ជំពូកទី៣
អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
ចូរទុកចិត្ត‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›
‹អ្នកណាជាអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ?›។ ព្រះយេស៊ូគ្រិស្តបានមានបន្ទូលនេះ ពេលទ្រង់រៀបរាប់រឿងប្រៀបប្រដូចមួយដែលជាទំនាយ។ រឿងប្រៀបប្រដូចនោះជាផ្នែកមួយនៃ«ទីសំគាល់» ដែលទ្រង់បានរៀបរាប់អំពី«បំផុតកល្ប[ឬ«អវសានកាលនៃពិភពលោក»]»។ (ម៉ាថ. ២៤:៣, ៤២-៤៧; ខ.ស.) ព្រះយេស៊ូបានបង្ហើបឲ្យដឹងថា «អ្នកបំរើ»នោះនឹងរវល់ណាស់នៅគ្រាចុងបញ្ចប់ ហើយនឹងទទួលភារកិច្ចត្រួតពិនិត្យអ្វីៗនៅលើផែនដី ដែលជាប់ទាក់ទងនឹងព្រះរាជាណាចក្ររបស់ព្រះ។ «អ្នកបំរើ»នោះមានភារកិច្ចដ៏សំខាន់ ជាការផ្គត់ផ្គង់អាហារខាងវិញ្ញាណដល់រាស្ត្រព្រះ«តាមត្រូវពេល»។ ស្តីអំពីរឿងនេះ ព្រះយេស៊ូមានបន្ទូលថា៖ «បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះមានពរហើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើង ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់»។
រឿងប្រៀបប្រដូចនេះចោទឡើងសំណួរសំខាន់ៗដែលយើងគួរយកមកពិចារណា។ តើ«អ្នកបំរើ»នោះជានរណា? តើ«ទ្រព្យ»នោះជាអ្វី? តើទំនាយនោះជាប់ទាក់ទងនឹងរូបយើងផ្ទាល់យ៉ាងដូចម្ដេច? សំណួរទាំងនេះមិនត្រឹមតែសម្រាប់ស្រាវជ្រាវរកចម្លើយប៉ុណ្ណោះទេ។ បើយើងយល់នូវចម្លើយត្រឹមត្រូវចំពោះសំណួរទាំងនោះ ហើយទុកចិត្តទៅលើ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ជានិច្ច នោះជួយឲ្យយើងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា។
ការសម្គាល់‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›
ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ «អ្នកបំរើ»នោះមានតួនាទីផ្គត់ផ្គង់អាហារខាងវិញ្ញាណដ៏ចាំបាច់។ នៅសតវត្សរ៍ទីមួយ តើព្រះយេស៊ូបានតែងតាំងអ្នកណាឲ្យផ្ដល់អាហារខាងវិញ្ញាណដល់អ្នកកាន់តាមទ្រង់? ហើយនៅឆ្នាំ១៩១៤ ពេលព្រះយេស៊ូយាងមកវិញដោយមានអំណាចគ្រប់គ្រងក្នុងព្រះរាជាណាចក្ររបស់ព្រះ តើអ្នកណាដែលទ្រង់ឃើញថាកំពុងតែបំពេញភារកិច្ចនោះយ៉ាងស្មោះត្រង់នៅឡើយ? ប្រាកដជាគ្មានមនុស្សជាតិណាម្នាក់ធ្លាប់រស់ពីសតវត្សរ៍ទីមួយរហូតដល់ឆ្នាំ១៩១៤ទេ។ ដូច្នេះ«នាយដំរួតការដែលស្មោះត្រង់ មានមារយាទល្អ[ឬ«មានវិនិច្ឆ័យល្អ»]» ត្រូវសំដៅទៅលើគ្រិស្តសាសនិកចាក់ប្រេងតាំងទាំងឡាយដែលនៅលើផែនដីនៅសម័យណាមួយ។ (លូ. ១២:៤២; ព.