បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w23 តុលា ទំ. ១២-១៧
  • ‹លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា› តើតាមរបៀបណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា› តើតាមរបៀបណា?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ទទួល​កម្លាំង​ពី​ការ​អធិដ្ឋាន​និង​ការ​សិក្សា
  • ចូរ​ទទួល​កម្លាំង​ពី​អ្នក​គោរព​ប្រណិប័តន៍​គ្នី​គ្នា
  • ចូរ​ទទួល​កម្លាំង​ពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​ចំពោះ​ថ្ងៃ​អនាគត
  • ចូរខំប្រឹងឲ្យមានទស្សនៈដូចព្រះចំពោះអ្នកដទៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • យ៉ូណាសនិងត្រីធំមួយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • សេចក្ដីសង្ខេបពីយ៉ូណាស
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ព្រះយេហូវ៉ាអត់ធ្មត់នឹងយ៉ូណាស
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
w23 តុលា ទំ. ១២-១៧

អត្ថបទ​សិក្សា ៤៣

​‹លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា›​ តើ​តាម​របៀប​ណា?

​«​[​ព្រះ​យេហូវ៉ា​]​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ហើយ​ខ្លាំង​ក្លា លោក​នឹង​ជួយ​អ្នក​មិន​ឲ្យ​រង្គោះ​រង្គើ​ឡើយ​»។—១ពេ. ៥:១០

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

សេចក្ដី​សង្ខេបa

១. តើ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​នៅ​សម័យ​បុរាណ​បាន​ទទួល​កម្លាំង​យ៉ាង​ដូច​ម្ដេច?

បណ្ដាំ​ព្រះ​ច្រើន​តែ​រៀប​រាប់​អំពី​បុរស​ដ៏​ស្មោះ​ត្រង់​ថា​ជា​បុរស​ខ្លាំង​ក្លា។ ប៉ុន្តែ ពួក​គេ​មិន​តែង​តែ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្លាំង​ក្លា​ទេ។ ជា​ឧទាហរណ៍ នៅ​ពេល​ខ្លះ​ស្ដេច​ដាវីឌ​មាន​អារម្មណ៍​ថា​គាត់​«​រឹង​មាំ​ដូច​ភ្នំ​»​ តែ​នៅ​ពេល​ផ្សេង​ទៀត គាត់​«​ចាប់​ផ្ដើម​ភ័យ​ខ្លាច​»។ (​ចសព. ៣០:៧​) ស្រដៀង​គ្នា​ដែរ ទោះ​ជា​សាំសុន​មាន​កម្លាំង​ខ្លាំង​ក្លា​មហិមា​ពេល​ដែល​គាត់​ទទួល​ឫទ្ធានុភាព​របស់​ព្រះ​ក្ដី គាត់​បាន​ទទួល​ស្គាល់​ថា​បើ​គ្មាន​ឫទ្ធានុភាព​ដែល​មក​ពី​លោក​ទេ ‹កម្លាំង​គាត់​នឹង​ចុះ​ខ្សោយ ហើយ​គាត់​នឹង​ដូច​មនុស្ស​ទូទៅ​ដែរ›។ (​អសក. ១៤:៥, ៦; ១៦:១៧​) បុរស​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​អាច​មាន​កម្លាំង​ខ្លាំង​ក្លា​បាន ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ឫទ្ធានុភាព​ដល់​ពួក​គាត់។

២. ហេតុ​អ្វី​ប៉ូល​និយាយ​ថា​ពេល​គាត់​ខ្សោយ គាត់​មាន​កម្លាំង​ខ្លាំង​ក្លា? (​កូរិនថូស​ទី២ ១២:៩, ១០​)

២ សាវ័ក​ប៉ូល​បាន​ទទួល​ស្គាល់​ថា​គាត់​ក៏​ត្រូវ​ការ​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​ដែរ។ (​សូម​អាន កូរិនថូស​ទី២ ១២:៩, ១០​) ដូច​យើង​ជា​ច្រើន​នាក់ ប៉ូល​ត​ស៊ូ​នឹង​បញ្ហា​សុខភាព។ (​កាឡ. ៤:១៣, ១៤​) ពេល​ខ្លះ​គាត់​ក៏​ពិបាក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដែរ។ (​រ៉ូម ៧:១៨, ១៩​) ម្យ៉ាង​ទៀត ជួន​កាល​គាត់​ខ្វល់​ខ្វាយ ហើយ​ខ្លាច​អំពី​អ្វី​ដែល​ប្រហែល​ជា​នឹង​កើត​ឡើង​ចំពោះ​គាត់។ (​២កូ. ១:៨, ៩​) ប៉ុន្តែ​ពេល​ប៉ូល​ខ្សោយ គាត់​ទៅ​ជា​ខ្លាំង​ក្លា។ តើ​តាម​របៀប​ណា? ព្រះ​យេហូវ៉ា​បាន​ឲ្យ​ប៉ូល​នូវ​កម្លាំង​ដែល​គាត់​ត្រូវ​ការ។ លោក​បាន​ធ្វើ​ឲ្យ​ប៉ូល​ខ្លាំង​ក្លា។

