ប្រយោជន៍ដែលយើងទទួលពីសាលាកិច្ចបំរើព្រះធិបតេយ្យ
១ រាស្ត្រព្រះយេហូវ៉ាមានឯកសិទ្ធិពិសេសមួយ គឺឯកសិទ្ធិទទួលការអប់រំពីព្រះយេហូវ៉ាផ្ទាល់។ (អេសា. ៥៤:១៣; យ៉ូន. ៦:៤៥) ក៏ប៉ុន្តែ បើយើងព្យាយាមប៉ុនណា យើងនឹងទទួលប្រយោជន៍ប៉ុននោះ។ តើអ្នកអាចឃើញឥទ្ធិពលល្អដែលសាលាកិច្ចបំរើព្រះធិបតេយ្យមានលើភាពខាងវិញ្ញាណរបស់អ្នកទេ?
២ សំដីរបស់មនុស្សកតញ្ញូ: អ្នកត្រួតពិនិត្យសាលាជាច្រើននាក់បានកត់សម្គាល់ថា ការពិចារណាលក្ខណៈនៃការនិយាយឲ្យស៊ីជំរៅនោះបានបង្កើនប្រសិទ្ធភាពរបស់បងប្អូនក្នុងកិច្ចផ្សព្វផ្សាយ។ ម្យ៉ាងទៀត អ្នកត្រួតពិនិត្យសាលាម្នាក់បានឃើញថាមានបងប្អូនច្រើនជាងមុនដែលអានអំនានព្រះគម្ពីរតាមកម្មវិធីប្រចាំសប្ដាហ៍ ដោយសារមានផ្នែកឲ្យអ្នកស្ដាប់ចូលរួមលើកឡើងនូវចំណុចក្នុងផ្នែកគោលសំខាន់ៗពីព្រះគម្ពីរ។ ស្តីអំពីសុន្ទរកថាទី២ បងប្អូនប្រុសៗជាច្រើនបាននិយាយយ៉ាងល្អអំពីប្រយោជន៍ដែលមកពីការអានពត៌មានដោយមិនចាំបាច់រៀបចំពាក្យផ្ដើមនិងពាក្យបញ្ចប់ឡើយ។ ឥឡូវ អ្នកដែលទទួលសុន្ទរកថាទី២អាចប្រមូលអារម្មណ៍ច្រើនជាងទៅលើការបង្កើនសមត្ថភាពអាន។—១ធី. ៤:១៣
៣ យើងទាំងអស់គ្នាអាចទទួលប្រយោជន៍: ការឆ្លើយនៅឯកិច្ចប្រជុំអាចធ្វើឲ្យយើងសប្បាយមែន។ (សុ. ១៥:២៣) យើងអាចរៀបចំហើយចូលរួមដោយសេរីក្នុងលំហាត់សាឡើងវិញដោយសារយើងមានសំនួរទុកជាមុន។ ម្យ៉ាងទៀត ចាប់ផ្ដើមពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០០៤ មានគោលសំខាន់ៗពីសៀវភៅព្រះគម្ពីរដែលជាអំនានក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ។ អត្ថបទទាំងនេះបានជួយឲ្យបងប្អូនជាច្រើនអាចប្រាប់ពីចំណុចដែលលើកទឹកចិត្តពេលដែលមានផ្នែកគោលសំខាន់ៗពីអំនានព្រះគម្ពីរ។
៤ បងប្អូនទាំងអស់គ្នាដែលចុះឈ្មោះចូលរួមសាលាមានឯកសិទ្ធិពិសេសក្នុងការរៀបចំនិងថ្លែងសុន្ទរកថា។ យើងទាំងអស់គ្នាអាចទទួលប្រយោជន៍ពីអ្វីដែលអ្នកត្រួតពិនិត្យប្រាប់ពីវេទិកាផងដែរ។ សិស្សម្នាក់ៗក៏ទទួលប្រយោជន៍ពីឱវាទដែលអ្នកត្រួតពិនិត្យជូនពេលចប់ប្រជុំ។ បន្ថែមទៅទៀត នៅឆ្នាំ២០០៥ យើងនឹងមានឱកាសពិនិត្យមើលឲ្យបានដិតដល់នូវលក្ខណៈនៃការនិយាយដែលមានក្នុងសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀន។ បើយើងទាំងអស់គ្នាយកចិត្តទុកដាក់នឹងចំណុចទាំងនោះ សាលាកិច្ចបំរើនឹងមានប្រសិទ្ធភាពច្រើនបំផុត។
៥ កាលដែលរៀនចំណុចផ្សេងៗក្នុងកំឡុងពេលនៃសាលាឬក្រោយពីសាលាចប់ ចូរកត់ទុកចំណុចទាំងនោះ។ រំពឹងគិតទៅលើអ្វីដែលអ្នកបានរៀន ហើយពិចារណានូវវិធីដែលការអប់រំនេះពីព្រះកំពុងតែបង្កើនភាពខាងវិញ្ញាណរបស់អ្នក។