ប្រអប់សំណួរ
◼ តើយើងម្នាក់ៗអាចជួយឲ្យការរៀនសូត្រនៅឯកិច្ចប្រជុំក្នុងក្រុមជំនុំ មានបរិយាកាសល្អយ៉ាងដូចម្ដេច? (ចោ. ៣១:១២)
ដោយចេះគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ានិងកិច្ចប្រជុំផ្សេងៗក្នុងក្រុមជំនុំដែលត្រូវបានផ្ដល់មកពីលោក នោះយើងម្នាក់ៗត្រូវបានលើកទឹកចិត្តឲ្យមកមុនម៉ោង និងឲ្យត្រៀមខ្លួនជាស្រេចដើម្បីទទួលការបង្ហាត់បង្រៀនពីព្រះ។ យកល្អឲ្យយើងរកកន្លែងអង្គុយនៅជួរខាងមុខ ទុកកន្លែងខាងក្រោយសម្រាប់បងប្អូនដែលមានកូនតូចៗ និងបងប្អូនដែលមកយឺតម្ដងម្កាល។ មុននឹងប្រជុំចាប់ផ្ដើម សូមបន្ថយសំឡេងទូរស័ព្ទដៃដើម្បីកុំឲ្យរំខានអ្នកស្ដាប់។ នៅពេលដែលទាំងអស់គ្នាបង្ហាញការគោរពចំពោះកិច្ចប្រជុំ នោះការរំខានគឺមានតែតិចតួចប៉ុណ្ណោះ។—សាស្ដ. ៥:១; ភី. ២:៤
នៅពេលអ្នកថ្មីចាប់ផ្ដើមមកប្រជុំ អ្នកដែលស្គាល់ពួកគាត់គួរអង្គុយជាមួយ។ នេះពិតជាមានប្រយោជន៍មែន បើអ្នកថ្មីនោះមានកូនតូចៗដែលត្រូវអប់រំនោះ។ ការមកប្រជុំប្រហែលជាបទពិសោធន៍ថ្មីចំពោះក្រុមគ្រួសារនេះ។ បើដូច្នេះមែន ពួកគាត់ច្បាស់ជាពេញចិត្តអង្គុយនៅខាងក្រោយជាជាង ដោយសារមិនសូវរំខានដល់អ្នកដទៃ បើត្រូវការចេញពីសាលប្រជុំដើម្បីមើលកូនតូចរបស់ខ្លួន។ (សុភ. ២២:៦, ១៥) ក្រុមគ្រួសារដែលមានកូនតូចៗមិនគួរអង្គុយនៅបន្ទប់ផ្សេង ដែលក្មេងៗអាចប្រឡែងគ្នាឡូឡាតាមចិត្តនោះទេ។ ធម្មតាគឺល្អបើឪពុកម្ដាយប្រដៅទូន្មានកូននៅឯក្រៅសាលប្រជុំ រួចមកទើបនាំកូនចូលមកវិញ។
ពួកឆ្មាំគួរធ្វើយ៉ាងណាដើម្បីរក្សាឲ្យមានបរិយាកាសល្អ សមជាកន្លែងគោរពប្រណិប័តន៍ព្រះ។ ពួកគាត់ជួយក្រុមគ្រួសារនិងអស់អ្នកដែលមកយឺតម្ដងម្កាល អាចរកកន្លែងអង្គុយ។ ពួកឆ្មាំចេះគួរសម ដោយមិនរំខានដល់អ្នកអង្គុយស្ដាប់កម្មវិធីប្រជុំ ពេលដែលពួកគាត់ជួយអ្នកឯទៀតឲ្យរកកន្លែងអង្គុយ។ ពួកគេត្រូវគិតពិចារណាយ៉ាងត្រឹមត្រូវពេលដែលដោះស្រាយចំពោះបញ្ហារំខានណាខ្លះ។ ពួកឆ្មាំអាចផ្ដល់ជំនួយ នៅពេលដែលការប្រព្រឹត្តរបស់កូនក្មេងធ្វើឲ្យរំខានដល់អ្នកដទៃ។
នៅឯកិច្ចប្រជុំដើម្បីគោរពប្រណិប័តន៍ព្រះ យើងទាំងអស់គ្នាអាចជួយធ្វើឲ្យមានបរិយាកាសល្អសម្រាប់រៀនសូត្រអំពីព្រះយេហូវ៉ា និងគោលបំណងរបស់លោកចំពោះពិភពលោកថ្មីដែលមានសុទ្ធតសេចក្ដីសុចរិតនិងសន្ដិភាព។—ហេ. ១០:២៤, ២៥