សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០៤
១ ព្រះយេហូវ៉ាផ្ដល់សមត្ថភាពដល់មនុស្សធម្មតា ឲ្យសម្រេចកិច្ចការមួយដែលសំខាន់បំផុតលើពិភពលោក។ វិធីមួយដែលទ្រង់ផ្ដល់សមត្ថភាពនេះ គឺតាមរយៈការបង្ហាត់បង្រៀននៅឯសាលាកិច្ចបំរើព្រះធិបតេយ្យរាល់សប្ដាហ៍។ តើអ្នកកំពុងតែចូលរួមឲ្យបានច្រើនបំផុតតាមកាលៈទេសៈរបស់អ្នកឬទេ? ចាប់ផ្ដើមខែមករា នឹងមានការកែប្រែបន្ដិចបន្តួចក្នុងកម្មវិធីសាលា ក្នុងបំណងជួយសិស្សទទួលផលប្រយោជន៍ច្រើនបំផុត។
២ លក្ខណៈនៃការនិយាយ: ចាប់ផ្ដើមខែមករា សាលាកិច្ចបំរើនឹងចាប់ផ្ដើមដោយមានសុន្ទរកថាអស់៥នាទីអំពីលក្ខណៈនៃការនិយាយមួយ ដែលដកស្រង់ពីចំណុចហាត់រៀនទី២១-៣៧ ក្នុងសៀវភៅណែនាំខាងសាលាកិច្ចបំរើព្រះធិបតេយ្យ។ អ្នកត្រួតពិនិត្យសាលានឹងថ្លែងសុន្ទរកថានេះ ឬក៏គាត់អាចប្រគល់ដល់អ្នកចាស់ទុំម្នាក់ទៀតដែលមានលក្ខណៈគ្រប់គ្រាន់ឲ្យថ្លែងវិញ។ អ្នកថ្លែងអាចបញ្ជាក់អត្ថន័យនិងសារៈសំខាន់នៃលក្ខណៈនៃការនិយាយនោះ។ រួចមក គាត់គួរបកស្រាយពត៌មាននោះឲ្យស៊ីជំរៅដោយបញ្ជាក់នូវឧទាហរណ៍ពីបទគម្ពីរ និងដោយបង្ហាញពីវិធីធ្វើតាមលក្ខណៈនៃការនិយាយនោះ ព្រមទាំងផ្ដោតអារម្មណ៍ជាពិសេសទៅលើមូលហេតុដែលការប្រើលក្ខណៈនៃការនិយាយនោះនឹងបង្កើនប្រសិទ្ធភាពនៃកិច្ចបំរើផ្សាយរបស់យើង។
៣ សៀវភៅណែនាំខាងសាលាមិនមានជាភាសាខ្មែរទេ។ ដូច្នេះ រាល់ដងដែលស្ដាប់សុន្ទរកថាអំពី«លក្ខណៈនៃការនិយាយ»នោះ យើងសូមជូនយោបល់បងប្អូនឲ្យកត់ទុកនូវចំណុចសំខាន់ៗ។ រួចមក អ្នកអាចពិចារណានូវចំណុចទាំងនោះពេលរៀបចំសុន្ទរកថារបស់ខ្លួន។ យ៉ាងនេះ ការរីកចំរើនរបស់អ្នកនឹងឃើញជាក់ស្តែង។
៤ ការប្ដូរវេនអ្នកជូនឱវាទរង: បងប្រុសៗដែលថ្លែងសុន្ទរកថាបង្ហាត់បង្ហាញនិងគោលសំខាន់ៗមានចិត្តអបអរដែលបានទទួលយោបល់ពីអ្នកជូនឱវាទរង។ ក្នុងក្រុមជំនុំណាដែលមានអ្នកចាស់ទុំគ្រប់គ្រាន់ នោះមួយឆ្នាំម្ដងពួកគាត់អាចប្ដូរវេនគ្នាជាអ្នកជូនឱវាទរង។ វិធីនេះជួយរំលែកការងារ ប៉ុន្តែសំខាន់បំផុត អ្នកចាស់ទុំនិងអ្នកងារជំនួយដែលមានលក្ខណគ្រប់គ្រាន់នឹងទទួលប្រយោជន៍ពីអ្នកថ្លែងដែលមានបទពិសោធន៍និងអ្នកបង្រៀនជាច្រើននាក់ដែលមានសមត្ថភាព។
៥ ទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យតាមមណ្ឌល: គឺមានការកែប្រែក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យក្នុងកំឡុងទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យតាមមណ្ឌល។ ចាប់ផ្ដើមខែមករា ឆ្នាំ២០០៤ ក្រោយពីចំរៀងនិងសេចក្ដីអធិស្ឋានដំបូង នោះសាលានឹងមានរយៈពេល២៥នាទី។ អស់៥នាទីនឹងមានសុន្ទរកថាអំពីលក្ខណៈនៃការនិយាយ អស់១០នាទីនឹងមានសុន្ទរកថាបង្ហាត់បង្ហាញ ហើយ១០នាទីទៀតរៀបរាប់អំពីគោលសំខាន់ៗពីអំនានព្រះគម្ពីរ។ គ្មានសុន្ទរកថាទី២ ទី៣ និងទី៤ទេ។ ក្រោយសាលាចប់ហើយ នោះនឹងមានប្រជុំអប់រំកិច្ចបំរើអស់៣០នាទី។ ក្រោយពីច្រៀងចំរៀង នឹងមានកម្មវិធីដែលដឹកនាំដោយអ្នកត្រួតពិនិត្យតាមមណ្ឌល៣០នាទី។ ក្រោយនោះ មានចំរៀងនិងសេចក្ដីអធិស្ឋានបញ្ចប់។
៦ កម្មវិធីសំរាប់លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ: បើក្រុមជំនុំរបស់អ្នកមានសន្និបាតតាមមណ្ឌលនៅសប្ដាហ៍ដែលត្រូវមានលំហាត់សាឡើងវិញនោះ លំហាត់សាឡើងវិញ (និងសុន្ទរកថាផ្សេងៗទៀតដែលមានក្នុងសប្ដាហ៍នោះ) គួរធ្វើនៅសប្ដាហ៍បន្ទាប់ពីសន្និបាតហើយ។ កម្មវិធីសំរាប់សប្ដាហ៍បន្ទាប់ពីសន្និបាតគួរធ្វើនៅសប្ដាហ៍ដែលមានសន្និបាតតាមមណ្ឌល។ ក៏ប៉ុន្តែ បើមានលំហាត់សាឡើងវិញគឺចំសប្ដាហ៍ដែលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យតាមមណ្ឌល មិនចាំបាច់ដូរកម្មវិធីទាំងអស់ដែលមានក្នុងសប្ដាហ៍នោះទេ។ ផ្ទុយទៅវិញ គួរមានចំរៀង សុន្ទរកថាអំពីលក្ខណៈនៃការនិយាយ និងគោលសំខាន់ៗពីអំនានព្រះគម្ពីរដូចអ្វីដែលបានកំណត់ក្នុងកម្មវិធី។ សុន្ទរកថាបង្ហាត់បង្ហាញនឹងត្រូវថ្លែងដោយប្រើពត៌មានពីកម្មវិធីសប្ដាហ៍បន្ទាប់ ហើយត្រូវថ្លែងបន្ទាប់ពីសុន្ទរកថាអំពីលក្ខណៈនៃការនិយាយ។ ក្រោយគោលសំខាន់ៗពីអំនានព្រះគម្ពីរនោះ មានប្រជុំអប់រំកិច្ចបំរើអស់៣០នាទី។ ប្រជុំអប់រំកិច្ចបំរើនោះអាចមានបីផ្នែកដែលមួយផ្នែកៗគឺមាន១០នាទី ឬអាចមានពីរផ្នែកដែលមួយផ្នែកៗគឺមាន១៥នាទី (មិនត្រូវមានសេចក្ដីជូនដំណឹងទេ)។ ក្រោយប្រជុំអប់រំកិច្ចបំរើ មានចំរៀង រួចមានកម្មវិធីដែលដឹកនាំដោយអ្នកត្រួតពិនិត្យតាមមណ្ឌល៣០នាទី។ សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់សប្ដាហ៍បន្ទាប់ នឹងមានសុន្ទរកថាអំពីលក្ខណៈនៃការនិយាយនិងគោលសំខាន់ៗពីអំនានព្រះគម្ពីរដូចអ្វីដែលបានកំណត់ក្នុងកម្មវិធី រួចមកនឹងមានលំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ។
៧ ជារៀងរាល់ដង ចូរឆ្លៀតយកប្រយោជន៍ពីឱកាសដែលអាចជួយអ្នកឲ្យរីកចំរើនខាងវិញ្ញាណ។ ពេលដែលអ្នកទទួលប្រយោជន៍ពីការអប់រំក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ នោះអ្នកនឹងមានតួនាទីក្នុងការសម្រេចទំនាយព្រះគម្ពីរ និងលើកទឹកចិត្តក្រុមជំនុំ ហើយក៏នាំសេចក្ដីសរសើរចំពោះអ្នកនិពន្ធនៃសារដ៏ល្អប្រពៃដែលយើងត្រូវប្រកាស។—អេសា. ៣២:៣, ៤; វិវរ. ៩:១៩