បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១ ទំ. ២២-២៦
  • ការបម្រើព្រះយេហូវ៉ាមុនអស់ទាំងថ្ងៃអាក្រក់មកដល់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបម្រើព្រះយេហូវ៉ាមុនអស់ទាំងថ្ងៃអាក្រក់មកដល់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ឱកាស​ពិសេស​ពេល​មាន​វ័យ​ចាស់
  • អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត
  • ការ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង
  • សេចក្ដី​ត្រូវ​ការ​នៅ​តំបន់​ផ្សាយ​ដែល​មាន​មនុស្ស​និយាយ​ភាសា​ផ្សេង
  • ចូរ​សប្បាយ​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន
  • ព្រះយេហូវ៉ាមើលថែរក្សាអ្នកបម្រើដែលមានវ័យចាស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរគោរពមនុស្សវ័យចាស់ក្នុងចំណោមអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចូរឲ្យតម្លៃបងប្អូនវ័យចាស់ដ៏ស្មោះត្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ការមើលថែរក្សាមនុស្សចាស់ ជាភារកិច្ចរបស់ជនគ្រីស្ទាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១ ទំ. ២២-២៦

ការ​បម្រើ​ព្រះ​យេហូវ៉ា​មុន​អស់​ទាំង​ថ្ងៃ​អាក្រក់​មក​ដល់

​«​ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន​»។—សាស្ដ. ១២:១

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

  • តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​ដែល​មាន​បទ​ពិសោធន៍​អាច​ជួយ​បង​ប្អូន​វ័យ​ក្មេង?

  • តើ​បង​ប្អូន​វ័យ​ចាស់​សព្វ​ថ្ងៃ​នេះ​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​ណាខ្លះ​ក្នុង​គម្ពីរ ស្តី​អំពី​ការ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង?

  • តើ​គ្រិស្ត​សាសនិក​ខ្លះ​បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​តាម​របៀប​ថ្មី​អ្វី នៅ​ពេល​ដែល​ពួក​គាត់​មាន​វ័យ​ចាស់?

១, ២​. (​ក​) តើ​ព្រះ​បាន​ដឹក​នាំ​សាឡូម៉ូន​ឲ្យ​សរសេរ​ឱវាទ​អ្វី​សម្រាប់​ប្អូន​ៗ​យុវវ័យ? (​ខ​) ហេតុ​អ្វី​គ្រិស្ត​សាសនិក​ដែល​មាន​អាយុ​៥០​ឆ្នាំ​ឬ​ច្រើន​ជាង​នេះ​ក៏​ចាប់​អារម្មណ៍​នឹង​ឱវាទ​របស់​សាឡូម៉ូន​ដែរ?

ព្រះ​បាន​ដឹក​នាំ​ស្តេច​សាឡូម៉ូន​ឲ្យ​សរសេរ​ប្រាប់​ប្អូន​ៗ​យុវវ័យ​ដោយ​ពាក្យ​ទាំង​នេះ​ថា​៖ ​«​ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង មុន​ដែល​អស់​ទាំង​ថ្ងៃ​អាក្រក់​មក​ដល់​»។ តើ​ពាក្យ​«​អស់​ទាំង​ថ្ងៃ​អាក្រក់​»​សំដៅ​លើ​អ្វី? សាឡូម៉ូន​បាន​ប្រើ​ពាក្យ​កំណាព្យ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​រៀប​រាប់​អំពី​គ្រា​ពិបាក​ដែល​មនុស្ស​ចាស់​ជួប​ប្រទះ ដូច​ជា ញ័រ​ដៃ ញ័រ​ជើង បាក់​ធ្មេញ មើល​មិន​សូវ​ច្បាស់ ស្ដាប់​មិន​សូវ​ឮ សក់​ស្កូវ ហើយ​កោង​ខ្នង។ យើង​មិន​គួរ​ចាំ​រហូត​ដល់​ពេល​ដែល​យើង​មាន​ស្ថានភាព​បែប​នេះ ដើម្បី​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។—សូម​អាន សាស្ដា ១២:១​-​៥

២ គ្រិស្ត​សាសនិក​ភាគ​ច្រើន​ដែល​មាន​អាយុ​៥០​ឆ្នាំ​ឬ​ច្រើន​ជាង​នេះ​នៅ​តែ​មាន​កម្លាំង​ច្រើន។ ពួក​គាត់​ប្រហែលជា​មាន​សក់​ស្កូវ​ខ្លះ ប៉ុន្តែ​ពួក​គាត់​ទំនង​ជា​មិន​ទាន់​មាន​សុខភាព​ទន់​ខ្សោយ​ដូច​សាឡូម៉ូន​បាន​រៀប​រាប់​នោះ​ទេ។ តើ​គ្រិស្ត​សាសនិក​វ័យ​ចាស់​ទាំង​នេះ​អាច​ទទួល​ប្រយោជន៍​ពី​ឱវាទ​ដែល​មក​ពី​ព្រះ​សម្រាប់​ប្អូន​ៗ​យុវវ័យ ដែល​ថា​៖ ​«​ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន​»​ឬ​ទេ? តើ​ឱវាទ​នេះ​មាន​ន័យ​យ៉ាង​ណា?

