បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w23 កុម្ភៈ ទំ. ៨-១៣
  • ចូរទទួលប្រយោជន៍ថែមទៀតពីការអានគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរទទួលប្រយោជន៍ថែមទៀតពីការអានគម្ពីរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អាន​ដើម្បី​យល់
  • ចូរ​អាន​ដើម្បី​រក​ឃើញ​ចំណេះ​វិសេស​ពី​បណ្ដាំ​ព្រះ
  • ចូរ​ឲ្យ​ការ​អាន​មាន​ឥទ្ធិពល​លើ​អ្នក
  • ការ​អាន​បណ្ដាំ​ព្រះ​នាំ​ឲ្យ​មាន​សុភមង្គល
  • ការទទួលប្រយោជន៍ពីការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «បណ្ដាំរបស់ព្រះគឺ . . . មានឫទ្ធានុភាព»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ​«​ចូរ​អ្នក​រាល់​គ្នា​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ​»​
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • របៀបដែលអ្នកអាចទទួលប្រយោជន៍ច្រើនបំផុតពីការអានគម្ពីរ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
w23 កុម្ភៈ ទំ. ៨-១៣

អត្ថបទ​សិក្សា ៧

ចូរ​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​ការ​អាន​គម្ពីរ

​«​ពេល​ដែល​អ្នក​អាន តើ​អ្នក​យល់​ដូច​ម្ដេច?​»។—លូក. ១០:២៦

ចម្រៀង​លេខ​៩៧ ជីវិត​ពឹង​ពាក់​លើ​បណ្ដាំ​ព្រះ

សេចក្ដី​សង្ខេបa

១. តើ​អ្វី​បង្ហាញ​ថា​បទ​គម្ពីរ​គឺ​សំខាន់​ចំពោះ​លោក​យេស៊ូ?

សូម​ស្រមៃ​គិត​ថា តើ​ការ​ស្ដាប់​លោក​យេស៊ូ​បង្រៀន​គឺ​យ៉ាង​ណា។ លោក​ច្រើន​តែ​បាន​ដក​ស្រង់​បទ​គម្ពីរ​បរិសុទ្ធ​ពី​ការ​នឹក​ចាំ។ តាម​ពិត ពាក្យ​ដំបូង​ខ្លះ​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ​ក្រោយ​ពី​លោក​ទទួល​ការ​ជ្រមុជ​ទឹក និង​ក្នុង​ពាក្យ​ចុង​ក្រោយ​ខ្លះ​របស់​លោក​មុន​លោក​ស្លាប់ លោក​យេស៊ូ​បាន​ដក​ស្រង់​ពី​បទ​គម្ពីរ។b (​បច. ៨:៣; ចសព. ៣១:៥; លូក. ៤:៤; ២៣:៤៦​) ម្យ៉ាង​ទៀត ក្នុង​អំឡុង​បី​ឆ្នាំ​កន្លះ​រវាង​ព្រឹត្តិការណ៍​ទាំង​ពីរ​នោះ លោក​យេស៊ូ​ច្រើន​តែ​បាន​អាន​បទ​គម្ពីរ​ជា​សាធារណៈ និង​ដក​ស្រង់​ព្រម​ទាំង​ពន្យល់​បទ​គម្ពីរ​ទាំង​នោះ។—ម៉ាថ. ៥:១៧, ១៨, ២១, ២២, ២៧, ២៨; លូក. ៤:១៦​-​២០

បណ្ដុំរូបភាព៖ ១. កុមារយេស៊ូកំពុងស្ដាប់ឪពុកម្ដាយនិយាយ។ ២. ពេលធំជាង យុវជនយេស៊ូនិងក្រុមគ្រួសារយកចិត្តទុកដាក់ស្ដាប់ការអានបទគម្ពីរនៅសាលាប្រជុំ។ ៣. ពេលលោកយេស៊ូពេញវ័យ លោកអានពីរមូរ។

ក្នុង​អំឡុង​ជីវិត​លោក​យេស៊ូ លោក​បាន​បង្ហាញ​ថា​លោក​ស្រឡាញ់​បទ​គម្ពីរ ហើយ​បាន​ឲ្យ​បទ​គម្ពីរ​មាន​ឥទ្ធិពល​លើ​ការ​ប្រព្រឹត្ត​របស់​លោក (​សូម​មើល​វគ្គ​២​)

២. កាល​ដែល​លោក​យេស៊ូ​ធំ​ឡើង តើ​អ្វី​បាន​ជួយ​លោក​ឲ្យ​ស្គាល់​បទ​គម្ពីរ​យ៉ាង​ច្បាស់? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

