អត្ថបទសិក្សា ៨
«ចូរដឹងខ្លួនជានិច្ចហើយប្រុងប្រយ័ត្នចុះ!»
«ចូរដឹងខ្លួនជានិច្ច ហើយប្រុងប្រយ័ត្នចុះ!»។—១ពេ. ៥:៨
ចម្រៀងលេខ១៤៤ ចូរផ្ដោតអារម្មណ៍លើរង្វាន់!
សេចក្ដីសង្ខេបa
១. តើលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកយ៉ាងណាអំពីពេលដែលទីបញ្ចប់នឹងមកដល់ ហើយតើលោកបានព្រមានអ្វីដល់ពួកគេ?
ប៉ុន្មានថ្ងៃមុនលោកយេស៊ូស្លាប់ ពួកអ្នកកាន់តាមបួននាក់របស់លោកបានសួរលោកថា៖ «តើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់ . . . [អំពី]គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។ (ម៉ាថ. ២៤:៣) ពួកអ្នកកាន់តាមទាំងនេះទំនងជាឆ្ងល់អំពីរបៀបដែលពួកគេអាចដឹងថាពេលណាដែលក្រុងយេរូសាឡិមនិងវិហារនៅក្រុងនោះនឹងត្រូវបំផ្លាញចោល។ ក្នុងចម្លើយរបស់លោកយេស៊ូ លោកមិនគ្រាន់តែលើកឡើងអំពីទីបញ្ចប់នៃរបៀបរបបជនជាតិយូដាប៉ុណ្ណោះទេ ប៉ុន្តែលោកក៏លើកឡើងអំពី«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»ដែលយើងកំពុងរស់នៅផងដែរ។ ស្ដីអំពីពេលវេលាដែលទីបញ្ចប់នឹងមកដល់ លោកយេស៊ូបានមានប្រសាសន៍ថា៖ «គ្មានអ្នកណាដឹងថ្ងៃនិងម៉ោងនោះឡើយ សូម្បីតែបណ្ដាទេវតានៅស្ថានសួគ៌ និងបុត្ររបស់ព្រះក៏មិនជ្រាបដែរ មានតែបិតានៅស្ថានសួគ៌ប៉ុណ្ណោះដែលជ្រាប»។ រួចមក លោកបានព្រមានពួកអ្នកកាន់តាមទាំងអស់របស់លោកឲ្យបន្ដ«ប្រុងប្រយ័ត្ន»និង«ចាំយាម»។—ម៉ាក. ១៣:៣២-៣៧
២. ហេតុអ្វីគឺជាការសំខាន់ឲ្យគ្រិស្តសាសនិកដែលរស់នៅសតវត្សរ៍ទី១ចាំយាម?
២ គ្រិស្តសាសនិកជនជាតិយូដានៅសតវត្សរ៍ទី១ត្រូវចាំយាមដើម្បីរួចជីវិត។ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកអំពីអ្វីដែលពួកគេនឹងសង្កេតឃើញដើម្បីដឹងថាពេលណារបៀបរបបនៃជនជាតិយូដាជិតដល់ទីបញ្ចប់។ លោកបានមានប្រសាសន៍ថា៖ «ពេលដែលអ្នករាល់គ្នាឃើញកងទ័ពបោះជំរំជុំវិញក្រុងយេរូសាឡិម ចូរដឹងថានាងជិតត្រូវបំផ្លិចបំផ្លាញហើយ»។ នៅពេលនោះ ពួកគេត្រូវធ្វើតាមការព្រមានរបស់លោកយេស៊ូ ហើយ«ចាប់ផ្ដើមរត់ទៅតំបន់ភ្នំ»។ (លូក. ២១:២០, ២១) ពួកអ្នកដែលធ្វើតាមការព្រមាននេះបានរួចជីវិត ពេលដែលពួករ៉ូមបានបំផ្លាញចោលក្រុងយេរូសាឡិម។
៣. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៣ សព្វថ្ងៃនេះ យើងកំពុងរស់នៅគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកដ៏ទុច្ចរិតនេះ។ ដូច្នេះ យើងក៏ត្រូវដឹងខ្លួនជានិច្ចនិងចាំយាមដែរ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចមានតុល្យភាពកាលដែលយើងពិនិត្យមើលព្រឹត្តិការណ៍ដែលកំពុងកើតឡើងក្នុងពិភពលោក អ្វីដែលនឹងជួយយើងមិនឲ្យភ្លេចខ្លួនឲ្យសោះ និងរបៀបដែលយើងអាចប្រើពេលវេលាដែលនៅសល់ឲ្យកើតប្រយោជន៍ច្រើនបំផុត។
ចូរមានតុល្យភាពកាលដែលយើងមើលព្រឹត្តិការណ៍ពិភពលោក
៤. ហេតុអ្វីយើងគួរចាប់អារម្មណ៍ចង់ដឹងអំពីរបៀបដែលព្រឹត្តិការណ៍ថ្មីៗក្នុងពិភពលោកនេះកំពុងសម្រេចទំនាយក្នុងគម្ពីរ?
៤ មានមូលហេតុល្អដែលយើងចាប់អារម្មណ៍ចំពោះរបៀបដែលព្រឹត្តិការណ៍ថ្មីៗក្នុងពិភពលោកនេះកំពុងសម្រេចទំនាយក្នុងគម្ពីរ។ ជាឧទាហរណ៍ លោកយេស៊ូបានប្រាប់អ្វីមួយចំនួនដែលនឹងកើតឡើងដើម្បីជួយយើងឲ្យដឹងថាពេលណាទីបញ្ចប់នៃរបៀបរបបពិភពលោករបស់សាថានជិតមកដល់។ (ម៉ាថ. ២៤:៣-១៤) សាវ័កពេត្រុសបានលើកទឹកចិត្តយើងឲ្យយកចិត្តទុកដាក់ចំពោះការសម្រេចនៃទំនាយក្នុងគម្ពីរដើម្បីឲ្យជំនឿរបស់យើងនៅរឹងមាំ។ (២ពេ. ១:១៩-២១) សៀវភៅចុងក្រោយនៅក្នុងគម្ពីរចាប់ផ្ដើមដោយពាក្យថា៖ «ការបើកបង្ហាញដោយលោកយេស៊ូគ្រិស្ត ជាអ្វីដែលព្រះបានផ្ដល់ឲ្យលោក ដើម្បីបង្ហាញពួកខ្ញុំបម្រើរបស់លោកឲ្យឃើញអ្វីដែលត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ»។ (បប. ១:១) ដូច្នេះ យើងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ថ្មីៗក្នុងពិភពលោកនេះ ហើយចង់ដឹងអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះអាចសម្រេចទំនាយនៅក្នុងគម្ពីរ។ យ៉ាងនេះ យើងប្រហែលជាចង់ពិភាក្សាអំពីព្រឹត្តិការណ៍ទាំងនេះជាមួយបងប្អូនយើង។
ពេលពិគ្រោះទំនាយក្នុងគម្ពីរ តើយើងគួរជៀសវាងពីអ្វី ហើយតើយើងគួរធ្វើអ្វី? (សូមមើលវគ្គ៥)b
៥. តើយើងគួរជៀសវាងពីអ្វី តែតើយើងគួរធ្វើអ្វី? (សូមមើលរូបភាពផងដែរ)
៥ ប៉ុន្តែ ពេលយើងពិគ្រោះទំនាយក្នុងគម្ពីរ យើងគួរជៀសវាងពីការប៉ាន់ស្មាន។ ហេតុអ្វី? ពីព្រោះយើងមិនចង់និយាយអ្វីដែលអាចនាំឲ្យក្រុមជំនុំបែកបាក់សាមគ្គីឡើយ។ ជាឧទាហរណ៍ យើងប្រហែលជាឮពួកអ្នកដឹកនាំពិភពលោកនិយាយអំពីរបៀបដែលពួកគេអាចដោះស្រាយជម្លោះណាមួយ ហើយនាំមកនូវសន្តិភាពនិងសន្តិសុខ។ ជាជាងប៉ាន់ស្មានថាពាក្យទាំងនោះកំពុងសម្រេចទំនាយនៅថែស្សាឡូនិចទី១ ៥:៣ យើងត្រូវស្វែងយល់ព័ត៌មានដែលបានត្រូវចេញផ្សាយនៅពេលថ្មីៗនេះ។ ពេលការពិគ្រោះរបស់យើងមានមូលដ្ឋានលើព័ត៌មានដែលបានត្រូវចេញផ្សាយពីអង្គការរបស់ព្រះយេហូវ៉ា យើងជួយក្រុមជំនុំឲ្យរក្សាសាមគ្គីភាពដោយមាន«របៀបគិតគូរតែមួយ»។—១កូ. ១:១០; ៤:៦
៦. តើយើងអាចទាញយកមេរៀនអ្វីខ្លះពីពេត្រុសទី២ ៣:១១-១៣?