៣​. តើ​ការ​នឹក​ចាំ​ពី​អ្នក​បង្កើត​ដ៏​ឧត្តម​របស់​យើង​រួម​បញ្ចូល​អ្វី​ខ្លះ?

៣ អ្នក​ប្រហែលជា​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​ជា​ការ​ល្អ​ដែល​ម្ដង​ម្កាល​អ្នក​គិត​អំពី​ភាព​អស្ចារ្យ​នៃ​អ្នក​បង្កើត​របស់​យើង។ ជីវិត​គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ​មួយ​ពី​ព្រះ។ ភាព​ស្មុគ​ស្មាញ​នៃ​ការ​បង្កើត​គឺ​ហួស​ពី​សមត្ថភាព​យល់​ដឹង​របស់​មនុស្ស។ ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ជា​ច្រើន​ដើម្បី​ឲ្យ​យើង​អាច​សប្បាយ​នឹង​ជីវិត។ ពេល​យើង​ពិចារណា​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត យើង​ឲ្យ​តម្លៃ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា​និង​ឫទ្ធានុភាព​របស់​លោក។ (​ទំនុក. ១៤៣:៥​) ប៉ុន្តែ​ការ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន​ឬ​អ្នក​បង្កើត​ដ៏​ឧត្តម​របស់​យើង ជាប់​ទាក់​ទង​នឹង​ការ​រំពឹង​គិត​អំពី​ភារកិច្ច​ដែល​យើង​មាន​ចំពោះ​លោក។ ក្នុង​អំឡុង​ពេល​ដែល​យើង​រំពឹង​គិត​អំពី​រឿង​នេះ យើង​ច្បាស់​ជា​មាន​អារម្មណ៍​ថា​យើង​ចង់​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​អ្នក​បង្កើត​របស់​យើង ដោយ​បម្រើ​លោក​ឲ្យ​អស់ពី​សមត្ថភាព​ពេញ​មួយ​ជីវិត​របស់​យើង។—សាស្ដ. ១២:១៣

ឱកាស​ពិសេស​ពេល​មាន​វ័យ​ចាស់

៤​. តើ​គ្រិស្ត​សាសនិក​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ អាច​សួរ​ខ្លួន​គាត់​នូវ​សំណួរ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី?

៤ ប្រសិនបើ​អ្នក​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ក្នុង​ជីវិត​នៅ​ពេល​ឥឡូវ​នេះ ពេល​ដែល​ខ្ញុំ​នៅ​តែ​មាន​កម្លាំង?›។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ម្នាក់​ដែល​មាន​បទ​ពិសោធន៍ អ្នក​មាន​ឱកាស​ដែល​អ្នក​ឯ​ទៀត​មិន​មាន។ អ្នក​អាច​ប្រាប់​បង​ប្អូន​ដែល​ក្មេង​ជាង​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ព្រះ​យេហូវ៉ា។ អ្នក​អាច​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ដោយ​ប្រាប់​អំពី​បទ​ពិសោធន៍​ដែល​អ្នក​មាន​ក្នុង​ការ​បម្រើ​ព្រះ។ ស្តេច​ដាវីឌ​បាន​អធិដ្ឋាន​សុំ​ឲ្យ​ព្រះ​ផ្ដល់​ឱកាស​ឲ្យ​គាត់​អាច​ធ្វើ​ដូច្នេះ។ គាត់​បាន​សរសេរ​ថា​៖ ​«​ឱ​ព្រះ​អង្គ​អើយ ទ្រង់​បាន​បង្ហាត់​បង្រៀន​ទូល​បង្គំ​តាំង​តែ​ពី​ក្មេង​មក . . . សូម​កុំ​លះ​បង់​ចោល​ទូល​បង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូល​បង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូល​បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ​ចេស្ដា​ទ្រង់​ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ នឹង​ពី​ឥទ្ធានុភាព​ទ្រង់​ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ​»។—ទំនុក. ៧១:១៧, ១៨

៥​. តើ​គ្រិស្ត​សាសនិក​វ័យ​ចាស់​អាច​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀត​នូវ​អ្វី​ដែល​គាត់​បាន​រៀន​យ៉ាង​ដូច​ម្ដេច?

