ជំនឿរបស់យើងជំរុញឲ្យមានការប្រព្រឹត្តដ៏ល្អ
១ ជំនឿរបស់លោកណូអេ លោកម៉ូសេ និងនាងរ៉ាហាបនោះ បានបណ្ដាលឲ្យមានការប្រព្រឹត្តខុសៗគ្នា។ ណូអេបានសង់ទូកធំមួយ។ ម៉ូសេបានលះចោលប្រយោជន៍ដ៏បណ្ដោះអាសន្នដែលមកពីជីវភាពរស់នៅហ៊ឺហាក្នុងដំណាក់ផារ៉ោន។ រ៉ាហាបបានជួយលាក់បំពួនចារបុរស ហើយបានធ្វើតាមបញ្ជាពួកគេ ដោយធ្វើដូចនោះនាងបានសង្គ្រោះក្រុមគ្រួសាររបស់នាង។ (ហេ. ១១:៧, ២៤-២៦, ៣១) តើជំនឿជំរុញឲ្យយើងប្រព្រឹត្តល្អយ៉ាងណាខ្លះនាបច្ចុប្បន្ននេះ?
២ ការផ្សព្វផ្សាយ: ជំនឿរមែងជំរុញឲ្យយើងថ្លែងប្រាប់អំពីព្រះដ៏អស្ចារ្យរបស់យើង និងអ្វីដែលទ្រង់បានរៀបចំដើម្បីឲ្យយើងមានសុភមង្គលជាអនន្ត។ (២កូ. ៤:១៣) ម្ដងម្កាលយើងប្រហែលជាទីទើរចិត្តក្នុងការធ្វើបន្ទាល់។ ប៉ុន្តែ បើយើង‹តាំងព្រះយេហូវ៉ានៅមុខយើងជាដរាប›នោះ យើងនឹងមានកម្លាំងចិត្តឡើងវិញ ហើយចិត្តថប់ព្រួយក៏រសាយបាត់ទៅដែរ។ (ទំនុក. ១៦:៨) រួចមក ជំនឿជំរុញយើងឲ្យផ្សាយដំណឹងល្អដល់ញាតិសន្ដាន អ្នកជិតខាង អ្នកធ្វើការជាមួយគ្នា មិត្តរួមថ្នាក់ និងមនុស្សឯទៀត សមស្របទៅតាមកាលៈទេសៈដែលយើងមាន។—រ៉ូម ១:១៤-១៦
៣ ការជួបជុំគ្នា: ការចូលរួមកិច្ចប្រជុំជាទៀងទាត់ក៏ជាការប្រព្រឹត្តដ៏ល្អមួយទៀតដែលបណ្ដាលមកពីជំនឿ។ តើដោយដូចម្ដេច? ការជួបជុំគ្នាជាការបង្ហាញនូវជំនឿស៊ប់របស់យើងថា ពេលយើងប្រមូលគ្នានៅឯកិច្ចប្រជុំគ្រីស្ទាននោះ ព្រះយេស៊ូពិតជានៅក្នុងចំណោមយើងមែន តាមរយៈវិញ្ញាណបរិសុទ្ធ។ (ម៉ាថ. ១៨:២០) នេះក៏បង្ហាញនូវចិត្តប្រាថ្នារបស់យើង ចង់«ស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មាន»។ (វិវរ. ៣:៦) យើងយកចិត្តទុកដាក់នឹងការណែនាំដែលយើងទទួលនោះ ពីព្រោះជំនឿជួយឲ្យយើងយល់ដឹងថា ព្រះយេហូវ៉ាជាអ្នកបង្ហាត់បង្រៀនដ៏ឧត្តម ដែលកំពុងតែបង្រៀនយើង។—អេសា. ៣០:២០
៤ ការជ្រើសរើសរបស់យើង: ជំនឿស៊ប់ទៅលើព្រឹត្ដិការណ៍ពិតដែលយើងមើលមិនទាន់ឃើញនៅឡើយ ក៏ជួយជំរុញយើងឲ្យអាទិភាពទៅលើរឿងខាងវិញ្ញាណក្នុងជីវិតរបស់យើង។ (ហេ. ១១:១) នេះច្រើនតែតម្រូវឲ្យយើងសុខចិត្តលះបង់វត្ថុទ្រព្យខ្លះ។ ជាក់ស្តែងគឺមានអ្នកចាស់ទុំម្នាក់ដែលមិនឈោងយកឱកាសចង់ឡើងឋានៈខ្ពស់ជាងនៅកន្លែងធ្វើការ ពីព្រោះការធ្វើដូច្នេះនឹងតម្រូវឲ្យគាត់ខានទៅប្រជុំខ្លះៗ ឲ្យគាត់រស់នៅដាច់ឆ្ងាយពីក្រុមគ្រួសារ និងតម្រូវឲ្យគាត់ឈប់បំរើជាអ្នកត្រួសត្រាយផងដែរ។ សូមឲ្យយើងធ្វើដូចគាត់ដែរ ដោយមានទំនុកចិត្តទាំងស្រុងទៅលើពាក្យធានាក្នុងព្រះគម្ពីរថា ព្រះយេហូវ៉ានឹងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អស់អ្នកដែល‹បន្តស្វែងរកព្រះរាជាណាចក្រនិងសេចក្ដីសុចរិតនៃព្រះជាមុនសិន›។—ម៉ាថ. ៦:៣៣
៥ មនុស្សដទៃទៀតច្បាស់ជាទទួលស្គាល់នូវឥទ្ធិពលដ៏ខ្លាំងដែលជំនឿមានទៅលើជីវិតរបស់យើង។ យ៉ាងប្រាកដណាស់ មនុស្សទូទាំងផែនដីដឹងអំពីជំនឿរបស់យើងរួចទៅហើយ។ (រ៉ូម ១:៨) ហេតុនេះហើយ ចូរឲ្យយើងរាល់គ្នាមានការប្រព្រឹត្តដ៏ល្អដើម្បីបង្ហាញថា ជំនឿរបស់យើងមានសកម្មភាពមែន!—យ៉ា. ២:២៦