«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់» ប៉ុន្តែតើនៅពេលណា?
«កាលដែលអ្នកឃើញការទាំងអស់នេះ ចូរដឹងថាកូនមនុស្សនៅជិតមាត់ទ្វារហើយ»។—ម៉ាថ. ២៤:៣៣
១, ២. (ក) តើអ្វីអាចបណ្ដាលឲ្យមានការងងឹតភ្នែកម្យ៉ាង? (ខ) តើយើងដឹងយ៉ាងណាស្តីអំពីរាជាណាចក្រព្រះ?
ដូចអ្នកប្រហែលជាបានកត់សម្គាល់ ពួកអ្នកដែលបានឃើញព្រឹត្ដិការណ៍ណាមួយច្រើនតែចាំចំណុចផ្សេងពីគ្នា។ ស្រដៀងគ្នាដែរ បុគ្គលម្នាក់ប្រហែលជាពិបាកចាំច្បាស់នូវអ្វីដែលគ្រូពេទ្យនិយាយក្រោយពីគាត់បានធ្វើរោគវិនិច្ឆ័យ។ ឬបុគ្គលម្នាក់ប្រហែលជាពិបាករកកូនសោឬវ៉ែនតា ទោះជាវានៅជិតបង្កើយក៏ដោយ។ ហេតុអ្វីរឿងទាំងនេះកើតឡើង? អ្នកស្រាវជ្រាវនិយាយថា ការងងឹតភ្នែកមួយប្រភេទ កើតឡើងកាលណាយើងព្យាយាមធ្វើនេះផងធ្វើនោះផងនៅពេលតែមួយ។ តាមមើលទៅ នៅពេលតែមួយ ខួរក្បាលរបស់យើងអាចផ្ដោតទាំងស្រុងទៅលើអ្វីតែមួយប៉ុណ្ណោះ។
២ ស្រដៀងគ្នាដែរ មនុស្សជាច្រើនសព្វថ្ងៃនេះងងឹតភ្នែកស្តីអំពីព្រឹត្ដិការណ៍ក្នុងពិភពលោក។ ពួកគេប្រហែលជាទទួលស្គាល់ថា ពិភពលោកនេះបានផ្លាស់ប្ដូរយ៉ាងខ្លាំងតាំងពីឆ្នាំ១៩១៤មក ប៉ុន្តែពួកគេមិនដឹងអត្ថន័យពិតប្រាកដនៃព្រឹត្ដិការណ៍ទាំងនេះទេ។ ក្នុងនាមជានិស្សិតគម្ពីរ យើងដឹងថា ក្នុងន័យម្យ៉ាងរាជាណាចក្រព្រះបានមកដល់នៅឆ្នាំ១៩១៤ ពេលដែលលោកយេស៊ូបានត្រូវតែងតាំងជាស្តេចនៅស្ថានសួគ៌។ ប៉ុន្តែសេចក្ដីអធិដ្ឋានដែលថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»មិនទាន់បានត្រូវឆ្លើយតបទាំងស្រុងនៅឡើយទេ។ (ម៉ាថ. ៦:១០) ច្បាស់ណាស់ នោះរួមបញ្ចូលទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ។ លុះត្រាតែនោះកើតឡើង ទើបបំណងប្រាថ្នារបស់ព្រះអាចសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
៣. តើយើងទទួលប្រយោជន៍អ្វីពីការសិក្សាបណ្ដាំរបស់ព្រះ?
