ចូរឲ្យយើងកុំភ្លេចបងប្អូនស្មោះត្រង់ដែលមានវ័យចាស់
១ ទោះបីស្ត្រីមេម៉ាយម្នាក់ឈ្មោះអាណមានវ័យចំណាស់គ្រប់៨៤ឆ្នាំហើយក៏ដោយ នោះគាត់នៅតែ«មិនទៅណាឆ្ងាយពីព្រះវិហារទេ»។ ភាពស្មោះត្រង់របស់គាត់បានបណ្ដាលឲ្យព្រះយេហូវ៉ាប្រទានពរដ៏វិសេសចំពោះគាត់។ (លូ. ២:៣៦-៣៨, ព្រះគម្ពីរភាសាខ្មែរសម្រាយ) សព្វថ្ងៃនេះក៏មានបងប្អូនជាច្រើនដែលមានចិត្តគំនិតដូចអាណដែរ ទោះជាពួកគាត់ជួបប្រទះនឹងការពិបាកក៏ដោយ។ ពេលដែលបងប្អូនដ៏ស្មោះត្រង់ទាំងនេះត្រូវស៊ូទ្រាំនឹងសុខភាពមិនល្អ ឬក៏ភាពចាស់ជរាបានដាក់កំហិតទៅលើសមត្ថភាពរបស់ពួកគាត់ យូរៗម្ដងពួកគាត់ក៏អាចធ្លាក់ទឹកចិត្តផងដែរ។ សូមយើងពិចារណាមើលរបៀបផ្សេងៗដែលយើងអាចលើកទឹកចិត្តពួកគាត់ ហើយជួយពួកគាត់ឲ្យមានទំលាប់ល្អខាងវិញ្ញាណជានិច្ច។
២ កិច្ចប្រជុំនិងកិច្ចបំរើផ្សាយ: យើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងបានដោយជួយដឹកបងប្អូនដែលមានវ័យចាស់ឲ្យមកឯកិច្ចប្រជុំគ្រីស្ទាន ការធ្វើដូចនេះពិតជាអាចជួយពួកគាត់ឲ្យអាចមកឯកិច្ចប្រជុំបានយ៉ាងស្រួលហើយដោយទៀងទាត់ទៀតផង។ ទង្វើបែបនេះនឹងជួយពង្រឹងកម្លាំងខាងវិញ្ញាណរបស់បងប្អូនទាំងនេះ ដែលបានធ្វើជាអ្នកបំរើព្រះយ៉ាងយូរហើយស្មោះត្រង់ ក៏នឹងផ្ដល់ប្រយោជន៍ដល់ក្រុមជំនុំផងដែរ។ តើអ្នកធ្លាប់រួមចំណែកក្នុងកិច្ចការដ៏ល្អនេះឬទេ?—ហេ. ១៣:១៦
៣ ពួកគ្រីស្ទានពិតមានអំណរនិងការស្កប់ចិត្ត ពេលដែលពួកគេចូលរួមកិច្ចបំរើផ្សាយយ៉ាងទៀងទាត់។ ប៉ុន្តែ ការធ្វើដូច្នេះប្រហែលជាមិនសូវស្រួលសំរាប់បងប្អូនដែលមានវ័យចាស់និងអ្នកដែលមានកម្លាំងខ្សោយនោះទេ។ តើបងប្អូនជាទីស្រឡាញ់របស់យើងទាំងនេះអាច«ធ្វើការជាមួយ»អ្នកក្នុងកិច្ចការផ្សព្វផ្សាយណាមួយបានទេ? (រ៉ូម ១៦:៣, ៩, ២១) អ្នកអាចអញ្ជើញគាត់ឲ្យចូលរួមជាមួយក្នុងការផ្សព្វផ្សាយតាមទូរស័ព្ទ ឬអាចឲ្យគាត់ទៅជាមួយអ្នកពេលត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ ឬក៏ពេលទៅបង្រៀនសិស្សព្រះគម្ពីរ។ បើបងប្អូនដែលមានវ័យចាស់នោះមិនអាចចេញពីផ្ទះបាន តើសិស្សព្រះគម្ពីរអាចមកសិក្សានៅឯផ្ទះរបស់គាត់បានឬទេ?
៤ ការសិក្សានិងការសំណេះសំណាលគ្នា: យូរៗម្ដងបងប្អូនខ្លះអញ្ជើញអ្នកវ័យចាស់ ឬអ្នកដែលខ្សោយកម្លាំងឲ្យចូលរួមក្នុងការសិក្សារបស់ពួកគេជាក្រុមគ្រួសារ ហើយជួនកាលក៏ទៅសិក្សានៅឯផ្ទះរបស់អ្នកដែលមានវ័យចាស់តែម្ដង។ មាតាម្នាក់បាននាំកូនតូចពីរនាក់ទៅឯផ្ទះរបស់បងស្រីវ័យចាស់ម្នាក់ សំរាប់ការសិក្សាជាក្រុមគ្រួសាររបស់ពួកគេក្នុងសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ហើយពួកគេទាំងអស់គ្នាបានត្រូវលើកទឹកចិត្តដោយការសេពគប់ជាមួយគ្នានោះ។ បងប្អូនវ័យចាស់ឬអ្នកដែលខ្សោយកម្លាំងនោះក៏ពេញចិត្តដែរ បើពួកគាត់បានត្រូវអញ្ជើញឲ្យទៅពិសាបាយឬចូលរួមពិធីណាមួយដែលពិសេសនោះ។ បើបងប្អូនដែលខ្សោយកម្លាំងនោះ អស់កម្លាំងដល់ម្ល៉េះបានជាគាត់ទទួលភ្ញៀវយូរពុំបាន អ្នកក៏អាចទូរស័ព្ទទៅសួរសុខទុក្ខគាត់ឬទៅលេងគាត់តែមួយភ្លែតហើយអានឲ្យគាត់ស្ដាប់ ឬអធិស្ឋានជាមួយគាត់ ឬក៏ប្រាប់បទពិសោធន៍ណាដែលគួរឲ្យលើកទឹកចិត្ត។—រ៉ូម ១:១១, ១២
៥ ព្រះយេហូវ៉ាទ្រង់យកព្រះទ័យទុកដាក់ណាស់ ចំពោះបងប្អូនវ័យចាស់ដែលមានភាពស្មោះត្រង់។ (ហេ. ៦:១០, ១១) យើងរាល់គ្នាក៏អាចយកតម្រាប់តាមទ្រង់ដោយបង្ហាញការគោរពចំពោះពួកគាត់ ហើយដោយជួយពួកគាត់ឲ្យរក្សានូវទំលាប់ល្អខាងវិញ្ញាណជានិច្ច។