ថ.) ព្រះគ្រិស្តប្រើក្រុមនេះ ដើម្បីបោះពុម្ពផ្សាយព័ត៌មានអំពីការសម្រេចនៃទំនាយផ្សេងៗក្នុងព្រះគម្ពីរ ហើយដើម្បីផ្ដល់ការណែនាំអំពីរបៀបអនុវត្តគោលការណ៍ព្រះគម្ពីរក្នុងជីវិតប្រចាំថ្ងៃ។ ក្រោយបោះពុម្ពហើយ អាហារខាងវិញ្ញាណទាំងអស់នេះត្រូវចែកចាយតាមរយៈក្រុមជំនុំនានារបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។—អេសា. ៤៣:១០; កា. ៦:១៦
បើដូច្នេះ តើ«ទ្រព្យ»របស់ទ្រង់ជាអ្វី? នោះសំដៅទៅលើបុគ្គលទាំងឡាយនិងរបស់ទាំងអស់ដែលបានទៅជារបស់ផងព្រះគ្រិស្ត តាំងពីទ្រង់បានទទួលអំណាចគ្រប់គ្រងជាស្តេចនៅស្ថានសួគ៌។ នេះរួមបញ្ចូលអគារទាំងប៉ុន្មាននៅមន្ទីរចាត់ការរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា ព្រមទាំងការិយាល័យសាខា សាលព្រះរាជាណាចក្រ និងសាលសន្និបាតនានាទូទាំងផែនដី។ «ទ្រព្យ»របស់ទ្រង់ក៏ថែមទាំងរួមបញ្ចូលរបៀបរៀបចំឲ្យប្រកាសទូទាំងផែនដីនូវ«ដំណឹងល្អនេះ ដែលសំដែងពីនគរ» ហើយការបង្រៀនអ្នកដែលព្រមស្ដាប់តាម។ «អ្នកបំរើ»នោះជាខ្សែរយៈរបស់ព្រះ សម្រាប់ប្រមូលចូលក្នុងក្រុមជំនុំនូវ«មនុស្ស១ហ្វូងយ៉ាងធំ . . . មកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា» ដែលនឹងរួចរស់នៅគ្រាសេចក្ដីវេទនាជាខ្លាំង។ (លូ. ១២:៤២-៤៤; ម៉ាថ. ២៤:១៤; វិវរ. ៧:៩-១៤) តាមការពិត មនុស្សមួយហ្វូងយ៉ាងធំនេះ មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយដំណឹងល្អរហូតដល់ចុងផែនដីបំផុត។ ពួកគេនៅក្នុងចំណោម«ទ្រព្យ»ថ្លៃថ្លារបស់ព្រះគ្រិស្ត ហើយក្រុមអ្នកបម្រើស្រឡាញ់ពួកគេ ដោយសារពួកគេគាំទ្រក្រុមអ្នកបម្រើយ៉ាងស្មោះត្រង់និងដោយចិត្តខ្នះខ្នែង។
តួនាទីរបស់គណៈអភិបាល
‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ខំព្យាយាមរក្សាសាមគ្គីភាពរបស់អង្គការព្រះយេហូវ៉ា ហើយចាត់ចែងឲ្យ‹ការទាំងអស់សម្រេចតាមបែបគួរសមនិងដោយលំដាប់លំដោយ›។ (១កូ. ១៤:៤០) ដើម្បីសម្រេចគោលដៅនេះនៅសតវត្សរ៍ទីមួយ គ្រិស្តសាសនិកចាក់ប្រេងតាំងមួយក្រុមពីចំណោមអ្នកបម្រើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ បានត្រូវជ្រើសរើសឲ្យធ្វើជាតំណាងក្រុមអ្នកបម្រើទាំងមូល។ ដោយសារមានតួនាទីជាតំណាងក្រុមអ្នកបម្រើទាំងមូលនោះ ពួកគាត់មិនចាំបាច់ទាក់ទងអ្នកចាស់ទុំម្នាក់ៗទូទាំងពិភពលោកដែលជាអ្នកចាក់ប្រេងតាំង មុនដែលធ្វើការសម្រេចចិត្តមួយឡើយ។ ពួកគាត់នៅក្នុងក្រុមជំនុំនៅទីក្រុងយេរូសាឡិម ហើយពីទីតាំងនោះបានធ្វើជាគណៈអភិបាលសម្រាប់គ្រិស្តសាសនិកចាក់ប្រេងតាំងទាំងឡាយ។
ចាប់ពីបុណ្យថ្ងៃទី៥០ នៅឆ្នាំ៣៣គ.ស. សាវ័កស្មោះត្រង់របស់ព្រះអម្ចាស់យេស៊ូគ្រិស្តបាននាំមុខក្រុមជំនុំគ្រិស្តសាសនិកក្មេងខ្ចីនោះ។ (កិច្ច. ៤:៣៣, ៣៥, ៣៧; ៥:១៨, ២៩) នៅប្រមាណឆ្នាំ៤៩គ.ស. គណៈអភិបាលនោះមានសមាជិកថែមទៀតក្រៅពីសាវ័ករបស់ព្រះយេស៊ូ។ នៅពេលរឿងអំពីការកាត់ស្បែកបានត្រូវសម្រេច គណៈអភិបាលនោះបានរួមបញ្ចូល«ពួកសាវក នឹងពួកចាស់ទុំ នៅក្រុងយេរូសាឡិម»។ (កិច្ច. ១៥:១, ២) ពួកគាត់មានភារកិច្ចធ្វើការសម្រេចអំពីរឿងដែលទាក់ទងនឹងគ្រិស្តសាសនិកនៅគ្រប់ទីកន្លែង។ ពួកគាត់ធ្លាប់ផ្ញើសំបុត្រនិងបញ្ញត្ដិផ្សេងៗ ដែលបានពង្រឹងជំនឿរបស់ក្រុមជំនុំនានាហើយផ្ដល់លទ្ធភាពឲ្យគ្រិស្តសាសនិកទាំងឡាយរួមចិត្តរួមគំនិតតែមួយ។ ក្រុមជំនុំទាំងឡាយបានធ្វើតាមការណែនាំពីគណៈអភិបាល ហើយជាលទ្ធផល បានរីកចម្រើននិងទទួលព្រះពរពីព្រះយេហូវ៉ា។—កិច្ច. ៨:១, ១៤, ១៥; ១៥:២២-៣១; ១៦:៤, ៥
សព្វថ្ងៃនេះ ផលប្រយោជន៍ដែលមកពីរបៀបរៀបចំនោះគឺជាក់ស្តែង។ នៅសម័យយើង អ្នកចាក់ប្រេងតាំងដែលរួមជាគណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា បានបម្រើយ៉ាងស្មោះត្រង់អស់រាប់ទសវត្សរ៍ហើយ ថែមទាំងមានបទពិសោធន៍យ៉ាងច្រើនទៀតផង។ ពួកគាត់ផ្ដល់ការណែនាំដល់រាស្ត្រព្រះយេហូវ៉ាអំពីរឿងខាងវិញ្ញាណ ដូចគណៈអភិបាលនៅសតវត្សរ៍ទីមួយដែរ។ គណៈអភិបាលនៅតែមានភារកិច្ចត្រួតពិនិត្យកិច្ចផ្សព្វផ្សាយ ការបោះពុម្ពសៀវភៅសម្រាប់សិក្សាព្រះគម្ពីរ ហើយក៏មានភារកិច្ចចាត់ចែងការតែងតាំងអ្នកចាស់ទុំដើម្បីបំពេញតួនាទីផ្សេងៗក្នុងអង្គការព្រះយេហូវ៉ា។ នេះជាកិច្ចការព្រះរាជាណាចក្រខ្លះៗរបស់ព្រះគ្រិស្តដែលពួកគាត់កំពុងតែមើលខុសត្រូវសព្វថ្ងៃនេះ។ ដូចគ្រិស្តសាសនិកទាំងឡាយនៅសម័យដើម យើងក៏សប្បាយពឹងផ្អែកបុរសដែលមានភាពចាស់ទុំខាងវិញ្ញាណទាំងនេះ ឲ្យបានការណែនាំដែលមានមូលដ្ឋានលើព្រះគម្ពីរនិងឱវាទអំពីការថ្វាយបង្គំ។
គណៈអភិបាលនៅសព្វថ្ងៃនេះក៏ដូចជានៅសតវត្សរ៍ទីមួយដែរ គឺជាបុរសឥតគ្រប់លក្ខណ៍។ ក៏ប៉ុន្តែ នៅអតីតកាលព្រះយេហូវ៉ាធ្លាប់ប្រើបុរសឥតគ្រប់លក្ខណ៍ដើម្បីសម្រេចគោលបំណងរបស់ទ្រង់។ ទ្រង់បានបង្គាប់ណូអេឲ្យសង់ទូកធំ ហើយប្រកាសផ្សាយអំពីសេចក្ដីហិនវិនាសដែលជិតមកដល់នៅសម័យរបស់គាត់។ (លោ. ៦:១៣, ១៤, ២២; ២ពេ. ២:៥) ម៉ូសេបានត្រូវតែងតាំងឲ្យនាំរាស្ត្រព្រះយេហូវ៉ាចេញពីអេស៊ីបមក។ (និក្ខ. ៣:១០) បុរសឥតគ្រប់លក្ខណ៍ក៏ធ្លាប់ត្រូវព្រះវិញ្ញាណបណ្ដាលឲ្យសរសេរព្រះគម្ពីរ។ (២ធី. ៣:១៦; ២ពេ. ១:២១) យើងមិនលែងទុកចិត្តអង្គការរបស់ព្រះដោយសារតែទ្រង់ប្រើបុរសឥតគ្រប់លក្ខណ៍ដើម្បីដឹកនាំកិច្ចផ្សព្វផ្សាយនិងកិច្ចការបង្រៀនសិស្សនោះទេ។ ផ្ទុយទៅវិញ យើងមានទំនុកចិត្តរឹងមាំដោយដឹងថា បើគ្មានការគាំទ្រពីព្រះយេហូវ៉ាទេ គណៈអភិបាលពុំអាចសម្រេចកិច្ចការទាំងអស់នេះបានឡើយ។
មូលហេតុយើងអាចទុកចិត្ត‹អ្នកបំរើស្មោះត្រង់ ដែលមានវិនិច្ឆ័យល្អ›
មានមូលហេតុជាច្រើនដែលយើងអាចទុកចិត្តក្រុមអ្នកបម្រើទាំងស្រុង។ ហេតុទីមួយជាហេតុសំខាន់បំផុត គឺព្រះយេស៊ូបានតែងតាំងពួកគាត់ឲ្យត្រួតលើ«ទ្រព្យ»ទាំងអស់ជាទីស្រឡាញ់របស់ទ្រង់។ នេះបញ្ជាក់ច្បាស់ថា ទ្រង់ទុកចិត្តពួកគាត់ទាំងស្រុង។
មូលហេតុទីពីរគឺ ព្រះបន្ទូលរបស់ព្រះដាស់តឿនយើងឲ្យចុះចូលទាំងស្រុងចំពោះអ្នកនាំមុខ។ ហេតុអ្វីយើងទទួលប្រយោជន៍បើធ្វើដូច្នេះ? នៅហេព្រើរ ១៣:១៧សាវ័កប៉ុលមានប្រសាសន៍ថា៖ «ចូរស្ដាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ! ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរនោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ»។ ដើម្បីសុវត្ថិភាពខាងវិញ្ញាណ យើងចាំបាច់ត្រូវស្ដាប់បង្គាប់និងចុះចូលចំពោះការណែនាំពីអ្នកត្រួតពិនិត្យ កាលដែលពួកគាត់‹ថែរក្សាព្រលឹងយើងរាល់គ្នា›។
