អត្ថបទសិក្សា ២២
ចូរបន្តធ្វើដំណើរតាម«ផ្លូវបរិសុទ្ធ»
«នៅទីនោះនឹងមានផ្លូវធំមួយ គឺ . . . ផ្លូវបរិសុទ្ធ»។—អេ. ៣៥:៨
ចម្រៀងលេខ៣១ ចូរដើរជាមួយនឹងព្រះ!
សេចក្ដីសង្ខេបa
១-២. តើជនជាតិយូដាដែលរស់នៅបាប៊ីឡូនត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់អ្វី? (អែសរ៉ា ១:២-៤)
ស្ដេចបានចេញសេចក្ដីប្រកាសមួយគឺថា៖ ជនជាតិយូដាដែលបានធ្វើជាឈ្លើយសឹកនៅបាប៊ីឡូនអស់ប្រហែលជា៧០ឆ្នាំ បានត្រូវដោះលែងឲ្យត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ គឺស្រុកអ៊ីស្រាអែល។ (សូមអាន អែសរ៉ា ១:២-៤) មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចសម្រេចរឿងនេះ។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? តាមធម្មតា ពួកបាប៊ីឡូនមិនដោះលែងឈ្លើយសឹកទេ។ (អេ. ១៤:៤, ១៧) ប៉ុន្តែ បាប៊ីឡូនបានដួលរលំ ហើយអ្នកគ្រប់គ្រងថ្មីបានប្រាប់ជនជាតិយូដាថាពួកគេអាចចេញពីស្រុកនោះ។ ហេតុនេះ ជនជាតិយូដាទាំងអស់ ជាពិសេសប្រមុខគ្រួសារត្រូវធ្វើការសម្រេចចិត្តថា គួរចាកចេញពីបាប៊ីឡូនឬបន្តនៅទីនោះ។ ការសម្រេចចិត្តនេះប្រហែលជាមិនងាយស្រួលទេ។ ហេតុអ្វី?
២ ដោយសារភាពចាស់ជរា បណ្ដាជនជាច្រើនប្រហែលជាពិបាកធ្វើដំណើរដ៏ឆ្ងាយនោះ។ ម្យ៉ាងទៀត ដោយសារជនជាតិយូដាភាគច្រើនបានកើតនៅស្រុកបាប៊ីឡូន ពួកគេមិនដែលរស់នៅកន្លែងផ្សេងទៀតឡើយ។ ចំពោះពួកគេ ស្រុកអ៊ីស្រាអែលគឺជាទឹកដីរបស់បុព្វបុរសពួកគេ។ តាមមើលទៅ ជនជាតិយូដាខ្លះបានទៅជាអ្នកមានស្ដុកស្ដម្ភនៅបាប៊ីឡូន។ ដូច្នេះពួកគេពិបាកចាកចេញពីផ្ទះដ៏ស្រណុកសុខស្រួលឬមុខរបររបស់ពួកគេ ហើយរស់នៅទឹកដីដែលពួកគេមិនធ្លាប់ស្គាល់។
៣. តើជនជាតិយូដាដ៏ស្មោះត្រង់ដែលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញនឹងទទួលពរអ្វី?
៣ ជនជាតិយូដាដ៏ស្មោះត្រង់ដឹងថាការត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ គឺមានប្រយោជន៍ច្រើនជាងការលះបង់ណាក៏ដោយដែលពួកគេនឹងធ្វើ។ ប្រយោជន៍ដ៏អស្ចារ្យបំផុតគឺជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍របស់ពួកគេ។ នៅក្រុងបាប៊ីឡូន វិហាររបស់សាសនាមិនពិតមានជាង៥០ ក៏ប៉ុន្តែគ្មានវិហាររបស់ព្រះយេហូវ៉ានៅក្រុងនោះទេ។ ម្យ៉ាងទៀត ក៏គ្មានទីបូជាដែលជនជាតិអ៊ីស្រាអែលអាចជូនគ្រឿងបូជាដែលច្បាប់ម៉ូសេតម្រូវឲ្យធ្វើ ហើយគ្មានការរៀបចំឲ្យពួកសង្ឃជូនគ្រឿងបូជាទាំងនោះដែរ។ បន្ថែមទៅទៀត បណ្ដាជនក្នុងក្រុងនោះដែលគោរពបូជាព្រះមិនពិតមានច្រើនជាងពួកអ្នកគោរពព្រះយេហូវ៉ាឬធ្វើតាមខ្នាតតម្រារបស់លោក។ ដូច្នេះ ជនជាតិយូដារាប់ពាន់នាក់ដែលស្រឡាញ់ព្រះយេហូវ៉ាទន្ទឹងរង់ចាំត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ជាកន្លែងដែលពួកគេអាចស្ដារការគោរពប្រណិប័តន៍ពិតឡើងវិញ។
៤. តើព្រះយេហូវ៉ាបានសន្យាផ្ដល់ជំនួយអ្វីដល់ជនជាតិយូដាដែលត្រឡប់ទៅស្រុកអ៊ីស្រាអែល?
