ចូរអរព្រះគុណចំពោះសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ា
ពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា
១ អ្នកតែងបទទំនុកដំកើងបានប្រកាសថា៖ «ឱ! សូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរស[«ដ៏ស្មោះ», ព.ថ.]របស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ»។ (ទំនុក. ១០៧:៨) សេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះមិនត្រឹមតែមនោសញ្ចេតនាដែលទ្រង់មានចំពោះមនុស្សទេ។ ហេតុការណ៍នោះត្រូវបានពន្យល់ច្បាស់លាស់ក្នុងពាក្យសរសើរដែលបណ្ដាលមកពីព្រះវិញ្ញាណ ពោលគឺ៖ «ឱព្រះយេហូវ៉ាអើយ! សេចក្ដីសប្បុរស[«ដ៏ស្មោះ», ព.ថ.]នៃទ្រង់បានទប់ទល់ទូលបង្គំ»។ (ទំនុក. ៩៤:១៨) ព្រះយេហូវ៉ាបានសម្ដែងសេចក្ដីសប្បុរសដ៏ស្មោះយ៉ាងអស្ចារ្យក្នុងការប្រទានរាជបុត្រាតែមួយគត់ដែលព្រះបង្កើតដោយអង្គទ្រង់ផ្ទាល់ជាប្រយោជន៍ឲ្យយើង។—១យ៉ូន. ៤:៩, ១០
២ ដោយពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទជិតដល់ហើយ តើយើងអាចអរព្រះគុណ«ព្រះទ្រង់ . . . [ដែល]ប្រកបដោយមេត្ដាករុណា[ឬ«សេចក្ដីសប្បុរសដ៏ស្មោះ», ព.ថ.]»យ៉ាងដូចម្ដេច? (ទំនុក. ៥៩:១៧) យើងម្នាក់ៗគួរឆ្លៀតពេលរំពឹងគិតពីថ្ងៃចុងក្រោយរបស់ព្រះយេស៊ូនៅលើផែនដី។ (ទំនុក. ១៤៣:៥) យើងនឹងទទួលប្រយោជន៍ដែរ បើអានតាមកម្មវិធីអំនានព្រះគម្ពីរពិសេសសំរាប់ពិធីបុណ្យរំឭកតាមកម្មវិធីក្នុងសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឆ្នាំ២០០៥ ហើយបើអាចធ្វើបាន អានពត៌មានបន្ថែម ព្រមទាំងស្រាវជ្រាវជំពូកទី១១២-១១៦ក្នុងសៀវភៅបុរសឧត្តមថែមទាំងប្រកាសនវត្ថុដែលមានមូលដ្ឋានលើព្រះគម្ពីរ។ រំពឹងគិតពីកំណត់ហេតុដែលអ្នកអានហើយចូរជក់ចិត្តគំនិតនឹងរឿងនោះ។ (១ធី. ៤:១៥, ព.ថ.) ការសិក្សាជាមួយនឹងសេចក្ដីអធិស្ឋានមិនគ្រាន់តែមានឥទ្ធិពលទៅលើចិត្តយើងទេ តែសម្ដែងនូវសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាផងដែរ។—ម៉ាថ. ២២:៣៧
៣ ដាស់តឿនអ្នកឯទៀតអរព្រះគុណព្រះ: ឆ្នាំមុន១៦.៧៦០.៦០៧នាក់បានចូលរួមពិធីបុណ្យរំឭកទូទាំងពិភពលោក។ នៅភូមិមួយនៅប្រទេសលីបេរីយ៉ា បងប្រុសៗបានសរសេរសំបុត្រទៅមេឃុំដោយ ជំរាបគាត់ជាមុនពីគោលបំណងរបស់គេដើម្បីធ្វើពិធីបុណ្យរំឭកអាហារល្ងាចរបស់ព្រះអម្ចាស់ក្នុងឃុំគាត់។ មេឃុំបានយល់ព្រមឲ្យបងប្អូនជួបជុំនៅឯទីលានកីឡាទាត់បាល់ ហើយគាត់បានធ្វើសេចក្ដីប្រកាសមួយក្នុងឃុំដោយអញ្ជើញមនុស្សចូលរួមដែរ។ ទោះជាមានតែអ្នកផ្សាយតែប្រាំនាក់នៅក្នុងភូមិនោះ អ្នកចូលរួមពិធីបុណ្យរំឭកមានចំនួន៦៣៦នាក់!
