សាលាមួយដែលជួយយើងអនុវត្តតាមអ្វីដែលយើងរៀន
១ នៅពេលដែលយើងមើលនូវព័ត៌មានតាមកម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០៦ យើងខំទទួលប្រយោជន៍ពីការបង្រៀនដែលមានមូលដ្ឋានលើព្រះគម្ពីរ ហើយយកមកអនុវត្តក្នុងកិច្ចបំរើបរិសុទ្ធនិងជីវិតប្រចាំថ្ងៃ។ យើងសំរេចចិត្តប្រព្រឹត្តតាមអ្វីដែលយើងរៀន។—យ៉ូន. ១៣:១៧; ភី. ៤:៩
២ អត្ថាធិប្បាយ: កម្មវិធីសាលាសំរាប់ឆ្នាំនេះកំណត់ពេលបន្ថែមមួយនាទីទៀត ឲ្យពួកអ្នកស្ដាប់លើកឡើងគោលសំខាន់ៗពីអំនានព្រះគម្ពីរ។ នេះបានសេចក្ដីថា បងប្រុសដែលត្រូវថ្លែងគោលសំខាន់ៗគួរនឹកចាំថា គាត់មានពេលតែប្រាំនាទីប៉ុណ្ណោះ មិនមែនប្រាំមួយនាទីដូចពីមុនទេ។ បងប្អូនដែលអង្គុយស្ដាប់ហើយលើកឡើងគោលសំខាន់ៗគួរកំណត់ពេលដែរ។ បើយើងរៀបចំគិតជាមុន យើងក៏អាចលើកឡើងចំណុចសំខាន់ៗតែក្នុង៣០វិនាទីឬតិចជាង។ បងប្អូនប្រមាណដប់នាក់អាចលើកឡើងគោលសំខាន់ៗ ក្នុងកំឡុងពេលប្រាំនាទីដែលបានកំណត់ឲ្យបងប្អូនចូលរួម។
៣ សុន្ទរកថាដែលបង្រៀនយើង: គោលសំខាន់ៗពីអំនានព្រះគម្ពីរនិងសុន្ទរកថាបង្ហាត់បង្ហាញ ត្រូវលើកបញ្ជាក់ចំណុចល្អៗណាខ្លះដែលទាក់ទងនឹងកិច្ចបំរើផ្សាយនិងជីវិតប្រចាំថ្ងៃ។ អ្នកថ្លែងមិនត្រឹមតែជំរុញពួកអ្នកស្ដាប់ឲ្យមានចិត្តចង់ធ្វើអ្វីមួយប៉ុណ្ណោះទេ។ គាត់ត្រូវពន្យល់យ៉ាងចំថា យើងគួរប្រព្រឹត្តអ្វី យើងអាចប្រព្រឹត្តនោះតាមរបៀបណា ហើយគាត់គួរលើកឡើងផលប្រយោជន៍ដែលមកពីទង្វើនោះផងដែរ។ គាត់ក៏អាចនិយាយថា៖ «ខគម្ពីរណែនាំឲ្យយើងធ្វើយ៉ាងនេះ» ឬ«យើងអាចប្រើខគម្ពីរក្នុងកិច្ចផ្សព្វផ្សាយដោយធ្វើយ៉ាងនោះ»។ យកល្អអ្នកចាស់ទុំនិងពួកអ្នកងារជំនួយយកចិត្តទុកដាក់នឹងកាលៈទេសៈក្នុងជីវិតបងប្អូនក្នុងក្រុមជំនុំ ហើយជួយប្រាប់ចំៗអំពីរបៀបដែលបងប្អូនអាចអនុវត្តតាមព័ត៌មានដែលកំពុងថ្លែងជូន។
៤ ការលើកឡើងនូវគំរូពីព្រះគម្ពីរក៏ផ្ដល់ប្រយោជន៍ជាច្រើនដើម្បីជួយបងប្អូនអនុវត្តតាមព័ត៌មាន។ ក្រោយអ្នកថ្លែងបានរៀបរាប់នូវឧទាហរណ៍មួយក្នុងព្រះគម្ពីរ គាត់អាចនិយាយថា៖ «បងប្អូនប្រហែលជាធ្លាប់ជួបប្រទះកាលៈទេសៈស្រដៀងគ្នាដែរ»។ គាត់ត្រូវប្រាកដថា ការបកស្រាយឧទាហរណ៍នោះគឺត្រឹមត្រូវតាមបរិបទ ស្របតាមព្រះគម្ពីរទាំងមូល ហើយស្របតាមអ្វីដែលបានរៀបចំឡើងដោយ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។—ម៉ាថ. ២៤:៤៥
៥ ប្រាជ្ញាជាសមត្ថភាពប្រើចំណេះនិងយោបល់ដោយប្រសិទ្ធភាព។ «ប្រាជ្ញាសំខាន់លេខ១»។ (សុ. ៤:៧) ពេលដែលសាលាកិច្ចបំរើព្រះធិបតេយ្យផ្ដល់នូវប្រាជ្ញាដែលជួយយើងអនុវត្តតាមអ្វីដែលយើងរៀន សូមឲ្យយើងបណ្ដុះឲ្យមានបំនិនក្នុងការបង្រៀនមនុស្សឯទៀតដែរ។