិបាកទេក្នុងការរកឲ្យមានការចុះសំរុងនឹងពួកអ្នកកាន់សាសនាហិណ្ឌូនោះ។ ពួកគេជឿថា យើងកំពុងតែរស់នៅក្នុងគ្រាមួយ ដែលអំពើអាក្រក់ជួជាតិមានកំរិតខ្ពស់ ហើយថាព្រះនឹងកំទេចចោលបញ្ហាពីពិភពលោកនេះ តាមរយៈការហិនវិនាសដ៏ធំមួយ ដែលបន្ទាប់មកនឹងមានគ្រាប្រកបដោយសេចក្ដីពិត។ អ្នកអាចឃើញថាជាការស្រួលយ៉ាងណា ដែលជំនឿទាំងនេះអាចទាក់ទងគ្នានឹងសេចក្ដីបង្រៀនរបស់ព្រះគម្ពីរ អំពីថ្ងៃជាន់ក្រោយបង្អស់ សេចក្ដីវេទនាជាខ្លាំង និងពិភពលោកថ្មីដែលកំពុងតែមកនោះ។ ដោយព្រោះពួកហិណ្ឌូភាគច្រើនចាត់ទុកថា ជីវិតជាផ្លូវមានបញ្ហាជាបណ្ដើរដែលគ្មានដំណោះស្រាយ នោះពួកគេនឹងចាប់អារម្មណ៍នឹងប្រធានខាងជីវិតក្នុងគ្រួសារ បទឧក្រិដ្ឋនិងសុវត្ថិភាព និងអ្វីដែលកើតមានឡើងពេលស្លាប់ទៅ។ ជាបន្តបន្ទាប់នេះ មានសេចក្ដីពីរយ៉ាងជាគំរូដែលអ្នកប្រហែលជាអាចសាកប្រើ។
៥ នេះប្រហែលជាទាក់ទាញចិត្តបុរសជាមេគ្រួសារ:
▪ «ខ្ញុំមកលេងមនុស្សដែលមានចិត្តខ្វល់ខ្វាយនឹងស្ថានការណ៍ជីវភាពគ្រួសារ នៅក្នុងប្រទេសជាច្រើនសព្វថ្ងៃនេះ។ លោកអ្នកគិតយ៉ាងណា ថាតើមានអ្វីខ្លះដែលអាចជួយរក្សាគ្រួសារឲ្យនៅជាមួយគ្នាបាន? [ចាំឲ្យគាត់ឆ្លើយ] មនុស្សខ្លះដឹងពីអ្វីដែលបទគម្ពីរហិណ្ឌូចែងអំពីគ្រួសារ ក៏ប៉ុន្តែពួកគេមិនដែលមានឱកាសប្រៀបធៀបរឿងនេះជាមួយនឹងអ្វីដែលព្រះគម្ពីរចែងអំពីប្រធាននោះទេ។ ខ្ញុំសូមបង្ហាញគំនិតនេះឲ្យលោក ដែលមាននៅកូល៉ុស ៣:១២-១៤»។ ក្រោយពីអានបទគម្ពីរនោះ បង្ហាញឲ្យម្ចាស់ផ្ទះនូវសៀវភៅចំណេះ ជំពូកទី១៥ ហើយនិយាយថា៖ «ខ្ញុំសប្បាយចិត្តឆ្លៀតពេលតិចតួចអានជំពូកនេះជាមួយនឹងលោក»។
៦ បុគ្គលក្មេងម្នាក់ប្រហែលជានឹងទទួលស្ដាប់សំដីបែបនេះ:
▪ «អ្នកប្រាកដជាជឿថាមានព្រះ។ តើអ្នកគិតថាគោលបំណងរបស់ព្រះសំរាប់យើងជាអ្វីទៅ»? [ចាំឲ្យឆ្លើយ] រួចមក អានលោកុប្បត្តិ ១:២៨ ហើយនិយាយថា៖ «នៅទីកន្លែងជាច្រើនលើផែនដីនេះ ចំនួនប្រជាជនគឺច្រើនហួសហេតុ ហើយក៏មានបញ្ហាសន្ធឹកដែរ។ តើអ្នកគិតថា ព្រះអាទិទេពនឹងពេញព្រះទ័យជួយយើងដោះស្រាយបញ្ហារបស់យើងឬទេ»? ក្រោយពីស្ដាប់ពាក្យតបឆ្លើយរបស់គេ ចូរបើកមើលប្រកាសនវត្ថុដែលសមប្រើនោះទៅ។