៣ ដោយសារយើងសិក្សាបណ្ដាំរបស់ព្រះជាទៀងទាត់ យើងអាចឃើញទំនាយនោះកំពុងសម្រេចនៅពេលឥឡូវនេះតែម្ដង។ នេះពិតជាផ្ទុយស្រឡះពីមនុស្សទូទៅមែន! ពួកគេជាប់រវល់នឹងជីវភាពរស់នៅនិងកិច្ចការផ្សេងៗដល់ម្ល៉េះបានជាពួកគេមិនយកចិត្តទុកដាក់នឹងទីសំអាងយ៉ាងច្បាស់ថាគ្រិស្តកំពុងគ្រប់គ្រងតាំងពីឆ្នាំ១៩១៤ ហើយបន្ដិចទៀតនឹងអនុវត្តការវិនិច្ឆ័យរបស់ព្រះ។ សូមសួរខ្លួនអ្នកនូវសំណួរនេះថា ‹តើខ្ញុំនៅតែជឿថាទីបញ្ចប់នៃពិភពលោកនេះគឺជិតណាស់ហើយ ហើយព្រឹត្ដិការណ៍នៅលើផែនដីបញ្ជាក់ដូច្នេះមែនឬទេ?›។ ទោះជាអ្នកបានក្លាយទៅជាសាក្សីម្នាក់នៅពេលថ្មីៗនេះក៏ដោយ តើអ្នកផ្ដោតអារម្មណ៍ទៅលើអ្វី? ទោះជាអ្នកឆ្លើយយ៉ាងណាក៏ដោយ យើងនឹងពិភាក្សាអំពីមូលហេតុសំខាន់បីយ៉ាងដែលយើងដឹងថាបន្ដិចទៀត បំណងប្រាថ្នារបស់ព្រះចំពោះផែនដីនឹងបានសម្រេច។
អ្នកជិះសេះបានលេចមកហើយ
៤, ៥. (ក) តើលោកយេស៊ូកំពុងធ្វើអ្វីតាំងពីឆ្នាំ១៩១៤? (សូមមើលរូបភាពនៅដើមអត្ថបទ)។ (ខ) តើការធ្វើដំណើរនៃអ្នកជិះសេះបីនាក់ជាតំណាងអ្វី ហើយតើនេះមានលទ្ធផលយ៉ាងណា?
៤ នៅឆ្នាំ១៩១៤ លោកយេស៊ូគ្រិស្តបានទទួលមកុដនៅស្ថានសួគ៌ ពោលគឺលោកបានក្លាយទៅជាស្តេចនៃរាជាណាចក្រព្រះ។ ទំនាយដែលបានកត់ទុកនៅសៀវភៅការបើកបង្ហាញជំពូកទី៦រៀបរាប់ថាលោកយេស៊ូកំពុងជិះសេះសមួយ។ ភ្លាមៗនោះ លោកចេញទៅដើម្បីបង្ហើយជ័យជម្នះរបស់លោកលើរបៀបរបបដ៏អាក្រក់របស់សាថាន។ (សូមអាន ការបើកបង្ហាញ ៦:១, ២) ទំនាយនោះបានទាយថា ក្រោយពីរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រង ពិភពលោកនឹងកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស។ សង្គ្រាម ការខ្វះស្បៀងអាហារ ជំងឺនិងគ្រោះថ្នាក់ផ្សេងទៀតដែលបណ្ដាលឲ្យមនុស្សស្លាប់នឹងកើតឡើងច្រើនជាងពេលមុនៗ។ ព្រឹត្ដិការណ៍ទាំងនេះបានត្រូវតំណាងដោយការធ្វើដំណើរនៃអ្នកជិះសេះបីនាក់ដែលតាមលោកយេស៊ូគ្រិស្តយ៉ាងប្រកិត។—បប. ៦:៣-៨
៥ ដូចទំនាយនោះបានទាយ សង្គ្រាមបាន«ដកយកសន្ដិភាពចេញពីផែនដី»។ នេះបានកើតឡើង ទោះជាប្រជាជាតិជាច្រើនបានសន្យាថាសហការគ្នាដើម្បីរក្សាសន្ដិភាពក៏ដោយ។ យើងអាចចាត់ទុកសង្គ្រាមលោកលើកទី១ថាគ្រាន់តែជាការចាប់ផ្ដើមនៃសង្គ្រាមធំៗ ដែលសឲ្យឃើញតាមរយៈព្រឹត្ដិការណ៍ថ្មីៗក្នុងពិភពលោក។ ទោះជាតាំងពីឆ្នាំ១៩១៤មានការជឿនលឿនជាច្រើនខាងសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រក៏ដោយ ការខ្វះស្បៀងអាហារបានបន្តគំរាមកំហែងដល់សន្ដិសុខពិភពលោក។ គ្មាននរណាអាចបដិសេធបានទេថា ជំងឺផ្សេងៗ មហន្តរាយធម្មជាតិនិងព្រឹត្ដិការណ៍ខ្លោចផ្សាឯទៀតបណ្ដាលឲ្យមនុស្សរាប់លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ។ ព្រឹត្ដិការណ៍ទាំងនេះបង្កគ្រោះថ្នាក់កាន់តែខ្លាំង ហើយកើតឡើងញឹកញាប់ជាង ព្រមទាំងសម្លាប់ជីវិតមនុស្សច្រើនជាងគ្រាមុនៗក្នុងប្រវត្ដិសាស្ត្រមនុស្សជាតិ។ តើអ្នកដឹងថានោះមានអត្ថន័យយ៉ាងណាទេ?
