ជំនួយមួយដែលនៅជាប់ជាមួយ
១ បងស្រីអាណាធ្វើការច្រើនម៉ោងហើយមានប្ដីមិនមែនជាអ្នកជឿ។ ហេតុនេះគាត់មានការពិបាកចូលរួមកិច្ចប្រជុំឲ្យបានទៀងទាត់ ចូលរួមក្នុងកិច្ចផ្សព្វផ្សាយ និងធ្វើការសិក្សាព្រះគម្ពីរដោយខ្លួនឯង។ ទោះបីជាគាត់នៅតែស្រឡាញ់ព្រះយេហូវ៉ាក៏ដោយ គាត់បានក្លាយទៅជាអសកម្ម។ យើងរីករាយណាស់ដែលគាត់បានទទួលជំនួយប្រកបដោយការយកចិត្តទុកដាក់អំពីអ្នកចាស់ទុំ។
២ ពេលយើងព្រមទទួលជំនួយខាងវិញ្ញាណដែលផ្ដល់ឲ្យតាមរយៈក្រុមជំនុំគ្រីស្ទាន នោះបង្ហាញថាយើងមានទំនុកចិត្តទៅលើព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់។ ដោយយកតម្រាប់តាមការយកចិត្តទុកដាក់ប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូគ្រីស្ទ អ្នកចាស់ទុំនៅក្នុងក្រុមជំនុំខំប្រឹងរកឱកាសដើម្បីផ្ដល់ការលើកទឹកចិត្តនិងផ្ដល់ជំនួយដ៏មានប្រយោជន៍ដល់អស់អ្នកដែលមានការពិបាកក្នុងកិច្ចបម្រើគ្រីស្ទាន។ (១ថែ. ៥:១៤) ជារឿយៗ ពួកគេគ្រាន់តែត្រូវការនូវពាក្យសម្ដីលើកទឹកចិត្តដែលមានមូលដ្ឋានលើបទគម្ពីរ។ ការព្យាយាមជួយអ្នកដែលខ្សោយខាងវិញ្ញាណមួយរយៈគឺជាកិច្ចការរបស់គ្រីស្ទានទាំងអស់គ្នា មិនគ្រាន់តែជាកិច្ចការរបស់អ្នកចាស់ទុំប៉ុណ្ណោះទេ។ យើងម្នាក់ៗច្បាស់ជាធ្លាប់ពិសោធនូវអានុភាពនៃ«ពាក្យសំដីដែលនិយាយចំពេល»ដែលលើកទឹកចិត្ត។—សុ. ២៥:១១; អេសា. ៣៥:៣, ៤
៣ កុំចាំឲ្យគេសុំជំនួយ: ការយកចិត្តទុកដាក់ដោយក្ដីស្រឡាញ់ចំពោះអ្នកដែលត្រូវការជំនួយ តម្រូវឲ្យយើងព្យាយាមដោយស្មោះអស់ពីចិត្ត ឲ្យយើងមានចិត្តអាណិតអាសូរ ហើយកុំចាំឲ្យគេសុំជំនួយ។ ពេលដែលយ៉ូណាថានបានដឹងអំពីស្ថានភាពដ៏ពិបាករបស់ដាវីឌ ទ្រង់«បានទៅជួបលោកដាវីឌ . . . ដើម្បីលើកទឹកចិត្តលោក»។ (១សាំ. ២៣:១៥, ១៦, ខ.ស.) ចូរជួយអ្នកឯទៀតតាមរបៀបដែលស្លូតបូត។ ពាក្យសម្ដីដែលពោលចេញពីចិត្តស្មោះនាំឲ្យទទួលបានលទ្ធផលល្អបំផុត។ ម្យ៉ាងទៀត ព្រះយេស៊ូបានពន្យល់យ៉ាងច្បាស់ថា ដើម្បីបានបងប្អូនប្រុសស្រីមកវិញ យើងត្រូវខំប្រឹងទាល់តែសម្រេចតាមបំណង។ (លូ. ១៥:៤) ដោយមានក្ដីប្រាថ្នាចង់ជួយអ្នកឯទៀតដោយស្មោះអស់ពីចិត្ត នោះនឹងជំរុញចិត្តយើងឲ្យស៊ូទ្រាំផ្ដល់ជំនួយ សូម្បីតែគាត់មានការរីកចម្រើនមិនឆាប់រហ័សក៏ដោយ។
៤ នេះពិតជាលើកទឹកចិត្តយើងណាស់! កាលណាយើងបបួលអ្នកឯទៀត ដូចជាអ្នកនៅក្នុងការសិក្សាសៀវភៅតាមក្រុមរបស់យើងឲ្យទៅផ្សព្វផ្សាយជាមួយ។ ពេលដែលយើងជួយអ្នកបម្រើឯទៀតរបស់ព្រះយេហូវ៉ាឲ្យចូលរួមកិច្ចបម្រើផ្សាយ យើងអាចយកឱកាសលើកទឹកចិត្តគេ។ ពេលវេលាដ៏រីករាយបែបនេះដែលយើងចំណាយជាមួយអ្នកដែលកំពុងតែមានលំនឹងខាងវិញ្ញាណឡើងវិញ ពិតជាលើកទឹកចិត្តពួកគេណាស់។