៣. ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

៣ ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ខ្លាំង​ក្លា​ដែរ។ (​១ពេ. ៥:១០​) ប៉ុន្តែ យើង​មិន​អាច​រំពឹង​ថា​នឹង​ទទួល​ឫទ្ធានុភាព​នោះ​ដោយ​មិន​ខំ​ព្យាយាម​ខ្លួន​ឯង​ឡើយ។ ជា​ឧទាហរណ៍ ម៉ាស៊ីន​ឡាន​អាច​ធ្វើ​ឲ្យ​ឡាន​ដំណើរ​ការ​ទៅ​មុខ ប៉ុន្តែ​អ្នក​បើក​បរ​ត្រូវ​ជាន់​ឈ្នាន់​ល្បឿន​ឬ​ហ៊្គែរ​ដើម្បី​ទៅ​មុខ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​ផ្ដល់​ឫទ្ធានុភាព​ដែល​យើង​ត្រូវ​ការ ប៉ុន្តែ​យើង​ត្រូវ​ចាត់​វិធានការ​ដើម្បី​ទទួល​ប្រយោជន៍​ពី​ឫទ្ធានុភាព​នោះ។ តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ដើម្បី​ធ្វើ​ឲ្យ​យើង​ខ្លាំង​ក្លា ហើយ​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ឫទ្ធានុភាព​នោះ? យើង​នឹង​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ដោយ​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​បុគ្គល​បី​នាក់​ក្នុង​គម្ពីរ គឺ​អ្នក​ប្រកាស​ទំនាយ​យ៉ូណាស ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក​យេស៊ូ និង​សាវ័ក​ប៉ូល។ យើង​ក៏​នឹង​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​បន្ដ​ពង្រឹង​កម្លាំង​អ្នក​បម្រើ​របស់​លោក​នៅ​សព្វ​ថ្ងៃ​តាម​របៀប​ស្រដៀង​នឹង​នេះ។

ចូរ​ទទួល​កម្លាំង​ពី​ការ​អធិដ្ឋាន​និង​ការ​សិក្សា

៤. តើ​យើង​អាច​ទទួល​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

៤ របៀប​មួយ​ដែល​យើង​អាច​ទទួល​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​គឺ​ដោយ​អធិដ្ឋាន​ទៅ​លោក។ ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ដោយ​ឲ្យ​យើង​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»។ (​២កូ. ៤:៧​) កម្លាំង​របស់​យើង​ក៏​អាច​ពង្រឹង​ឡើង​ពេល​យើង​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​លោក។ (​ចសព. ៨៦:១១​) ដំណឹង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​យើង​ក្នុង​គម្ពីរ​«​មាន​ឫទ្ធានុភាព​»។ (​ហេ. ៤:១២​) ពេល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​និង​អាន​បណ្ដាំ​លោក អ្នក​នឹង​ទទួល​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ រក្សា​អំណរ ឬ​បំពេញ​ភារកិច្ច​ដ៏​ពិបាក។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​អ្នក​ប្រកាស​ទំនាយ​យ៉ូណាស។

៥. ហេតុ​អ្វី​អ្នក​ប្រកាស​ទំនាយ​យ៉ូណាស​ត្រូវ​ការ​កម្លាំង?

៥ អ្នក​ប្រកាស​ទំនាយ​យ៉ូណាស​ត្រូវ​ការ​កម្លាំង។ គាត់​បាន​រត់​គេច​ពី​ភារកិច្ច​ដ៏​ពិបាក​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់។ ជា​លទ្ធផល គាត់​ស្ទើរ​តែ​បាត់​បង់​ជីវិត​ក្នុង​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​រួម​ដំណើរ​តាម​សំពៅ​ជា​មួយ​គាត់​ប៊ិះ​នឹង​ស្លាប់​ដែរ។ ពេល​គាត់​បាន​ត្រូវ​បោះ​ទៅ​ក្នុង​សមុទ្រ គាត់​បាន​ឃើញ​ថា​ខ្លួន​ស្ថិត​ក្នុង​កន្លែង​ដ៏​ងងឹត​មួយ​ដែល​គាត់​មិន​ធ្លាប់​នៅ គឺ​នៅ​ក្នុង​ពោះ​ត្រី​ដ៏​ធំ។ តើ​អ្នក​គិត​ថា​យ៉ូណាស​មាន​អារម្មណ៍​យ៉ាង​ណា? តើ​គាត់​គិត​ថា​គាត់​នឹង​ស្លាប់​នៅ​ទី​នោះ​ឬ? តើ​គាត់​ប្រហែល​ជា​បាន​ឆ្ងល់​ថា​តើ​ព្រះ​យេហូវ៉ា​បោះ​បង់​ចោល​គាត់​ឬ​ទេ? យ៉ូណាស​ច្បាស់​ជា​ខ្វល់​ចិត្ត​ជា​ខ្លាំង។

បណ្ដុំរូបភាព៖ ១. យ៉ូណាសអធិដ្ឋានយ៉ាងខ្លាំងពីក្នុងពោះត្រី។ ២. បងប្រុសម្នាក់អធិដ្ឋានយ៉ាងខ្លាំងក្នុងបន្ទប់របស់គាត់។ នៅក្បែរគាត់មានគម្ពីរនិងទូរស័ព្ទជាប់ខ្សែកាស។

ដូច​អ្នក​ប្រកាស​ទំនាយ​យ៉ូណាស តើ​យើង​អាច​ទទួល​កម្លាំង​យ៉ាង​ដូច​ម្ដេច ពេល​ជួប​ទុក្ខ​លំបាក? ​(​សូម​មើល​វគ្គ​៦​-​៩​)​

៦. យោង​ទៅ​តាម​យ៉ូណាស ២:១, ២, ៧ តើ​អ្វី​បាន​ពង្រឹង​កម្លាំង​យ៉ូណាស​កាល​ដែល​គាត់​នៅ​ក្នុង​ពោះ​ត្រី?