៦. តើអ្នកណាបានកត់សម្គាល់នូវការសម្រេចទំនាយគម្ពីរ ហើយតើនេះបាននាំឲ្យពួកគាត់ធ្វើអ្វី?
៦ មនុស្សជាច្រើនបានត្រូវបំបែរអារម្មណ៍ដោយការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី១និងគ្រុនផ្ដាសាយអេស្ប៉ាញ។ ប៉ុន្តែដោយចិត្តរំភើប គ្រិស្តសាសនិកដែលបានត្រូវរើសតាំងបានទន្ទឹងរង់ចាំឆ្នាំ១៩១៤ ដែលជាទីបញ្ចប់នៃគ្រារបស់ជនជាតិដទៃ ឬ«គ្រាកំណត់នៃប្រជាជាតិនានា»។ (លូក. ២១:២៤) ពួកគាត់មិនបានដឹងច្បាស់អំពីអ្វីដែលនឹងកើតឡើងទេ។ ប៉ុន្តែ ពួកគាត់ដឹងថាឆ្នាំ១៩១៤នឹងជាឆ្នាំដែលមានការប្រែប្រួលដ៏សំខាន់ស្តីអំពីការគ្រប់គ្រងរបស់ព្រះ។ ពេលដែលពួកគាត់បានឃើញការសម្រេចនៃទំនាយគម្ពីរ ពួកគាត់បានប្រកាសប្រាប់អ្នកឯទៀតយ៉ាងក្លាហានថាការគ្រប់គ្រងរបស់ព្រះបានចាប់ផ្ដើមហើយ។ ការខំប្រឹងប្រែងរបស់ពួកគាត់ដើម្បីប្រកាសអំពីរាជាណាចក្រព្រះបាននាំឲ្យមានការបៀតបៀនយ៉ាងខ្លាំង។ ការបៀតបៀននេះក៏សម្រេចទំនាយគម្ពីរដែរ។ ច្រើនទសវត្សរ៍ក្រោយមក សត្រូវនៃរាជាណាចក្រព្រះបាន«បង្កើតការប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់»។ ពួកគេក៏បានប្រើអំពើហិង្សា ការចាប់ដាក់គុក ហើយថែមទាំងប្រហារជីវិតដោយព្យួរក បាញ់សម្លាប់ឬកាត់ក្បាលបងប្អូនរបស់យើងទៀតផង។—ទំនុក. ៩៤:២០; បប. ១២:១៥
៧. ហេតុអ្វីមនុស្សភាគច្រើនមិនយល់អត្ថន័យពិតប្រាកដនៃព្រឹត្ដិការណ៍ពិភពលោក?