៤ ការធ្វើដំណើរដ៏ពិបាកពីបាប៊ីឡូនទៅស្រុកអ៊ីស្រាអែលអាចតម្រូវឲ្យចំណាយពេលប្រហែលជាបួនខែ ប៉ុន្តែព្រះយេហូវ៉ាបានសន្យាថាឧបសគ្គណាក៏ដោយដែលមើលទៅរារាំងការធ្វើដំណើររបស់ពួកគេនឹងត្រូវដកចេញ។ អេសាយបានសរសេរថា៖ «ចូររៀបចំផ្លូវទទួលព្រះយេហូវ៉ា! ចូរធ្វើឲ្យមានផ្លូវធំត្រង់ភ្លឹងកាត់តាមតំបន់ស្ងាត់ជ្រងំ សម្រាប់ព្រះនៃយើង។ . . . ឯដីក្រហេងក្រហូង ត្រូវចាក់បំពេញឲ្យស្មើ ហើយដីរដិបរដុប ត្រូវធ្វើឲ្យរាបចុះ»។ (អេ. ៤០:៣, ៤) សូមស្រមៃឃើញអំពីនេះ៖ មានផ្លូវធំរាបស្មើមួយកាត់តាមតំបន់ស្ងាត់ជ្រងំរវាងភ្នំផ្សេងៗ។ អ្នកដំណើរនឹងចូលចិត្តធ្វើដំណើរតាមផ្លូវនោះ។ ការធ្វើដំណើរតាមផ្លូវធំត្រង់ ជាជាងឡើងចុះភ្នំ ទីទួល ឬជ្រលងភ្នំ នឹងស្រួលជាងសម្រាប់ពួកគេ។ ម្យ៉ាងទៀត ការធ្វើដំណើរនោះក៏នឹងលឿនជាងផងដែរ។
៥. តើផ្លូវធំក្នុងន័យធៀបពីបាប៊ីឡូនទៅអ៊ីស្រាអែលមានឈ្មោះអ្វី?
៥ ផ្លូវធំជាច្រើននៅសព្វថ្ងៃនេះបានត្រូវសម្គាល់តាមឈ្មោះឬលេខរបស់វា។ ផ្លូវធំក្នុងន័យធៀបដែលអេសាយបានសរសេរក៏មានឈ្មោះដែរ។ យើងអានថា៖ «នៅទីនោះនឹងមានផ្លូវធំមួយ គឺជាផ្លូវដែលគេហៅថាផ្លូវបរិសុទ្ធ មនុស្សមិនស្អាតបរិសុទ្ធនឹងមិនអាចដើរលើផ្លូវនោះទេ»។ (អេ. ៣៥:៨) តើសេចក្ដីសន្យានេះមានន័យយ៉ាងណាចំពោះជនជាតិអ៊ីស្រាអែលនៅសម័យនោះ ហើយតើនេះមានន័យយ៉ាងណាចំពោះយើងនៅសព្វថ្ងៃនេះ?
«ផ្លូវបរិសុទ្ធ»នៅសម័យមុននិងនៅសព្វថ្ងៃនេះ
៦. ហេតុអ្វីផ្លូវនេះបានត្រូវហៅថាបរិសុទ្ធ?