៥ តើ​តាម​របៀប​ណា​អ្នក​អាច​ចែក​រំលែក​ចំណេះ​ដឹង​ដែល​អ្នក​បាន​ទទួល​អស់​ជា​ច្រើន​ឆ្នាំ ដល់​អ្នក​ឯ​ទៀត? តើ​អ្នក​អាច​អញ្ជើញ​ប្អូន​ៗ​ដែល​ក្មេង​ជាង​អ្នក​ដែល​ជា​អ្នក​បម្រើ​ព្រះ​ឲ្យ​មក​លេង​ផ្ទះ​របស់​អ្នក​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ឬ​ទេ? តើ​អ្នក​អាច​សុំ​ពួក​គេ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក ហើយ​បង្ហាញ​ពួក​គេ​នូវ​អំណរ​ដែល​អ្នក​មាន​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? អេលីហ៊ូវ​បាន​និយាយ​ថា​៖ ​«​គប្បី​ឲ្យ​ចាស់​ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន​បង្រៀន​ពី​ប្រាជ្ញា​»។ (​យ៉ូប ៣២:៧​) សាវ័ក​ប៉ូល​បាន​ដាស់​តឿន​ស្ត្រី​គ្រិស្ត​សាសនិក​ឲ្យ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​តាម​រយៈ​ពាក្យ​សម្ដី​និង​គំរូ​របស់​ពួក​គាត់។ គាត់​បាន​សរសេរ​ថា​៖ ​«​ស្ត្រី​វ័យ​ចាស់​ត្រូវ . . . បង្រៀន​អំពី​អ្វី​ដែល​ល្អ​»។—ទីត. ២:៣

អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត

៦​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ដែល​មាន​បទ​ពិសោធន៍​អស់​ជា​ច្រើន​ទសវត្សរ៍​មិន​គួរ​មើល​ស្រាល​សមត្ថភាព​របស់​ខ្លួន?

៦ ប្រសិនបើ​អ្នក​ជា​គ្រិស្ត​សាសនិក​ម្នាក់​ដែល​មាន​បទ​ពិសោធន៍ អ្នក​មាន​សមត្ថភាព​យ៉ាង​ច្រើន​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ សូម​ពិចារណា​នូវ​អ្វី​ដែល​អ្នក​ដឹង​នៅ​ពេល​ឥឡូវ​នេះ ដែល​អ្នក​មិន​បាន​ដឹង​កាល​ពី​៣០​ឬ​៤០​ឆ្នាំ​មុន។ អ្នក​ដឹង​អំពី​របៀប​អនុវត្ត​គោល​ការណ៍​គម្ពីរ​ក្នុង​ស្ថានភាព​ផ្សេង​ៗ​ក្នុង​ជីវិត។ អ្នក​ច្បាស់​ជា​មាន​សមត្ថភាព​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​អ្នក​ឯ​ទៀត។ ប្រសិនបើ​អ្នក​ជា​អ្នក​ចាស់​ទុំ​ម្នាក់ អ្នក​ដឹង​អំពី​របៀប​ជួយ​បង​ប្អូន​ដែល​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស។ (​កាឡ. ៦:១​) ប្រហែលជា​អ្នក​បាន​រៀន​អំពី​របៀប​ត្រួត​ពិនិត្យ​សកម្មភាព​ក្នុង​ក្រុម​ជំនុំ ផ្នែក​ចាត់​ចែង​សន្និបាត ឬ​ការ​សាងសង់​សាល​ប្រជុំ។ អ្នក​ប្រហែលជា​ដឹង​អំពី​របៀប​លើក​ទឹក​ចិត្ត​គ្រូ​ពេទ្យ​ឲ្យ​ប្រើ​វិធី​ព្យាបាល​ដែល​មិន​ប្រើ​ឈាម។ សូម្បី​តែ​អ្នក​ទើប​តែ​បាន​ស្គាល់​សេចក្ដី​ពិត​ក៏​ដោយ អ្នក​មាន​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ។ ជា​ឧទាហរណ៍ ប្រសិនបើ​អ្នក​បាន​ចិញ្ចឹម​អប់រំ​កូន អ្នក​នឹង​មាន​បទ​ពិសោធន៍​ជា​ច្រើន។ គ្រិស្ត​សាសនិក​វ័យ​ចាស់ អាច​ធ្វើ​ជា​ប្រភព​ដ៏​សំខាន់​ក្នុង​ការ​លើក​ទឹក​ចិត្ត​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា តាម​រយៈ​ការ​បង្រៀន ការ​នាំ​មុខ និង​ការ​ពង្រឹង​ជំនឿ​បង​ប្អូន​ប្រុស​ស្រី។—សូម​អាន យ៉ូប ១២:១២

៧​. តើ​ការ​បង្ហាត់​បង្រៀន​អ្វី​ខ្លះ​ដែល​គ្រិស្ត​សាសនិក​វ័យ​ចាស់​អាច​ផ្ដល់​ឲ្យ​បង​ប្អូន​វ័យ​ក្មេង?