៧ ដោយមានទីសំអាងច្រើនដល់ម្ល៉េះថារាជាណាចក្រព្រះបានតាំងឡើងរួចហើយនៅស្ថានសួគ៌ ហេតុអ្វីមនុស្សភាគច្រើនមិនទទួលស្គាល់អត្ថន័យនៃព្រឹត្ដិការណ៍នោះ? ហេតុអ្វីពួកគេមិនឃើញការជាប់ទាក់ទងគ្នារវាងស្ថានភាពពិភពលោកនិងទំនាយគម្ពីរដែលរាស្ត្ររបស់ព្រះបានផ្សព្វផ្សាយជាយូរមកហើយ? តើនេះប្រហែលជាដោយសារមនុស្សភាគច្រើនកំពុងផ្ដោតអារម្មណ៍ទៅលើអ្វីដែលពួកគេអាចឃើញដោយផ្ទាល់ភ្នែកប៉ុណ្ណោះឬ? (២កូ. ៥:៧) តើការជាប់រវល់នឹងកិច្ចការប្រចាំថ្ងៃធ្វើឲ្យពួកគេមើលមិនឃើញអ្វីដែលព្រះកំពុងធ្វើឬទេ? (ម៉ាថ. ២៤:៣៧-៣៩) តើពួកគេខ្លះបានត្រូវបំបែរអារម្មណ៍ដោយសារការឃោសនារបស់សាថានឬ? (២កូ. ៤:៤) យើងត្រូវមានជំនឿនិងសមត្ថភាពយល់ដឹងដើម្បីយល់អំពីអ្វីដែលកំពុងកើតឡើងនៅពិភពនៃពួកវិញ្ញាណ។ យើងសប្បាយរីករាយមែនដែលយើងអាចឃើញអ្វីដែលពិតជាកំពុងកើតឡើង!
អំពើទុច្ចរិតកាន់តែកើនឡើង
៨-១០. (ក) តើធីម៉ូថេទី២ ៣:១-៥ បានសម្រេចយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីយើងអាចនិយាយថាអំពើទុច្ចរិតគឺកាន់តែកើនឡើង?
៨ មូលហេតុទី២ដែលយើងដឹងថា បន្ដិចទៀតរាជាណាចក្រព្រះនឹងគ្រប់គ្រងលើផែនដី គឺពិភពលោកឥឡូវនេះអាក្រក់ជាងពេលមុន ហើយកាន់តែអាក្រក់ទៅៗ។ អស់ជិតមួយសតវត្សរ៍មកហើយ មនុស្សបានឃើញស្ថានភាពដែលបានទាយទុកនៅធីម៉ូថេទី២ ៣:១-៥។ ការប្រព្រឹត្តរបស់មនុស្សដែលបានរៀបរាប់ក្នុងខគម្ពីរទាំងនោះកំពុងរាលដាលដល់គ្រប់កន្លែងក្នុងពិភពលោក។ តើអ្នកអាចឃើញថាការសម្រេចនៃទំនាយនេះគឺកាន់តែច្រើនឡើងឬទេ? យើងនឹងពិចារណាឧទាហរណ៍ខ្លះដែលបញ្ជាក់អំពីរឿងនេះ។—សូមអាន ធីម៉ូថេទី២ ៣:១, ១៣
៩ សូមគិតអំពីភាពផ្ទុយគ្នារវាងអ្វីដែលមនុស្សទើសចិត្តនៅទសវត្សរ៍ឆ្នាំ១៩៤០ ឬឆ្នាំ១៩៥០ និងអ្វីដែលកំពុងកើតឡើងសព្វថ្ងៃនេះនៅកន្លែងធ្វើការ ក្នុងការកម្សាន្ត ក្នុងកីឡានិងម៉ូតសម្លៀកបំពាក់។ អំពើហិង្សានិងអំពើប្រាសចាកសីលធម៌ហួសប្រមាណគឺជារឿងដែលធម្មតា។ មនុស្សខំព្យាយាមធ្វើឲ្យអ្នកឯទៀតភ្ញាក់ផ្អើលដោយការប្រព្រឹត្តដ៏ឃោរឃៅ ប្រាសចាកសីលធម៌ ហើយអាក្រក់។ កម្មវិធីទូរទស្សន៍ដែលមនុស្សចាត់ទុកថាអាក្រក់នៅទសវត្សរ៍ឆ្នាំ១៩៥០ ឥឡូវពួកគេចាត់ទុកថាជាកម្មវិធីល្អសម្រាប់ក្រុមគ្រួសារ។ មនុស្សជាច្រើនទទួលស្គាល់ថាបុគ្គលដែលស្រឡាញ់ភេទដូចគ្នា ជះឥទ្ធិពលយ៉ាងខ្លាំងលើការកម្សាន្តនិងរបៀបស្លៀកពាក់ ហើយពួកគេលើកតម្កើងរបៀបរស់នៅរបស់ពួកគេជាសាធារណៈ។ យើងពិតជាដឹងគុណព្រះដែលយើងអាចស្គាល់ទស្សនៈរបស់លោក!—សូមអាន យូដាស ១៤, ១៥
១០ ម្យ៉ាងទៀត សូមប្រៀបធៀបការប្រព្រឹត្តរបស់មនុស្សវ័យក្មេងនៅអតីតកាលជាមួយនឹងអ្វីដែលមនុស្សវ័យក្មេងសព្វថ្ងៃនេះធ្វើ។ ជាឧទាហរណ៍ នៅទសវត្សរ៍ឆ្នាំ១៩៥០ ឪពុកម្ដាយព្រួយបារម្ភអំពីកូនរបស់ពួកគេជក់បារី ផឹកស្រា ឬរាំតាមបែបមិនសមរម្យ។ សព្វថ្ងៃនេះ ព័ត៌មានដែលគួរឲ្យទើសចិត្តបានទៅជារឿងធម្មតា គឺសិស្សម្នាក់អាយុ១៥ឆ្នាំបានបាញ់សិស្សរួមថ្នាក់ ហើយធ្វើឲ្យ២នាក់ស្លាប់ ១៣នាក់របួស។ ក្មេងជំទង់មួយក្រុមដែលស្រវឹងស្រាសម្លាប់ក្មេងស្រីអាយុ៩ឆ្នាំយ៉ាងសាហាវ ហើយវាយឪពុកនិងសាច់ញាតិម្នាក់របស់នាង។ នៅប្រទេសមួយនាទ្វីបអាស៊ី គេនិយាយថាក្នុងរយៈពេល១០ឆ្នាំមុន ពាក់កណ្ដាលនៃបទឧក្រិដ្ឋបានត្រូវប្រព្រឹត្តដោយមនុស្សវ័យក្មេង។ គ្មានអ្នកណាអាចបដិសេធបានទេថាការប្រព្រឹត្តរបស់មនុស្សគឺអាក្រក់ជាងមុន។
១១. ហេតុអ្វីមនុស្សជាច្រើននាក់មិនបានដឹងថាការប្រព្រឹត្តរបស់មនុស្សគឺអាក្រក់ជាងមុន?
១១ សាវ័កពេត្រុសបានបញ្ជាក់យ៉ាងត្រឹមត្រូវថា៖ «នៅគ្រាចុងក្រោយបង្អស់នឹងមានពួកអ្នកចំអក ដែលបណ្ដែតបណ្ដោយទៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន មកចំអក ហើយនិយាយថា៖ ‹លោកសន្យាថានឹងមក តែតើលោកនៅឯណា? ចាប់ពីថ្ងៃដែលពួកបុព្វបុរសរបស់យើងដេកលក់ក្នុងសេចក្ដីស្លាប់ អ្វីៗទាំងអស់នៅដដែល តាំងពីពេលចាប់ផ្ដើមបង្កើតពិភពលោកមក›»។ (២ពេ. ៣:៣, ៤) ហេតុអ្វីមនុស្សខ្លះមានប្រតិកម្មបែបនេះ? តាមមើលទៅ កាលណាយើងឃើញអ្វីមួយកាន់តែច្រើន យើងមិនសូវយកចិត្តទុកដាក់នឹងអ្វីនោះទេ។ ការធ្លាក់ចុះបន្ដិចម្ដងៗក្នុងរឿងសីលធម៌នៃសង្គមជាទូទៅប្រហែលជាមិនធ្វើឲ្យមនុស្សទើសចិត្តដូចជាការផ្លាស់ប្ដូរភ្លាមៗនៃការប្រព្រឹត្តរបស់អ្នកជិតស្និទ្ធទេ។ ទោះជាយ៉ាងនេះក្ដី ការថយចុះបន្ដិចម្ដងៗនៃសីលធម៌នេះគឺនាំឲ្យមានគ្រោះថ្នាក់។
១២, ១៣. (ក) ហេតុអ្វីយើងមិនត្រូវធ្លាក់ទឹកចិត្តដោយសារព្រឹត្ដិការណ៍ពិភពលោក? (ខ) តើការទទួលស្គាល់អ្វីនឹងជួយយើងឲ្យប្រឈមមុខនឹងស្ថានភាព«លំបាកណាស់»?