៦ តើ​យ៉ូណាស​បាន​ធ្វើ​អ្វី​ដើម្បី​ទទួល​កម្លាំង​ពេល​គាត់​នៅ​ក្នុង​ពោះ​ត្រី​តែ​ម្នាក់​ឯង? គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ (​សូម​អាន យ៉ូណាស ២:១, ២, ៧​) ទោះ​ជា​យ៉ូណាស​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ក្ដី គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​ដ៏​រាប​ទាប​របស់​គាត់​ដែល​បាន​បង្ហាញ​ថា​គាត់​ប្រែ​ចិត្ត។ យ៉ូណាស​ក៏​បាន​រំពឹង​គិត​អំពី​បទ​គម្ពីរ​ដែរ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? ពីព្រោះ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​យ៉ូណាស ជំពូក​២ ប្រើ​ពាក្យ​និង​ឃ្លា​ដូច​គ្នា​ជា​ច្រើន​ដែល​មាន​ក្នុង​ចម្រៀង​សរសើរ​ព្រះ។ (​ជា​ឧទាហរណ៍ សូម​ប្រៀប​ធៀប​យ៉ូណាស ២:២, ៥ ទៅ​នឹង​ចម្រៀង​សរសើរ​ព្រះ ៦៩:១; ៨៦:៧​) គឺ​ច្បាស់​ណាស់​ថា​យ៉ូណាស​ស្គាល់​បទ​គម្ពីរ​ទាំង​នោះ​យ៉ាង​ច្បាស់។ ម្យ៉ាង​ទៀត ដោយ​រំពឹង​គិត​អំពី​បទ​គម្ពីរ​ទាំង​នោះ​ក្នុង​អំឡុង​ពេល​ដែល​គាត់​ជួប​ស្ថានភាព​ពិបាក គាត់​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​គាត់។ ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​យ៉ូណាស ហើយ​ក្រោយ​មក​គាត់​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ឲ្យ​ធ្វើ។—យ៉ូណ. ២:១០–៣:៤

៧​-​៨. តើ​បង​ប្រុស​ម្នាក់​នៅ​ប្រទេស​តៃវ៉ាន់​បាន​ទទួល​កម្លាំង​យ៉ាង​ដូច​ម្ដេច​ក្នុង​អំឡុង​គ្រា​ដែល​គាត់​មាន​ទុក្ខ​លំបាក?

៧ គំរូ​របស់​យ៉ូណាស​អាច​ជួយ​យើង​ពេល​យើង​ជួប​ទុក្ខ​លំបាក​ផ្សេង​ៗ។ ជា​ឧទាហរណ៍ បង​ប្រុស​ស៊ីមីងbនៅ​ប្រទេស​តៃវ៉ាន់​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ។ បន្ថែម​ទៅ​ទៀត គាត់​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង​ដ៏​សាហាវ​ពី​ក្រុម​គ្រួសារ ពីព្រោះ​គាត់​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​គាត់​ទទួល​កម្លាំង​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​អធិដ្ឋាន​និង​ការ​សិក្សា។ គាត់​សារភាព​ថា​៖ ​«​ជួន​កាល ពេល​បញ្ហា​កើត​ឡើង ខ្ញុំ​ខ្វល់​ចិត្ត​ជា​ខ្លាំង​បាន​ជា​ខ្ញុំ​មិន​អាច​មាន​ចិត្ត​ស្ងប់​ដើម្បី​សិក្សា​ផ្ទាល់​ខ្លួន​ទេ​»។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គាត់​មិន​ឈប់​ព្យាយាម​ឡើយ។ គាត់​និយាយ​ថា​៖ ​«​ដំបូង ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក ខ្ញុំ​ពាក់​កាស​ស្ដាប់​ចម្រៀង​រាជាណាចក្រ​របស់​យើង។ ជួន​កាល​ខ្ញុំ​ថែម​ទាំង​ច្រៀង​ចម្រៀង​ទាំង​នោះ​ខ្សឹប​ៗ​រហូត​ដល់​ខ្ញុំ​ស្ងប់​អារម្មណ៍។ រួច​មក​ខ្ញុំ​ចាប់​ផ្ដើម​សិក្សា​»។