៧ តើ​តាម​របៀប​ណា​អ្នក​អាច​ប្រើ​សមត្ថភាព​របស់​អ្នក​ឲ្យ​បាន​ពេញ​លេញ​ជាង? ប្រហែលជា​អ្នក​អាច​បង្ហាញ​បង​ប្អូន​វ័យ​ក្មេង​អំពី​របៀបចាប់​ផ្ដើម និង​របៀប​ដឹក​នាំ​ការ​សិក្សា​គម្ពីរ។ ប្រសិនបើ​អ្នក​ជា​បង​ស្រី​ម្នាក់ តើ​អ្នក​អាច​ណែនាំ​ម្ដាយ​វ័យ​ក្មេង​អំពី​របៀប​ដែល​ពួក​គាត់​អាច​បន្ត​ក្នុង​សកម្មភាព​ខាង​កិច្ច​បម្រើ​ព្រះ ពេល​ដែល​គាត់​ត្រូវ​ថែ​រក្សា​កូន​តូច​ៗ​ឬ​ទេ? ប្រសិនបើ​អ្នក​ជា​បង​ប្រុស​ម្នាក់ តើ​អ្នក​អាច​បង្រៀន​បង​ប្អូន​ប្រុស​វ័យ​ក្មេង​អំពី​របៀប​ថ្លែង​សុន្ទរកថា​យ៉ាង​រស់​រវើក និង​របៀប​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​មាន​ប្រសិទ្ធភាព​ជាង​ឬ​ទេ? តើ​អ្នក​អាច​បង្ហាញ​ពួក​គេ​អំពី​របៀប​ទៅ​លេង​បង​ប្អូន​ប្រុស​ស្រី​វ័យ​ចាស់ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​កាន់​តែ​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា​ឬ​ទេ? សូម្បី​តែ​អ្នក​មិន​មាន​កម្លាំង​ដែល​អ្នក​ធ្លាប់​មាន​ក៏​ដោយ អ្នក​មាន​ឱកាស​ដ៏​ល្អ​ដើម្បី​បង្ហាត់​បង្រៀន​បង​ប្អូន​វ័យ​ក្មេង។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​កំឡាំង​កាយ​ជា​សេចក្ដី​អំនួត​របស់​មនុស្ស​កំឡោះ ហើយ​សក់​ស្កូវ​ជា​គ្រឿង​លំអ​ដល់​មនុស្ស​ចាស់​»។—សុភ. ២០:២៩

ការ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង

៨​. តើ​សាវ័ក​ប៉ូល​បាន​ធ្វើ​អ្វី​នៅ​ពេល​ដែល​គាត់​មាន​វ័យ​ចាស់?

៨ សាវ័ក​ប៉ូល​បាន​ប្រើ​សមត្ថភាព​ទាំង​អស់​ដែល​គាត់​មាន​ដើម្បី​បម្រើ​ព្រះ​នៅ​ពេល​ដែល​គាត់​មាន​វ័យ​ចាស់។ នៅ​ពេល​ដែល​គាត់​បាន​ត្រូវ​ដោះ​លែង​ពី​គុក​នៅ​ក្រុង​រ៉ូម ប្រហែលជា​នៅ​ឆ្នាំ​៦១ គ.ស. គាត់​បាន​ស៊ូ​ទ្រាំ​អស់​ជា​ច្រើន​ឆ្នាំ​នឹង​ការ​ពិបាក​ក្នុង​កិច្ច​បម្រើ​ជា​សាសនទូត ហើយ​បើ​គាត់​ចង់ គាត់​អាច​រស់​នៅ​មួយ​កន្លែង​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​រ៉ូម។ (​២កូ. ១១:២៣​-​២៧​) បង​ប្អូន​នៅ​ក្រុង​ដ៏​ធំ​នោះ​ប្រាកដជា​នឹង​ឲ្យ​តម្លៃ​ដល់​គាត់ បើ​គាត់​បន្ត​គាំ​ទ្រ​ពួក​គេ។ ប៉ុន្តែ​ប៉ូល​បាន​ដឹង​ថា​មាន​សេចក្ដី​ត្រូវ​ការ​ខ្លាំង​ជាង​នៅ​ប្រទេស​ផ្សេង។ គាត់​បាន​ចាប់​ផ្ដើម​កិច្ច​ការ​ជា​សាសនទូត​ម្ដង​ទៀត ជា​មួយ​ធីម៉ូថេ​និង​ទីតុស ដោយ​ធ្វើ​ដំណើរ​ទៅ​ក្រុង​អេភេសូរ បន្ទាប់​មក​ទៅ​កោះ​ក្រេត ហើយ​ប្រហែលជា​ទៅ​តំបន់​ម៉ាសេដូន។ (​១ធី. ១:៣; ទីត. ១:៥​) យើង​មិន​ដឹង​ថា​គាត់​បាន​ទៅ​ប្រទេស​អេស្ប៉ាញ​ឬ​មិន​បាន​ទៅ​ទេ ប៉ុន្តែ​យើង​ដឹង​ថា​គាត់​ចង់​ទៅ​ទី​នោះ។—រ៉ូម ១៥:២៤, ២៨

៩​. តើ​នៅ​ពេល​ណា​ពេត្រុស​ប្រហែលជា​បាន​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង? (​សូម​មើល​រូបភាព​នៅ​ដើម​អត្ថបទ​)។