៦ សូមអាន ពេត្រុសទី២ ៣:១១-១៣។ សាវ័កពេត្រុសជួយយើងឲ្យមានទស្សនៈត្រឹមត្រូវពេលគិតពិចារណាទំនាយក្នុងគម្ពីរ។ គាត់បានលើកទឹកចិត្តយើងឲ្យ«ចាំជាប់ជានិច្ចនូវការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា»។ ហេតុអ្វី? មិនមែនដោយសារយើងព្យាយាមចង់ដឹង«ថ្ងៃនិងម៉ោង»ដែលព្រះយេហូវ៉ានឹងនាំមកនូវសង្គ្រាមអាម៉ាគេដូនទេ ប៉ុន្តែដោយសារយើងចង់ប្រើពេលវេលាដែលនៅសល់ដើម្បី«មានការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ»។ (ម៉ាថ. ២៤:៣៦; លូក. ១២:៤០) និយាយឲ្យស្រួលយល់ យើងចង់រក្សាការប្រព្រឹត្តត្រឹមត្រូវ ហើយប្រាកដថាការខំព្យាយាមរបស់យើងក្នុងកិច្ចបម្រើព្រះយេហូវ៉ាបង្ហាញអំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់យើងចំពោះលោក។ ដើម្បីបន្ដផ្ចង់អារម្មណ៍ចំពោះអ្វីទាំងនេះ យើងមិនត្រូវភ្លេចខ្លួនឲ្យសោះ។
តើការមិនភ្លេចខ្លួនឲ្យសោះមានន័យយ៉ាងណា?
៧. តើយើងបង្ហាញយ៉ាងណាថាយើងមិនភ្លេចខ្លួនឲ្យសោះ? (លូកា ២១:៣៤)
៧ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកមិនឲ្យភ្លេចខ្លួនឲ្យសោះ មិនគ្រាន់តែចំពោះព្រឹត្តិការណ៍ក្នុងពិភពលោកប៉ុណ្ណោះទេ តែក៏ចំពោះខ្លួនឯងដែរ។ ចំណុចនេះបានត្រូវបញ្ជាក់យ៉ាងច្បាស់ក្នុងការព្រមាននៅលូកា ២១:៣៤។ (សូមអាន) សូមកត់សម្គាល់ពាក្យរបស់លោកយេស៊ូដែលថា៖ «កុំភ្លេចខ្លួនឲ្យសោះ»។ បុគ្គលដែលមិនភ្លេចខ្លួនប្រុងប្រយ័ត្ននឹងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ខូចចំណងមិត្តភាពរបស់គាត់ជាមួយព្រះយេហូវ៉ា ហើយគាត់ព្យាយាមជៀសវាងពីអ្វីទាំងនោះ។ យ៉ាងនេះ គាត់រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។—សុភ. ២២:៣; យូ. ២០, ២១
៨. តើសាវ័កប៉ូលបានប្រាប់គ្រិស្តសាសនិកឲ្យធ្វើអ្វី?
៨ សាវ័កប៉ូលបានប្រាប់គ្រិស្តសាសនិកមិនឲ្យភ្លេចខ្លួនឲ្យសោះ។ ជាឧទាហរណ៍ គាត់បានប្រាប់គ្រិស្តសាសនិកនៅក្រុងអេភេសូរថា៖ «ចូរយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្តរបស់ខ្លួន កុំប្រព្រឹត្តដូចមនុស្សឥតប្រាជ្ញា តែប្រព្រឹត្តដូចមនុស្សដែលមានប្រាជ្ញាវិញ»។ (អេភ. ៥:១៥, ១៦) សាថានតែងតែព្យាយាមបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា ដូច្នេះគម្ពីរលើកទឹកចិត្តយើងឲ្យ«ខំព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា» ដើម្បីយើងអាចការពារខ្លួនពីការវាយប្រហារទាំងអស់របស់សាថាន។—អេភ. ៥:១៧
៩. តើយើងអាចយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ាចំពោះយើងយ៉ាងដូចម្ដេច?
