តើអ្វីដែលអាចជួយយើងឲ្យឈរយ៉ាងមាំមួនក្នុងជំនឿ?
១ តាំងពីពេលយើងបានរួបរួមជាលើកដំបូងជាមួយអង្គការរបស់ព្រះយេហូវ៉ា នោះការលូតលាស់ខាងវិញ្ញាណរបស់យើងជាអ្វីដែលធ្វើឲ្យយើងមានអំណរ! ក៏ប៉ុន្តែ ដើម្បីឲ្យរក្សានៅ‹ចាក់ឫស ស្អាងឡើង ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ› នោះការលូតលាស់ជានិច្ចគឺត្រូវការជាចាំបាច់។ (កូល៉ុស ២:៦, ៧) ពេលដែលមនុស្សភាគច្រើនបានរីកចំរើនខាងវិញ្ញាណ អ្នកខ្លះឯទៀតបានរសាត់ចេញដោយមិនបាន«ឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ»។ (កូរិនថូសទី១ ១៦:១៣) យើងអាចបង្ការកុំឲ្យរឿងនេះកើតឡើងចំពោះយើង។ តើធ្វើយ៉ាងដូចម្ដេចទៅ?
២ សកម្មភាពដ៏ឥតឈប់ឈរខាងវិញ្ញាណ: បង្កើតឡើងនូវទម្លាប់ដ៏ល្អខាងវិញ្ញាណនៅក្នុងអង្គការរបស់ព្រះយេហូវ៉ា។ នៅទីនេះ សេចក្ដីត្រូវការខាងវិញ្ញាណរបស់យើងត្រូវរក្សាឲ្យនៅពេញជាបរិបូរ។ កិច្ចប្រជុំតាមក្រុមជំនុំ សន្និបាត និងមហាសន្និបាតជំរុញយើងទៅមុខដល់ការលូតលាស់កាន់តែច្រើននិងភាពមុតមាំដ៏កាន់តែខ្លាំងខាងវិញ្ញាណ ឲ្យតែយើងមិនខានចូលរួមដើម្បីទទួលប្រយោជន៍នេះ។ (ហេព្រើរ ១០:២៤, ២៥) ទម្លាប់មួយដ៏ទៀងទាត់សំរាប់ការអានព្រះគម្ពីរ ទស្សនាវដ្ដីប៉មយាម និង ភ្ញាក់រឭក! ទស្សនាវដ្ដីទាំងឡាយ ព្រមទាំងសៀវភៅដែលពិភាក្សានូវអាហាររឹងពីព្រះបន្ទូលរបស់ព្រះ នោះនឹងបណ្ដាលឲ្យឫសខាងវិញ្ញាណរបស់យើងដុះដាលបានជ្រៅ ហើយបានខ្លាំងឡើង។ (ហេព្រើរ ៥:១៤) ការតាំងគោលបំណងខាងវិញ្ញាណសំរាប់ខ្លួនផ្ទាល់ និងការព្យាយាមសម្រេចគោលបំណងនោះក៏នឹងនាំមកនូវប្រយោជន៍ជាស្ថាពរ។—ភីលីព ៣:១៦
៣ ជំនួយពីអ្នកចាស់ទុំខាងវិញ្ញាណ: ខិតខំស្គាល់អ្នកជាច្រើនឯទៀតដែលមានភាពចាស់ទុំខាងវិញ្ញាណក្នុងក្រុមជំនុំ។ ខំស្គាល់ពួកអ្នកចាស់ទុំ ពីព្រោះពួកគេជាពិសេសគឺជាអ្នកដែលអាចជួយចំរើនកម្លាំងរបស់យើង។ (ថែស្សាឡូនីចទី១ ២:១១, ១២) ទទួលឱវាទឬក៏យោបល់ណាដែលពួកគេជូន។ (អេភេសូរ ៤:១១-១៦) អ្នកងារជំនួយក៏ចាប់អារម្មណ៍ទៅលើការជួយអ្នកឯទៀតឲ្យទៅជាមាំមួនក្នុងជំនឿ ដូច្នេះពឹងបងប្អូនប្រុសទាំងនេះសំរាប់សេចក្ដីលើកទឹកចិត្តដែរ។
៤ តើអ្នកត្រូវការជំនួយក្នុងកិច្ចបំរើទេ? និយាយជាមួយពួកអ្នកចាស់ទុំ ហើយសូមជំនួយ។ ប្រហែលជាអ្នកអាចចូលកម្មវិធីអ្នកត្រួសត្រាយជួយអ្នកឯទៀត។ តើអ្នកទើបតែបានធ្វើបុណ្យជ្រមុជទឹកទេ? ការសិក្សាសៀវភៅកិច្ចបំរើរបស់យើងហើយការអនុវត្តពត៌មានក្នុងនោះ នឹងធ្វើឲ្យអ្នកលូតលាស់ទៅដល់ភាពចាស់ទុំខាងវិញ្ញាណ។ តើអ្នកជាមាតាឬក៏បិតាម្នាក់ទេ? ពង្រឹងជានិច្ចនូវភាពមាំមួនខាងវិញ្ញាណរបស់ពួកកូនៗរបស់អ្នក។—អេភេសូរ ៦:៤
៥ ដោយត្រូវតាំងឲ្យខ្ជាប់ខ្ជួនក្នុងជំនឿ យើងក៏អាចអរសប្បាយនឹងទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ហើយការសេពគប់យ៉ាងកក់ក្ដៅជាមួយនឹងបងប្អូនប្រុសស្រីរបស់យើង។ នេះធ្វើឲ្យយើងមានសមត្ថភាពទ្រាំនឹងការវាយលុកពីសាតាំង ហើយពង្រឹងសេចក្ដីសង្ឃឹមរបស់យើងចំពោះអនាគតដ៏អស់កល្ប។—ពេត្រុសទី១ ៥:៩, ១០