២ ច្រើន​ឆ្នាំ​មុន​លោក​យេស៊ូ​ចាប់​ផ្ដើម​កិច្ច​បម្រើ​របស់​លោក លោក​បាន​អាន​និង​ស្ដាប់​បណ្ដាំ​របស់​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត។ នៅ​ផ្ទះ លោក​ច្បាស់​ជា​បាន​ឮ​ម៉ារៀ​និង​យ៉ូសែប​ដក​ស្រង់​ពី​បទ​គម្ពីរ​ក្នុង​អំឡុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ។c (​បច. ៦:៦, ៧​) យើង​អាច​ប្រាកដ​ថា​លោក​យេស៊ូ​បាន​ទៅ​សាលា​ប្រជុំ​រាល់​ថ្ងៃ​ឈប់​សម្រាក​ជា​មួយ​ក្រុម​គ្រួសារ​លោក។ (​លូក. ៤:១៦​) កាល​ដែល​នៅ​ទី​នោះ លោក​ច្បាស់​ជា​បាន​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពេល​គេ​អាន​បទ​គម្ពីរ។ ក្រោយ​មក លោក​យេស៊ូ​បាន​រៀន​អាន​សំណេរ​ពិសិដ្ឋ​ទាំង​នោះ​ដោយ​ខ្លួន​ឯង។ ជា​លទ្ធផល លោក​យេស៊ូ​មិន​គ្រាន់​តែ​ស្គាល់​បទ​គម្ពីរ​យ៉ាង​ច្បាស់​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ស្រឡាញ់​បទ​គម្ពីរ​ទាំង​នោះ ហើយ​អនុញ្ញាត​ឲ្យ​នោះ​មាន​ឥទ្ធិពល​លើ​ការ​ប្រព្រឹត្ត​របស់​លោក។ ជា​ឧទាហរណ៍ សូម​នឹក​ចាំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​វិហារ ពេល​លោក​យេស៊ូ​មាន​អាយុ​ត្រឹម​តែ​១២​ឆ្នាំ។ ពួក​គ្រូ​ដែល​ស្គាល់​ច្បាប់​ម៉ូសេ​យ៉ាង​ច្បាស់​«​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ដោយ​សារ​ការ​យល់​ដឹង​និង​ចម្លើយ​របស់​[​លោក​យេស៊ូ​]​»។—លូក. ២:៤៦, ៤៧, ៥២

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

៣ យើង​ក៏​អាច​ស្គាល់​និង​ស្រឡាញ់​បណ្ដាំ​ព្រះ ពេល​ដែល​យើង​អាន​បទ​គម្ពីរ​ជា​ទៀង​ទាត់។ ប៉ុន្តែ តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​អ្វី​ដែល​យើង​អាន? យើង​អាច​រៀន​ពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​ដែល​ស្គាល់​ច្បាប់​ព្រះ រួម​មាន​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី។ ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នេះ​អាន​បទ​គម្ពីរ​ជា​រឿយ​ៗ ប៉ុន្តែ​ពួក​គេ​មិន​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​ពួក​គេ​អាន​ឡើយ។ លោក​យេស៊ូ​បាន​លើក​បញ្ជាក់​អំពី​អ្វី​បី​យ៉ាង​ដែល​បុរស​ទាំង​នេះ​គួរ​ធ្វើ​ដើម្បី​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​បទ​គម្ពីរ។ ប្រសាសន៍​របស់​លោក​ទៅ​កាន់​ពួក​គេ​នឹង​ជួយ​យើង​ឲ្យ​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី (​១​)​យល់​អ្វី​ដែល​យើង​អាន (​២​)​រក​ឃើញ​ចំណេះ​វិសេស​ពី​បណ្ដាំ​ព្រះ និង​(​៣​)​អនុញ្ញាត​ឲ្យ​បណ្ដាំ​ព្រះ​មាន​ឥទ្ធិពល​លើ​យើង។

អាន​ដើម្បី​យល់

៤. តើ​លូកា ១០:២៥​-​២៩​បង្រៀន​យើង​យ៉ាង​ណា​អំពី​ការ​អាន​បណ្ដាំ​ព្រះ?

៤ យើង​ចង់​យល់​អត្ថន័យ​នៃ​អ្វី​ដែល​យើង​អាន​ក្នុង​បណ្ដាំ​ព្រះ។ បើ​ពុំ​នោះ​ទេ យើង​ប្រហែល​ជា​មិន​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​ការ​អាន​របស់​យើង​ឡើយ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ការ​សន្ទនា​របស់​លោក​យេស៊ូ​ជា​មួយ​«​បុរស​ម្នាក់​ដែល​ចេះ​ច្បាប់​ស្ទាត់​»។ (​សូម​អាន លូកា ១០:២៥​-​២៩​) ពេល​បុរស​នោះ​បាន​សួរ​លោក​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ លោក​យេស៊ូ​បាន​ជួយ​គាត់​ឲ្យ​រក​ឃើញ​ចម្លើយ​ក្នុង​បណ្ដាំ​ព្រះ ដោយ​សួរ​គាត់​ថា​៖ ​«​តើ​ច្បាប់​ចែង​យ៉ាង​ណា? ពេល​ដែល​អ្នក​អាន តើ​អ្នក​យល់​ដូច​ម្ដេច?​»។ បុរស​នោះ​អាច​ឆ្លើយ​ត្រឹម​ត្រូវ​ដោយ​ដក​ស្រង់​បទ​គម្ពីរ​អំពី​ការ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង។ (​ចល. ១៩:១៨; បច. ៦:៥​) ប៉ុន្តែ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បុរស​នោះ​បាន​និយាយ​បន្ទាប់​មក​ថា​៖ ​«​តើ​អ្នក​ណា​ទៅ​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?​»។ បុរស​នោះ​បាន​បង្ហាញ​ថា​គាត់​មិន​យល់​អត្ថន័យ​ពិត​ប្រាកដ​នៃ​អ្វី​ដែល​គាត់​បាន​អាន​ទេ។ ជា​លទ្ធផល គាត់​មិន​ដឹង​អំពី​របៀប​អនុវត្ត​បទ​គម្ពីរ​ទាំង​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ជីវិត​របស់​គាត់​ឡើយ។

