«ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយ! ចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះ!»
បុណ្យរំឭកនូវការសោយទិវង្គតរបស់ព្រះយេស៊ូនឹងត្រូវធ្វើនៅថ្ងៃទី៤ ខែមេសា
១ នៅពេលដែលប្រទេសអ៊ុយក្រែននៅក្រោមរបបកុម្មុយនីស្តអស់ជាច្រើនឆ្នាំមកហើយ នោះពួករាជការបានតាមដានមើលបងប្អូនយើងខ្លាំងណាស់ ជាពិសេសនៅពេលជិតដល់ថ្ងៃធ្វើបុណ្យអាហារល្ងាចរបស់ព្រះអម្ចាស់ ដ្បិតពួករាជការសង្ឃឹមថានឹងរកឃើញកន្លែងប្រជុំរបស់បងប្អូន។ នេះតែងតែជាបញ្ហាជានិច្ចដោយសារពួករាជការដឹងនូវថ្ងៃធ្វើពិធីបុណ្យរំឭក។ តើបងប្អូនអាចធ្វើយ៉ាងណាទៅ? ផ្ទះរបស់បងស្រីម្នាក់មានមួយជាន់នៅក្រោមដីដែលមានទឹកជ្រាបចូលឡើងពេញ។ ដោយសារពួករាជការនឹកស្មានថា មនុស្សនឹងមិនមកជួបជុំគ្នានៅទីនោះទេ នោះបងប្អូនបានយកក្ដារធ្វើកំរាលពីលើទឹក ដែលទឹកនោះមានជំរៅត្រឹមជង្គង់។ ទោះជាពួកគាត់ត្រូវអង្គុយឱនក្បាលដោយសារពិដានទាបក៏ដោយ នោះពួករាជការរកពួកគាត់ពុំឃើញទេ ហើយពួកគាត់ធ្វើបុណ្យរំឭកយ៉ាងសប្បាយរីករាយ។
២ ការប្ដេជ្ញាចិត្តនៃបងប្អូនជាតិអ៊ុយក្រែន ដើម្បីធ្វើតាមសេចក្ដីបង្គាប់ឲ្យរំឭកនូវការសោយទិវង្គតរបស់ព្រះយេស៊ូ គឺជាការសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះ។ (លូ. ២២:១៩; ១យ៉ូន. ៥:៣) នៅពេលណាដែលយើងកំពុងតែជួបឧបសគ្គក្នុងជីវិតរបស់យើង នោះសូមឲ្យយើងទទួលការលើកទឹកចិត្តពីគំរូដូចនេះ និងប្ដេជ្ញាចិត្តមានវត្តមាននៅពិធីបុណ្យអាហារល្ងាចរបស់ព្រះអម្ចាស់ នៅថ្ងៃទី៤ ខែមេសា។ ម្ល៉ោះហើយ យើងបង្ហាញថាយើងមានអារម្មណ៍ដូចអ្នកតែងបទទំនុកដំកើងដែលបានច្រៀងថា៖ «ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយ! ចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះ!»។—ទំនុក. ៣១:២៣
៣ ចូរជួយអ្នកដទៃឲ្យស្រឡាញ់ព្រះកាន់តែខ្លាំងឡើង: សេចក្ដីស្រឡាញ់ចំពោះព្រះជំរុញចិត្តយើងឲ្យអញ្ជើញអ្នកឯទៀតមកចូលរួមពិធីបុណ្យរំឭកជាមួយនឹងយើងដែរ។ សន្លឹកបន្ថែមនៃកិច្ចបំរើព្រះរាជាណាចក្រយើងពីខែកុម្ភៈ បានដាស់តឿនយើងម្នាក់ៗឲ្យកត់បញ្ជីឈ្មោះរបស់មនុស្សណាដែលយើងចង់អញ្ជើញឲ្យមកចូលរួមបុណ្យរំឭក។ តើអ្នកធ្វើតាមការដាស់តឿននេះដោយអញ្ជើញបុគ្គលម្នាក់ៗក្នុងបញ្ជីឈ្មោះរបស់អ្នកឬទេ? ចូរឆ្លៀតពេលពន្យល់ពួកគេនូវសារៈសំខាន់នៃការធ្វើបុណ្យរំឭក។ ការរំឭកអំពីថ្ងៃនិងម៉ោងនៃបុណ្យរំឭកគឺមានប្រយោជន៍ ហើយបើចាំបាច់ យើងអាចប្រាប់ពួកគេថាយើងមកយកពួកគេទៅកន្លែងប្រជុំ ហើយនេះអាចលើកទឹកចិត្តពួកគេឲ្យចូលរួមធ្វើបុណ្យរំឭកដែរ។
៤ នៅកន្លែងធ្វើបុណ្យរំឭក ចូរយកចិត្តទុកដាក់ទទួលរាក់ទាក់នូវអស់អ្នកដែលមក និងធ្វើឲ្យពួកគេមានអារម្មណ៍ស្រួល។ តើអ្នកអាចជួយឲ្យពួកគេមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាកាន់តែខ្លាំងឡើងយ៉ាងដូចម្ដេច? ដោយសុខចិត្តឆ្លៀតពេលឆ្លើយនូវសំនួររបស់ពួកគេ។ បើសមរម្យ ចូរស្នើសុំសិក្សាព្រះគម្ពីរជាមួយពួកគេ។ អញ្ជើញពួកគេឲ្យចូលរួមការប្រជុំក្នុងក្រុមជំនុំរៀងរាល់សប្ដាហ៍។ ពួកអ្នកចាស់ទុំជាពិសេសត្រូវយកចិត្តទុកដាក់នឹងពួកគ្រីស្ទានដែលឥតសកម្មដែលមកធ្វើបុណ្យរំឭក។ ពួកគាត់អាចរៀបចំទៅជួបអ្នកទាំងនេះ ហើយលើកទឹកចិត្តឲ្យចាប់ផ្ដើមមានសកម្មភាពឡើងវិញជាមួយនឹងក្រុមជំនុំ ប្រហែលដោយពន្យល់ថែមទៀតនូវចំណុចពីសុន្ទរកថាបុណ្យរំឭក។—រ៉ូម ៥:៦-៨
៥ របៀបធ្វើឲ្យមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះយេហូវ៉ា: ដោយពិចារណានូវតម្លៃលោះដែលជាអំណោយមួយ នោះអាចធ្វើឲ្យយើងមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់។ (២កូ. ៥:១៤, ១៥) ស្មរបន្ទាល់ម្នាក់ដែលបានចូលរួមបុណ្យរំឭកអស់ច្រើនឆ្នាំមកហើយបាននិយាយថា៖ «យើងរង់ចាំដល់បុណ្យរំឭកដោយចិត្តរំភើប។ បុណ្យរំឭកមានអត្ថន័យកាន់តែពិសេសចំពោះយើងរាល់ឆ្នាំ។ អស់២០ឆ្នាំកន្លងទៅហើយ ខ្ញុំនៅតែចាំពីពេលដែលខ្ញុំឈរនៅកន្លែងបញ្ចុះសពហើយមើលសពឪពុកដ៏ជាទីស្រឡាញ់របស់ខ្ញុំ។ នៅពេលនោះខ្ញុំចាប់ផ្ដើមមានជំរៅចិត្តកតញ្ញូធម៌ដ៏ពិតចំពោះតម្លៃលោះ។ គ្រាមុនមរណភាពរបស់ឪពុកខ្ញុំ នោះខ្ញុំចូលរួមបុណ្យរំឭកដោយសារតែចំណេះដឹងប៉ុណ្ណោះ។ ខ្ញុំដឹងអស់ទាំងបទគម្ពីរដែលទាក់ទងនឹងតម្លៃលោះនិងដឹងនូវរបៀបពន្យល់ចំណុចទាំងនោះដែរ! ប៉ុន្តែ ពេលខ្ញុំបានដឹងនូវអានុភាពនៃសេចក្ដីស្លាប់ ទើបខ្ញុំចាប់ផ្ដើមមានចិត្តអរសប្បាយចំពោះអ្វីដែលតម្លៃលោះដ៏ថ្លៃវិសេសនេះនឹងសម្រេចសំរាប់យើង»។—យ៉ូន. ៥:២៨, ២៩
៦ កាលដែលជិតដល់ថ្ងៃធ្វើបុណ្យរំឭកនៅឆ្នាំនេះ សូមឆ្លៀតពេលប្រុងប្រៀបចិត្តរបស់អ្នកសំរាប់ពិធីនេះ។ (២របា. ១៩:៣) ចូររំពឹងគិតលើអំនានព្រះគម្ពីរសំរាប់បុណ្យរំឭកនេះ ដែលត្រូវបានកត់ទុកក្នុងសៀវភៅ ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឆ្នាំ២០០៤។ បងប្អូនខ្លះរីករាយមើលសាឡើងវិញនូវជំពូក១១២ដល់១១៦ក្នុងសៀវភៅបុរសឧត្តមបំផុត ពេលដែលសិក្សាជាក្រុមគ្រួសារ។ បងប្អូនឯទៀតធ្វើការស្រាវជ្រាវដោយប្រើឧបករណ៍សិក្សាដែលផ្ដល់មកដោយអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ។ (ម៉ាថ. ២៤:៤៥-៤៧) យើងអាចរៀបរាប់អំពីតម្លៃលោះដែលជាអំណោយនោះក្នុងសេចក្ដីអធិស្ឋានរបស់យើង។ (ទំនុក. ៥០:១៤, ២៣) ប្រាកដហើយ ក្នុងកំឡុងពេលប៉ុន្មានសប្ដាហ៍មុននិងក្រោយពិធីបុណ្យរំឭកនោះ សូមឲ្យយើងរំពឹងគិតជាបន្តនូវសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះយើង និងសូមឲ្យយើងរកវិធីបង្ហាញនូវសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់វិញ។—ម៉ាក. ១២:៣០; ១យ៉ូន. ៤:១០