៧ មានលទ្ធផលវិជ្ជមាន: បុរសម្នាក់ដែលកាន់សាសនាហិណ្ឌូហើយមានអាយុ២២ឆ្នាំ បានដើរឆ្ពោះទៅបងស្រីម្នាក់ ដែលកំពុងតែធ្វើបន្ទាល់តាមផ្សារ ហើយបានសុំរៀនព្រះគម្ពីរ។ គាត់បានពន្យល់ប្រាប់បងស្រីនេះថា ប្រាំបីឆ្នាំទៅហើយ គាត់បានឮបងស្រីនេះនិងម្ដាយរបស់គាត់ពិគ្រោះអំពីព្រះគម្ពីរ។ ទោះជាគាត់បានអបអរនឹងចម្លើយដ៏មានប្រយោជន៍របស់ព្រះគម្ពីរ ស្តីអំពីបញ្ហារបស់មនុស្សលោកក៏ដោយ នោះម្ដាយរបស់គាត់ឥតចាប់អារម្មណ៍ទេ ហើយគាត់បានគិតថា គាត់ក្មេងពេកនឹងស្វះស្វែងរកសេចក្ដីពិតដោយខ្លួនឯងនោះ។ ឥឡូវជាមនុស្សពេញវ័យ គាត់ចង់រៀនថែមទៀត។ យុវបុរសនេះមិនបានបង្អង់ទេ។ ក្នុងគ្រាន់តែ២៣ថ្ងៃ នោះគាត់បានរៀនចប់នូវសៀវភៅចំណេះ ហើយគាត់សុំទទួលបុណ្យជ្រមុជទឹក គ្រាន់តែបួនខែក្រោយពីគាត់បានជួបបងស្រីម្នាក់នេះនៅឯផ្សារនោះ!
៨ បងប្រុសម្នាក់បានចាប់ផ្ដើមបង្រៀនបុរសម្នាក់ដែលកាន់សាសនាហិណ្ឌូ ដែលគាត់បានជួបកាលដែលជិះរថភ្លើង។ បុរសនោះកំពុងពិសោធន៍នូវបញ្ហានៅក្នុងអាពាហ៍ពិពាហ៍របស់គាត់។ ហើយគាត់ក៏មានបញ្ហាខាងការប្រមឹកស្រាផងដែរ។ បុរសនោះបានសុខចិត្តឲ្យស្មរបន្ទាល់ម្នាក់មកជួបគាត់ ហើយចែកឲ្យនូវឱវាទពីព្រះគម្ពីរអំពីជីវភាពគ្រួសារ។ សេចក្ដីបង្រៀនពីព្រះគម្ពីរអំពីសីលធម៌បានទាក់ទាញចិត្តរបស់គាត់ ហើយគាត់បានយល់ព្រមសិក្សាព្រះគម្ពីរ។ គាត់និងគ្រួសាររបស់គាត់បានចាប់ផ្ដើមទៅកិច្ចប្រជុំជាមួយគ្នា។ នៅក្រោយមក ពួកគេបានចែកឲ្យសេចក្ដីពិតជាមួយនឹងមិត្តហើយសាច់ញាតិរបស់គេ។ មកដល់ពេលនេះ ប្រាំមួយនាក់ពីចំណោមនោះបានទទួលយកសេចក្ដីពិតហើយ!
៩ បំណងព្រះហឫទ័យរបស់ព្រះគឺថា«ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) នេះគឺរួមបញ្ចូលមនុស្សប្រុសស្រីដែលមិនមែនកាន់សាសនាគ្រីស្ទាន ដូចជាសាសនាហិណ្ឌូជាដើម។ ប្រសិនបើមានអ្នកកាន់សាសនាហិណ្ឌូនៅក្នុងតំបន់របស់អ្នក សូមទៅជួបគេឲ្យបានឆាប់ ហើយប្រើយោបល់ទាំងប៉ុន្មានដែលបានជូនឲ្យក្នុងអត្ថបទនេះ។