៤ ដូចគ្នាដែរ យើងចង់ជួយមនុស្សឲ្យបានច្រើនដែលអាចធ្វើបាន ឲ្យចូលរួមជាមួយនឹងយើងសំរាប់ពិធីបុណ្យរំឭក។ សូមកត់ឈ្មោះមនុស្សដែលអ្នកចង់អញ្ជើញ។ យើងអាចប្រើលិខិតអញ្ជើញចូលរួមពិធីបុណ្យរំឭកដែលបានបោះពុម្ពជាស្រេចក៏បានដែរ។ សរសេរឲ្យច្បាស់នូវម៉ោងនិងកន្លែងធ្វើពិធីបុណ្យរំឭកនៅលើលិខិតអញ្ជើញ ហើយជូនមួយសន្លឹកចំពោះមនុស្សដែលអ្នកអញ្ជើញមក។ ពេលជិតដល់ថ្ងៃទី២៤ ខែមីនា ចូររំឭកគេម្ដងទៀតហើយបង្ហើយការរៀបចំផ្សេងៗ។
៥ ចំពោះសិស្សព្រះគម្ពីរដែលមិនទាន់ចូលរួមកិច្ចប្រជុំ តើយើងអាចជួយគាត់ឲ្យចូលរួមហើយទទួលប្រយោជន៍យ៉ាងពេញលេញពីកម្មវិធីនេះយ៉ាងដូចម្ដេច? ចំណាយប៉ុន្មាននាទីរាល់ដងក្នុងកំឡុងពេលសិក្សាព្រះគម្ពីរឲ្យជួយគាត់យល់នូវសារៈសំខាន់នៃពិធីនេះ។ មានពត៌មានល្អៗក្នុងទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៣ ទំព័រ២៣-២៦។
៦ ចូរស្វាគមន៍ភ្ញៀវ: នៅឯពិធីបុណ្យរំឭកចូរទៅនិយាយជាមួយនឹងពួកភ្ញៀវហើយស្វាគមន៍គាត់។ (រ៉ូម ១២:១៣) ចូររៀបចំអង្គុយជាមួយនឹងមនុស្សដែលអ្នកបានអញ្ជើញមក ហើយពិនិត្យឲ្យច្បាស់ថាគាត់មានព្រះគម្ពីរនិងសៀវភៅចំរៀងហើយ។ ជាពិសេស យើងចង់ទៅជួបហើយស្វាគមន៍យ៉ាងកក់ក្ដៅបងប្អូនប្រុសស្រីអសកម្មដែលព្យាយាមចូលរួម។ ការយកចិត្តទុកដាក់នឹងគាត់ដោយបង្ហាញសេចក្ដីស្រឡាញ់ ប្រហែលនឹងជួយគាត់មានទំនាក់ទំនងនឹងក្រុមជំនុំយ៉ាងទៀងទាត់ម្ដងទៀត។ (លូ. ១៥:៣-៧) នៅពិធីដ៏ពិសិដ្ឋបំផុតនេះ សូមឲ្យយើងធ្វើអស់ពីសមត្ថភាពលើកទឹកចិត្តអ្នកឯទៀតចូលរួមជាមួយនឹងយើងឲ្យអរព្រះគុណព្រះយេហូវ៉ាចំពោះ«សេចក្ដីសប្បុរសដ៏អស្ចារ្យ»របស់ទ្រង់។—ទំនុក. ៣១:២១
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើព្រះយេហូវ៉ាបានសម្ដែងសេចក្ដីសប្បុរសដ៏ស្មោះចំពោះយើងយ៉ាងដូចម្ដេច?
២. តើយើងអាចសម្ដែងអំណរគុណរបស់យើងចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៣, ៤. (ក) តើតាមរបៀបណាដែលយើងអាចធ្វើតម្រាប់តាមចិត្តគំនិតនៃបងប្អូននៅប្រទេសលីបេរីយ៉ា? (ខ) តើអ្នកមានបំណងចង់អញ្ជើញអ្នកណាចូលរួមពិធីបុណ្យរំឭក?
៥. តើយើងអាចលើកទឹកចិត្តសិស្សព្រះគម្ពីរឲ្យចូលរួម យ៉ាងដូចម្ដេច?
៦. ហេតុអ្វីបានជាគឺសំខាន់ដែលយើងស្វាគមន៍ភ្ញៀវនៅពិធីបុណ្យរំឭក?