តើអ្នក«ចង់»ជួយអ្នកដទៃទេ?
១ ព្រះយេស៊ូពិតជាបានយកព្រះទ័យទុកដាក់នឹងមនុស្សមែន។ ពេលបុរសម្នាក់ដែលមានជំងឺឃ្លង់បានសុំអង្វរព្រះយេស៊ូឲ្យជួយគាត់ នោះព្រះយេស៊ូបានលូកព្រះហស្តទៅពាល់បុរសនោះ និងមានបន្ទូលថា៖ «ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ»។ (ម៉ាក. ១:៤០-៤២, កំណែជាអក្សរទ្រេត) តើយើងអាចយកតម្រាប់តាមព្រះយេស៊ូក្នុងការមានទឹកចិត្តជួយមនុស្សឯទៀត តាមរបៀបណាខ្លះ?
២ អ្នកចាប់អារម្មណ៍: សមាជិកនិមួយៗក្នុងក្រុមជំនុំរួមចំណែកក្នុងការជួយអ្នកចាប់អារម្មណ៍ឲ្យក្លាយជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា។ ពេលអ្នកថ្មីមកសាលប្រជុំ ចូរសួរសុខទុក្ខពួកគាត់ និងនិយាយសំណេះសំណាលឲ្យស្គាល់គ្នា។ រកវិធីដើម្បីលើកទឹកចិត្តអ្នកថ្មី និងសរសើរអ្នកថ្មីពេលពួកគេឆ្លើយ។ ចូរសរសើរអ្នកថ្មីពេលពួកគាត់ព្យាយាមអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិតរបស់ពួកគាត់។ ជួយអ្នកថ្មីឲ្យយល់ដឹងថា ពួកគាត់មានលទ្ធភាពបង្កើតឲ្យមានមិត្តភក្ដិពិតក្នុងក្រុមជំនុំបាន។
៣ អ្នកជឿគ្នីគ្នា: គួរគប្បីយើងជួយ«បងប្អូនរួមជំនឿ» តាមវិធីផ្សេងៗ។ (កា. ៦:១០, ព្រះគម្ពីរភាសាខ្មែរសម្រាយ) បងប្អូនជាច្រើនមានបញ្ហាសុខភាព ហើយបើអ្នកទៅសួរសុខទុក្ខលើកទឹកចិត្តបងប្អូនទាំងនោះ អ្នកអាចជួយពួកគាត់មានការសេពគប់ដែលពួកគាត់ត្រូវការ ហើយអ្នកក៏អាចជួយធ្វើកិច្ចការសំរាប់បងប្អូនទាំងនោះផងក៏មិនដឹង។ បងប្អូនខ្លះប្រហែលជាកំពុងតែឆ្លងកាត់ការពិបាកណាផ្សេងទៀតក្នុងជីវិតរបស់ពួកគាត់។ ចូរយកចិត្តទុកដាក់នឹងបងប្អូនទាំងនេះដោយឆ្លៀតពេលស្ដាប់ពួកគាត់ និងលើកទឹកចិត្តពួកគាត់ផងដែរ។ (១ថែ. ៥:១៤) អ្នកចាស់ទុំក៏ត្រូវការជំនួយពីយើង ពេលពួកគាត់បំពេញភារកិច្ចរបស់ខ្លួន។ (ហេ. ១៣:១៧) ដោយស្ម័គ្រចិត្តជួយនោះ អ្នកអាច«លើកទឹកចិត្ត»អ្នកជឿគ្នីគ្នាបាន។—កូល. ៤:១១, ព្រះគម្ពីរភាសាខ្មែរសម្រាយ
៤ សមាជិកក្រុមគ្រួសារ: នៅក្នុងក្រុមគ្រួសាររបស់យើង យើងគួរខិតខំយកតម្រាប់តាមព្រះយេស៊ូក្នុងរបៀបដែលទ្រង់យកព្រះទ័យទុកដាក់ចំពោះមនុស្ស។ ដោយសារមាតាបិតាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកូន នោះពួកគាត់‹បង្រៀនកូនរបស់ខ្លួនទៅតាមដំបូន្មាន និងសេចក្ដីដាស់តឿនរបស់ព្រះយេហូវ៉ា›។ (អេភ. ៦:៤) កូនក្មេងអាចជួយដោយរៀបចំភ្លាមៗ ពេលដល់ម៉ោងសិក្សាជាក្រុមគ្រួសារ ទៅកិច្ចប្រជុំ ឬទៅផ្សព្វផ្សាយ។ កូនដែលធំពេញវ័យអាចបង្ហាញចិត្តមេត្ដាករុណាដូចព្រះយេស៊ូ ដោយជួយផ្គត់ផ្គង់មាតាបិតាពេលគាត់មានការពិបាកដែលមកពីភាពចាស់ជរា។ តាមវិធីនេះនិងវិធីផ្សេងទៀតនោះ យើងទាំងអស់គ្នាអាច «គោរពប្រតិបត្ដិដល់ព្រះក្នុងក្រុមគ្រួសាររបស់[យើង]»។—១ធី. ៥:៤, ព.ថ.
៥ ពេលយើងយកតម្រាប់តាមព្រះយេស៊ូក្នុងការជួយអ្នកឯទៀតនោះ យើងប្រហែលជាអាចជួយកាត់បន្ថយនូវបញ្ហា ថែមទាំងជួយបង្រួបបង្រួមក្រុមគ្រួសារយើងផង ព្រមទាំងជួយក្រុមជំនុំឲ្យមានភាពស្និទ្ធស្នាលគ្នាកាន់តែខ្លាំងឡើងៗដែរ។ អ្វីដ៏សំខាន់បំផុតគឺថា យើងក៏នាំមកនូវកិត្ដិយសចំពោះព្រះយេហូវ៉ា ដែលជា «ព្រះវរបិតាដ៏មានសេចក្ដីមេត្ដាករុណា»។—២កូ. ១:៣