ការ​អាន​ដើម្បី​យល់​គឺ​ជា​សមត្ថភាព​មួយ​ដែល​យើង​អាច​បណ្ដុះ​ឲ្យ​មាន

៥. តើ​តាម​របៀប​ណា​ការ​អធិដ្ឋាន​និង​ការ​អាន​យឺត​ៗ​អាច​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អ្វី​ដែល​យើង​អាន?

៥ យើង​អាច​យល់​បណ្ដាំ​ព្រះ​ច្បាស់​ជាង បើ​យើង​បណ្ដុះ​ឲ្យ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​អាន។ មាន​យោបល់​ខ្លះ​ដែល​អាច​ជួយ​អ្នក។ សូម​អធិដ្ឋាន​មុន​អ្នក​ចាប់​ផ្ដើម​អាន។ យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​យល់​បទ​គម្ពីរ ដូច្នេះ​យើង​អាច​សុំ​ឫទ្ធានុភាព​បរិសុទ្ធ​ពី​លោក​ដើម្បី​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​កំពុង​អាន។ បន្ទាប់​មក​សូម​អាន​យឺត​ៗ។ នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​អ្វី​ដែល​អ្នក​កំពុង​អាន។ អ្នក​ប្រហែល​ជា​នឹង​ទទួល​ប្រយោជន៍​ពី​ការ​អាន​ឮ​ៗ ឬ​ដោយ​ផ្ទៀង​តាម​អំណាន​គម្ពីរ​ជា​ឯកសារ​សំឡេង​បើ​មាន​ជា​ភាសា​របស់​អ្នក។ បើ​អ្នក​ស្ដាប់​ឯកសារ​ជា​សំឡេង ហើយ​ផ្ទៀង​តាម​លើ​សៀវភៅ នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ ចង​ចាំ និង​រៀន​ថែម​ទៀត​ពី​អ្វី​ដែលអ្នក​អាន​ក្នុង​បណ្ដាំ​ព្រះ។ (​យ៉ូស. ១:៨​) ពេល​អ្នក​អាន​ចប់ សូម​អធិដ្ឋាន​ម្ដង​ទៀត​ដើម្បី​អរគុណ​ព្រះ​យេហូវ៉ា​សម្រាប់​បណ្ដាំ​លោក ហើយ​សុំ​ជំនួយ​ពី​លោក​ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​បាន​អាន។

បណ្ដុំរូបភាព៖ ១. បងស្រីម្នាក់សរសេរកំណត់ខ្លីដាក់ក្នុងគម្ពីររបស់គាត់។ ២. បងប្រុសម្នាក់គូសចំណាំ និងធ្វើកំណត់ក្នុងអត្ថបទដែលគាត់កំពុងសិក្សាក្នុងកុំព្យូទ័របន្ទះស្ដើងរបស់គាត់។ ៣. បងស្រីម្នាក់គូសចំណាំ និងធ្វើកំណត់ក្នុងគម្ពីររបស់គាត់ ដោយប្រើកម្មវិធីJWបណ្ណាល័យ។

ហេតុ​អ្វី​ការ​កត់​កំណត់​ខ្លី​អាច​ជួយ​អ្នក​ឲ្យ​យល់​និង​ចាំ​អ្វី​ដែល​អ្នក​អាន? (​សូម​មើល​វគ្គ​៦​)

