ចូរបន្តរីកចម្រើនជាអ្នកផ្សាយដំណឹងល្អ
១. តើមានគំរូណាខ្លះរបស់បងប្អូននៅសតវត្សរ៍ទី១ដែលបង្ហាញថា យើងគួររីកចម្រើនជាអ្នកផ្សាយដំណឹងល្អ?
១ ក្នុងនាមជាគ្រិស្តសាសនិក យើងគួររីកចម្រើនជាអ្នកផ្សាយដំណឹងល្អ។ នេះជាមូលហេតុដែលលោកយេស៊ូបានបង្ហាត់បង្រៀនអ្នកកាន់តាមលោក ឲ្យមានភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ។ (លូក. ៩:១-៥; ១០:១-១១) ម្យ៉ាងទៀត នេះក៏ជាមូលហេតុដែលអាគីឡានិងព្រីស៊ីលបាននាំអាប៉ូឡុសទៅដោយឡែកពីគេ ហើយ«ចាប់ផ្ដើមពន្យល់អំពីផ្លូវរបស់ព្រះឲ្យគាត់យល់បានត្រឹមត្រូវជាង»។ (សកម្ម. ១៨:២៤-២៦) ដូចគ្នាដែរ ប៉ូលបានលើកទឹកចិត្តធីម៉ូថេដែលជាអ្នកផ្សាយដំណឹងល្អដែលមានបទពិសោធន៍ ឲ្យបន្តព្យាយាមក្នុងការបង្រៀនដើម្បីឲ្យ«មនុស្សទាំងអស់ឃើញ»ការរីកចម្រើនរបស់គាត់។ (១ធី. ៤:១៣-១៥) ទោះជាយើងបានបម្រើព្រះដោយធ្វើជាអ្នកផ្សាយដំណឹងល្អអស់ជាច្រើនឆ្នាំក៏ដោយ ក៏យើងត្រូវបន្តបង្កើនសមត្ថភាពក្នុងកិច្ចផ្សព្វផ្សាយដែរ។
២. តើយើងអាចរៀនពីអ្នកឯទៀតយ៉ាងដូចម្ដេច?
២ រៀនពីអ្នកឯទៀត: វិធីមួយដែលជួយយើងឲ្យបង្កើនសមត្ថភាពផ្សាយរបស់យើង គឺរៀនពីអ្នកឯទៀត។ (សុភ. ២៧:១៧) ដូច្នេះ សូមស្ដាប់នៅពេលដៃគូផ្សាយកំពុងនិយាយទៅកាន់ម្ចាស់ផ្ទះ។ សូមស្នើសុំយោបល់ចំៗពីអ្នកផ្សាយដែលប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ហើយស្ដាប់គាត់ដោយយកចិត្តទុកដាក់។ (សុភ. ១:៥) តើអ្នកមិនសូវចេះធ្វើការត្រឡប់ទៅជួប បង្រៀនគម្ពីរ ឬចូលរួមក្នុងកិច្ចផ្សព្វផ្សាយណាមួយឬទេ? បើដូច្នេះមែន សូមសួរយោបល់ពីអ្នកត្រួតពិនិត្យក្រុម ឬពីអ្នកផ្សាយដែលមានបទពិសោធន៍។ បន្ថែមទៀត សូមចាំថា សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាអាចបង្កើនសមត្ថភាពរបស់យើងបាន។ ដូច្នេះ ចូរសុំសកម្មពលបរិសុទ្ធពីលោក ដោយអធិដ្ឋានយ៉ាងទៀងទាត់។—លូក. ១១:១៣
៣. បើយើងទទួលយោបល់ដែលយើងមិនបានសុំ តើយើងគួរមានប្រតិកម្មយ៉ាងណា?
៣ បើអ្នកទទួលយោបល់ពីបងប្អូនឯទៀតដើម្បីជួយអ្នកឲ្យរីកចម្រើន សូមកុំអន់ចិត្តឡើយ ទោះបីជាអ្នកមិនបានសុំយោបល់នោះក៏ដោយ។ (សាស្ដ. ៧:៩) ដូចអាប៉ូឡុសដែរ សូមឲ្យយើងព្រមទទួលយោបល់ដោយចិត្តរាបទាបនិងចិត្តដឹងគុណ។ បើយើងធ្វើដូច្នេះ បង្ហាញថាយើងមានប្រាជ្ញា។—សុភ. ១២:១៥
៤. តើលោកយេស៊ូបានប្រាប់អំពីមូលហេតុដ៏សំខាន់អ្វី ដើម្បីជួយអ្នកផ្សាយឲ្យរីកចម្រើន?
៤ ការរីកចម្រើននាំឲ្យព្រះទទួលការលើកតម្កើង: តាមរយៈឧទាហរណ៍ លោកយេស៊ូបានលើកទឹកចិត្តអ្នកកាន់តាមលោក ឲ្យរីកចម្រើនជាអ្នកផ្សាយដំណឹងល្អ។ លោកបានប្រដូចខ្លួនលោកទៅនឹងវល្លិទំពាំងបាយជូរ ហើយប្រដូចអ្នកដែលបានត្រូវរើសតាំងទៅនឹងមែក។ លោកបានមានប្រសាសន៍ថា បិតាសម្អាតមែកណាដែលមានផលផ្លែ«ដើម្បីអាចមានផលផ្លែថែមទៀត»។ (យ៉ូន. ១៥:២) ដូចម្ចាស់ចំការទំពាំងបាយជូរដែលចង់ឲ្យមែកទំពាំងបាយជូរបង្កើតផលផ្លែកាន់តែច្រើនឡើង នោះព្រះយេហូវ៉ាក៏ចង់ឲ្យយើងបន្តមានភាពប៉ិនប្រសប់ថែមទៀតដែរ ដើម្បីបង្កើត«ផលនៃបបូរមាត់»។ (ហេ. ១៣:១៥) ពេលយើងរីកចម្រើនជាអ្នកផ្សាយដំណឹងល្អ តើនាំឲ្យមានលទ្ធផលដ៏ស្កប់ចិត្តអ្វី? លោកយេស៊ូបានឆ្លើយថា៖ «បិតារបស់ខ្ញុំទទួលការលើកតម្កើងដោយការនេះឯង ពោលគឺ អ្នករាល់គ្នាមានផលផ្លែជាច្រើនជានិច្ច»។—យ៉ូន. ១៥:៨