៩ សាវ័ក​ពេត្រុស​ប្រហែលជា​មាន​អាយុ​ជាង​៥០​ឆ្នាំ ពេល​ដែល​គាត់​បាន​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ តើ​យើង​ដឹង​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ប្រសិនបើ​គាត់​មាន​អាយុ​ស្រករ​គ្នា​នឹង​លោក​យេស៊ូ​ឬ​ចាស់​ជាង គាត់​ទំនង​ជា​មាន​អាយុ​៥០​ឆ្នាំ ពេល​ដែល​គាត់​បាន​ជួប​សាវ័ក​ឯ​ទៀត​នៅ​ក្រុង​យេរូសាឡិម នៅ​ឆ្នាំ​៤៩ គ.ស.។ (​សកម្ម. ១៥:៧​) ក្រោយ​ពី​កិច្ច​ប្រជុំ​នោះ ពេត្រុស​បាន​ទៅ​រស់​នៅ​ក្រុង​បាប៊ីឡូន គាត់​ទំនង​ជា​បាន​ទៅ​ទី​នោះ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​នៅ​តំបន់​នោះ។ (​កាឡ. ២:៩​) គាត់​រស់​នៅ​ទី​នោះ ពេល​ដែល​ព្រះ​បាន​ដឹក​នាំ​គាត់​ឲ្យ​សរសេរ​សំបុត្រ​ទី​១​របស់​គាត់ ប្រហែលជា​ឆ្នាំ​៦២ គ.ស.។ (​១ពេ. ៥:១៣​) ការ​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​អាច​មាន​ការ​ពិបាក ប៉ុន្តែ​ពេត្រុស​មិន​ឲ្យ​ការ​ដែល​គាត់​មាន​វ័យ​ចាស់​រារាំង​គាត់​មិន​ឲ្យ​ទទួល​អំណរ​ដែល​បាន​មក​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ​នោះ​ទេ។

១០, ១១​. សូម​រៀប​រាប់​បទ​ពិសោធន៍​មួយ​របស់​បង​ប្អូន​ម្នាក់​ដែល​បាន​រើ​ទៅ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង នៅ​ពេល​ដែល​ពួក​គាត់​មាន​វ័យ​ចាស់។

១០ សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​ដែល​មាន​អាយុ​៥០​ឆ្នាំ​ឬ​ច្រើន​ជាង ដឹង​ថា​កាលៈទេសៈ​របស់​គាត់​បាន​ផ្លាស់​ប្ដូរ ហើយ​គាត់​អាច​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ថ្មី​បាន។ បង​ប្អូន​ខ្លះ​បាន​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ ជា​ឧទាហរណ៍ រ៉ូបឺត​សរសេរ​ថា​៖ ​«​ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​មាន​អាយុ​ជិត​៥៥​ឆ្នាំ ពេល​ដែល​យើង​ដឹង​ថា​មាន​ឱកាស​ល្អ​ជា​ច្រើន​សម្រាប់​យើង។ កូន​ប្រុស​តែ​មួយ​របស់​យើង​បាន​ឈប់​រស់​នៅ​ជា​មួយ​យើង យើង​គ្មាន​ឪពុក​ម្ដាយ​វ័យ​ចាស់​ដើម្បី​ថែ​រក្សា​ទៀត​ទេ ហើយ​យើង​បាន​ទទួល​មត៌ក​បន្ដិច​បន្តួច​ពី​ឪពុក​ម្ដាយ​របស់​យើង​ដែល​បាន​ស្លាប់​ទៅ។ ខ្ញុំ​បាន​គិត​មើល​ថា​ផ្ទះ​ដែល​យើង​លក់​អាច​សង​រួច​បំណុល​ដែល​យើង​ជំពាក់​ធនាគារ ហើយ​អាច​ឲ្យ​យើង​ផ្គត់​ផ្គង់​ជីវភាព​រហូត​ដល់​ពេល​ដែល​ខ្ញុំ​ទទួល​លុយ​ចូល​និវត្តន៍។ យើង​បាន​ឮ​ថា​នៅ​ប្រទេស​បូលីវី​មាន​មនុស្ស​ជា​ច្រើន​ចង់​រៀន​គម្ពីរ ប៉ុន្តែ​ជីវិត​ប្រចាំ​ថ្ងៃ​តម្រូវ​ឲ្យ​ចាយ​លុយ​តិច។ ដូច្នេះ​យើង​បាន​សម្រេច​ចិត្ត​រើ​ទៅ​ទី​នោះ។ ការ​សម្រប​ខ្លួន​ទៅ​តាម​ជីវភាព​ថ្មី​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ អ្វី​ៗ​ទាំង​អស់​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ជីវិត​ដែល​យើង​ធ្លាប់​មាន​នៅ​អាម៉េរិក​ខាង​ជើង។ ប៉ុន្តែ​យើង​បាន​ទទួល​រង្វាន់​ពី​ការ​ខំ​ប្រឹងប្រែង​របស់​យើង​»។