៦. ហេតុ​អ្វី​ការ​សួរ​សំណួរ​ខ្លួន​ឯង​និង​ការ​កត់​កំណត់​ខ្លី​អាច​ជួយ​អ្នក​កាល​ដែល​អ្នក​អាន? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៦ មាន​យោបល់​ពីរ​ថែម​ទៀត​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​គម្ពីរ​ច្បាស់​ជាង។ សូម​សួរ​ខ្លួន​អ្នក​អំពី​អ្វី​ដែល​អ្នក​អាន។ ពេល​អ្នក​អាន​កំណត់​ហេតុ​ណា​មួយ​ក្នុង​គម្ពីរ សូម​សួរ​ខ្លួន​ថា​‹តើ​អ្នក​ណា​ជា​បុគ្គល​សំខាន់? តើ​អ្នក​ណា​កំពុង​និយាយ? តើ​គាត់​កំពុង​និយាយ​ជា​មួយ​អ្នក​ណា ហើយ​ហេតុ​អ្វី? តើ​សកម្មភាព​នោះ​កំពុង​កើត​ឡើង​នៅ​កន្លែង​ណា​និង​ពេល​ណា?›។ សំណួរ​បែប​នេះ​នឹង​ជួយ​អ្នក​ឲ្យ​គិត ហើយ​ដឹង​អំពី​ចំណុច​សំខាន់​ពី​អ្វី​ដែល​អ្នក​អាន។ ម្យ៉ាង​ទៀត សូម​កត់​កំណត់​ខ្លី​ៗ​កាល​ដែល​អ្នក​អាន។ ពេល​យើង​កត់​កំណត់​អំពី​អ្វី​ដែល​យើង​អាន នោះ​ជួយ​យើង​ឲ្យ​គិត​ច្រើន​ជាង ហើយ​ការ​គិត​នោះ​ជួយ​យើង​ឲ្យ​កាន់​តែ​យល់។ ការ​កត់​កំណត់​ក៏​ជួយ​យើង​ឲ្យ​ចាំ​អំពី​អ្វី​ដែល​យើង​អាន​ដែរ។ អ្នក​អាច​កត់​សំណួរ កត់​អ្វី​ដែល​អ្នក​បាន​រក​ឃើញ​ពី​ការ​ស្រាវ​ជ្រាវ ការ​សង្ខេប​ចំណុច​សំខាន់ របៀប​ដែល​អ្នក​អាច​ប្រើ​អ្វី​ដែល​អ្នក​អាន ឬ​គ្រាន់​តែ​កត់​អំពី​អារម្មណ៍​របស់​អ្នក​ចំពោះ​អ្វី​នោះ។ អ្នក​ប្រហែល​ជា​រក​ឃើញ​ថា​ការ​កត់​កំណត់​បែប​នេះ​អាច​ជួយ​អ្នក​ឲ្យ​ចាត់​ទុក​ថា​បណ្ដាំ​ព្រះ​ជា​ដំណឹង​ពី​លោក​ចំពោះ​អ្នក​ផ្ទាល់។

៧. តើ​យើង​ត្រូវ​ការ​គុណ​សម្បត្តិ​អ្វី​ពេល​យើង​អាន ហើយ​ហេតុ​អ្វី? (​ម៉ាថាយ ២៤:១៥​)

៧ លោក​យេស៊ូ​បាន​លើក​បញ្ជាក់​អំពី​គុណ​សម្បត្តិ​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​ការ​ដើម្បី​យល់​អំពី​អ្វី​ដែល​យើង​អាន​ក្នុង​បណ្ដាំ​ព្រះ ពោល​គឺ​សមត្ថភាព​វែក​ញែក។ (​សូម​អាន ម៉ាថាយ ២៤:១៥​) តើ​សមត្ថភាព​វែក​ញែក​ជា​អ្វី? នេះ​គឺ​ជា​សមត្ថភាព​យល់​អំពី​របៀប​ដែល​គំនិត​មួយ​ជាប់​ទាក់​ទង​នឹង​គំនិត​មួយ​ទៀត​និង​របៀប​ដែល​គំនិត​ទាំង​នោះ​គឺ​ខុស​ៗ​ពី​គ្នា ព្រម​ទាំង​ការ​យល់​មេ​រៀន​ដែល​មិន​បាន​ត្រូវ​ប្រាប់​ចំ​ៗ។ បន្ថែម​ទៅ​ទៀត ដូច​លោក​យេស៊ូ​បាន​លើក​បញ្ជាក់ យើង​ត្រូវ​ការ​សមត្ថភាព​វែក​ញែក​ដើម្បី​សម្គាល់​អំពី​ព្រឹត្តិការណ៍​ដែល​សម្រេច​ទំនាយ​ក្នុង​គម្ពីរ។ យើង​ក៏​ត្រូវ​ការ​គុណ​សម្បត្តិ​នេះ ដើម្បី​យើង​អាច​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​អ្វី​ទាំង​អស់​ដែល​យើង​អាន​ក្នុង​គម្ពីរ។

៨. តើ​យើង​អាច​អាន​ដោយ​មាន​សមត្ថភាព​វែក​ញែក​យ៉ាង​ដូច​ម្ដេច?

៨ ព្រះ​យេហូវ៉ា​ឲ្យ​សមត្ថភាព​វែក​ញែក​ដល់​អ្នក​បម្រើ​លោក។ ដូច្នេះ សូម​អធិដ្ឋាន​ទៅ​លោក ហើយ​សុំ​លោក​ជួយ​អ្នក​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​នេះ។ (​សុភ. ២:៦​) តើ​អ្នក​អាច​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​អ្វី​ដែល​អ្នក​អាន ហើយ​កត់​សម្គាល់​អំពី​របៀប​ដែល​អ្វី​នោះ​ជាប់​ទាក់​ទង​នឹង​ព័ត៌មាន​ដែល​អ្នកដឹង​ស្រាប់​ហើយ។ សូម​ប្រើ​សៀវភៅ​នានា​ដែល​ជួយ​យើងសិក្សា​គម្ពីរ​ដូច​ជា ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា​ជា​ដើម។ សៀវភៅ​ទាំង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ស្វែង​យល់​អំពី​អត្ថន័យ​នៃ​ខ​គម្ពីរ​ណា​មួយ ហើយ​ឃើញ​របៀប​ដែល​អ្នក​អាច​អនុវត្ត​ខ​នោះ​ក្នុង​ជីវិត​របស់​អ្នក។ (​ហេ. ៥:១៤​) កាល​ដែល​អ្នក​អាន​ដោយ​មាន​សមត្ថភាព​វែក​ញែក អ្នក​នឹង​យល់​បទ​គម្ពីរ​កាន់​តែ​ច្បាស់​ឡើង។

ចូរ​អាន​ដើម្បី​រក​ឃើញ​ចំណេះ​វិសេស​ពី​បណ្ដាំ​ព្រះ

៩. តើ​ពួក​សាឌូស៊ី​បាន​មើល​រំលង​សេចក្ដី​ពិត​ដ៏​សំខាន់​អ្វី​ពី​បទ​គម្ពីរ?

៩ ពួក​សាឌូស៊ី​ស្គាល់​ច្បាស់​អំពី​សៀវភៅ​ប្រាំ​ក្បាល​ដំបូង​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ ប៉ុន្តែ​ពួក​គេ​មើល​រំលង​សេចក្ដី​ពិត​ដ៏​សំខាន់​ដែល​មាន​ក្នុង​សៀវភៅ​ទាំង​នោះ ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​តប​ឆ្លើយ ពេល​ពួក​សាឌូស៊ី​បាន​សួរ​លោក​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ លោក​បាន​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​មិន​ធ្លាប់​អាន​ក្នុង​កំណត់​ហេតុ​ដែល​ម៉ូសេ​បាន​សរសេរ​អំពី​គុម្ព​បន្លា​ទេ​ឬ ពេល​ដែល​ព្រះ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ខ្ញុំ​ជា​ព្រះ​របស់​អាប្រាហាំ និង​ជា​ព្រះ​របស់​អ៊ីសាក ហើយ​ជា​ព្រះ​របស់​យ៉ាកុប›?​»។ (​ម៉ាក. ១២:១៨, ២៦​) ទោះ​ជា​ពួក​សាឌូស៊ី​ប្រាកដ​ជា​បាន​អាន​កំណត់​ហេតុ​នោះ​អស់​ជា​ច្រើន​ដង​ក្ដី សំណួរ​របស់​លោក​យេស៊ូ​បាន​បង្ហាញ​ថា​ពួក​គេ​បាន​មើល​រំលង​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ គឺ​សេចក្ដី​បង្រៀន​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—ម៉ាក. ១២:២៧; លូក. ២០:៣៨

១០. តើ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ពេល​យើង​អាន​គម្ពីរ?

១០ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? ពេល​យើង​អាន យើង​ចង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ទាំង​អស់​ដែល​ខ​គម្ពីរ​មួយ​ឬ​កំណត់​ហេតុ​មួយ​អាច​បង្រៀន​យើង។ យើង​មិន​គ្រាន់​តែ​ចង់​យល់​អំពី​សេចក្ដី​បង្រៀន​បឋម​ៗ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ចង់​ដឹង​អំពី​សេចក្ដី​បង្រៀន​ជ្រាល​ជ្រៅ​និង​គោល​ការណ៍​ដែល​កប់​ជ្រៅ​មិន​ងាយ​រក​ឃើញ។

១១. តើ​អ្នក​អាច​ប្រើ​ធីម៉ូថេ​ទី២ ៣:១៦, ១៧​យ៉ាង​ដូច​ម្ដេច​ដើម្បី​រក​ឃើញ​ចំណេះ​វិសេស​ក្នុង​គម្ពីរ?

១១ តើ​អ្នក​អាច​រក​ឃើញ​ចំណេះ​វិសេស​យ៉ាង​ដូច​ម្ដេច​ពេល​អាន​គម្ពីរ? សូម​ពិចារណា​អំពី​អ្វី​ដែល​ធីម៉ូថេ​ទី២ ៣:១៦, ១៧​ចែង។ (​សូម​អាន​) ខ​នេះ​ចែង​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ . . . មាន​ប្រយោជន៍​»​សម្រាប់ (​១​)បង្រៀន (​២​)កែ​តម្រង់ (​៣​)ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ និង​(​៤​)ប្រដៅ។ អ្នក​អាច​ទទួល​ប្រយោជន៍​ទាំង​បួន​នេះ សូម្បី​តែ​ពី​សៀវភៅ​ផ្សេង​ៗ​ក្នុង​គម្ពីរ​ដែល​អ្នក​មិន​សូវ​ប្រើ​ជា​ញឹក​ញាប់​ក៏​ដោយ។ សូម​ពិនិត្យ​មើល​ថា​តើ​កំណត់​ហេតុ​នោះ​បង្រៀន​អ្នក​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា គោល​បំណង​របស់​លោក ឬ​គោល​ការណ៍​របស់​ព្រះ។ សូម​ពិចារណា​អំពី​របៀប​ដែល​កំណត់​ហេតុ​នោះ​អាច​ជួយ​អ្នក​ក្នុង​ការ​កែ​តម្រង់។ សូម​ធ្វើ​ដូច្នេះ​ដោយ​កត់​សម្គាល់​អំពី​របៀប​ដែល​ខ​គម្ពីរ​ទាំង​នោះ​ជួយ​អ្នក​ឲ្យ​ចេះ​កត់​សម្គាល់​និង​បដិសេធ​ទំនោរ​ចិត្ត​ឬ​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ ហើយ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ សូម​ពិនិត្យ​មើល​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​កំណត់​ហេតុ​នោះ​ដើម្បី​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​ឬ​កែ​ប្រែ​ទស្សនៈ​មិន​ត្រឹម​ត្រូវ។ នេះ​ប្រហែល​ជា​រួម​បញ្ចូល​ទស្សនៈ​របស់​មនុស្ស​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ម្យ៉ាង​ទៀត សូម​ស្វែង​រក​ការ​ប្រដៅ​ដែល​មាន​ក្នុង​កំណត់​ហេតុ​នោះ ដែល​អាច​បង្ហាត់​បង្រៀន​អ្នក​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា។ ពេល​អ្នក​បន្ត​ចាំ​អំពី​ប្រយោជន៍​ទាំង​បួន​នេះ អ្នក​នឹង​រក​ឃើញ​ចំណេះ​វិសេស​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​ការ​អាន​គម្ពីរ។

ចូរ​ឲ្យ​ការ​អាន​មាន​ឥទ្ធិពល​លើ​អ្នក

១២. ហេតុ​អ្វី​លោក​យេស៊ូ​បាន​សួរ​ពួក​ផារិស៊ី​ថា​៖ ‹តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​ទេ​ឬ›?

១២ លោក​យេស៊ូ​ក៏​បាន​សួរ​សំណួរ​ថា​៖ ‹តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​ទេ​ឬ?› ដើម្បី​បង្ហាញ​ថា​ពួក​ផារិស៊ី​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​បទ​គម្ពីរ។ (​ម៉ាថ. ១២:១​-​៧​)​d នៅ​ពេល​នោះ ពួក​ផារិស៊ី​បាន​អះអាង​ថា​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​បំពាន​ច្បាប់​ថ្ងៃ​ឈប់​សម្រាក។ ក្នុង​ការ​តប​ឆ្លើយ លោក​យេស៊ូ​បាន​ដក​ស្រង់​គំរូ​ពីរ​ក្នុង​បទ​គម្ពីរ ហើយ​បាន​ដក​ស្រង់​ខ​គម្ពីរ​មួយ​ពី​សៀវភៅ​ហូសេ​ដើម្បី​បង្ហាញ​ថា​ពួក​ផារិស៊ី​មិន​យល់​អំពី​មូលហេតុ​ដែល​ច្បាប់​ថ្ងៃ​ឈប់​សម្រាក​បាន​ត្រូវ​រៀបចំ​ឡើង ព្រម​ទាំង​មិន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ទេ។ ហេតុ​អ្វី​ពួក​បុរស​ទាំង​នេះ​មិន​ទទួល​ឥទ្ធិពល​ពី​ការ​អាន​បណ្ដាំ​របស់​ព្រះ? ពីព្រោះ​ពួក​គេ​អាន​ដោយ​មាន​គំនិត​រិះ​គន់​និង​មាន​អំណួត។ ចិត្ត​គំនិត​របស់​ពួក​គេ​បាន​រា​រាំង​ពួក​គេ​មិន​ឲ្យ​យល់​អ្វី​ដែល​ពួក​គេ​អាន។—ម៉ាថ. ២៣:២៣; យ៉ូន. ៥:៣៩, ៤០

១៣. តើ​យើង​គួរ​អាន​គម្ពីរ​ដោយ​មាន​ចិត្ត​គំនិត​អ្វី ហើយ​ហេតុ​អ្វី?

១៣ យើង​រៀន​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ថា យើង​ត្រូវ​អាន​គម្ពីរ​ដោយ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ ខុស​ពី​ពួក​ផារិស៊ី យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​និង​សុខ​ចិត្ត​រៀន។ យើង​ត្រូវ​‹ទទួល​ដោយ​ចិត្ត​ស្លូត​បូត​នូវ​បណ្ដាំ​របស់​ព្រះ​ដែល​បាន​ត្រូវ​ដាំ​ក្នុង​យើង›។ (​យ៉ា. ១:២១​) បើ​យើង​មាន​ចិត្ត​ស្លូត​បូត យើង​នឹង​អនុញ្ញាត​ឲ្យ​បណ្ដាំ​ព្រះ​កែ​ប្រែ​យើង។ លុះ​ត្រា​តែ​យើង​ជៀស​វាង​ពី​ចិត្ត​គំនិត​រិះ​គន់​ឬ​អំណួត ទើប​មេ​រៀន​ពី​គម្ពីរ​អំពី​សេចក្ដី​មេត្តា​ករុណា ចិត្ត​អាណិត​អាសូរ និង​សេចក្ដី​ស្រឡាញ់​មាន​ឥទ្ធិពល​លើ​យើង។

តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​យើង​កំពុង​អនុញ្ញាត​ឲ្យ​បណ្ដាំ​ព្រះ​មាន​ឥទ្ធិពល​លើ​យើង? (​សូម​មើល​វគ្គ​១៤​)e

