ចូរបង្កើតឱកាសដើម្បីផ្សព្វផ្សាយ
១ ក្រុមជំនុំគ្រីស្ទានរួមបញ្ចូលមនុស្សដែលមានកាលៈទេសៈផ្សេងៗពីគ្នា។ ក៏ប៉ុន្តែ យើងរួបរួមគ្នាតាំងចិត្តសរសើរព្រះយេហូវ៉ា។ (ទំនុក. ៧៩:១៣) បើបញ្ហាសុខភាពឬកាលៈទេសៈពិបាកឯទៀតដាក់កំហិតលើការរួមចំណែករបស់យើងក្នុងការប្រកាសដំណឹងល្អ តើយើងអាចបង្កើតឱកាសដើម្បីផ្សព្វផ្សាយបានយ៉ាងដូចម្ដេច?
២ ក្នុងសកម្មភាពប្រចាំថ្ងៃ: ជារៀងរាល់ថ្ងៃ ព្រះយេស៊ូឆ្លៀតឱកាសធ្វើបន្ទាល់ពេលដែលទ្រង់ទាក់ទងជាមួយអ្នកឯទៀត។ ទ្រង់បានមានបន្ទូលទៅកាន់ម៉ាថាយ នៅពេលដែលទ្រង់យាងកាត់កន្លែងយកពន្ធ។ ទ្រង់បានធ្វើបន្ទាល់ដល់សាខេ ពេលដែលទ្រង់ធ្វើដំណើរ និងដល់ស្ត្រីសាសន៍សាម៉ារី ពេលដែលទ្រង់សម្រាក។ (ម៉ាថ. ៩:៩; លូ. ១៩:១-៥; យ៉ូន. ៤:៦-១០) ក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើង យើងក៏អាចធ្វើបន្ទាល់ដល់អស់អ្នកណាដែលយើងនិយាយជាមួយដែរ។ បើយើងយកព្រះគម្ពីរព្រមទាំងខិត្តប័ណ្ណឬសៀវភៅស្តើងមកជាមួយ នេះនឹងជួយយើងឲ្យប្រុងប្រៀបជាស្រេចដើម្បីប្រាប់គេអំពីសេចក្ដីសង្ឃឹមរបស់យើង។—១ពេ. ៣:១៥
៣ កាលដែលយើងទៅណាមកណាមិនសូវបាន តើអាចដាក់កំហិតលើការរួមចំណែករបស់យើងក្នុងកិច្ចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយឬទេ? ចូរឆ្លៀតឱកាសដើម្បីធ្វើបន្ទាល់ដល់បុគ្គលិកពេទ្យដែលមកពិនិត្យជំងឺអ្នក និងដល់មនុស្សឯទៀតដែលអ្នកអាចទាក់ទងបាន។ (កិច្ច. ២៨:៣០) ជារឿយៗ បើកាលៈទេសៈផ្សេងៗមិនអនុញ្ញាតឲ្យអ្នកចេញពីផ្ទះបាន តើអ្នកខិតខំធ្វើបន្ទាល់តាមទូរស័ព្ទឬតាមសំបុត្រឬទេ? បងស្រីម្នាក់សរសេរសំបុត្រជាទៀងទាត់ទៅសមាជិកក្រុមគ្រួសាររបស់គាត់ដែលមិនមែនជាស្មរបន្ទាល់។ គាត់បញ្ចូលចំណុចដែលលើកទឹកចិត្តពីព្រះគម្ពីរនិងបទពិសោធន៍ដែលគាត់មានពេលដែលគាត់ផ្សព្វផ្សាយ។
៤ នៅកន្លែងធ្វើការឬនៅសាលារៀន: ដោយសារយើងមានបំណងសរសើរព្រះយេហូវ៉ា នេះក៏នឹងជំរុញចិត្តយើងឲ្យបង្កើតឱកាសដើម្បីធ្វើបន្ទាល់នៅកន្លែងធ្វើការឬនៅសាលារៀនផងដែរ។ អ្នកផ្សព្វផ្សាយម្នាក់អាយុប្រាំបីឆ្នាំបានប្រាប់សិស្សរួមថ្នាក់នូវអ្វីដែលគេសរសេរអំពីព្រះចន្ទនៅក្នុងទស្សនាវដ្ដីភ្ញាក់រឭក! បន្ទាប់ពីបានដឹងពីប្រភពនៃព័ត៌មាននោះ អ្នកគ្រូរបស់ប្អូនប្រុសព្រមទទួលទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ជាទៀងទាត់។ នៅកន្លែងធ្វើការ បើយើងដាក់សៀវភៅចំណេះនៅកន្លែងណាដែលគេអាចមើលឃើញ នោះអាចនាំឲ្យគេសួរសំណួរយើងនិងហុចឱកាសឲ្យយើងធ្វើបន្ទាល់។
៥ តើអ្នកអាចគិតអំពីរបៀបបង្កើតឱកាសដើម្បីផ្សព្វផ្សាយក្នុងកំលុងពេលបំពេញសកម្មភាពប្រចាំថ្ងៃឬទេ? សូមឲ្យយើងខិតខំ‹ថ្វាយពាក្យសរសើរ . . . ទុកជាគ្រឿងបូជាដល់ព្រះ›ជារៀងរាល់ថ្ងៃ ដោយទាញគុណប្រយោជន៍ឲ្យបានច្រើនបំផុតពីកាលៈទេសៈរបស់យើង។—ហេ. ១៣:១៥