‹តើខ្ញុំអាចធ្វើយ៉ាងណា?›
១ ‹តើខ្ញុំអាចធ្វើយ៉ាងណា›? នេះច្បាស់ជាសំនួរដែលបានត្រូវគិតពិចារណាដោយសមាជិកនៃក្រុមសិក្សាព្រះគម្ពីរតូចមួយ ដែលឆាល្ស ថេហ្ស រ៉ាសិលបានរៀបចំនៅទសវត្សពីឆ្នាំ១៨៧០។ ពេលគេបានយល់កាន់តែច្បាស់អំពីព្រះហឫទ័យរបស់ព្រះ ពួកសិស្សព្រះគម្ពីរពីសម័យដើមនោះប្រាកដជាបានឆ្ងល់ពីអ្វីដែលគេអាចធ្វើ ដើម្បីជួយអ្នកឯទៀតរៀនអំពីគោលបំណងរបស់ព្រះ។ ដើម្បីពង្រីកកិច្ចផ្សាយទូទាំងពិភពលោកនូវចំណេះពីព្រះគម្ពីរដែលគេកំពុងតែទទួលនោះ គឺជាកិច្ចការដ៏ធំក្រៃលែង។
២ យើងគួរសប្បាយដែលពួកគេបានជោគជ័យក្នុងកិច្ចការនោះ។ តើដោយដូចម្ដេច? បុគ្គលនិមួយៗបានរួមចំណែកដែលមើលទៅដូចជាមិនសំខាន់ប៉ុន្មានទេ ហើយសព្វថ្ងៃនេះ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាត្រូវគេស្គាល់ទូទាំងពិភពលោក ជាអង្គការមួយដែលមានអ្នកផ្សាយព្រះរាជាណាចក្រជិតប្រាំមួយលាននាក់ ដែលកំពុងតែបំរើក្នុងប្រមាណ៩០.០០០ក្រុមជំនុំនៅ២៣៤ប្រទេសនិងកោះផ្សេងៗនៃសមុទ្រ!—អេសាយ ៦០:២២
៣ គាំទ្រយ៉ាងពេញលេញ: គឺជាការចាំបាច់ដែលយើងម្នាក់ៗរួមចំណែកខ្លះក្នុងកិច្ចការដ៏សម្បើមនេះដែលព្រះយេស៊ូបានទាយថា នឹងត្រូវធ្វើឡើងក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ។ (ម៉ាកុស ១៣:១០) ប្រាកដហើយ កិច្ចការនេះមិនអាចអាស្រ័យតែលើពួកអ្នកចាស់ទុំដែលមានកំណត់ចំនួននោះទេ ហើយកិច្ចផ្សព្វផ្សាយក៏មិនអាចអាស្រ័យតែនឹងអ្នកត្រួសត្រាយពេញពេលនោះដែរ។ តាមពិត គ្រីស្ទានរៀងៗខ្លួនដែលបានថ្វាយខ្លួនហើយ នោះមានតួនាទីសំខាន់។ យើងទាំងអស់គ្នាអាចចូលរួមក្នុងកិច្ចផ្សព្វផ្សាយតាមរបៀបផ្សេងៗ។ (ធីម៉ូថេទី១ ១:១២) ដល់កំរិតណាដែលយើងចូលរួមអ៊ីចឹង យើងទទួលប្រយោជន៍ផ្ទាល់ខ្លួនហើយជួយជាប្រយោជន៍ដល់អ្នកឯទៀតដែរ។—ធីម៉ូថេទី១ ៤:១៦
៤ យើងម្នាក់ៗក៏អាចគាំទ្រយ៉ាងពេញលេញនូវភាតរភាពគ្រីស្ទានរបស់យើង តាមវិធីផ្សេងទៀតដ៏សំខាន់ដែរ។ យើងអាចគាំទ្រកិច្ចប្រជុំក្រុមជំនុំដោយចូលរួមយ៉ាងទៀងទាត់ហើយរួមចំណែកដោយចិត្តរំភើប។ (ទំនុកដំកើង ១២២:១, ៨, ៩) យើងក៏អាចរួមចំណែកជួយក្រុមជំនុំរក្សាភាពស្អាតស្អំខាងសីលធម៌។ យើងអាចគាំទ្រកិច្ចការទូទាំងពិភពលោក ខាងថវិកាសមស្របតាមកាលៈទេសៈរបស់យើង។ យើងអាចរួមចំណែកសំអាតសាលព្រះរាជាណាចក្រ។ ទាំងអស់គ្នាអាចបណ្ដាលឲ្យមានអារម្មណ៍កក់ក្ដៅជាសេចក្ដីស្រឡាញ់និងសាមគ្គីភាពក្នុងក្រុមជំនុំ ដោយការជួយអ្នកថ្មី យុវជន និងអ្នកចាស់វ័យដែរ។—កូល៉ុស ៣:១២, ១៤
៥ ដូច្នេះ អ្នកសួរថា‹តើខ្ញុំអាចធ្វើយ៉ាងណា›? ទោះបីការខិតខំរបស់អ្នកផ្ទាល់ប្រហែលមើលទៅដូចជាអត់សំខាន់ក៏ដោយ តែដោយការរួមចំណែកអ្នកក៏រួមដៃក្នុងការជួយក្រុមជំនុំឲ្យមាំមួន មានសកម្មភាព និងមានសុខភាពល្អខាងវិញ្ញាណ។ អ៊ីចឹងហើយ យើងទាំងអស់គ្នាមានចំណែកចាំបាច់ក្នុងការលើកកិត្ដិយសចំពោះព្រះនាមរបស់ព្រះយេហូវ៉ា!