១១ រ៉ូបឺត​បន្ថែម​ថា​៖ ​«​យើង​គិត​តែ​ពី​សកម្មភាព​ក្នុង​ក្រុម​ជំនុំ​ប៉ុណ្ណោះ។ សិស្ស​គម្ពីរ​ខ្លះ​ដែល​យើង​បាន​បង្រៀន​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ក្រុម​គ្រួសារ​មួយ​ដែល​យើង​បាន​បង្រៀន​គម្ពីរ រស់​នៅ​យ៉ាងសាមញ្ញ​ក្នុង​ភូមិ​មួយ​ដែល​មាន​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​យើង។ ប៉ុន្តែ​ជា​រៀង​រាល់​សប្ដាហ៍ សមាជិក​នៃ​ក្រុម​គ្រួសារ​នោះ​ខំ​ប្រឹង​ធ្វើ​ដំណើរ​យ៉ាង​ពិបាក​មក​ទី​ក្រុង​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ។ អ្នក​អាច​ស្រមៃ​ឃើញ​អំណរ​ដែល​យើង​មាន​ពេល​ឃើញ​ក្រុម​គ្រួសារ​នោះ​រីក​ចម្រើន ហើយ​កូន​ប្រុស​ច្បង​របស់​ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​»។

សេចក្ដី​ត្រូវ​ការ​នៅ​តំបន់​ផ្សាយ​ដែល​មាន​មនុស្ស​និយាយ​ភាសា​ផ្សេង

១២, ១៣​. សូម​រៀប​រាប់​អំពី​បទ​ពិសោធន៍​របស់​គ្រិស្ត​សាសនិក​ម្នាក់​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ថ្មី ក្រោយ​ពី​គាត់​ចូល​និវត្តន៍។

១២ ក្រុម​ជំនុំ​និង​ក្រុម​ភាសា​បរទេស អាច​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​គំរូ​របស់​បង​ប្អូន​ប្រុស​ស្រី​វ័យ​ចាស់ ហើយ​តំបន់​ផ្សាយ​បែប​នេះ​អាច​នាំ​ឲ្យ​យើង​សប្បាយ​នឹង​ការ​ផ្សព្វ​ផ្សាយ។ ជា​ឧទាហរណ៍ ប្រាយអិន​សរសេរ​ថា​៖ ​«​ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​មិន​សូវ​មាន​សកម្មភាព​ច្រើន​ទេ​ក្នុង​ជីវិត ពេល​យើង​ចូល​ដល់​អាយុ​៦៥​ឆ្នាំ​ដែល​ជា​អាយុ​ចូល​និវត្តន៍​នៅ​ប្រទេស​អង់គ្លេស។ កូន​ៗ​របស់​យើង​បាន​បែក​ទី​លំនៅ ហើយ​យើង​កម្រ​ជួប​អ្នក​ចាប់​អារម្មណ៍​ដែល​យើង​អាច​ដឹក​នាំ​ការ​សិក្សា​គម្ពីរ។ ក្រោយ​មក​ខ្ញុំ​បាន​ជួប​យុវជន​ម្នាក់​ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​ក្នុង​តំបន់​យើង។ គាត់​បាន​យល់​ព្រម​មក​ចូល​រួម​កិច្ច​ប្រជុំ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​គាត់។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក គាត់​បាន​ចាប់​ផ្ដើម​នាំ​អ្នក​រួម​ការ​ងារ​ម្នាក់​មក​ជា​មួយ​គាត់។ ពីរ​សប្ដាហ៍​ក្រោយ គាត់​បាន​នាំ​បុគ្គល​ទី​៣ ហើយ​ក្រោយ​មក​បុគ្គល​ទី​៤​ឲ្យ​មក​ចូល​រួម​កិច្ច​ប្រជុំ​»។

១៣ ​«​ពេល​ដែល​ជន​ជាតិ​ចិន​ទី​៥ បាន​សុំ​សិក្សា​គម្ពីរ ខ្ញុំ​បាន​គិត​ថា ‹ទោះ​ជា​ខ្ញុំ​មាន​អាយុ​៦៥​ឆ្នាំ​ក៏​ដោយ នេះ​មិន​មាន​ន័យ​ថា​ខ្ញុំ​គួរ​សម្រាក​ពី​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ទេ›។ ដូច្នេះ​ខ្ញុំ​បាន​សួរ​ប្រពន្ធ​ខ្ញុំ ដែល​មាន​អាយុ​ពីរ​ឆ្នាំ​ក្មេង​ជាង​ខ្ញុំ​ថា​តើ​គាត់​ចង់​រៀន​ភាសា​ចិន​ឬ​ទេ។ យើង​បាន​រៀន​ភាសា​នោះ​តាម​រយៈ​ខ្សែ​អាត់​ថត​សម្លេង។ ពេល​នោះ​គឺ​១០​ឆ្នាំ​មុន។ ការ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ផ្សាយ​ដែល​មាន​មនុស្ស​និយាយ​ភាសា​ផ្សេង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​នៅ​ក្មេង​ម្ដង​ទៀត។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ យើង​បាន​សិក្សា​គម្ពីរ​ជា​មួយ​ជន​ជាតិ​ចិន​១១២​នាក់! សិស្ស​គម្ពីរ​ភាគ​ច្រើន​ក្នុង​ចំណោម​នោះ​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ។ ឥឡូវ​នេះ ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ជា​មួយ​ពួក​យើង​»។

