តើអ្នកអាចជួយបានទេ?
១ ព្រះយេហូវ៉ាតែងរិះរកវិធីដើម្បីជួយអ្នកបំរើស្មោះត្រង់របស់ទ្រង់។ (២របា. ១៦:៩; អេសា. ៤១:១០, ១៣) អេសាយបានប្រៀបធៀបទ្រង់ទៅនឹងអ្នកគង្វាលដែលយកព្រះទ័យទុកដាក់នឹងចៀម ពេលដែលគាត់សរសេរថា៖ «ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម»។ (អេសា. ៤០:១១) សូមពិចារណានូវវិធីខ្លះៗដែលយើងអាចយកតម្រាប់តាមព្រះយេហូវ៉ាដោយបង្ហាញការយកចិត្តទុកដាក់ប្រកបទៅដោយសេចក្ដីស្រឡាញ់។
២ ចូរខំជួយអ្នកថ្មី: យើងអាចជួយអ្នកថ្មីដោយអញ្ជើញគាត់ឲ្យមកសំណេះសំណាលទទួលការលើកទឹកចិត្តជាមួយនឹងយើង។ (សុ. ១៣:២០) បងប្រុសម្នាក់ប្រាប់អំពីពេលដែលគាត់ទើបតែចាប់ផ្ដើមចូលរួមជាមួយនឹងក្រុមជំនុំ ហើយបងប្អូនបានខំជួយគាត់។ គាត់ប្រាប់ថា៖ «មានប៉ុន្មានដងនោះដែលក្រុមគ្រួសារមួយបានអញ្ជើញខ្ញុំឲ្យចូលរួមការសិក្សាជាក្រុមគ្រួសាររបស់ពួកគាត់។ ពេលដែលខ្ញុំរីកចំរើននោះ ស្វាមីភរិយាមួយគូដែលនៅក្មេងហើយជាអ្នកត្រួសត្រាយពេញពេលបានអញ្ជើញខ្ញុំជាទៀងទាត់ឲ្យចូលរួមជាមួយនឹងពួកគាត់ពេញមួយថ្ងៃក្នុងកិច្ចផ្សព្វផ្សាយ។ ការសន្ទនារបស់យើងអំពីរឿងខាងវិញ្ញាណតែងតែល្អប្រសើរណាស់»។ គាត់បានប្រាប់បន្ថែមថា៖ «មុនដែលខ្ញុំជាគ្រីស្ទាន ខ្ញុំធ្លាប់តែដើរលេងពេលយប់ៗនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍។ ប៉ុន្តែ ពេលវេលាដែលខ្ញុំចំណាយជាមួយនឹងបងប្អូនបានបំពេញនូវសេចក្ដីត្រូវការរបស់ខ្ញុំខាងការសំណេះសំណាល»។ ដោយសារបងប្អូនក្នុងក្រុមជំនុំបានបង្ហាញការយកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់ នោះបានជួយឲ្យបងប្រុសនេះចាក់ឫសទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ ហើយឥឡូវនេះគាត់បំរើជាសមាជិកក្រុមគ្រួសារបេតអែល។—កូល. ២:៦, ៧
៣ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក: យើងប្រហែលជាមានឱកាសជួយបងប្អូនពេលដែលពួកគេមានការពិបាកដែរ។ តើអ្នកអាចរៀបចំផ្សព្វផ្សាយតាមទូរស័ព្ទជាមួយនឹងអ្នកផ្សាយម្នាក់ដែលពិការឬមិនសូវមានកម្លាំងដើរឆ្ងាយឬទេ? ឬក៏តើអ្នកអាចអញ្ជើញគាត់ឲ្យចូលរួមការសិក្សាព្រះគម្ពីរ ឬនាំសិស្សព្រះគម្ពីររបស់អ្នកឲ្យទៅរៀននៅផ្ទះរបស់គាត់បានទេ? ប្រហែលជាមាតាឬបិតាដែលមានកូនតូចៗនឹងសប្បាយបើអ្នកអាចជួយគាត់ពេលដែលផ្សព្វផ្សាយ។ តើមានបងប្អូនដែលអៀន ដែលចង់បានជំនួយក្នុងការត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ ឬជំនួយក្នុងផ្នែកណាផ្សេងទៀតនៃកិច្ចបំរើឬទេ? ការយកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់ទៅលើបងប្អូនរបស់យើង នឹងជំរុញឲ្យយើងរកវិធីស្អាងចិត្តឬពង្រឹងកម្លាំងចិត្តពួកគេ។—រ៉ូម ១៤:១៩
៤ ពេលដែលយើងយកតម្រាប់តាមរបៀបដែលព្រះយេហូវ៉ាយកព្រះទ័យទុកដាក់យ៉ាងសន្ដោសប្រណីចំពោះអ្នកបំរើរបស់ទ្រង់ នោះយើងពង្រឹងជំនឿគ្នាទៅវិញទៅមក ក៏ជួយក្រុមជំនុំមានភាពស្និទ្ធស្នាលប្រកបដោយសេចក្ដីស្រឡាញ់ ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះវរបិតាយើងនៅស្ថានសួគ៌។—អេភ. ៤:១៦