សាលាមួយដែលបង្ហាត់បង្រៀនយើងឲ្យមានសមត្ថភាពធ្វើអ្វីដ៏សំខាន់បំផុត
១ ធម្មតា មនុស្សទៅសាលារៀនដើម្បីទទួលការអប់រំដែលនឹងជួយពួកគេបំពេញគោលដៅរបស់ខ្លួន។ ប៉ុន្តែ តើមានគោលដៅណាមួយដែលសំខាន់ជាងការសរសើរព្រះដែលបានបង្កើតជីវិត និងការជួយអ្នកឯទៀតរៀនអំពីគោលបំណងនិងការប្រព្រឹត្តរបស់ទ្រង់ទេ? ពិតជាគ្មានគោលដៅណាសំខាន់ជាងនេះទេ។ សាលាកិច្ចបំរើព្រះធិបតេយ្យ មានគោលបំណងបង្ហាត់បង្រៀនយើងឲ្យចេះបង្រៀនអ្នកឯទៀតអំពីជំនឿរបស់យើង។ យ៉ាងនេះ រៀងរាល់សប្ដាហ៍ពេលដែលយើងទៅសាលាកិច្ចបំរើ យើងទទួលនូវបំបិន ដែលផ្ដល់សមត្ថភាពឲ្យយើងធ្វើកិច្ចការដ៏សំខាន់បំផុត។
២ «កម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០៣»បានត្រូវដាក់ជាមួយនឹងក្រដាសក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងសំរាប់ខែនេះ។ កម្មវិធីនេះរួមបញ្ចូលការណែនាំយ៉ាងល្អិតល្អន់ស្តីអំពីបែបបទរបស់សាលាកិច្ចបំរើ។ យកល្អ អ្នកយកកម្មវិធីមកសាលាកិច្ចបំរើព្រះធិបតេយ្យជាមួយអ្នកជារៀងរាល់សប្ដាហ៍។ សូមពិចារណាផ្នែកខ្លះៗនៃសាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០៣។
៣ សុន្ទរកថាទីមួយ: បងប្អូនប្រុសៗដែលទទួលភារកិច្ចថ្លែងសុន្ទរកថានេះ ត្រូវណែនាំឲ្យ«ពន្យល់សារៈប្រយោជន៍នៃពត៌មានដែលកំពុងតែត្រូវអធិប្បាយនោះ»។ នេះបានន័យថា បង ឬ ប្អូនប្រុសដែលជាអ្នកថ្លែងត្រូវបង្ហាញដល់ក្រុមជំនុំនូវរបៀបប្រើពត៌មាននោះ។
៤ កម្មវិធីអំនានព្រះគម្ពីរ: បើពីមុនអ្នកមិនធ្លាប់អានអំនានព្រះគម្ពីរប្រចាំសប្ដាហ៍ទាន់កម្មវិធីនោះទេ ចូរតាំងចិត្តអានឲ្យទាន់នៅឆ្នាំនេះ។ អស់អ្នកដែលអានទាន់កម្មវិធីនេះនឹងអានបទគម្ពីរភាសាក្រិចចប់នៅពេលដំណាច់ឆ្នាំ។
៥ គោលសំខាន់ៗពីបទគម្ពីរ: ផ្នែកនេះនឹងមានរៀងរាល់សប្ដាហ៍ សូម្បីតែក្នុងសប្ដាហ៍ដែលមានលំហាត់សាឡើងវិញដោយសំនួរនិងចម្លើយក្ដី។ ពេលអ្នកអានជំពូកនិមួយៗក្នុងអំនានព្រះគម្ពីរ សូមខំស្វែងរកចំណុចណាដែលអាចយកមកប្រើជាប្រយោជន៍ក្នុងការសិក្សាជាក្រុមគ្រួសារ ក្នុងកិច្ចផ្សព្វផ្សាយ និងក្នុងជីវិតប្រចាំថ្ងៃដែរ។ របៀបព្រះយេហូវ៉ាប្រព្រឹត្តទៅលើមនុស្សនិងសាសន៍ផ្សេងៗ តើសម្ដែងគុណសម្បត្ដិអ្វីខ្លះរបស់ទ្រង់? តើចំណុចអ្វីខ្លះបានពង្រឹងជំនឿរបស់អ្នក និងធ្វើឲ្យអ្នកមានកតញ្ញូធម៌កាន់តែខ្លាំងឡើងចំពោះព្រះយេហូវ៉ា? សូមលើកឡើងចំណុចណាពីអំនានព្រះគម្ពីរដោយសេរី។
៦ សុន្ទរកថាទីពីរ: រៀងរាល់សប្ដាហ៍ សុន្ទរកថាទីពីរជាការហាត់អានជាសាធារណៈ។ សិស្សត្រូវអានពត៌មានដែលត្រូវកំណត់នោះដោយគ្មានពាក្យផ្ដើមឬពាក្យបញ្ចប់ទេ។ យ៉ាងនេះ សិស្សអាចផ្ដោតអារម្មណ៍ទាំងមូលទៅលើការអានឲ្យបានល្អ។—១ធី. ៤:១៣