ចូរ​សប្បាយ​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន

១៤​. តើ​គ្រិស្ត​សាសនិក​វ័យ​ចាស់​អាច​សប្បាយ​នឹង​អ្វី ហើយ​តើ​គំរូ​របស់​សាវ័ក​ប៉ូល​លើក​ទឹក​ចិត្ត​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

១៤ ទោះ​ជា​គ្រិស្ត​សាសនិក​ភាគ​ច្រើន​ដែល​មាន​អាយុ​ជាង​៥០​ឆ្នាំ មាន​ឱកាស​ជា​ច្រើន​ដើម្បី​ធ្វើ​អ្វី​ថ្មី​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ក៏​ដោយ មិន​មែន​គ្រិស្ត​សាសនិក​ទាំង​អស់​អាច​ធ្វើ​ដូច្នេះ​ឡើយ។ បង​ប្អូន​ខ្លះ​ឈឺ ហើយ​បង​ប្អូន​ឯ​ទៀត​មាន​ឪពុក​ម្ដាយ​វ័យ​ចាស់​និង​កូន​ក្នុង​បន្ទុក​ដែល​គាត់​ត្រូវ​មើល​ថែ​រក្សា។ អ្នក​អាច​សប្បាយ​ចិត្ត​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ក្នុង​កិច្ច​បម្រើ​លោក។ ដូច្នេះ​ជា​ជាង​ខក​ចិត្ត​នឹង​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន សូម​សប្បាយ​នឹង​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន។ សូម​ពិចារណា​នូវ​គំរូ​របស់​សាវ័ក​ប៉ូល។ អស់​ជា​ច្រើន​ឆ្នាំ គាត់​បាន​ជាប់​ឃុំ​ក្នុង​ផ្ទះ ហើយ​មិន​អាច​បន្ត​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​សាសនទូត​បាន​ឡើយ។ ប៉ុន្តែ គាត់​បាន​និយាយ​អំពី​បទ​គម្ពីរ​ប្រាប់​មនុស្ស​ទាំង​អស់​ដែល​មក​លេង​គាត់ ហើយ​បាន​ពង្រឹង​ជំនឿ​ពួក​គាត់។—សកម្ម. ២៨:១៦, ៣០

១៥​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​វ័យ​ចាស់​មាន​តម្លៃ?

១៥ ព្រះ​យេហូវ៉ា​ក៏​ឲ្យ​តម្លៃ​ផង​ដែរ​ចំពោះ​អ្វី​ដែល​បង​ប្អូន​វ័យ​ចាស់​អាច​ធ្វើ​ក្នុង​កិច្ច​បម្រើ​លោក។ ទោះ​ជា​សាឡូម៉ូន​បាន​បញ្ជាក់​អំពី​គ្រា​ពិបាក​ដែល​បង​ប្អូន​វ័យ​ចាស់​ជួប​ប្រទះ​ដោយ​សារ​សុខភាព​មិន​ល្អ ហើយ​នេះ​មិន​មែន​ជា​ពេល​ដ៏​ល្អ​បំផុត​ក៏​ដោយ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​គ្រិស្ត​សាសនិក​វ័យ​ចាស់​អាច​សម្រេច​បាន​ក្នុង​ការ​សរសើរ​តម្កើង​លោក។ (​លូក. ២១:២​-​៤​) បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឲ្យ​តម្លៃ​ទៅ​លើ​គំរូ​ដ៏​ស្មោះ​ត្រង់​របស់​បង​ប្អូន​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ។

១៦​. តើ​អាណា​មិន​មាន​ឯកសិទ្ធិ​អ្វី ប៉ុន្តែ​តើ​គាត់​អាច​ធ្វើ​អ្វី​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ?

១៦ គម្ពីរ​ចែង​អំពី​ស្ត្រី​វ័យ​ចាស់​ម្នាក់​ឈ្មោះ​អាណា ដែល​បាន​បន្ត​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​ពេល​ដែល​គាត់​មាន​វ័យ​ចាស់។ គាត់​ជា​ស្ត្រី​មេម៉ាយ​អាយុ​៨៤​ឆ្នាំ ពេល​ដែល​លោក​យេស៊ូ​បាន​កើត។ គាត់​ទំនង​ជា​មិន​បាន​រស់​នៅ​រហូត​ដល់​ពេល​ដែល​គាត់​អាច​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ហើយ​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ឬ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ឡើយ។ ប៉ុន្តែ​អាណា​សប្បាយ​នឹង​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន។ គម្ពីរ​ចែង​ថា​៖ ​«​នាង​ពុំ​ដែល​ខាន​ទៅ​វិហារ​ឡើយ ក៏​បាន​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ​»។ (​លូក. ២:៣៦, ៣៧​) ពេល​ដែល​ពួក​សង្ឃ​ជូន​គ្រឿង​ក្រអូប​នៅ​វិហារ​ជា​រៀង​រាល់​ព្រឹក​និង​ល្ងាច អាណា​បាន​នៅ​ជា​មួយ​បណ្ដា​ជន​នៅ​ទី​ធ្លា​វិហារ ដើម្បី​អធិដ្ឋាន​ដោយ​មិន​បញ្ចេញ​សំឡេង​អស់​រយៈ​ពេល​ប្រហែលជា​៣០​នាទី។ ពេល​គាត់​ឃើញ​លោក​យេស៊ូ​ដែល​ជា​ទារក គាត់​បាន​ចាប់​ផ្ដើម​«​និយាយ​អំពី​បុត្រ​តូច​នោះ​ប្រាប់​អស់​អ្នក​ដែល​កំពុង​រង់​ចាំ​ព្រះ​សង្គ្រោះ​ក្រុង​យេរូសាឡិម​»។—លូក. ២:៣៨

១៧​. តើ​តាម​របៀប​ណា​យើង​អាច​ជួយ​គ្រិស្ត​សាសនិក​វ័យ​ចាស់​និង​គ្រិស្ត​សាសនិក​ដែល​ឈឺ​ឲ្យ​រួម​ចំណែក​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត?

១៧ សព្វ​ថ្ងៃ​នេះ​យើង​គួរ​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​ជួយ​គ្រិស្ត​សាសនិក​វ័យ​ចាស់​ឬ​គ្រិស្ត​សាសនិក​ដែល​ឈឺ។ ពួក​គាត់​ខ្លះ​ពិត​ជា​ចង់​ចូល​រួម​កិច្ច​ប្រជុំ​និង​សន្និបាត ប៉ុន្តែ​ពួក​គាត់​ប្រហែលជា​មិន​អាច​មក​ចូល​រួម​ជា​ទៀង​ទាត់​ឡើយ។ នៅ​កន្លែង​ខ្លះ ដោយ​សេចក្ដី​ស្រឡាញ់​ក្រុម​ជំនុំ​រៀបចំ​ឲ្យ​បង​ប្អូន​វ័យ​ចាស់​បែប​នេះ ស្ដាប់​កិច្ច​ប្រជុំ​តាម​ទូរស័ព្ទ។ នៅ​កន្លែង​ឯ​ទៀត ក្រុម​ជំនុំ​ប្រហែលជា​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្រិស្ត​សាសនិក​ដែល​មិន​អាច​មក​ចូល​រួម​កិច្ច​ប្រជុំ អាច​រួម​ចំណែក​ក្នុង​ការ​គាំ​ទ្រ​ការ​គោរព​ប្រណិប័តន៍​ពិត។ ជា​ឧទាហរណ៍ សេចក្ដី​អធិដ្ឋាន​របស់​ពួក​គាត់​ជួយ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ឲ្យ​រីក​ចម្រើន។—សូម​អាន ទំនុក​តម្កើង ៩២:១៣, ១៤

១៨, ១៩​. (​ក​) ហេតុ​អ្វី​គ្រិស្ត​សាសនិក​វ័យ​ចាស់​ប្រហែលជា​មិន​ដឹង​ថា​ពួក​គាត់​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ខ្លាំង​យ៉ាង​ណា? (​ខ​) តើ​អ្នក​ណា​អាច​ធ្វើ​តាម​ឱវាទ​ដែល​ថា​៖ ​«​ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន​»​?

១៨ គ្រិស្ត​សាសនិក​វ័យ​ចាស់​ប្រហែលជា​មិន​ដឹង​ថា​ពួក​គាត់​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ដល់​កម្រិត​ណា​ទេ។ ជា​ឧទាហរណ៍ ទោះ​ជា​អាណា​បាន​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​អស់​ជា​ច្រើន​ឆ្នាំ​នៅ​វិហារ​ក៏​ដោយ គាត់​ទំនង​ជា​មិន​បាន​ដឹង​ថា​ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក បទ​ពិសោធន៍​របស់​គាត់​នៅ​តែ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​នោះ​ទេ។ សេចក្ដី​ស្រឡាញ់​ដែល​អាណា​មាន​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ត្រូវ​កត់​ទុក​ក្នុង​បទ​គម្ពីរ។ បង​ប្អូន​គ្រិស្ត​សាសនិក​ក៏​ប្រាកដជា​បាន​ចាំ​ជាប់​ក្នុង​ចិត្ត​អំពី​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ព្រះ​ដែរ។ ហេតុ​នេះ​បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្ដិសព្ទ​»​!—សុភ. ១៦:៣១

១៩ អ្វី​ៗ​ដែល​យើង​ម្នាក់​ៗ​អាច​ធ្វើ​បាន​ក្នុង​កិច្ច​បម្រើ​របស់​ព្រះ​យេហូវ៉ា​គឺ​មាន​កម្រិត។ ប៉ុន្តែ​សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ដែល​នៅ​តែ​មាន​កម្លាំង ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ​ដែល​ចែង​ថា​៖ ​«​ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន . . . មុន​ដែល​អស់​ទាំង​ថ្ងៃ​អាក្រក់​មក​ដល់​»។—សាស្ដ. ១២:១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក