យើងអាចធ្វើតាមតម្រូវការរបស់ព្រះយេហូវ៉ា
១ ការធ្វើតាមច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ា គឺជាការដឹកនាំគន្លងជីវិតដ៏ប្រសើរបំផុតសព្វថ្ងៃនេះ ហើយក៏ជួយយើងឲ្យស្ថាបនាគោលឬមូលដ្ឋានយ៉ាងល្អឲ្យបានអនាគតដ៏យូរអង្វែង។ (ទំនុក. ១៩:៧-១១; ១ធី. ៦:១៩) យ៉ាងណាក៏ដោយ លោកីយ៍របស់សាតាំងធ្វើឲ្យយើងមានចិត្តតានតឹងខ្លាំងណាស់។ ភាពឥតគ្រប់ល័ក្ខណ៍របស់យើងក៏ធ្វើឲ្យមានការពិបាកថែមទៀត។ ជួនកាលការខំព្យាយាមបំពេញភារកិច្ចរបស់យើងឲ្យស្របទៅតាមបទគម្ពីរនោះ គឺហាក់ដូចជាមានអ្វីមកគ្របដណ្ដប់លើផ្លូវចិត្តយើងយ៉ាងធ្ងន់ធ្ងរ។ (ទំនុក. ៤០:១២; ៥៥:១-៨) យើងក៏ប្រហែលជាឆ្ងល់ថា តើយើងអាចបំពេញតាមតម្រូវការទាំងអស់របស់ព្រះយេហូវ៉ាបានឬទេ? ក្នុងគ្រាបែបនោះ តើអ្វីអាចជួយយើងឲ្យរក្សាតុល្យភាពខាងវិញ្ញាណ?
២ បញ្ញត្ដិរបស់ព្រះយេហូវ៉ាគឺមិនមែនជាបន្ទុកទេ: ព្រះយេហូវ៉ាមិនដែលតម្រូវអ្វីពីយើងដែលយើងធ្វើពុំកើតនោះឡើយ។ បញ្ញត្ដិរបស់ទ្រង់គឺមិនមែនជាបន្ទុកទេ តែផ្ដល់ប្រយោជន៍ដល់យើងវិញ។ (ចោទិ. ១០:១២, ១៣; ១យ៉ូន. ៥:៣) ព្រះយេហូវ៉ាជ្រាបអំពីភាពឥតគ្រប់ល័ក្ខណ៍របស់យើង ទាំង«នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។ (ទំនុក. ១០៣:១៣, ១៤) បើយើងខំបំរើព្រះយេហូវ៉ាអស់ពីសមត្ថភាព នោះទ្រង់សព្វព្រះហឫទ័យដោយក្ដីមេត្ដា ទោះជាកាលៈទេសៈដាក់ល័ក្ខខ័ណ្ឌលើការខិតខំរបស់យើងក៏ដោយ។ (លេវី. ៥:៧, ១១; ម៉ាក. ១៤:៨) ព្រះយេហូវ៉ាអញ្ជើញយើងឲ្យផ្ទេរបន្ទុករបស់យើងទៅលើទ្រង់ ហើយទ្រង់ក៏ធានាជួយឲ្យយើងមានសមត្ថភាពរក្សាភាពស្មោះភក្ដី។—ទំនុក. ៥៥:២២; ១កូ. ១០:១៣
៣ យើងត្រូវមានចិត្តស៊ូទ្រាំ: កំណត់ហេតុក្នុងព្រះគម្ពីរអំពីពួកអ្នកដែលបានរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ ដូចជាអេលីយ៉ា យេរេមា និងប៉ុល បង្ហាញថាយើងត្រូវការនូវសេចក្ដីអត់ធ្មត់ឬត្រូវមានចិត្តស៊ូទ្រាំ។ (ហប. [ហេ.] ១០:៣៦, ខ.ស.) ព្រះយេហូវ៉ាបានពង្រឹងកម្លាំងពួកគាត់ក្នុងគ្រាពិបាកនិងពេលធ្លាក់ទឹកចិត្ត។ (១ពង្ស. ១៩:១៤-១៨; យេ. ២០:៧-១១; ២កូ. ១:៨-១១) ហើយភាពស្មោះត្រង់របស់បងប្អូនយើងនៅសម័យនេះក៏ជំរុញចិត្តយើងដែរ។ (១ពេ. ៥:៩) បើយើងរំពឹងគិតអំពីគំរូរបស់ពួកគាត់ នេះអាចជួយយើងកុំឲ្យរសាយចិត្តចេញ។
៤ ការសង្ឃឹមលើសេចក្ដីសន្យារបស់ព្រះគឺ«ទុកដូចជាយុថ្កានៃព្រលឹង»។ (ហេ. ៦:១៩) សេចក្ដីសង្ឃឹមបានជំរុញអ័ប្រាហាំនិងសារ៉ាឲ្យយល់ព្រមធ្វើតាមតម្រូវការរបស់ព្រះយេហូវ៉ា ឲ្យចាកចេញពីផ្ទះសម្បែងខ្លួន និង‹រស់នៅជាអាណិកជនក្នុងស្រុកដែលព្រះបានសន្យាឲ្យ›។ សេចក្ដីសង្ឃឹមនេះបានពង្រឹងកម្លាំងចិត្តម៉ូសេឲ្យកាន់ជំហរមាំមួនស្តីអំពីការថ្វាយបង្គំពិត។ សេចក្ដីសង្ឃឹមនេះក៏បានពង្រឹងព្រះកាយពលរបស់ព្រះយេស៊ូឲ្យស៊ូទ្រាំនឹងបង្គោលឈើទារុណកម្ម។ (ហប. [ហេ.] ១១:៨-១០, ១៣, ២៤-២៦, ខ.ស.; ១២:២, ៣) បើយើងផ្ដិតជាប់ក្នុងចិត្តយើងជានិច្ចនូវសេចក្ដីសន្យារបស់ព្រះស្តីអំពីពិភពលោកថ្មីដ៏សុចរិតនោះ នេះក៏អាចជួយយើងឲ្យមានចិត្តជឿយ៉ាងរឹងមាំផងដែរ។—២ពេ. ៣:១១-១៣
៥ ការនឹកចាំពីការប្រព្រឹត្តដ៏ស្មោះត្រង់ ពលិកម្មផ្ទាល់ខ្លួន និងសេចក្ដីក្លាហាន ដែលយើងធ្លាប់បង្ហាញពីមុននោះ នេះក៏អាចពង្រឹងកម្លាំងចិត្តយើងបានដែរ ក្នុងកិច្ចបំរើថ្វាយព្រះ។ (ហេ. ១០:៣២-៣៤) ការនឹកចាំបែបនេះនឹងជួយរំឭកពីអំណរដែលយើងមានពេលធ្វើតាមអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើង ពោលគឺ ការស្ដាប់បង្គាប់ទ្រង់អស់ពីព្រលឹង។—ម៉ាថ. ២២:៣៧
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ជួនកាល តើយើងត្រូវតស៊ូនឹងអារម្មណ៍បែបណា? ហេតុអ្វី?
២. តើព្រះយេហូវ៉ាបង្ហាញយ៉ាងណាថាតម្រូវការរបស់ទ្រង់គឺមិនហួសហេតុពេកទេ?
៣. តើព្រះយេហូវ៉ាពង្រឹងកម្លាំងយើងឲ្យស៊ូទ្រាំបាន តាមរបៀបណា?
៤. ហេតុអ្វីក៏សំខាន់ឲ្យយើងនឹកចាំជានិច្ចនូវសេចក្ដីសន្យារបស់ព្រះ?
៥. ការនឹកចាំនូវការប្រព្រឹត្តដ៏ស្មោះត្រង់របស់យើងពីមុនៗនោះ តើនេះអាចលើកទឹកចិត្តយើងបានយ៉ាងដូចម្ដេច?