ចូរមាន«ចិត្តអាណិតមេត្ដា»
១. សព្វថ្ងៃនេះ តើមនុស្សត្រូវការយ៉ាងខ្លាំងនូវអ្វី?
១ នៅសព្វថ្ងៃនេះ ជាងពេលមុនៗទៅទៀត មនុស្សត្រូវការយ៉ាងខ្លាំងនូវជំនួយដែលផុសចេញពីចិត្តអាណិតមេត្ដា។ ស្ថានភាពក្នុងពិភពលោកនេះគឺកាន់តែអាក្រក់ទៅៗ ហើយនេះបានធ្វើឲ្យមនុស្សជាច្រើនអស់សង្ឃឹម បាក់ទឹកចិត្ត និងគ្មានសុភមង្គល។ មនុស្សរាប់លាននាក់ត្រូវការជំនួយ។ យើងដែលជាគ្រិស្តសាសនិកអាចបង្ហាញថាយើងពិតជាស្រឡាញ់អ្នកជិតខាងរបស់យើងដោយផ្ដល់ជំនួយដែលពួកគេត្រូវការ។ (ម៉ាថ. ២២:៣៩; កាឡ. ៦:១០) តើតាមរបៀបណា?
២. តើអ្វីជាវិធីល្អបំផុតដើម្បីបង្ហាញចិត្តអាណិតមេត្ដា?
២ សកម្មភាពដែលផុសចេញពីចិត្តអាណិតមេត្ដា: មានតែព្រះប៉ុណ្ណោះដែលអាចផ្ដល់នូវការសម្រាលទុក្ខពិតប្រាកដ ដែលបំបាត់ទុក្ខជានិច្ច។ (២កូ. ១:៣, ៤) ព្រះយេហូវ៉ាដាស់តឿនយើងឲ្យយកតម្រាប់តាមលោកដោយបង្ហាញ«ចិត្តអាណិតមេត្ដា» ហើយបានបង្គាប់យើងឲ្យទៅជួបអ្នកជិតខាងដើម្បីប្រាប់ដំណឹងល្អអំពីរាជាណាចក្រលោក។ (១ពេ. ៣:៨) វិធីល្អបំផុតដែលយើងអាចសម្រាលទុក្ខ«មនុស្សដែលមានចិត្តសង្រេង» គឺដោយចូលរួមយ៉ាងសកម្មក្នុងកិច្ចការនេះ ពីព្រោះរាជាណាចក្ររបស់ព្រះជាសេចក្ដីសង្ឃឹមតែមួយគត់សម្រាប់មនុស្សជាតិដែលកំពុងរងទុក្ខ។ (អេ. ៦១:១) មិនយូរទៀត ដោយសារព្រះយេហូវ៉ាអាណិតរាស្ត្ររបស់លោក នោះលោកនឹងចាត់វិធានការបំបាត់អំពើទុច្ចរិតហើយស្ថាបនាពិភពលោកថ្មីដែលពោរពេញទៅដោយសេចក្ដីសុចរិត។—២ពេ. ៣:១៣
៣. តើយើងអាចបង្ហាញថាយើងមានទស្សនៈដូចលោកយេស៊ូចំពោះមនុស្សយ៉ាងដូចម្ដេច?
៣ ចូរមានទស្សនៈដូចលោកយេស៊ូចំពោះមនុស្ស: លោកយេស៊ូតែងតែគិតអំពីមនុស្សម្នាក់ៗថាពួកគេត្រូវការជំនួយអ្វីដើម្បីបង្កើតឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះ។ លោកគិតអំពីបុគ្គលម្នាក់ៗសូម្បីតែពេលលោកកំពុងផ្សព្វផ្សាយដល់មនុស្សមួយក្រុមធំក៏ដោយ។ ពួកគេគឺដូចជាចៀមដែលគ្មានគង្វាលនាំផ្លូវ។ ពេលដែលលោកយេស៊ូឃើញដូច្នេះ នេះបានធ្វើឲ្យលោកអាណិតពួកគេ ហើយបានជំរុញចិត្តលោកឲ្យបង្រៀនពួកគេដោយអត់ធ្មត់។ (ម៉ាក. ៦:៣៤) បើយើងមានទស្សនៈដូចលោកយេស៊ូចំពោះមនុស្ស នោះនឹងលើកទឹកចិត្តយើងឲ្យមានចិត្តអាណិតមេត្ដាដ៏ពិតប្រាកដចំពោះបុគ្គលម្នាក់ៗ។ សំឡេងនិងទឹកមុខរបស់យើងនឹងបញ្ជាក់អំពីអារម្មណ៍យើង។ ការផ្សព្វផ្សាយនឹងទៅជាអាទិភាពរបស់យើង ហើយយើងនឹងជ្រើសរើសសម្ដីដែលស្របតាមសេចក្ដីត្រូវការរបស់បុគ្គលម្នាក់ៗ។—១កូ. ៩:១៩-២៣
៤. ហេតុអ្វីយើងគួរបំពាក់ខ្លួនដោយសេចក្ដីមេត្ដាករុណា?
៤ មនុស្សមួយក្រុមធំពីគ្រប់ជាតិសាសន៍កំពុងប្រព្រឹត្តសមស្របតាមដំណឹងអំពីរាជាណាចក្រ និងតាមការយកចិត្តទុកដាក់ដែលពួកគេកំពុងទទួល។ កាលដែលយើងបន្តបំពាក់ខ្លួនដោយសេចក្ដីមេត្ដាករុណា យើងនឹងលើកកិត្ដិយសព្រះយេហូវ៉ា ដែលជាព្រះមានចិត្តមេត្ដា ហើយធ្វើឲ្យលោកពេញចិត្ត។—កូឡ. ៣:១២