៦ «ផ្លូវបរិសុទ្ធ»គឺជាឈ្មោះដ៏ពីរោះសម្រាប់ផ្លូវធំ។ ហេតុអ្វីផ្លូវនេះបានត្រូវហៅថាបរិសុទ្ធ? ពីព្រោះ«មនុស្សមិនស្អាតបរិសុទ្ធ» ពោលគឺជនជាតិយូដាណាក៏ដោយដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ គោរពបូជារូបព្រះ ឬប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរផ្សេងទៀតនឹងមិនត្រូវអនុញ្ញាតឲ្យនៅក្នុងស្រុកអ៊ីស្រាអែលទេ។ ជនជាតិយូដាដែលត្រឡប់ទៅវិញត្រូវទៅជាប្រជាជាតិបរិសុទ្ធចំពោះព្រះរបស់ពួកគេ។ (បច. ៧:៦) ប៉ុន្តែ នេះមិនមានន័យថាពួកអ្នកដែលបានចាកចេញពីបាប៊ីឡូនគ្មានអ្វីត្រូវកែប្រែដើម្បីនាំឲ្យព្រះយេហូវ៉ាពេញចិត្តឡើយ។
៧. តើជនជាតិយូដាខ្លះត្រូវធ្វើការផ្លាស់ប្ដូរអ្វី? សូមលើកឧទាហរណ៍មួយ។
៧ ដូចបានត្រូវរៀបរាប់នៅខាងលើ ជនជាតិយូដាភាគច្រើនបានកើតនៅបាប៊ីឡូន ហើយតាមមើលទៅពួកគេជាច្រើននាក់បានស៊ាំនឹងការគិតគូរនិងខ្នាតតម្រារបស់ជនជាតិបាប៊ីឡូន។ ច្រើនទសវត្សរ៍ក្រោយពីជនជាតិយូដាដំបូងគេបានត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ អែសរ៉ាបានដឹងថាជនជាតិយូដាខ្លះបានរៀបការជាមួយនឹងស្ត្រីដែលគោរពបូជាព្រះមិនពិត។ (ដច. ៣៤:១៥, ១៦; អែស. ៩:១, ២) ក្រោយមកទៀត អភិបាលនេហេមាបានហួសចិត្ត ពេលឃើញថាកូនក្មេងដែលកើតនៅស្រុកអ៊ីស្រាអែលមិនទាំងបានរៀនភាសារបស់ជនជាតិយូដាឡើយ។ (បច. ៦:៦, ៧; នេហ. ១៣:២៣, ២៤) តើកូនក្មេងទាំងនោះអាចរៀនឲ្យស្រឡាញ់និងគោរពប្រណិប័តន៍ព្រះយេហូវ៉ាយ៉ាងដូចម្ដេចបាន បើពួកគេមិនអាចយល់ភាសាហេប្រឺ ជាភាសាសំខាន់ចម្បងដែលបណ្ដាំរបស់ព្រះបានត្រូវសរសេរ? (អែស. ១០:៣, ៤៤) ដូច្នេះ ជនជាតិយូដាទាំងនោះត្រូវធ្វើការផ្លាស់ប្ដូរដ៏ធំ ប៉ុន្តែគឺស្រួលជាងឲ្យពួកគេធ្វើការផ្លាស់ប្ដូរទាំងនោះនៅស្រុកអ៊ីស្រាអែល ជាកន្លែងដែលការគោរពប្រណិប័តន៍ពិតបានត្រូវស្ដារឡើងវិញបន្តិចម្ដងៗ។—នេហ. ៨:៨, ៩
តាំងពីឆ្នាំ១៩១៩ គ.ស. បុរស ស្ត្រី និងកូនក្មេងរាប់លាននាក់បានចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា ហើយបានចាប់ផ្ដើមធ្វើដំណើរតាម«ផ្លូវបរិសុទ្ធ» (សូមមើលវគ្គ៨)
៨. ហេតុអ្វីនៅសព្វថ្ងៃនេះយើងគួរចាប់អារម្មណ៍នឹងព្រឹត្តិការណ៍ដែលបានកើតឡើងជាយូរមុន? (សូមមើលរូបភាពនៅក្រប)
៨ អ្នកខ្លះប្រហែលជាគិតថា ‹នេះគួរឲ្យចាប់អារម្មណ៍ណាស់ ប៉ុន្តែតើអ្វីដែលបានកើតឡើងចំពោះជនជាតិយូដាច្រើនឆ្នាំមុននោះ ជាប់ទាក់ទងនឹងយើងសព្វថ្ងៃនេះឬទេ?›។ គឺជាប់ទាក់ទងមែន! ពីព្រោះអ្វីដែលយើងកំពុងធ្វើអាចប្រៀបដូចជាការធ្វើដំណើរតាម«ផ្លូវបរិសុទ្ធ»។ មិនថាយើងជាអ្នកដែលបានត្រូវរើសតាំងឬ«ចៀមឯទៀត»ក្ដី យើងត្រូវបន្តនៅលើ«ផ្លូវបរិសុទ្ធ»។ នេះនឹងជួយយើងឲ្យបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅឥឡូវនេះនិងនៅពេលអនាគត ពេលរាជាណាចក្រព្រះនាំមកនូវស្ថានភាពដ៏អស្ចារ្យនៅផែនដី។b (យ៉ូន. ១០:១៦) តាំងពីឆ្នាំ១៩១៩ គ.ស. បុរស ស្ត្រី និងកូនក្មេងរាប់លាននាក់បានចាកចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា ដែលជាសាសនាមិនពិតទាំងឡាយនៅទូទាំងពិភពលោក ហើយបានចាប់ផ្ដើមធ្វើដំណើរតាមផ្លូវក្នុងន័យធៀបនេះ។ អ្នកទំនងជានៅក្នុងចំណោមពួកគេដែរ។ ទោះជាផ្លូវធំនេះបានបើកប្រហែលជា១០០ឆ្នាំមុនក្ដី ការរៀបចំនៃផ្លូវនេះបានចាប់ផ្ដើមរាប់រយឆ្នាំមុននោះ។
ការរៀបចំផ្លូវ
៩. ស្របតាមអេសាយ ៥៧:១៤ តើ«ផ្លូវបរិសុទ្ធ»បានរៀបចំឡើងយ៉ាងដូចម្ដេច?
៩ ព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាឧបសគ្គផ្សេងៗបានត្រូវដកចេញឲ្យជនជាតិយូដាដែលចាកចេញពីបាប៊ីឡូន។ (សូមអាន អេសាយ ៥៧:១៤) ចុះយ៉ាងណា«ផ្លូវបរិសុទ្ធ»នៅសព្វថ្ងៃនេះវិញ? អស់រាប់រយឆ្នាំមុនឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានចាប់ផ្ដើមប្រើបុរសខ្លះដែលគោរពកោតខ្លាចលោកដើម្បីរៀបចំផ្លូវឲ្យអ្នកឯទៀតចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា។ (សូមពិនិត្យបន្ថែម អេសាយ ៤០:៣) ពួកគេបានធ្វើកិច្ចការដែលចាំបាច់ដើម្បីឲ្យមនុស្សដែលមានចិត្តស្មោះនៅពេលក្រោយមកអាចចាកចេញពីសាសនាមិនពិត និងគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយនឹងរាស្ត្រលោក។ តើកិច្ចការរៀបចំផ្លូវនោះរួមបញ្ចូលអ្វីខ្លះ? សូមយើងពិចារណាកិច្ចការខ្លះដែលបានត្រូវធ្វើឡើង។
អស់រាប់រយឆ្នាំមុនឆ្នាំ១៩១៩ គ.ស. បុរសដែលកោតខ្លាចព្រះបានជួយរៀបចំផ្លូវចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា (សូមមើលវគ្គ១០-១១)
១០-១១. តើការបោះពុម្ពនិងការបកប្រែគម្ពីរជួយឲ្យចំណេះពីគម្ពីររីកសុសសាយយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១០ ការបោះពុម្ព។ រហូតដល់ប្រហែលជាឆ្នាំ១៤៥០ គ.ស. គម្ពីរបានត្រូវចម្លងដោយដៃ។ កិច្ចការនេះត្រូវការពេលយូរ ហើយឯកសារចម្លងនៃគម្ពីរកម្រមាន ព្រមទាំងថ្លៃណាស់។ ប៉ុន្តែពេលម៉ាស៊ីនបោះពុម្ពដែលអាចរៀបអក្សរបានត្រូវបង្កើតឡើង នោះការផលិតនិងការចែកចាយគម្ពីរគឺងាយស្រួលជាង។
១១ ការបកប្រែ។ អស់រាប់រយឆ្នាំ គម្ពីរមានតែជាភាសាឡាតាំង ដូច្នេះទាល់តែមនុស្សដែលមានការអប់រំខ្ពស់ប៉ុណ្ណោះ ទើបអាចយល់បាន។ ប៉ុន្តែ ពេលការបោះពុម្ពមានកាន់តែច្រើនឡើង បុរសដែលកោតខ្លាចព្រះខំប្រឹងកាន់តែខ្លាំងដើម្បីបកប្រែគម្ពីរទៅជាភាសាច្រើនជាងដែលមនុស្សធម្មតានិយាយ។ យ៉ាងនេះ អ្នកអានគម្ពីរអាចប្រៀបធៀបអ្វីដែលបូជាចារ្យបង្រៀនទៅនឹងអ្វីដែលគម្ពីរពិតជាបង្រៀន។
បុរសដែលកោតខ្លាចព្រះបានជួយរៀបចំផ្លូវចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា (សូមមើលវគ្គ១២-១៤)c
១២-១៣. សូមលើកឧទាហរណ៍មួយអំពីរបៀបដែលអ្នកសិក្សាគម្ពីរដែលមានចិត្តស្មោះនៅសតវត្សរ៍ទី១៩ បានចាប់ផ្ដើមបកអាក្រាតសេចក្ដីបង្រៀនមិនពិតរបស់សាសនា។
១២ ជំនួយសិក្សាគម្ពីរ។ ពួកអ្នកសិក្សាគម្ពីរយ៉ាងយកចិត្តទុកដាក់បានរៀនច្រើនពីអ្វីដែលពួកគេអានក្នុងបណ្ដាំព្រះ។ ប៉ុន្តែ ពួកបព្វជិតបានខឹង ពេលបុគ្គលទាំងនេះចាប់ផ្ដើមប្រាប់អ្នកឯទៀតអំពីអ្វីដែលពួកគេបានរៀន។ ជាឧទាហរណ៍ នៅសតវត្សរ៍ទី១៩ បុរសដែលមានចិត្តស្មោះមួយចំនួនបានចាប់ផ្ដើមបោះពុម្ពខិត្តប័ណ្ណដែលបកអាក្រាតសេចក្ដីបង្រៀនមិនពិតនៃសាសនា។
១៣ ប្រហែលជានៅឆ្នាំ១៨៣៥ បុរសដែលគោរពកោតខ្លាចព្រះម្នាក់ឈ្មោះហេនរី គ្រូរបានបោះពុម្ពផ្សាយខិត្តប័ណ្ណមួយអំពីស្ថានភាពមនុស្សស្លាប់។ ក្នុងខិត្តប័ណ្ណនោះ គាត់បានបង្ហាញពីបទគម្ពីរថាជីវិតអមតៈជាអំណោយពីព្រះ មិនមែនជាអ្វីដែលយើងមានពីកំណើតដូចវិហារភាគច្រើនបានបង្រៀននោះឡើយ។ នៅឆ្នាំ១៨៣៧ គ្រូគង្វាលម្នាក់ឈ្មោះចច ស្ទ័ររើសបានខិត្តប័ណ្ណនោះកាលដែលគាត់ធ្វើដំណើរតាមរថភ្លើង។ គាត់បានអានវា ហើយជឿជាក់ថាគាត់បានរកឃើញសេចក្ដីបង្រៀនដ៏សំខាន់មួយ។ គាត់បានសម្រេចចិត្តប្រាប់អ្នកឯទៀតអំពីអ្វីដែលគាត់បានរៀន។ នៅឆ្នាំ១៨៤២ គាត់បានថ្លែងសុន្ទរកថាតភាគដែលមានប្រធានថា «ការពិចារណាថា តើមនុស្សទុច្ចរិតមានជីវិតអមតៈឬទេ?»។ អ្វីដែលចច ស្ទ័របានសរសេរជះឥទ្ធិពលល្អទៅលើបុរសវ័យក្មេងម្នាក់ឈ្មោះឆាល ថេស រ៉ាសិល។
១៤. តើបងរ៉ាសិលនិងអ្នករួមកិច្ចការជាមួយគាត់ទទួលប្រយោជន៍យ៉ាងណាពីកិច្ចការរៀបចំផ្លូវខាងការគោរពប្រណិប័តន៍របស់បុគ្គលសម័យមុនៗ? (សូមមើលរូបភាពផងដែរ)
១៤ តើបងរ៉ាសិលនិងអ្នករួមកិច្ចការជាមួយគាត់ទទួលប្រយោជន៍យ៉ាងណាពីកិច្ចការរៀបចំផ្លូវខាងការគោរពប្រណិប័តន៍ដែលបានធ្វើឡើងនៅអតីតកាល? ក្នុងការសិក្សារបស់ពួកគេ ពួកគេអាចពិនិត្យមើលវចនានុក្រម លិបិក្រម និងការបកប្រែគម្ពីរផ្សេងៗដែលបានត្រូវរៀបចំមុនគ្រានោះ។ ពួកគេក៏ទទួលប្រយោជន៍ពីការស្រាវជ្រាវគម្ពីររបស់បុរសមួយចំនួនដូចជាហេនរី គ្រូរ និងចច ស្ទ័រ ព្រមទាំងអ្នកឯទៀត។ បងរ៉ាសិលនិងអ្នករួមកិច្ចការជាមួយគាត់បានជួយធ្វើកិច្ចការរៀបចំផ្លូវខាងការគោរពប្រណិប័តន៍ ដោយផលិតសៀវភៅជាច្រើនក្បាលនិងខិត្តប័ណ្ណជាច្រើនសន្លឹកដែលពិគ្រោះអំពីអ្វីដែលគម្ពីរចែង។
១៥. តើព្រឹត្តិការណ៍ដ៏សំខាន់អ្វីបានកើតឡើងនៅឆ្នាំ១៩១៩?
១៥ នៅឆ្នាំ១៩១៩ បាប៊ីឡូនដ៏ខ្លាំងក្លាបានបាត់បង់អំណាចលើរាស្ត្ររបស់ព្រះ។ នៅឆ្នាំនោះ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ចាប់ផ្ដើមមានសកម្មភាព ដើម្បីឲ្យមនុស្សដែលមានចិត្តស្មោះអាចចាប់ផ្ដើមធ្វើដំណើរនៅលើ«ផ្លូវបរិសុទ្ធ»ដែលបានត្រូវបើកឡើងថ្មីៗនោះ។ (ម៉ាថ. ២៤:៤៥-៤៧) កិច្ចការដែលអ្នកឯទៀតបានធ្វើពីមុនដើម្បីរៀបចំផ្លូវ បានជួយមនុស្សដែលចាប់ផ្ដើមធ្វើដំណើរនៅលើផ្លូវនោះឲ្យរៀនថែមទៀតអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោក។ (សុភ. ៤:១៨) ពួកគេក៏អាចមានរបៀបរស់នៅសមស្របនឹងតម្រូវការរបស់ព្រះយេហូវ៉ាផងដែរ។ ព្រះយេហូវ៉ាមិនរំពឹងថារាស្ត្រលោកនឹងធ្វើការផ្លាស់ប្ដូរដែលចាំបាច់ក្នុងពេលតែមួយនោះទេ។ ផ្ទុយទៅវិញ លោកសម្រិតសម្រាំងរាស្ត្ររបស់លោកបន្តិចម្ដងៗ។ (សូមមើលប្រអប់ដែលមានចំណងជើងថា «ព្រះយេហូវ៉ាសម្រិតសម្រាំងរាស្ត្ររបស់លោកបន្តិចម្ដងៗ) យើងទាំងអស់គ្នានឹងសប្បាយរីករាយ ពេលយើងអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តក្នុងគ្រប់ការដែលយើងធ្វើ!—កូឡ. ១:១០
«ផ្លូវបរិសុទ្ធ»នៅតែបើក
១៦. តាំងពីឆ្នាំ១៩១៩ តើមានកិច្ចការថែទាំអ្វីនៅលើ«ផ្លូវបរិសុទ្ធ»? (អេសាយ ៤៨:១៧; ៦០:១៧)
១៦ ផ្លូវទាំងអស់ត្រូវការការថែទាំជាទៀងទាត់។ តាំងពីឆ្នាំ១៩១៩ កិច្ចការថែទាំ«ផ្លូវបរិសុទ្ធ»បានត្រូវបន្តធ្វើឡើងដើម្បីមនុស្សកាន់តែច្រើនអាចចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា។ ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាដែលទើបតែបានត្រូវតែងតាំងចាប់ផ្ដើមមានសកម្មភាព ហើយនៅឆ្នាំ១៩២១ ពួកគេបានបោះពុម្ពជំនួយសិក្សាគម្ពីរដែលបានរៀបចំឡើងដើម្បីជួយអ្នកថ្មីឲ្យរៀនសេចក្ដីពិតពីគម្ពីរ។ សៀវភៅនោះគឺពិណរបស់ព្រះ(The Harp of God) ហើយនៅទីបំផុត សៀវភៅនោះបានត្រូវបោះពុម្ពជិត៦លានក្បាលជា៣៦ភាសា។ មនុស្សជាច្រើនបានរៀនសេចក្ដីពិតពីសៀវភៅនោះ។ ថ្មីៗនេះ យើងមានសៀវភៅថ្មីដ៏ល្អសម្រាប់ដឹកនាំការសិក្សាគម្ពីរគឺ សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ក្នុងអំឡុងគ្រាចុងក្រោយនេះ ព្រះយេហូវ៉ាបានប្រើអង្គការរបស់លោកឲ្យបន្តផ្ដល់ការណែនាំពីបណ្ដាំរបស់លោកដើម្បីជួយយើងទាំងអស់គ្នាឲ្យបន្តធ្វើដំណើរតាម«ផ្លូវបរិសុទ្ធ»។—សូមអាន អេសាយ ៤៨:១៧; ៦០:១៧
១៧-១៨. តើ«ផ្លូវបរិសុទ្ធ»នាំទៅដល់ណា?