៥ ការរៀបចំប្រកបដោយសេចក្ដីស្រឡាញ់: អស់អ្នកដែលមិនបានចូលរួមជាមួយក្រុមជំនុំឬក្នុងកិច្ចផ្សព្វផ្សាយអស់មួយរយៈហើយប្រហែលជាត្រូវការជំនួយដើម្បីពង្រឹងជំនឿរបស់ពួកគេ។ ការសិក្សាព្រះគម្ពីរក្នុងប្រកាសនវត្ថុមួយដូចជាចូរថ្វាយបង្គំព្រះពិតតែមួយ និង ចូរចូលទៅជិតព្រះយេហូវ៉ា ឬតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រហែលជាអ្វីដែលពួកគេត្រូវការ។ ដោយហេតុថាបុគ្គលនោះបានទទួលបុណ្យជ្រមុជទឹករួចហើយ ជាទូទៅការសិក្សាមិនចាំបាច់បន្តអស់រយៈពេលយូរឡើយ។ គណៈកម្មាធិការខាងកិច្ចបម្រើនៃក្រុមជំនុំត្រូវដឹងថាតើអ្នកណាដែលអាចទទួលប្រយោជន៍ពីការរៀបចំនេះ។—សូមមើលកិច្ចបម្រើព្រះរាជាណាចក្រយើងខែវិច្ឆិកា ឆ្នាំ១៩៩៨និង ខែវិច្ឆិកា ឆ្នាំ២០០០ ប្រអប់សំណួរ
៦ បងស្រីអាណាដែលបានរៀបរាប់ខាងដើម ទទួលដោយចិត្តកតញ្ញូនូវសំណើរបស់អ្នកចាស់ទុំពេលពួកគេសុំឲ្យបងស្រីម្នាក់ដែលមានភាពចាស់ទុំខាងវិញ្ញាណមកសិក្សាព្រះគម្ពីរជាមួយគាត់។ គ្រាន់តែសិក្សាបានបួនដងប៉ុណ្ណោះ បងស្រីនោះបានជួយបងស្រីអាណាឲ្យចូលទៅជិតព្រះយេហូវ៉ាជាថ្មីម្ដងទៀត។ គាត់ចាប់ផ្ដើមចូលរួមកិច្ចប្រជុំនានារបស់ក្រុមជំនុំហើយមានចិត្តចង់សរសើរព្រះយេហូវ៉ាឡើងវិញ។ បងស្រីដែលមានគំនិតចាស់ទុំក៏បានជួយគាត់ក្នុងកិច្ចបម្រើផ្សាយដោយនាំគាត់ទៅការសិក្សាព្រះគម្ពីរឯទៀត រហូតដល់អាណាត្រូវបានពង្រឹងកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើបន្ទាល់ពីផ្ទះមួយទៅផ្ទះមួយ។ អាណាគ្រាន់តែត្រូវការជំនួយបន្ដិចបន្តួចដើម្បីចាប់ធ្វើសកម្មភាពខាងវិញ្ញាណឡើងវិញ!
៧ ពេលយើងពង្រឹងកម្លាំងអ្នកដែលត្រូវការជំនួយ នោះនាំមកនូវពរសម្រាប់យើងទាំងអស់គ្នា។ អ្នកដែលទទួលជំនួយមានសុភមង្គលដោយបានចូលទៅជិតព្រះយេហូវ៉ា និងបានចូលរួមក្នុងសកម្មភាពផ្សេងៗនៃអង្គការរបស់ទ្រង់។ អ្នកចាស់ទុំមានចិត្តអរសប្បាយដោយបានឃើញការរីកចម្រើនខាងវិញ្ញាណដូចនេះ។ (លូ. ១៥:៥, ៦) ពេលដែលសមាជិកក្រុមជំនុំមានចំណងមេត្រីភាពយ៉ាងជិតស្និទ្ធជាមួយគ្នា ពួកគេក៏មានសាមគ្គីភាពនឹងគ្នាដែរ។ (កូល. ៣:១២-១៤) យើងពិតជាមានមូលហេតុត្រឹមត្រូវមែន! ដែលយើងគួរយកតម្រាប់តាមព្រះយេហូវ៉ាជាជំនួយមួយអង្គដែលនៅជាប់ជាមួយ។—អេភ. ៥:១
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើតាមរបៀបណាដែលសុខុមាលភាពខាងវិញ្ញាណរបស់យើងអាចចុះខ្សោយ?
២. តើតាមរបៀបណាដែលគ្រីស្ទានទាំងអស់អាចបង្ហាញថាពួកគេជាជំនួយមួយដែលនៅជាប់ជាមួយ?
៣, ៤. តើការជួយអ្នកឯទៀតរួមបញ្ចូលអ្វីខ្លះ? ហើយតើតាមរបៀបណាដែលយើងអាចជួយអ្នកឯទៀតបាន?
៥. ក្នុងកាលៈទេសៈខ្លះ តើអ្នកចាស់ទុំអាចផ្ដល់ជំនួយយ៉ាងណា?
៦. តើតាមរបៀបណាដែលបងស្រីម្នាក់មានកម្លាំងខាងវិញ្ញាណឡើងវិញ?
៧. តើការពង្រឹងកម្លាំងខាងវិញ្ញាណដល់អ្នកឯទៀតនាំឲ្យមានប្រយោជន៍អ្វីខ្លះ?