៨ ការ​សិក្សា​ផ្ទាល់​ខ្លួន​បាន​ពង្រឹង​កម្លាំង​បង​ស៊ីមីង​តាម​របៀប​ដែល​នឹក​ស្មាន​មិន​ដល់។ ជា​ឧទាហរណ៍ កាល​ដែល​គាត់​សម្រាក​ព្យាបាល​បន្ទាប់​ពី​ទទួល​ការ​វះ​កាត់​ដ៏​ធំ​មួយ គិលានុបដ្ឋាក​បាន​ប្រាប់​គាត់​ថា ដោយ​សារ​កោសិកា​គ្រាប់​ឈាម​ក្រហម​របស់​គាត់​ថយ​ចុះ គាត់​ត្រូវ​ការ​ចាក់​បញ្ចូល​ឈាម។ តើ​អ្វី​បាន​ជួយ​បង​ស៊ីមីង? នៅ​យប់​មុន​បង​ស៊ីមីង​បាន​ត្រូវ​វះ​កាត់ គាត់​បាន​អាន​អំពី​បង​ស្រី​ម្នាក់​ដែល​បាន​ទទួល​ការ​វះ​កាត់​ដូច​គ្នា។ កោសិកា​គ្រាប់​ឈាម​ក្រហម​របស់​បង​ស្រី​នោះ​បាន​ធ្លាក់​ចុះ​ខ្លាំង​ជាង​ឈាម​របស់​គាត់​ទៅ​ទៀត ប៉ុន្តែ​បង​ស្រី​នោះ​មិន​ព្រម​ទទួល​ការ​ចាក់​បញ្ចូល​ឈាម ហើយ​បាន​ជា​សះ​ស្បើយ។ បទ​ពិសោធន៍​នេះ​បាន​ពង្រឹង​កម្លាំង​បង​ស៊ីមីង​ឲ្យ​រក្សា​ចិត្ត​ស្មោះ​ត្រង់។

៩. បើ​អ្នក​ខ្វល់​ចិត្ត​ដោយ​សារទុក្ខ​លំបាក តើ​អ្នក​អាច​ធ្វើ​អ្វី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៩ ក្នុង​អំឡុង​ពេល​ជួប​ទុក្ខ​លំបាក តើ​អ្នក​ធ្លាប់​ខ្វល់​ខ្វាយ​ខ្លាំង​ពេក​រហូត​ដល់​ពិបាក​អធិដ្ឋាន​ឬ​ទេ? ឬ​តើ​អ្នក​អស់​កម្លាំង​ពេក​រហូត​ដល់​ពិបាក​សិក្សា? សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​យល់​ច្បាស់​អំពី​ស្ថានភាព​របស់​អ្នក។ ដូច្នេះ សូម្បី​តែ​ពេល​អ្នក​អធិដ្ឋាន​ខ្លី​ៗ ក៏​អ្នក​អាច​ប្រាកដ​ថា​លោក​នឹង​ផ្ដល់​អ្វី​ដែល​អ្នក​ត្រូវ​ការ។ (​អេភ. ៣:២០​) បើ​អ្នក​ពិបាក​អាន​និង​សិក្សា​ដោយ​សារ​អ្នក​ឈឺ អស់​កម្លាំង ឬ​ខ្វល់​ចិត្ត​ជា​ខ្លាំង អ្នក​អាច​ស្ដាប់​អំណាន​គម្ពីរ​ឬ​សៀវភៅ​ណា​មួយ​របស់​យើង​ជា​ឯកសារ​សំឡេង។ អ្នក​ក៏​អាច​ស្ដាប់​ចម្រៀង​របស់​យើង ឬ​មើល​វីដេអូ​ណា​មួយ​នៅ​គេហទំព័រ​jw.org។ ព្រះ​យេហូវ៉ា​ចង់​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា ហើយ​លោក​នឹង​ធ្វើ​ដូច្នេះ​ពេល​អ្នក​អធិដ្ឋាន​ទៅ​លោក ព្រម​ទាំង​រក​មើល​ចម្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ក្នុង​គម្ពីរ​និង​ក្នុង​អ្វី​ផ្សេង​ទៀត​ដែល​លោក​ផ្ដល់​ឲ្យ​ដើម្បី​ពង្រឹង​ជំនឿ។។

ចូរ​ទទួល​កម្លាំង​ពី​អ្នក​គោរព​ប្រណិប័តន៍​គ្នី​គ្នា

១០. តើ​បង​ប្អូន​របស់​យើង​ពង្រឹង​កម្លាំង​យើង​តាម​របៀប​ណា?

១០ ព្រះ​យេហូវ៉ា​អាច​ប្រើ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ឲ្យ​ពង្រឹង​កម្លាំង​យើង។ ពួក​គេ​អាច​ទៅ​ជា​«​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​ដ៏​ធំ​»​ពេល​យើង​ជួប​ទុក្ខ​លំបាក ឬ​ពិបាក​បំពេញ​ភារកិច្ច​មិន​ស្រួល​ណា​មួយ។ (​កូឡ. ៤:១០, ១១​) ជា​ពិសេស​យើង​ត្រូវ​ការ​មិត្ត​ភក្ដិ​នៅ​ក្នុង​អំឡុង​«​ពេល​មាន​ទុក្ខ​លំបាក​»។ (​សុភ. ១៧:១៧​) ពេល​យើង​ខ្សោយ បង​ប្អូន​រួម​ជំនឿ​របស់​យើង​អាច​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ សម្រាល​ទុក្ខ​យើង និង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់។ សូម​គិត​អំពី​របៀប​ដែល​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក​យេស៊ូ​បាន​ទទួល​កម្លាំង​ពី​អ្នក​ឯ​ទៀត។

១១. ហេតុ​អ្វី​ម៉ារៀ​ត្រូវ​ការ​កម្លាំង​ចិត្ត?