៩ គម្ពីរមិនប្រាប់យើងអំពីអ្វីទាំងអស់ដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ាឡើយ។ យើងច្រើនតែត្រូវធ្វើការសម្រេចចិត្តអំពីរឿងផ្សេងៗដែលគម្ពីរមិនប្រាប់ចំៗ។ ដើម្បីធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ យើងត្រូវយល់ឬដឹងអំពី«បំណងប្រាថ្នារបស់ព្រះយេហូវ៉ា»។ យើងអាចធ្វើដូច្នេះដោយសិក្សានិងរំពឹងគិតអំពីបណ្ដាំព្រះជាទៀងទាត់។ កាលដែលយើងកាន់តែយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ហើយព្យាយាមមាន«ចិត្តគំនិតរបស់គ្រិស្ត» យើងនឹងកាន់តែប្រព្រឹត្តដូច«មនុស្សដែលមានប្រាជ្ញា» សូម្បីតែពេលដែលយើងមិនមានច្បាប់ជាក់លាក់ដើម្បីណែនាំការប្រព្រឹត្តរបស់យើងក្ដី។ (១កូ. ២:១៤-១៦) គ្រោះថ្នាក់ខ្លះងាយស្រួលកត់សម្គាល់ រីឯគ្រោះថ្នាក់ខ្លះទៀតមិនងាយកត់សម្គាល់ទេ។
១០. តើមានគ្រោះថ្នាក់អ្វីខ្លះដែលយើងត្រូវជៀសវាង?
១០ មានគ្រោះថ្នាក់ខ្លះដែលយើងត្រូវជៀសវាងរួមមានការចែចង់ ការផឹកស្រានិងបរិភោគហួសប្រមាណ ការនិយាយសម្ដីដែលធ្វើឲ្យឈឺចិត្ត ការមើលការកម្សាន្តដែលឃោរឃៅ ការមើលរូបអាសអាភាស និងអ្វីៗដែលស្រដៀងនឹងនេះ។ (ចសព. ១០១:៣) មេកំណាចដែលជាសត្រូវរបស់យើងតែងតែរកឱកាសដើម្បីបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ (១ពេ. ៥:៨) បើយើងមិនប្រុងប្រយ័ត្ន សាថានអាចបណ្ដុះគ្រាប់ពូជនៅក្នុងចិត្តនិងគំនិតរបស់យើងដូចជាការឈ្នានីស ភាពមិនទៀងត្រង់ ការលោភលន់ ការស្អប់ អំណួត និងការគុំកួន។ (កាឡ. ៥:១៩-២១) ដំបូង ទំនោរចិត្តទាំងនេះប្រហែលជាមិនខ្លាំងទេ។ ប៉ុន្តែ បើយើងមិនព្រមចាត់វិធានការភ្លាមៗដើម្បីបំបាត់វាចោលទេ វានឹងបន្ដដុះឡើងដូចជារុក្ខជាតិដែលមានជាតិពុល ហើយបង្កបញ្ហា។—យ៉ា. ១:១៤, ១៥
១១. តើអ្វីជាគ្រោះថ្នាក់មួយដែលមិនងាយកត់សម្គាល់ ហើយហេតុអ្វី?
១១ គ្រោះថ្នាក់មួយដែលមិនងាយកត់សម្គាល់គឺការសេពគប់អាក្រក់។ សូមគិតអំពីស្ថានភាពនេះ។ អ្នកធ្វើការជាមួយបុគ្គលម្នាក់ដែលមិនមែនជាសាក្សីព្រះយេហូវ៉ា។ អ្នកចង់ឲ្យគាត់គិតល្អអំពីសាក្សីព្រះយេហូវ៉ា ដូច្នេះអ្នកបង្ហាញសេចក្ដីសប្បុរសនិងចេះជួយយកអាសា។ អ្នកក៏ប្រហែលជាយល់ព្រមបរិភោគអាហារថ្ងៃត្រង់ជាមួយបុគ្គលនោះម្ដងម្កាល។ មិនយូរក្រោយមក អ្នកចាប់ផ្ដើមធ្វើដូច្នេះជាមួយគាត់ជាទៀងទាត់។ ជួនកាល គាត់និយាយអំពីរឿងអសីលធម៌។ ដំបូងអ្នកមិនចូលចិត្តទេ។ ប៉ុន្តែក្រោយមក អ្នកបានឮពាក្យនោះច្រើនដងរហូតដល់ស៊ាំលែងទើសចិត្ត។ បន្ទាប់មក នៅថ្ងៃមួយអ្នករួមការងារនោះបបួលអ្នកទៅផឹកក្រោយពីធ្វើការ ហើយអ្នកព្រមទៅ។ នៅទីបំផុត អ្នកចាប់ផ្ដើមមានរបៀបគិតគូរដូចអ្នករួមការងាររបស់អ្នក។ មិនយូរទៀត អ្នកនឹងចាប់ផ្ដើមប្រព្រឹត្តដូចអ្នករួមការងារនោះ។ ពិតមែនថាយើងបង្ហាញសេចក្ដីសប្បុរសនិងបង្ហាញការគោរពចំពោះមនុស្សទាំងអស់ ប៉ុន្តែយើងត្រូវចាំថាយើងនឹងទទួលឥទ្ធិពលយ៉ាងខ្លាំងពីពួកអ្នកដែលយើងសេពគប់ជាមួយ។ (១កូ. ១៥:៣៣) បើយើងមិនភ្លេចខ្លួនឲ្យសោះដូចដែលលោកយេស៊ូបានលើកទឹកចិត្តយើងឲ្យធ្វើ យើងនឹងជៀសវាងពីការសេពគប់ដែលមិនចាំបាច់ជាមួយពួកអ្នកដែលមិនមានរបៀបរស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ (២កូ. ៦:១៥) យើងនឹងចេះសម្គាល់ថាអ្វីជាគ្រោះថ្នាក់ ហើយជៀសវាងពីគ្រោះថ្នាក់នោះ។
ចូរប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត
១២. តើពួកអ្នកកាន់តាមលោកយេស៊ូត្រូវធ្វើអ្វីកាលដែលពួកគេទន្ទឹងរង់ចាំឲ្យទីបញ្ចប់មកដល់?
១២ លោកយេស៊ូចង់ឲ្យពួកអ្នកកាន់តាមលោកជាប់រវល់កាលដែលពួកគេទន្ទឹងរង់ចាំឲ្យទីបញ្ចប់មកដល់។ លោកបានប្រគល់កិច្ចការឲ្យពួកគេ។ លោកបានបង្គាប់ពួកគេឲ្យផ្សព្វផ្សាយដំណឹងល្អ«នៅក្រុងយេរូសាឡិម នៅតំបន់យូឌាទាំងមូល នៅទូទាំងស្រុកសាម៉ារី និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្ម. ១:៦-៨) នោះគឺជាកិច្ចការដ៏ច្រើនមែន! ដោយខំអស់ពីសមត្ថភាពរបស់ពួកគេដើម្បីផ្សព្វផ្សាយដល់អ្នកឯទៀត ពួកគេបានប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត។
១៣. ហេតុអ្វីយើងត្រូវប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត? (កូឡុស ៤:៥)
១៣ សូមអាន កូឡុស ៤:៥។ ដើម្បីមិនភ្លេចខ្លួនឲ្យសោះ យើងត្រូវគិតអំពីរបៀបដែលយើងប្រើពេលវេលា។ «ហេតុការណ៍ដែលមិនបានរំពឹងទុក»អាចកើតឡើងចំពោះយើងទាំងអស់គ្នា។ (អទ. ៩:១១) យើងអាចបាត់បង់ជីវិតដោយមិនដឹងទុកជាមុន។
តើយើងអាចប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុតយ៉ាងដូចម្ដេច? (សូមមើលវគ្គ១៤-១៥)
១៤-១៥. តើតាមរបៀបណាយើងអាចប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត? (ហេប្រឺ ៦:១១, ១២) (សូមមើលរូបភាពផងដែរ)
១៤ យើងអាចប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុតដោយធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ានិងពង្រឹងចំណងមិត្តភាពរបស់យើងជាមួយលោក។ (យ៉ូន. ១៤:២១) យើងត្រូវ‹ពង្រឹងជំហរឲ្យមាំមួនឡើង និងមិនត្រូវរង្គោះរង្គើឡើយ ហើយជាប់រវល់ជានិច្ចក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់›។ (១កូ. ១៥:៥៨) យ៉ាងនេះពេលទីបញ្ចប់មកដល់ មិនថាទីបញ្ចប់នៃជីវិតរបស់យើងឬទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏ទុច្ចរិតនេះក្ដី យើងនឹងមិនស្ដាយក្រោយសោះ។—ម៉ាថ. ២៤:១៣; រ៉ូម ១៤:៨
១៥ សព្វថ្ងៃនេះ លោកយេស៊ូបន្តណែនាំពួកអ្នកកាន់តាមលោក កាលដែលពួកគេផ្សព្វផ្សាយអំពីរាជាណាចក្រព្រះនៅទូទាំងផែនដី។ លោកបានធ្វើតាមសេចក្ដីសន្យារបស់លោក។ តាមរយៈអង្គការព្រះយេហូវ៉ា លោកយេស៊ូបង្ហាត់បង្រៀនយើងអំពីរបៀបផ្សព្វផ្សាយ ហើយលោកផ្ដល់ឲ្យយើងនូវឧបករណ៍ផ្សេងៗដែលយើងត្រូវការដើម្បីផ្សាយដំណឹងល្អ។ (ម៉ាថ. ២៨:១៨-២០) យើងធ្វើអ្វីដែលលោកយេស៊ូតម្រូវពីយើងដោយខំប្រឹងផ្សព្វផ្សាយនិងបង្រៀនអ្នកឯទៀត ហើយដោយចាំយាមពេលដែលយើងទន្ទឹងរង់ចាំព្រះយេហូវ៉ាបំផ្លាញរបៀបរបបពិភពលោកនេះ។ ដោយធ្វើតាមយោបល់នៅហេប្រឺ ៦:១១, ១២ យើងនឹងរក្សាសេចក្ដីសង្ឃឹមរបស់យើងឲ្យនៅរឹងមាំ«រហូតដល់ទីបញ្ចប់»។—សូមអាន
១៦. តើយើងតាំងចិត្តធ្វើអ្វី?
១៦ ព្រះយេហូវ៉ាបានសម្រេចចិត្តថាពេលណាលោកនឹងបំផ្លាញរបៀបរបបពិភពលោករបស់សាថាន។ ពេលថ្ងៃនោះមកដល់ ព្រះយេហូវ៉ានឹងសម្រេចទំនាយទាំងអស់ដែលលោកបានកត់ទុកក្នុងគម្ពីរ។ ទម្រាំដល់ពេលនោះ ពេលខ្លះយើងប្រហែលជាគិតថាទីបញ្ចប់នៅយូរទៀត។ ប៉ុន្តែ ថ្ងៃរបស់ព្រះយេហូវ៉ានឹងមក«ឥតយឺតឡើយ!»។ (ហាប. ២:៣) ដូច្នេះ សូមឲ្យយើងតាំងចិត្ត«ទន្ទឹងចាំព្រះយេហូវ៉ា» ជា«ព្រះនៃសេចក្ដីសង្គ្រោះរបស់[យើង]ដោយចិត្តអត់ធ្មត់»។—មីកា ៧:៧
ចម្រៀងលេខ១៣៩ សូមស្រមៃឃើញខ្លួននៅពិភពលោកថ្មី
a ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចដឹងខ្លួនជានិច្ចកាលដែលយើងមើលអ្វីដែលកំពុងកើតឡើងក្នុងពិភពលោក។ បន្ថែមទៅទៀត យើងនឹងពិចារណាអំពីរបៀបមិនឲ្យភ្លេចខ្លួនឲ្យសោះ និងរបៀបដែលយើងអាចប្រើពេលវេលារបស់យើងឲ្យកើតប្រយោជន៍ច្រើនបំផុត។
b ការពណ៌នាអំពីរូបភាព: (ខាងលើ) ប្ដីប្រពន្ធមួយគូមើលព័ត៌មាន។ បន្ទាប់មក ក្រោយពីកិច្ចប្រជុំ ពួកគេប្រកាន់មតិរបស់ខ្លួនខ្លាំងអំពីអត្ថន័យនៃព្រឹត្តិការណ៍ក្នុងព័ត៌មាននោះ។ (ខាងក្រោម) ប្ដីប្រពន្ធមួយគូមើលរបាយការណ៍ថ្មីពីគណៈអភិបាលដើម្បីដឹងការយល់ដឹងថ្មីបំផុតអំពីទំនាយក្នុងគម្ពីរ។ ពួកគេស្នើផ្ដល់សៀវភៅដែលមានមូលដ្ឋានលើគម្ពីរដែលខ្ញុំបម្រើដ៏ស្មោះត្រង់បានផ្ដល់ឲ្យ។