១២ សាវ័កប៉ូលបានព្រមានយើងថា នៅ«គ្រាចុងក្រោយបង្អស់» ស្ថានភាពគឺ«លំបាកណាស់»។ (២ធី. ៣:១) ប៉ុន្តែ យើងមិនចាំបាច់លាក់ខ្លួនពីពិភពលោកនេះឡើយ។ ដោយមានជំនួយពីព្រះយេហូវ៉ា សកម្មពលរបស់លោកនិងក្រុមជំនុំគ្រិស្តសាសនិក យើងអាចយកឈ្នះដោយជោគជ័យនូវការខកចិត្តឬការភ័យខ្លាចណាក៏ដោយដែលយើងជួបប្រទះ។ យើងអាចរក្សាភាពស្មោះត្រង់ចំពោះព្រះ។ «ឫទ្ធានុភាពដែលលើសពីធម្មតា» គឺមកពីព្រះ មិនមែនជាកម្លាំងរបស់ខ្លួនយើងទេ។—២កូ. ៤:៧-១០
១៣ ជាការល្អដែលយើងកត់សម្គាល់ថា ប៉ូលបានចាប់ផ្ដើមទំនាយស្តីអំពីគ្រាចុងក្រោយបង្អស់ដោយពាក្យថា«ចូរដឹងថា»។ ពាក្យទាំងនេះធានាថា ទំនាយនេះនឹងបានសម្រេច។ សង្គមដែលដាច់ឆ្ងាយពីព្រះនេះប្រាកដជានឹងកាន់តែអាក្រក់ទៅៗតទៅទៀត រហូតដល់ព្រះយេហូវ៉ាចាត់វិធានការបំផ្លាញវាចោល។ អ្នកប្រវត្ដិសាស្ត្របានសរសេរទុកថា យូរៗម្ដងសង្គមឬប្រជាជាតិខ្លះមានសីលធម៌ធ្លាក់ចុះយ៉ាងខ្លាំង ហើយក្រោយមករលំរលាយ។ ប៉ុន្តែគ្មានពេលណាក្នុងប្រវត្ដិសាស្ត្រដែលសីលធម៌របស់មនុស្សភាគច្រើនទូទាំងពិភពលោកបានធ្លាក់ចុះដល់កម្រិតរបស់មនុស្សសព្វថ្ងៃនេះឡើយ។ មនុស្សជាច្រើននាក់ប្រហែលជាមិនអើពើនឹងរឿងនេះទេ ប៉ុន្តែព្រឹត្ដិការណ៍ដែលបានកើតឡើងតាំងពីឆ្នាំ១៩១៤គួរបញ្ជាក់យ៉ាងច្បាស់ថា យើងអាចទុកចិត្តថារាជាណាចក្រព្រះនឹងចាត់វិធានការនៅពេលបន្ដិចទៀតនេះ។
ជំនាន់នេះនឹងមិនកន្លងបាត់ទៅឡើយ
១៤-១៦. តើអ្វីជាមូលហេតុទី៣ដែលយើងជឿថារាជាណាចក្រព្រះនឹង«មកដល់»នៅពេលឆាប់ៗខាងមុខនេះ?
១៤ ប្រវត្ដិរបស់រាស្ត្រព្រះផ្ដល់មូលហេតុទី៣ឲ្យយើងមានទំនុកចិត្តថាទីបញ្ចប់គឺជិតដល់ហើយ។ ជាឧទាហរណ៍ មុនរាជាណាចក្រព្រះបានតាំងឡើងនៅស្ថានសួគ៌ អ្នករើសតាំងដ៏ស្មោះត្រង់មួយក្រុមកំពុងបម្រើព្រះយ៉ាងសកម្ម។ ពេលដែលសេចក្ដីសង្ឃឹមខ្លះរបស់ពួកគាត់ស្តីអំពីអ្វីដែលនឹងកើតឡើងនៅឆ្នាំ១៩១៤ មិនបានសម្រេច តើពួកគាត់បានធ្វើអ្វី? ពួកគាត់ភាគច្រើនបង្ហាញចិត្តស្មោះគ្រប់លក្ខណៈ ទោះជាពួកគាត់ជួបទុក្ខលំបាកនិងការបៀតបៀនក៏ដោយ ហើយបានបន្តបម្រើព្រះយេហូវ៉ា។ ក្នុងអំឡុងឆ្នាំក្រោយៗមក បងប្អូនភាគច្រើនក្នុងចំណោមពួកអ្នករើសតាំងទាំងនេះ បានរក្សាភាពស្មោះត្រង់រហូតដល់ស្លាប់។
១៥ ក្នុងទំនាយដ៏ល្អិតល្អន់របស់លោកយេស៊ូស្តីអំពីគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ លោកបានមានប្រសាសន៍ថា៖ «ជំនាន់នេះនឹងមិនកន្លងបាត់ទៅសោះឡើយ ទាល់តែការទាំងអស់នេះកើតឡើង»។ (សូមអាន ម៉ាថាយ ២៤:៣៣-៣៥) យើងយល់ថា ពេលលោកយេស៊ូនិយាយអំពី«ជំនាន់នេះ» លោកសំដៅលើគ្រិស្តសាសនិកដែលបានត្រូវរើសតាំងពីរក្រុម។ ក្រុមទី១បានរស់នៅឆ្នាំ១៩១៤ ហើយបានយល់ថាគ្រិស្តបានចាប់ផ្ដើមគ្រប់គ្រងជាស្តេចនៅឆ្នាំនោះ។ ពួកអ្នកដែលជាសមាជិកក្រុមនេះ មិនគ្រាន់តែរស់នៅឆ្នាំ១៩១៤ប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏បានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធជាកូនព្រះនៅឆ្នាំនោះ ឬមុនឆ្នាំនោះដែរ។—រ៉ូម ៨:១៤-១៧
១៦ ក្រុមទី២ដែលបានត្រូវរាប់បញ្ចូលទៅក្នុង«ជំនាន់នេះ»គឺជាពួកអ្នករើសតាំងដែលបានរស់នៅជំនាន់នៃក្រុមទី១។ ពួកអ្នកនៅក្នុងក្រុមទី២ មិនគ្រាន់តែបានរស់នៅក្នុងអំឡុងពេលដែលពួកអ្នករើសតាំងក្នុងក្រុមទី១រស់នៅប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់បានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធក្នុងអំឡុងពេលដែលពួកអ្នករើសតាំងក្នុងក្រុមទី១រស់នៅផែនដីនៅឡើយ។ ហេតុនេះ មិនមែនអ្នករើសតាំងគ្រប់រូបនៅសព្វថ្ងៃនេះបានត្រូវរាប់បញ្ចូលទៅក្នុង«ជំនាន់នេះ»ដែលលោកយេស៊ូបានមានប្រសាសន៍ឡើយ។ សព្វថ្ងៃនេះពួកអ្នកនៅក្នុងក្រុមទី២គឺកាន់តែចាស់ណាស់ហើយ។ ប៉ុន្តែពាក្យរបស់លោកយេស៊ូនៅម៉ាថាយ ២៤:៣៤ធ្វើឲ្យយើងមានទំនុកចិត្តថាយ៉ាងហោចណាស់អ្នកខ្លះនៅក្នុង«ជំនាន់នេះនឹងមិនកន្លងបាត់ទៅសោះឡើយ» មុនពួកគាត់ឃើញការចាប់ផ្ដើមនៃគ្រាទុក្ខវេទនាជាខ្លាំង។ នេះនឹងពង្រឹងទំនុកចិត្តរបស់យើងថានៅសល់ពេលតែបន្ដិចទេមុនស្តេចនៃរាជាណាចក្រព្រះចាត់វិធានការបំផ្លាញមនុស្សអាក្រក់ ហើយនាំមកនូវពិភពលោកថ្មីមួយដ៏សុចរិត។—២ពេ. ៣:១៣
មិនយូរទៀតគ្រិស្តនឹងបង្ហើយជ័យជម្នះ
១៧. តើទីសំអាងដែលយើងបានពិភាក្សាជួយយើងឲ្យយល់អ្វី?
១៧ តើអ្នកអាចឃើញរបៀបដែលទំនាយគម្ពីរដែលយើងបានសិក្សាកំពុងសម្រេចនៅពេលឥឡូវនេះឬទេ? ដូចលោកយេស៊ូបានព្រមាន យើងមិនដឹងថ្ងៃនិងម៉ោងជាក់លាក់នៃទីបញ្ចប់នោះទេ។ (ម៉ាថ. ២៤:៣៦; ២៥:១៣) ប៉ុន្តែដូចប៉ូលបាននិយាយ យើងអាចដឹងថា«គ្រានេះជាគ្រាណាហើយ»។ (សូមអាន រ៉ូម ១៣:១១) យើងកំពុងរស់នៅក្នុងគ្រានោះ ពោលគឺគ្រាចុងក្រោយបង្អស់។ បើយើងយកចិត្តទុកដាក់ទាំងស្រុងទៅលើទំនាយគម្ពីរនិងទៅលើអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តកំពុងធ្វើ នោះយើងនឹងឃើញទីសំអាងយ៉ាងច្បាស់ថាយើងពិតជាកំពុងរស់នៅជិតទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។
១៨. តើអ្វីនឹងកើតឡើងដល់ពួកអ្នកដែលមិនព្រមទទួលស្គាល់លោកយេស៊ូគ្រិស្តជាស្តេចរបស់ពួកគេ?
១៨ មិនយូរទៀត ពួកអ្នកដែលមិនព្រមទទួលស្គាល់អំណាចដ៏ខ្លាំងក្លារបស់លោកយេស៊ូគ្រិស្ត ដែលជាអ្នកជិះសេះស នឹងត្រូវទទួលស្គាល់កំហុសរបស់ពួកគេ។ ពួកគេនឹងមិនអាចគេចរួចពីការវិនិច្ឆ័យដែលពួកគេនឹងទទួលឡើយ។ នៅពេលនោះ មនុស្សជាច្រើននឹងស្រែកដោយភ័យខ្លាចថា៖ «តើអ្នកណាអាចឈរបាន?»។ (បប. ៦:១៥-១៧) ប៉ុន្តែ ជំពូកបន្ទាប់នៃសៀវភៅការបើកបង្ហាញផ្ដល់ចម្លើយមួយ។ ពួកអ្នករើសតាំងនិងពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី ពិតជានឹង«ឈរ»នៅថ្ងៃនោះដោយទទួលការពេញចិត្តពីព្រះ។ បន្ទាប់មក «មនុស្សមួយក្រុមធំ»នៃចៀមឯទៀតនឹងរួចជីវិតនៅគ្រាទុក្ខវេទនាជាខ្លាំង។—បប. ៧:៩, ១៣-១៥
១៩. ក្នុងនាមជាអ្នកដែលមានទំនុកចិត្តថាទីបញ្ចប់គឺជិតដល់ហើយ តើអ្នកទន្ទឹងរង់ចាំអ្វី?
១៩ បើយើងបន្តយកចិត្តទុកដាក់ចំពោះទំនាយគម្ពីរដែលកំពុងសម្រេចនៅសព្វថ្ងៃនេះ យើងនឹងមិនត្រូវពិភពលោករបស់សាថានបំបែរអារម្មណ៍ឡើយ។ យើងនឹងយល់អត្ថន័យពិតប្រាកដនៃព្រឹត្ដិការណ៍ក្នុងពិភពលោក។ មិនយូរទៀត គ្រិស្តនឹងបង្ហើយជ័យជម្នះរបស់លោកទៅលើសង្គមមនុស្សដែលដាច់ឆ្ងាយពីព្រះ ដោយធ្វើសង្គ្រាមផ្ដាច់ព្រ័ត្រដោយសុចរិតយុត្ដិធម៌។ (បប. ១៩:១១, ១៩-២១) សូមស្រមៃគិតថាយើងនឹងសប្បាយយ៉ាងណាក្រោយព្រឹត្ដិការណ៍ទាំងនេះ!—បប. ២០:១-៣, ៦; ២១:៣, ៤