នៅកូរិនថូសទី១ ១៦:១៤ ប៉ុលចែងថា៖ «ត្រូវឲ្យអ្នករាល់គ្នាធ្វើការទាំងអស់ ដោយសេចក្ដីស្រឡាញ់»។ រាល់ការសម្រេចចិត្តដែលទាក់ទងនឹងរាស្ត្រព្រះ ទទួលឥទ្ធិពលពីគុណសម្បត្ដិដ៏អស្ចារ្យនេះ គឺសេចក្ដីស្រឡាញ់។ ស្តីអំពីសេចក្ដីស្រឡាញ់ កូរិនថូសទី១ ១៣:៤-៨សរសេរថា៖ «សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់ រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ តែឯសេចក្ដីស្រឡាញ់មិនដែលផុតឡើយ»។ ដោយហេតុថារាល់ការសម្រេចចិត្តដែលទាក់ទងនឹងរាស្ត្រព្រះយេហូវ៉ាមានមូលដ្ឋានលើសេចក្ដីស្រឡាញ់ នោះយើងមានមូលហេតុត្រឹមត្រូវឲ្យទុកចិត្តការណែនាំណាដែលយើងទទួល។ ម្យ៉ាងទៀត ការសម្រេចទាំងនោះជួយបញ្ជាក់នូវសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះរាស្ត្រទ្រង់។
ដោយស៊ូទ្រាំទុក្ខលំបាកជាច្រើន ក្រុមអ្នកបម្រើបានសឲ្យឃើញថាព្រះវិញ្ញាណរបស់ព្រះកំពុងតែសណ្ឋិតលើពួកគាត់។ សព្វថ្ងៃនេះ ផ្នែកអង្គការព្រះយេហូវ៉ានៅផែនដីបានទទួលពរជាច្រើន។ ហេតុនេះហើយយើងគាំទ្រនិងទុកចិត្តអង្គការទ្រង់អស់ពីចិត្ត។
របៀបយើងបង្ហាញថាយើងមានទំនុកចិត្ត
អ្នកដែលត្រូវតែងតាំងឲ្យទទួលខុសត្រូវក្នុងក្រុមជំនុំបង្ហាញថាពួកគាត់មានទំនុកចិត្ត ដោយទទួលស្ម័គ្រពីចិត្តនិងបំពេញយ៉ាងស្មោះត្រង់នូវភារកិច្ចរបស់ខ្លួន។ (កិច្ច. ២០:២៨) ក្នុងនាមជាអ្នកប្រកាសសារព្រះរាជាណាចក្រ យើងខ្នះខ្នែងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ ហើយបង្រៀនសិស្សព្រះគម្ពីរតាមផ្ទះ។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ដើម្បីទទួលប្រយោជន៍ច្រើនបំផុតពីអាហារខាងវិញ្ញាណដែល‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ផ្ដល់យ៉ាងបរិបូរនោះ យើងរៀបចំឲ្យបានល្អសម្រាប់កិច្ចប្រជុំ ហើយក៏ទៅកិច្ចប្រជុំទាំងអស់។ នេះរួមបញ្ចូលសន្និបាតនិងមហាសន្និបាតដែលត្រូវរៀបចំជារៀងរាល់ឆ្នាំ។ ពេលសំណេះសំណាលជាមួយបងប្អូនរួមជំនឿនៅឯកិច្ចប្រជុំទាំងនេះ យើងទទួលប្រយោជន៍យ៉ាងច្រើនពីការលើកទឹកចិត្តគ្នាទៅវិញទៅមក។—ហេ. ១០:២៤, ២៥
ទំនុកចិត្តរបស់យើងទៅលើ«អ្នកបំរើស្មោះត្រង់» ក៏សឲ្យឃើញនៅពេលយើងគាំទ្រអង្គការរបស់ព្រះដោយធ្វើវិភាគទាន។ (សុ. ៣:៩, ១០) នៅពេលយើងឃើញថាបងប្អូនរួមជំនឿខ្វះខាត យើងជួយពួកគាត់ភ្លាម។ (កា. ៦:១០; ១ធី. ៦:១៨) យើងធ្វើទាំងអស់នេះពីព្រោះយើងពិតជាស្រឡាញ់គ្នាជាបងប្អូន ហើយយើងប្រុងប្រៀបជានិច្ចដើម្បីឆ្លៀតឱកាសបង្ហាញថាយើងដឹងគុណព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់ ដោយសារសេចក្ដីល្អជាច្រើនដែលយើងបានទទួល។—យ៉ូន. ១៣:៣៥
វិធីមួយទៀតដែលយើងបង្ហាញថាយើងទុកចិត្តក្រុមអ្នកបម្រើសព្វថ្ងៃនេះ គឺដោយគាំទ្រការសម្រេចចិត្តរបស់ពួកគាត់។ ទោះបើយើងមិនយល់ទាំងស្រុងអំពីមូលហេតុដែលពួកគាត់បានធ្វើការសម្រេចចិត្តណាមួយក៏ដោយ ក៏យើងដឹងថាយើងនឹងទទួលប្រយោជន៍ជាស្ថាពរបើគាំទ្រការសម្រេចចិត្តនោះ។ នៅគ្រាខ្លះ រឿងសំខាន់ៗបានត្រូវពន្យល់ ហើយយើងបានគាំទ្រការសម្រេចចិត្តទាំងនោះអស់ពីចិត្ត។ ជាលទ្ធផលព្រះយេហូវ៉ាប្រទានពរមកលើយើង ដោយសារយើងស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់និងតាមក្រុមអ្នកបម្រើ។ យ៉ាងនេះយើងបង្ហាញថាយើងចុះចូលចំពោះម្ចាស់របស់យើង គឺព្រះយេស៊ូគ្រិស្ត។
ដូច្នេះយើងមានហេតុត្រឹមត្រូវឲ្យទុកចិត្តទាំងស្រុងទៅលើ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ សាតាំងដែលជាព្រះរបស់លោកិយនេះ កំពុងតែខំអស់ពីសមត្ថភាពដើម្បីបង្អាប់បង្អោនអង្គការរបស់ព្រះយេហូវ៉ានិងព្រះនាមទ្រង់។ (២កូ. ៤:៤) កុំចាញ់កលល្បិចរបស់វាឲ្យសោះ។ (២កូ. ២:១១) វាដឹងថាមានពេលវេលាខ្លីណាស់មុនដែលវានឹងត្រូវឃុំក្នុងជង្ហុកធំ ហើយវាកំពុងតែខិតខំនាំមនុស្សច្រើនបំផុតឲ្យទទួលសេចក្ដីហិនវិនាសជាមួយវាដែរ។ (វិវរ. ១២:១២) ក៏ប៉ុន្តែ កាលសាតាំងខំប្រឹងកាន់តែខ្លាំង ចូរឲ្យយើងចូលទៅកាន់តែជិតព្រះយេហូវ៉ា ដោយទុកចិត្តទាំងស្រុងទៅលើខ្សែរយៈរបស់ទ្រង់ សម្រាប់ណែនាំរាស្ត្រទ្រង់សព្វថ្ងៃនេះ។ សាតាំងកំពុងតែច្បាំងនឹង«សំណល់ពូជ[របស់ស្ត្រី]»ដែលបានទទួលភារកិច្ចដឹកនាំការធ្វើ«បន្ទាល់ពីព្រះយេស៊ូវ»។ (វិវរ. ១២:១៧) ការទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ានិងរបៀបរៀបចំរបស់ទ្រង់ នាំឲ្យមានភាតរភាពដែលមានសាមគ្គីភាព។