១១ ម៉ារៀ​ត្រូវ​ការ​កម្លាំង។ សូម​ស្រមៃ​គិត​ថា​គាត់​ខ្វល់​ចិត្ត​ខ្លាំង​យ៉ាង​ណា​ក្រោយ​ពី​ទទួល​ភារកិច្ច​ដ៏​សំខាន់​ពី​ទេវតា​កាព្រីយ៉ែល។ គាត់​នឹង​មាន​ផ្ទៃ​ពោះ តែ​គាត់​មិន​ទាន់​រៀប​ការ​ទេ។ គាត់​ក៏​គ្មាន​បទ​ពិសោធន៍​ចិញ្ចឹម​អប់រំ​កូន​ដែរ ប៉ុន្តែ​គាត់​ត្រូវ​មើល​ថែ​កូន​តូច​ដែល​នឹង​ទៅ​ជា​មេស្ស៊ី។ ម្យ៉ាង​ទៀត ដោយ​សារ​គាត់​មិន​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ណា​ម្នាក់ តើ​ម៉ារៀ​នឹង​ពន្យល់​អំពី​រឿង​នេះ​ទៅ​យ៉ូសែប​ដែល​ជា​គូ​ដណ្ដឹង​របស់​គាត់​យ៉ាង​ដូច​ម្ដេច?—លូក. ១:២៦​-​៣៣

១២. យោង​ទៅ​តាម​លូកា ១:៣៩​-​៤៥ តើ​ម៉ារៀ​បាន​ទទួល​កម្លាំង​ដែល​គាត់​ត្រូវ​ការ​យ៉ាង​ដូច​ម្ដេច?

១២ តើ​តាម​របៀប​ណា​ម៉ារៀ​បាន​ទទួល​កម្លាំង​ដែល​គាត់​ត្រូវ​ការ​ដើម្បី​បំពេញ​ភារកិច្ច​ចម្លែក​ដ៏​ពិបាក​នេះ? គាត់​បាន​រក​ជំនួយ​ពី​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ គាត់​បាន​សុំ​កាព្រីយ៉ែល​ឲ្យ​ផ្ដល់​ព័ត៌មាន​ថែម​ទៀត​អំពី​ភារកិច្ច​នោះ។ (​លូក. ១:៣៤​) មិន​យូរ​ក្រោយ​មក គាត់​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​«​ឯ​តំបន់​ភ្នំ​»​ក្នុង​ស្រុក​យូដា ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​អេលីសាបិត​ដែល​ជា​សាច់​ញាតិ​របស់​គាត់។ ការ​ទៅ​សួរ​សុខ​ទុក្ខ​នោះ​គឺ​មាន​ប្រយោជន៍​មែន។ អេលីសាបិត​បាន​សរសើរ​ម៉ារៀ ហើយ​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​អេលីសាបិត​ឲ្យ​ប្រាប់​ទំនាយ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​អំពី​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​របស់​ម៉ារៀ។ (​សូម​អាន លូកា ១:៣៩​-​៤៥​) ម៉ារៀ​និយាយ​ថា​ព្រះ​យេហូវ៉ា​«​បាន​ធ្វើ​កិច្ច​ការ​យ៉ាង​អស្ចារ្យ​ដោយ​ដៃ​របស់​លោក​»។ (​លូក. ១:៤៦​-​៥១​) ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​ម៉ារៀ​តាម​រយៈ​កាព្រីយ៉ែល និង​អេលីសាបិត។

១៣. តើ​អ្វី​បាន​កើត​ឡើង​ពេល​បង​ស្រី​ម្នាក់​បាន​សុំ​ជំនួយ​ពី​បង​ប្អូន?

១៣ ដូច​ម៉ារៀ អ្នក​ក៏​អាច​ទទួល​កម្លាំង​ពី​អ្នក​គោរព​ប្រណិប័តន៍​គ្នី​គ្នា​ដែរ។ បង​ស្រី​ដេស៊ូរី​នៅ​ប្រទេស​បូលីវី​ត្រូវ​ការ​កម្លាំង​បែប​នេះ។ ពេល​ឪពុក​បង​ដេស៊ូរី​បាន​ត្រូវ​រក​ឃើញ​ថា​មាន​ជំងឺ​ដែល​នាំ​ឲ្យ​ស្លាប់ ហើយ​ត្រូវ​ស្នាក់​នៅ​មន្ទីរ​ពេទ្យ បង​ដេស៊ូរី​សុខ​ចិត្ត​នៅ​មើល​ថែ​គាត់។ (​១ធី. ៥:៤​) នេះ​មិន​តែង​តែ​ស្រួល​ទេ។ គាត់​សារភាព​ថា​៖ ​«​ច្រើន​ដង​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​អាច​ទៅ​មុខ​ទៀត​ទេ​»។ តើ​គាត់​បាន​សុំ​ជំនួយ​ឬ​ទេ? ដំបូង​គាត់​មិន​បាន​សុំ​ទេ។ គាត់​ពន្យល់​ថា​៖ ​«​ខ្ញុំ​មិន​ចង់​រំខាន​បង​ប្អូន។ ខ្ញុំ​បាន​វែក​ញែក​ថា ‹គឺ​ព្រះ​យេហូវ៉ា​ដែល​នឹង​ផ្ដល់​ជំនួយ​ដែល​ខ្ញុំ​ត្រូវ​ការ›។ ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​ពេល​ខ្ញុំ​ញែក​ខ្លួន​ចេញ​ពី​អ្នក​ឯ​ទៀត ខ្ញុំ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​របស់​ខ្ញុំ​តែ​ម្នាក់​ឯង​»។ (​សុភ. ១៨:១​) បង​ដេស៊ូរី​បាន​សម្រេច​ចិត្ត​សរសេរ​រៀប​រាប់​អំពី​ស្ថានភាព​របស់​គាត់​ទៅ​មិត្ត​ភក្ដិ​ខ្លះ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​កម្លាំង​ពី​បង​ប្អូន​ជា​ទី​ស្រឡាញ់​ខ្លាំង​ដល់​ម្ល៉េះ​រហូត​ដល់​មិន​អាច​ពណ៌នា​បាន។ ពួក​គេ​បាន​យក​ម្ហូប​អាហារ​មក​មន្ទីរ​ពេទ្យ ហើយ​បង្ហាញ​ខ្ញុំ​បទ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ។ ការ​ដឹង​ថា​យើង​មិន​នៅ​ម្នាក់​ឯង​គឺ​ជា​អារម្មណ៍​ដ៏​កក់​ក្ដៅ​មែន។ យើង​នៅ​ក្នុង​ក្រុម​គ្រួសារ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា ជា​ក្រុម​គ្រួសារ​មួយ​ដែល​សុខ​ចិត្ត​ជួយ​យើង យំ​ជា​មួយ​យើង និង​កាន់​ដៃ​ត​ស៊ូ​ជា​មួយ​យើង​»។

១៤. ហេតុ​អ្វី​យើង​គួរ​ទទួល​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ?

១៤ របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឫទ្ធានុភាព​ដល់​យើង​គឺ​តាម​រយៈ​ពួក​អ្នក​ចាស់​ទុំ។ ពួក​គេ​ជា​អំណោយ​ដែល​លោក​ប្រើ​ដើម្បី​ពង្រឹង​កម្លាំង​និង​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ។ (​អេ. ៣២:១, ២​) ដូច្នេះ ពេល​អ្នក​ខ្វល់​ចិត្ត សូម​ប្រាប់​កង្វល់​របស់​អ្នក​ទៅ​ពួក​អ្នក​ចាស់​ទុំ។ ពេល​ពួក​គេ​ខំ​ជួយ​អ្នក សូម​ទទួល​ដោយ​ចិត្ត​ដឹង​គុណ។ តាម​រយៈ​ពួក​គេ ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា។

ចូរ​ទទួល​កម្លាំង​ពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​ចំពោះ​ថ្ងៃ​អនាគត

១៥. តើ​គ្រិស្ត​សាសនិក​ទាំង​អស់​មាន​សេចក្ដី​សង្ឃឹម​អ្វី?

១៥ សេចក្ដី​សន្យា​ក្នុង​គម្ពីរ​អាច​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​និង​កម្លាំង​ដើម្បី​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា។ (​រ៉ូម ៤:៣, ១៨​-​២០​) ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​មាន​តម្លៃ​វិសេស​វិសាល​អំពី​ការ​រស់​នៅ​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​លើ​ផែន​ដី ឬ​ក្នុង​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ សេចក្ដី​សង្ឃឹម​របស់​យើង​ពង្រឹង​កម្លាំង​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​បំពេញ​ភារកិច្ច​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ។ (​១ថែ. ១:៣​) សេចក្ដី​សង្ឃឹម​នេះ​ក៏​បាន​ពង្រឹង​កម្លាំង​សាវ័ក​ប៉ូល​ដែរ។

១៦. ហេតុ​អ្វី​សាវ័ក​ប៉ូល​ត្រូវ​ការ​កម្លាំង?

១៦ ប៉ូល​ត្រូវ​ការ​កម្លាំង។ ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស គាត់​បាន​ប្រដូច​ខ្លួន​គាត់​ទៅ​នឹង​ភាជនៈ​ដី​ដែល​ងាយ​បែក។ គាត់​«​ទាល់​គំនិត​»​ ​«​ត្រូវ​គេ​គាប​សង្កត់​»​ ​«​បៀតបៀន​»​ និង​«​ផ្ដួល​ដល់​ដី​»។ ជួន​កាល​ជីវិត​គាត់​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ទៀត​ផង។ (​២កូ. ៤:៨​-​១០​) ប៉ូល​បាន​សរសេរ​ពាក្យ​ទាំង​នោះ​ក្នុង​អំឡុង​ដំណើរ​ជា​សាសនទូត​លើក​ទី​៣​របស់​គាត់។ ក្រោយ​ពី​គាត់​បាន​សរសេរ​ពាក្យ​ទាំង​នោះ គាត់​ជួប​ស្ថានភាព​ពិបាក​ផ្សេង​ៗ។ គាត់​បាន​រង​អំពើ​ឃោរឃៅ​ពី​សាធារណៈ​ជន ត្រូវ​គេ​ចាប់​ខ្លួន លិច​សំពៅ និង​ជាប់​គុក។

១៧. យោង​ទៅ​តាម​កូរិនថូស​ទី២ ៤:១៦​-​១៨ តើ​អ្វី​បាន​ពង្រឹង​កម្លាំង​ប៉ូល​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក?

១៧ ប៉ូល​បាន​ទទួល​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សង្ឃឹម​របស់​គាត់។ (​សូម​អាន កូរិនថូស​ទី២ ៤:១៦​-​១៨​) គាត់​បាន​ប្រាប់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ថា ទោះ​ជា​រូប​កាយ​របស់​គាត់​«​កំពុង​ខូច​ទៅ​»​ក៏​ដោយ គាត់​មិន​ឲ្យ​នោះ​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទឹក​ចិត្ត​ទេ។ ប៉ូល​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អនាគត​របស់​គាត់។ សេចក្ដី​សង្ឃឹម​របស់​គាត់​អំពី​ជីវិត​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌​គឺ​«​កាន់​តែ​ឧត្ដុង្គ​ឧត្ដម​»​ចំពោះ​គាត់។ សេចក្ដី​សង្ឃឹម​របស់​ប៉ូល​មាន​តម្លៃ​ជា​ខ្លាំង រហូត​ដល់​គាត់​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដើម្បី​ទទួល​រង្វាន់​នោះ។ ប៉ូល​បាន​រំពឹង​គិត​អំពី​សេចក្ដី​សង្ឃឹម​នោះ ហើយ​ជា​លទ្ធផល គាត់​«​ទទួល​កម្លាំង​ជា​ថ្មី​រាល់​ថ្ងៃ​ជា​និច្ច​»។

១៨. តើ​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត​បាន​ពង្រឹង​កម្លាំង​របស់​ធីហូមៀ​និង​ក្រុម​គ្រួសារ​គាត់​យ៉ាង​ដូច​ម្ដេច?

១៨ បង​ប្រុស​ធីហូមៀ​នៅ​ប្រទេស​ប៊ុលហ្គារី​ទទួល​កម្លាំង​ពី​សេចក្ដី​សង្ឃឹម​របស់​គាត់។ ប៉ុន្មាន​ឆ្នាំ​មុន ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ​ស្ត្រាវកូ​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។ អស់​មួយ​រយៈ​ពេល​ក្រោយ​មក បង​ធីហូមៀ​កើត​ទុក្ខ​ជា​ពន់​ពេក។ ដើម្បី​ស៊ូ​ទ្រាំ គាត់​និង​ប្រពន្ធ​កូន​គាត់​បាន​ស្រមៃ​គិត​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ថា​គឺ​យ៉ាង​ណា។ គាត់​ពន្យល់​ថា​៖ ​«​ជា​ឧទាហរណ៍ យើង​និយាយ​គ្នា​អំពី​កន្លែង​ណា​ដែល​យើង​នឹង​ជួប​ស្ត្រាវកូ យើង​នឹង​ធ្វើ​ម្ហូប​អ្វី​ឲ្យ​គាត់ យើង​នឹង​អញ្ជើញ​អ្នក​ណា​ខ្លះ​ឲ្យ​ចូល​រួម​ការ​ជួប​ជុំ​គ្នា​ជា​លើក​ដំបូង​ពេល​គាត់​ត្រឡប់​មក​វិញ ហើយ​យើង​នឹង​ប្រាប់​គាត់​អ្វី​ខ្លះ​អំពី​គ្រា​ចុង​ក្រោយ​បង្អស់​»។ បង​ធីហូមៀ​និយាយ​ថា​ការ​ផ្ដោត​អារម្មណ៍​លើ​សេចក្ដី​សង្ឃឹម​ពង្រឹង​កម្លាំង​ក្រុម​គ្រួសារ​គាត់​ឲ្យ​បន្ដ​ស៊ូ​ទ្រាំ និង​បន្ដ​រង់​ចាំ​ពេល​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រោស​ប្អូន​ប្រុស​របស់​គាត់​ឲ្យ​រស់​ឡើង​វិញ។

បងស្រីម្នាក់ដែលថ្លង់ មើលវីដេអូ«នៅផែនដីថ្មីខាងមុខ»ជាភាសាសញ្ញា ហើយរំពឹងគិតអំពីជីវិតនឹងទៅជាយ៉ាងណាក្នុងពិភពលោកថ្មី។ គាត់ស្រមៃឃើញខ្លួនកំពុងលេងសែលឡូនៅក្បែរអ្នកភ្លេងផ្សេងទៀត។

តើ​អ្នក​គិត​ថា​អ្នក​នឹង​មាន​ជីវិត​បែប​ណា​នៅ​ក្នុង​ពិភព​លោក​ថ្មី? ​(​សូម​មើល​វគ្គ​១៩​)​c​

១៩. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​អ្នក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៩ តើ​អ្នក​អាច​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​អ្នក​តាម​របៀប​ណា? ជា​ឧទាហរណ៍ បើ​អ្នក​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី សូម​អាន​និង​រំពឹង​គិត​អំពី​អ្វី​ដែល​គម្ពីរ​រៀប​រាប់​អំពី​សួន​ឧទ្យាន។ (​អេ. ២៥:៨; ៣២:១៦​-​១៨​) សូម​ស្រមៃ​គិត​ថា​ជីវិត​ក្នុង​ពិភព​លោក​ថ្មី​គឺ​យ៉ាង​ណា។ សូម​ស្រមៃ​ឃើញ​ខ្លួន​អ្នក​នៅ​ទី​នោះ។ តើ​អ្នក​ឃើញ​បុគ្គល​ណា​ខ្លះ? តើ​អ្នក​ឮ​សំឡេង​អ្វី​ខ្លះ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? ដើម្បី​ជួយ​អ្នក​ឲ្យ​ស្រមៃ​ឃើញ​ថា​ជីវិត​ក្នុង​សួន​ឧទ្យាន​ប្រហែល​ជា​យ៉ាង​ណា សូម​មើល​រូប​ភាព​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ដែល​បង្ហាញ​អំពី​សួន​ឧទ្យាន ឬ​មើល​វីដេអូ​ចម្រៀង​ដូច​ជា​នៅ​ផែន​ដី​ថ្មី​ខាង​មុខ ឬ​ជិត​ណាស់​ហើយ​ជា​ដើម។ បើ​យើង​លៃ​ទុក​ពេល​ជា​ទៀង​ទាត់​ដើម្បី​ស្រមៃ​គិត​អំពី​សេចក្ដី​សង្ឃឹម​អំពី​ពិភព​លោក​ថ្មី បញ្ហា​របស់​យើង​នឹង​«​មាន​តែ​មួយ​រយៈ​ពេល​ខ្លី ហើយ​ស្រាល​»។ (​២កូ. ៤:១៧​) សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​អ្នក​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។

២០. ពេល​យើង​ខ្សោយ តើ​យើង​អាច​ទទួល​កម្លាំង​តាម​របៀប​ណា?

២០ សូម្បី​តែ​ពេល​យើង​ខ្សោយ ក៏​«​យើង​នឹង​ទទួល​កម្លាំង​ឡើង​វិញ​ពី​ព្រះ​»។ (​ចសព. ១០៨:១៣​) ព្រះ​យេហូវ៉ា​បាន​ផ្ដល់​រួច​ហើយ​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ទទួល​កម្លាំង​ពី​លោក។ ដូច្នេះ ពេល​អ្នក​ត្រូវ​ការ​ជំនួយ​ដើម្បី​បំពេញ​ភារកិច្ច ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ឬ​រក្សា​អំណរ​របស់​អ្នក សូម​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា និង​ស្វែង​រក​ការ​ណែនាំ​ពី​លោក​តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន។ សូម​ទទួល​យក​ការ​លើក​ទឹក​ចិត្ត​ពី​បង​ប្អូន​គ្រិស្ត​សាសនិក​របស់​អ្នក។ សូម​លៃ​ទុក​ពេល​ជា​ទៀង​ទាត់​ដើម្បី​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​សម្រាប់​ថ្ងៃ​អនាគត។ យ៉ាង​នេះ អ្នក​នឹង​‹ទទួល​កម្លាំង​ខ្លាំង​ក្លា​ពី​ឫទ្ធានុភាព​រុង​រឿង​របស់​ព្រះ ដើម្បី​អ្នក​អាច​ស៊ូ​ទ្រាំ​នឹង​ការ​ទាំង​អស់ ដោយ​ចិត្ត​អត់​ធ្មត់​និង​មាន​អំណរ›។—កូឡ. ១:១១

តើ​តាម​របៀប​ណា​អ្នក​អាច​ទទួល​កម្លាំង . . .

  • ពី​ការ​អធិដ្ឋាន​និង​ការ​សិក្សា?

  • ពី​អ្នក​គោរព​ប្រណិប័តន៍​គ្នី​គ្នា?

  • ពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​សម្រាប់​ថ្ងៃ​អនាគត?

ចម្រៀង​លេខ​៣៣ ចូរ​ផ្ទេរ​បន្ទុក​ទៅ​លើ​ព្រះ​យេហូវ៉ា

a អត្ថបទ​នេះ​នឹង​ជួយ​ពួក​អ្នក​ដែល​មាន​អារម្មណ៍​ថា​ពិបាក​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ឬ​ថា​ភារកិច្ច​ណា​មួយ​គឺ​ហួស​ពី​សមត្ថភាព​របស់​ពួក​គេ។ យើង​នឹង​រៀន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អាច​ពង្រឹង​កម្លាំង​យើង និង​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ទទួល​ជំនួយ​ពី​លោក។

b ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

c ការ​ពណ៌នា​អំពី​រូប​ភាព​៖ បង​ស្រី​ម្នាក់​ដែល​ថ្លង់​ស្រមៃ​គិត​អំពី​សេចក្ដី​សន្យា​ពី​គម្ពីរ ហើយ​មើល​វីដេអូ ដើម្បី​ជួយ​គាត់​ឲ្យ​ស្រមៃ​ឃើញ​ថា​ជីវិត​របស់​គាត់​នឹង​ទៅ​ជា​យ៉ាង​ណា​ក្នុង​ពិភព​លោក​ថ្មី។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក