តើការសេពគប់ជាមួយគ្រីស្ទានឯទៀតគឺសំខាន់ប៉ុនណា?
១ «គ្មានមនុស្សណាម្នាក់ដែលអាចនៅដាច់ពីមនុស្សដទៃទៀតបានឡើយ»។ ពាក្យនោះជាប្រសាសន៍របស់កវីម្នាក់ គឺដូចគ្នានឹងអ្វីដែលព្រះគម្ពីរចែងអំពីសេចក្ដីត្រូវការបឋមមួយរបស់មនុស្សទាំងឡាយ គឺជាការសេពគប់។ (សុភាសិត ១៨:១) ការសេពគប់ជាមួយគ្រីស្ទានឯទៀតបំពេញនូវសេចក្ដីត្រូវការនេះ។ តើតាមវិធីណាខ្លះដែលមានប្រយោជន៍?
២ ក្នុងកិច្ចបំរើ : ប្រយោជន៍ចំបង គឺជាការលើកទឹកចិត្តនិងការគាំទ្រដែលយើងទទួលពីបងប្អូនរបស់យើងក្នុងកិច្ចបំរើសាធារណៈ។ ព្រះយេស៊ូបានចាត់ឲ្យសិស្សរបស់ទ្រង់ទៅ«២នាក់ៗ»ក្នុងកិច្ចផ្សព្វផ្សាយ។ (ម៉ាកុស ៦:៧; លូកា ១០:១) សមស្របតាមគំរូនេះ ពេលយើងផ្សព្វផ្សាយជាមួយអ្នកឯទៀតក្នុងកិច្ចបំរើ នោះយើងឃើញថាបន្ទូលក្នុងសាស្ដា ៤:៩, ១០ គឺជាការពិតមែន។ ពេលយើងបំពេញកិច្ចបំរើរបស់យើងជាមួយគ្នា យើងឃើញថា ជំនឿ ការស្ដាប់បង្គាប់ និងសេចក្ដីស្រឡាញ់របស់គូកនយើង បណ្ដាលឲ្យយើងមានចិត្តក្លាហាននិងមានចិត្តឧស្សាហ៍ឡើងវិញ។
៣ ដើម្បីបានជំនួយផ្ទាល់ខ្លួន : ភាតរភាពរបស់យើងក៏ជាប្រភពមួយនៃសេចក្ដីលើកទឹកចិត្ត ហើយការណែនាំដែលជួយស៊ូទ្រាំនឹងការបង្ខិតបង្ខំផ្សេងៗ ក៏នឹងជួយយើងមិនឲ្យចុះចាញ់នឹងការលួងលោមឡើយ។ គ្រីស្ទានដែលយើងសេពគប់ជាមួយនោះ ប្រហែលជានឹងជួយបង្ហាញបទគម្ពីរដែលទាក់ទងនឹងបញ្ហារបស់យើង។ ពួកគាត់ប្រហែលជានឹងអធិស្ឋានដើម្បីអ្នកទៀត ដូចជាយើងអធិស្ឋានដើម្បីគេដែរ។ (កូរិនថូសទី២ ១:១១) គំរូដ៏ល្អរបស់គេច្បាស់ជាជំរុញចិត្តយើងឲ្យមានការប្រព្រឹត្តដ៏សុចរិត និងក៏ចំរើនកម្លាំងរបស់យើងដែរ។
៤ នៅឯកិច្ចប្រជុំ : យើងអាចអរសប្បាយនឹងការសេពគប់ជាមួយគ្រីស្ទានឯទៀត ពេលយើងទៅកិច្ចប្រជុំជាទៀងទាត់។ (ហេព្រើរ ១០:២៤, ២៥) កម្មវិធីប្រជុំមានការណែនាំខាងវិញ្ញាណយ៉ាងបរិបូរ និងពេលយើងទៅកិច្ចប្រជុំ នេះជួយយើងរក្សាភាពជិតស្និទ្ធជាមួយអ្នកជឿគ្នីគ្នា។ ការជួបជុំគ្នាយ៉ាងនេះ បើកឲ្យយើងមានឱកាសស្ដាប់បងប្អូនប្រុសស្រីថ្លែងប្រាប់ពីជំនឿរបស់គេ មិនថាតាមរយៈសុន្ទរកថាឬក៏ការឆ្លើយសំនួរក៏ដោយ។ (រ៉ូម ១:១២) ចំណងភាតរភាពរបស់យើងទៅជាកាន់តែខ្លាំងឡើងៗ ពេលយើងសួរសុខទុក្ខគ្នាមុននិងក្រោយកិច្ចប្រជុំ។ កិច្ចប្រជុំក៏បើកឲ្យយើងមានឱកាសប្រាប់ពីបទពិសោធន៍ផ្ទាល់ខ្លួន ដែលអាចលើកទឹកចិត្តគេដែរ។ បុគ្គលិកលក្ខណៈរបស់យើងទទួលអានុភាពល្អពេលយើងសេពគប់ដោយមិនទើសទាល់ជាមួយអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា ស្រឡាញ់ព្រះបន្ទូលរបស់ទ្រង់ កិច្ចការរបស់ទ្រង់ និងរាស្ត្ររបស់ទ្រង់។—ភីលីព ២:១, ២
៥ យើងត្រូវសេពគប់ជាមួយគ្រីស្ទានឯទៀតជាចាំបាច់។ បើសិនជាគ្មានពួកគេ ការដើរតាមផ្លូវចង្អៀតដែលនាំទៅដល់ជីវិតនឹងទៅជាដំណើរពិបាកជាង។ ក៏ប៉ុន្តែ ដោយមានសេចក្ដីស្រឡាញ់ និងសេចក្ដីលើកទឹកចិត្តពីពួកគេ នោះយើងអាចបន្តឈានឆ្ពោះទៅរកពិភពលោកថ្មីរបស់ព្រះ ដែលពោរពេញទៅដោយសេចក្ដីសុចរិត។—ម៉ាថាយ ៧:១៤