១៤. តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​យើង​កំពុង​ឲ្យ​គម្ពីរ​មាន​ឥទ្ធិពល​លើ​យើង? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​អាច​បង្ហាញ​ថា​យើង​កំពុង​អនុញ្ញាត​ឲ្យ​បណ្ដាំ​ព្រះ​មាន​ឥទ្ធិពល​លើ​យើង​ឬ​យ៉ាង​ណា។ ពួក​ផារិស៊ី​មិន​បាន​ឲ្យ​បណ្ដាំ​ព្រះ​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​ពួក​គេ​ទេ ហើយ​ជា​លទ្ធផល​ពួក​គេ​«​បាន​ផ្ដន្ទា​ទោស​អ្នក​ដែល​គ្មាន​ទោស​»។ (​ម៉ាថ. ១២:៧​) ស្រដៀង​គ្នា​ដែរ ទស្សនៈ​និង​ការ​ប្រព្រឹត្ត​របស់​យើង​ចំពោះ​អ្នក​ឯ​ទៀត​បង្ហាញ​ថា​យើង​បាន​ឲ្យ​បណ្ដាំ​ព្រះ​មាន​ឥទ្ធិពល​លើ​យើង​ឬ​យ៉ាង​ណា។ ជា​ឧទាហរណ៍ តាម​ធម្មតា​តើ​យើង​ច្រើន​តែ​និយាយ​អំពី​ចំណុច​ល្អ​របស់​អ្នក​ឯ​ទៀត ឬ​តើ​យើង​ឆាប់​និយាយ​អំពី​គុណ​វិបត្តិ​របស់​ពួក​គេ? តើ​យើង​មាន​សេចក្ដី​មេត្តា​ករុណា​និង​បម្រុង​តែ​នឹង​អភ័យ​ទោស ឬ​តើ​យើង​រិះ​គន់​អ្នក​ឯ​ទៀត ហើយ​គុំ​កួន​នឹង​ពួក​គេ? ការ​ពិនិត្យ​ពិចារណា​ខ្លួន​ឯង​បែប​នេះ​អាច​បង្ហាញ​ថា​យើង​ឲ្យ​អ្វី​ដែល​យើង​អាន​មាន​ឥទ្ធិពល​លើ​គំនិត អារម្មណ៍ និង​ការ​ប្រព្រឹត្ត​របស់​យើង​ឬ​យ៉ាង​ណា។—១ធី. ៤:១២, ១៥; ហេ. ៤:១២

ការ​អាន​បណ្ដាំ​ព្រះ​នាំ​ឲ្យ​មាន​សុភមង្គល

១៥. តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បទ​គម្ពីរ​បរិសុទ្ធ?

១៥ លោក​យេស៊ូ​ស្រឡាញ់​បទ​គម្ពីរ​បរិសុទ្ធ ហើយ​អារម្មណ៍​របស់​លោក​ចំពោះ​បណ្ដាំ​ព្រះ​បាន​ត្រូវ​ប្រាប់​ទុក​ជា​មុន​ក្នុង​ពាក្យ​នៅ​ចម្រៀង​សរសើរ​ព្រះ ៤០:៨ ដែល​ថា​៖ ​«​ឱ​ព្រះ​របស់​ខ្ញុំ​អើយ ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក ហើយ​ច្បាប់​របស់​លោក​នៅ​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជា​និច្ច​»។ ដោយ​សារ​លោក​យេស៊ូ​ស្រឡាញ់​បទ​គម្ពីរ លោក​សប្បាយ​ចិត្ត ហើយ​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ក៏​អាច​សប្បាយ​និង​ទទួល​ជោគ​ជ័យ​ដែរ បើ​យើង​អាន​និង​រៀន​ឲ្យ​ចេះ​ស្រឡាញ់​បណ្ដាំ​ព្រះ។—ចសព. ១:១​-​៣

១៦. តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​ការ​អាន​បណ្ដាំ​ព្រះ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ពាក្យ​របស់​លោក​យេស៊ូ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​អ្វី​ដែល​អ្នក​អាន​»​)

១៦ សម​ស្រប​តាម​ប្រសាសន៍​និង​គំរូ​របស់​លោក​យេស៊ូ សូម​យើង​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការ​អាន​គម្ពីរ។ យើង​អាច​យល់​បទ​គម្ពីរ​ឲ្យ​កាន់​តែ​ច្បាស់​ជាង​ដោយ​អធិស្ឋាន អាន​យឺត​ៗ សួរ​សំណួរ និង​កត់​កំណត់​ខ្លី​ៗ។ យើង​អាច​ប្រើ​សមត្ថភាព​វែក​ញែក​ដោយ​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​យើង​អាន។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​មាន​ជំនួយ​ពី​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ យើង​អាច​រៀន​ប្រើ​គម្ពីរ​ឲ្យ​ល្អ​ប្រសើរ​ជាង​សូម្បី​តែ​បទ​គម្ពីរ​ដែល​យើង​មិន​សូវ​ស្គាល់​ក្ដី ដោយ​រក​មើល​ចំណេះ​វិសេស​ឬ​មេ​រៀន​ដ៏​មាន​តម្លៃ​ពី​កំណត់​ហេតុ​នោះ។ ម្យ៉ាង​ទៀត យើង​អាច​ឲ្យ​បណ្ដាំ​ព្រះ​មាន​ឥទ្ធិពល​លើ​យើង​ដោយ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​កាល​ដែល​យើង​អាន។ ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​អ្វី​ទាំង​នេះ យើង​នឹង​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​ការ​អាន​គម្ពីរ ហើយ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។—ចសព. ១១៩:១៧, ១៨; យ៉ា. ៤:៨