៧ សុន្ទរកថាទីបីនិងទីបួន: សុន្ទរកថាខ្លះមានប្រភពពត៌មានតែបន្ដិចពីកូនសៀវភៅប្រធានបទ។ សុន្ទរកថាឯទៀតមានប្រភពពត៌មានច្រើន។ តែសុន្ទរកថាខ្លះមានតែប្រធានប៉ុណ្ណោះ។ បងប្អូនមានឱកាសរៀបចំសុន្ទរកថាដោយស្រាវជ្រាវក្នុងប្រកាសនវត្ថុគ្រីស្ទានរបស់យើង ពេលទទួលសុន្ទរកថាដែលមានប្រភពពត៌មានតែបន្ដិចបន្តួចឬក៏មានតែប្រធានប៉ុណ្ណោះ។ នេះនឹងជួយបងប្អូនស្រីៗឲ្យស្រួលសម្របពាក្យសំដីទៅតាមអ្នកជំនួយ។
៨ លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ: សំនួរដែលត្រូវពិចារណានឹងមានដូចប្រក្រតីក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង។ បើសប្ដាហ៍ដែលត្រូវមានលំហាត់រៀនសាឡើងវិញគឺចំថ្ងៃសន្និបាតតាមមណ្ឌល ឬពេលអ្នកត្រួតពិនិត្យតាមមណ្ឌលធ្វើទស្សនៈកិច្ចក្នុងក្រុមជំនុំ នោះសុន្ទរកថាសំរាប់សប្ដាហ៍បន្ទាប់ត្រូវធ្វើមួយសប្ដាហ៍មុន ហើយលំហាត់រៀនសាឡើងវិញនឹងមានសប្ដាហ៍ក្រោយ។
៩ សាលាបន្ថែម: ក្នុងក្រុមជំនុំដែលមានសិស្សច្រើនជាង៥០នាក់ ពួកអ្នកចាស់ទុំប្រហែលជានឹងគិតរៀបចំសាលាមួយបន្ថែម។ ការរៀបចំនេះអាចមានសំរាប់សុន្ទរកថាទាំងអស់ដែលជូនចំពោះសិស្ស ឬក៏សុន្ទរកថាបីនិងបួនប៉ុណ្ណោះ។ ក្រុមជំនុំដែលមានបងប្អូនស្រីៗច្រើនជាងបងប្អូនប្រុសៗ អាចរៀបចំសាលាមួយបន្ថែមសំរាប់សុន្ទរកថាទីបីនិងទីបួន។ អ្នកចាស់ទុំគួរជ្រើសរើសបងប្អូនប្រុសៗដែលមានសមត្ថភាពដើម្បីដឹកនាំសាលានេះ។
១០ អ្នកត្រួតពិនិត្យសាលាជំនួយ: អ្នកត្រួតពិនិត្យសាលាជំនួយត្រូវមានបទពិសោធន៍ និងត្រូវជាអ្នកដែលអ្នកចាស់ទុំឯទៀតនឹងគោរពបើគាត់ជូនឱវាទឲ្យពួកគេ។ អ្នកត្រួតពិនិត្យសាលាជំនួយនឹងជួយអ្នកថ្លែងឲ្យរីកចំរើន ដោយសរសើរលក្ខណៈល្អនៃវិធីសាស្ត្របង្រៀន និងរបៀបនិយាយរបស់អ្នកថ្លែង ថែមទាំងដោយលើកឡើងចំណុចមួយពីរដែលអ្នកថ្លែងអាចហាត់ឲ្យបានប្រសើរថែមទៀត។ អ្នកត្រួតពិនិត្យសាលាជំនួយមិនចាំបាច់ជូនឱវាទរាល់ដងដែលបងប្រុសម្នាក់ថ្លែងសុន្ទរកថាទេ។ បងប្រុសដែលទទួលមុខងារជាអ្នកត្រួតពិនិត្យសាលាជំនួយក៏ត្រូវចេះពិចារណានិងត្រូវយល់ដែរថា សូម្បីតែបងប្អូនប្រុសៗដែលថ្លែងសុន្ទរកថាសាធារណៈអាចត្រូវជួយឲ្យរីកចំរើនថែមទៀត។—១ធី. ៤:១៥
១១ ព្រះយេស៊ូគ្រីស្ទបានជ្រាបថា កិច្ចផ្សព្វផ្សាយដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះ ជាឯកសិទ្ធិដ៏ធំបំផុតដែលមនុស្សអាចទទួលបាន។ កិច្ចផ្សព្វផ្សាយបានជាការងារចំបងរបស់ទ្រង់។ (ម៉ាក. ១:៣៨) ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរព្រះ ដល់អស់ទាំងស្រុកឯទៀតដែរ គឺហេតុនោះបានជាព្រះវរបិតាចាត់ឲ្យខ្ញុំមក»។ (លូ. ៤:៤៣) ក្នុងនាមជាអ្នកដែលបានទទួលសេចក្ដីអញ្ជើញឲ្យមកតាមទ្រង់ យើងក៏ត្រូវជាប់រវល់នឹងកិច្ចផ្សព្វផ្សាយដែរ ថែមទាំងត្រូវព្យាយាមជានិច្ចឲ្យបង្កើនគុណភាពនៃ‹ពាក្យសរសើរជាគ្រឿងបូជា›របស់យើង។ (ហេ. ១៣:១៥) ដើម្បីសម្រេចគោលដៅនេះ ចូរយើងតាំងចិត្តចូលរួមជាទៀងទាត់ក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ ជាសាលាមួយដែលបង្ហាត់បង្រៀនឲ្យយើងមានសមត្ថភាពធ្វើកិច្ចការដ៏សំខាន់បំផុត។