១៧ យើងប្រហែលជានិយាយថាពេលបុគ្គលណាម្នាក់យល់ព្រមសិក្សាគម្ពីរ គាត់មានឱកាសបោះជំហានលើ«ផ្លូវបរិសុទ្ធ»។ អ្នកខ្លះធ្វើដំណើរបានតែចម្ងាយខ្លី រួចក៏ចេញពីផ្លូវនោះទៅ។ ប៉ុន្តែអ្នកខ្លះទៀត តាំងចិត្តបន្តធ្វើដំណើរនៅលើផ្លូវនោះរហូតដល់ទីដៅរបស់ពួកគេ។ តើផ្លូវនោះនាំទៅដល់ណា?
១៨ ចំពោះពួកអ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ «ផ្លូវបរិសុទ្ធ»នាំទៅដល់«សួនឧទ្យានរបស់ព្រះ»នៅស្ថានសួគ៌។ (បប. ២:៧) ចំពោះពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី ផ្លូវធំនោះគឺនាំទៅដល់ជីវិតល្អឥតខ្ចោះនៅដំណាច់គ្រា១.០០០ឆ្នាំ។ បើអ្នកកំពុងធ្វើដំណើរតាមផ្លូវធំនោះនៅសព្វថ្ងៃនេះ សូមកុំងាកក្រោយឡើយ។ ម្យ៉ាងទៀត សូមបន្តនៅលើផ្លូវនោះរហូតដល់អ្នកបានបង្ហើយដំណើររបស់អ្នកទៅដល់ពិភពលោកថ្មី។ យើងនិយាយដោយកក់ក្ដៅថា៖ «សូមសុខសប្បាយតាមផ្លូវ!»។
ចម្រៀងលេខ២៤ ចូរឡើងទៅភ្នំរបស់ព្រះយេហូវ៉ា
a ព្រះយេហូវ៉ាបានហៅផ្លូវធំមួយក្នុងន័យធៀបពីស្រុកបាប៊ីឡូនទៅស្រុកអ៊ីស្រាអែលថា«ផ្លូវបរិសុទ្ធ»។ តើព្រះយេហូវ៉ាបានរៀបចំផ្លូវដែលស្រដៀងនឹងនេះសម្រាប់រាស្ត្ររបស់លោកនៅសព្វថ្ងៃនេះឬទេ? មែនហើយ! តាំងពីឆ្នាំ១៩១៩ គ.ស. មនុស្សរាប់លាននាក់បានចាកចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា ហើយបានចាប់ផ្ដើមធ្វើដំណើរតាម«ផ្លូវបរិសុទ្ធ»។ យើងទាំងអស់គ្នាត្រូវបន្តនៅលើផ្លូវនោះ រហូតដល់យើងទៅដល់ទីដៅចុងក្រោយរបស់យើង។
c ការពណ៌នាអំពីរូបភាព: បងរ៉ាសិលនិងអ្នករួមកិច្ចការជាមួយគាត់បានប្រើជំនួយសិក្សាគម្ពីរដែលបានត្រូវរៀបចំមុនសម័យរបស់ពួកគេ។