ពាក្យ​របស់​លោក​យេស៊ូ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​អ្វី​ដែល​អ្នក​អាន

  • ចូរ​ព្យាយាម​យល់​អំពី​អ្វី​ដែល​អ្នក​អាន ហើយ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​វែក​ញែក​ដើម្បី​អ្នក​អាច​ដឹង​អំពី​របៀប​អនុវត្ត។—ម៉ាថ. ២៤:១៥; លូក. ១០:២៥​-​៣៧

  • ចូរ​ពិនិត្យ​មើល​កំណត់​ហេតុ​ក្នុង​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​រក​ឃើញ​ចំណេះ​វិសេស។—ម៉ាក. ១២:១៨​-​២៧

  • ចូរ​អនុញ្ញាត​ឲ្យ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​អ្នក ហើយ​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត។—ម៉ាថ. ១២:១​-​៨

កាល​ដែល​អ្នក​អាន​គម្ពីរ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ . . .

  • យល់​អ្វី​ដែល​អ្នក​អាន?

  • រក​ឃើញ​ចំណេះ​វិសេស?

  • អនុញ្ញាត​ឲ្យ​បណ្ដាំ​ព្រះ​មាន​ឥទ្ធិពល​លើ​អ្នក?

ចម្រៀង​លេខ​៩៥ ពន្លឺ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង

a យើង​ទាំង​អស់​គ្នា​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ព្យាយាម​អាន​បណ្ដាំ​លោក​ជា​រៀង​រាល់​ថ្ងៃ។ មនុស្ស​ជា​ច្រើន​នាក់​ទៀត​ក៏​អាន​គម្ពីរ​ដែរ ប៉ុន្តែ​ពួក​គេ​មិន​យល់​ច្បាស់​អំពី​អ្វី​ដែល​ពួក​គេ​អាន​ឡើយ។ មនុស្ស​ខ្លះ​នៅ​សម័យ​របស់​លោក​យេស៊ូ​ក៏​ដូច្នេះ​ដែរ។ ដោយ​ពិចារណា​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​ដែល​អាន​បណ្ដាំ​ព្រះ យើង​នឹង​ទាញ​យក​មេ​រៀន​ដែល​អាច​ជួយ​យើង​ឲ្យ​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​ការ​អាន​គម្ពីរ។

b នៅ​ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក​និង​បាន​ត្រូវ​រើស​តាំង​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ លោក​ទំនង​ជា​បាន​នឹក​ឃើញ​ឡើង​វិញ​អំពី​ជីវិត​របស់​លោក​នៅ​ស្ថាន​សួគ៌។—ម៉ាថ. ៣:១៦

c ម៉ារៀ​បាន​ស្គាល់​បទ​គម្ពីរ​យ៉ាង​ច្បាស់ ហើយ​ប្រើ​បទ​គម្ពីរ​ទាំង​នោះ។ (​លូក. ១:៤៦​-​៥៥​) យ៉ូសែប​និង​ម៉ារៀ​ទំនង​ជា​មិន​មាន​លទ្ធភាព​ទិញ​ឯកសារ​ចម្លង​នៃ​បទ​គម្ពីរ​ទេ។ ពួក​គាត់​ច្បាស់​ជា​បាន​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពេល​ដែល​គេ​អាន​បណ្ដាំ​របស់​ព្រះ​នៅ​សាលា​ប្រជុំ ដើម្បី​ពួក​គាត់​អាច​នឹក​ចាំ​អ្វី​ទាំង​នោះ​នៅ​ពេល​ក្រោយ​មក។

d សូម​មើល​ផង​ដែរ​នូវ​ម៉ាថាយ ១៩:៤​-​៦។ នៅ​ទី​នោះ​លោក​យេស៊ូ​បាន​សួរ​ពួក​ផារិស៊ី​នូវ​សំណួរ​ដូច​គ្នា គឺ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​ទេ?​»។ ទោះ​ជា​ពួក​គេ​បាន​អាន​កំណត់​ហេតុ​អំពី​ការ​បង្កើត​ក្ដី ពួក​គេ​បាន​រំលង​អ្វី​ដែល​កំណត់​ហេតុ​នោះ​បាន​បង្រៀន​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​អាពាហ៍ពិពាហ៍។

e ការ​ពណ៌នា​អំពី​រូប​ភាព: ក្នុង​អំឡុង​កិច្ច​ប្រជុំ​នៅ​សាល​ប្រជុំ បង​ប្រុស​ម្នាក់​ដែល​ជួយ​កិច្ច​ការ​ខាង​សំឡេង​ធ្វើ​ខុស​ផ្សេង​ៗ។ ប៉ុន្តែ​ក្រោយ​ពី​កិច្ច​ប្រជុំ បង​ប្អូន​ប្រុស​សរសើរ​គាត់​ចំពោះ​ការ​ខំ​ប្រឹង​របស់​គាត់ ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​របស់​គាត់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក