បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w23 វិច្ឆិកា ទំ. ២៦-៣០
  • ខ្ញុំមានសុវត្ថិភាពពិតដោយសារខ្ញុំទុកចិត្តព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខ្ញុំមានសុវត្ថិភាពពិតដោយសារខ្ញុំទុកចិត្តព្រះយេហូវ៉ា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទី​ចាប់​ផ្ដើម​នៃ​ជីវិត​ដែល​ទុក​ចិត្ត​ព្រះ​យេហូវ៉ា
  • ការ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​នៅ​តំបន់​ដែល​មាន​សង្គ្រាម​ដ៏​ក្ដៅ​គគុក
  • ការ​ជួប​ការ​ប្រឆាំង​នៅ​ប្រទេស​នីហ្សេ
  • ​«​យើង​មិន​សូវ​ដឹង​អំពី​កិច្ច​ការ​រាជាណាចក្រ​នៅ​ប្រទេស​ហ្គីណេ​ទេ​»​
  • ការ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ជា​គូ
  • ប្រភព​នៃ​សុវត្ថិភាព​ពិត
  • របៀបបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • កេរដំណែលដែលខ្ញុំបានទទួលក្នុងសេចក្ដីពិតបាននាំឲ្យខ្ញុំរីកចម្រើន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ខ្ញុំបានឃើញជំនឿរបស់រាស្ត្រព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
w23 វិច្ឆិកា ទំ. ២៦-៣០
បងអ៊ីស្រាអែល អ៊ីថាចូពី។

ជីវប្រវត្ដិ

ខ្ញុំ​មាន​សុវត្ថិភាព​ពិត​ដោយ​សារ​ខ្ញុំ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា

រៀប​រាប់​ដោយ​បង​អ៊ីស្រាអែល អ៊ីថាចូពី

ពេល​គេ​សួរ​ខ្ញុំ​អំពី​ជីវិត​ខ្ញុំ ខ្ញុំ​ច្រើន​តែ​ប្រាប់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ដូច​ជា​វ៉ាលិស​ក្នុង​ដៃ​ព្រះ​យេហូវ៉ា!​»។ ខ្ញុំ​ចង់​មាន​ន័យ​ថា ដូច​ខ្ញុំ​យក​វ៉ាលិស​ទៅ​កន្លែង​ណា​តាម​ចិត្ត ខ្ញុំ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក​ធ្វើ​ដូច្នេះ​ចំពោះ​ខ្ញុំ គឺ​ណែនាំ​ខ្ញុំ​ថា​ពេល​ណា​និង​កន្លែង​ណា​ដែល​ត្រូវ​ទៅ។ ខ្ញុំ​បាន​ព្រម​ទទួល​ភារកិច្ច​ពិបាក ហើយ​ជួន​កាល​ក៏​មាន​គ្រោះ​ថ្នាក់​ដែរ។ ប៉ុន្តែ ខ្ញុំ​បាន​រៀន​ថា​ការ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​គឺ​ជា​គន្លឹះ​ដែល​នាំ​ឲ្យ​មាន​សុវត្ថិភាព​ពិត​ប្រាកដ។

ទី​ចាប់​ផ្ដើម​នៃ​ជីវិត​ដែល​ទុក​ចិត្ត​ព្រះ​យេហូវ៉ា

ខ្ញុំ​បាន​កើត​នៅ​ឆ្នាំ​១៩៤៨ នៅ​ភូមិ​តូច​មួយ​នា​ទិស​ខាង​ត្បូង ឆៀង​ខាង​លិច នៃ​ប្រទេស​នីហ្សេរីយ៉ា។ ក្នុង​អំឡុង​ពេល​នោះ ពូ​របស់​ខ្ញុំ​ខាង​ឪពុក​ឈ្មោះ​មូស្ដាហ្វា ហើយ​រួច​មក​បង​ច្បង​របស់​ខ្ញុំ​ឈ្មោះ​វ៉ាហាប៊ី បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ពេល​ខ្ញុំ​មាន​អាយុ​៩​ឆ្នាំ ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់។ ខ្ញុំ​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ បង​វ៉ាហាប៊ី​បាន​ប្រាប់​ខ្ញុំ​ថា​យើង​អាច​ជួប​ឪពុក​របស់​យើង​ម្ដង​ទៀត​ពេល​គាត់​បាន​ត្រូវ​ប្រោស​រស់​ឡើង​វិញ។ ពាក្យ​សម្រាល​ទុក្ខ​នេះ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​សិក្សា​គម្ពីរ។ ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៦៣។ មិន​យូរ​ក្រោយ​មក បង​ប្អូន​ប្រុស​បី​នាក់​ទៀត​របស់​ខ្ញុំ​ក៏​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដែរ។

នៅ​ឆ្នាំ​១៩៦៥ ខ្ញុំ​បាន​ទៅ​រស់​នៅ​ក្រុង​ឡាកូស​ជា​មួយ​បង​ប្រុស​របស់​ខ្ញុំ​វីលសុន ហើយ​ខ្ញុំ​សប្បាយ​សេព​គប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ត្រួស​ត្រាយ​ផ្សេង​ទៀត​នៅ​ក្រុម​ជំនុំ​អ៊ីកបូប៊ី។ អំណរ​និង​ចិត្ត​ខ្នះខ្នែង​របស់​ពួក​គេ​បាន​ជំរុញ​ចិត្ត​ខ្ញុំ ហើយ​នៅ​ខែ​មករា ឆ្នាំ​១៩៦៨ ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ដែរ។

បង​ប្រុស​អាល់បឺត អរឡុកបេប៊ី​ដែល​បម្រើ​នៅ​បេតអែល​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិសេស​ជា​មួយ​ប្អូន​ៗ​វ័យ​ក្មេង​អំពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​នីហ្សេរីយ៉ា។ ខ្ញុំ​នៅ​តែ​ចង​ចាំ​ពាក្យ​ដ៏​រំភើប​ចិត្ត​របស់​បង​អរឡុកបេប៊ី​ដែល​ថា​៖ ​«​ប្អូន​ៗ​នៅ​ក្មេង ប្អូន​អាច​ប្រើ​ពេល​វេលា​និង​កម្លាំង​ដើម្បី​ព្រះ​យេហូវ៉ា។ មាន​កិច្ច​ការ​ជា​ច្រើន​រង់​ចាំ​ប្អូន​ៗ​!​»។ ខ្ញុំ​ចង់​ធ្វើ​ដូច​អេសាយ ដោយ​ទៅ​កន្លែង​ណា​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ខ្ញុំ​ទៅ ដូច្នេះ​ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។—អេ. ៦:៨

នៅ​ខែ​ឧសភា ឆ្នាំ​១៩៦៨ ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នា​ក្រុង​ខាណូ​នៅ​ភាគ​ជើង ប្រទេស​នីហ្សេរីយ៉ា។ នេះ​គឺ​ក្នុង​អំឡុង​សង្គ្រាម​បាយអាហ្វ្រាស ដែល​មាន​ចាប់​ពី​ឆ្នាំ​១៩៦៧​ដល់​ឆ្នាំ​១៩៧០។ សង្គ្រាម​នោះ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​រង​ទុក្ខ​និង​ស្លាប់​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​នីហ្សេរីយ៉ា ហើយ​ក្រោយ​មក​សង្គ្រាម​នោះ​បាន​ប្ដូរ​ទី​តាំង​ទៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​នោះ​វិញ។ បង​ប្រុស​ម្នាក់​ដែល​មាន​បំណង​ចិត្ត​ល្អ បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ខ្ញុំ​កុំ​ឲ្យ​ទៅ​ទី​នោះ។ ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​៖ ​«​អរគុណ​បង​ដែល​បារម្ភ​ពី​ខ្ញុំ។ ប៉ុន្តែ បើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ខ្ញុំ​បំពេញ​ភារកិច្ច​នេះ ខ្ញុំ​ជឿ​ជាក់​ថា​លោក​នឹង​នៅ​ជា​មួយ​ខ្ញុំ​»។

ផែទីទ្វីបអាហ្វ្រិកខាងលិចបង្ហាញអំពីកន្លែងខ្លះដែលបងអ៊ីស្រាអែល អ៊ីថាចូពីបានរស់នៅនិងបម្រើគឺ៖ ក្រុងកូណាគ្រី ប្រទេសហ្គីណេ ប្រទេសសៀរ៉ាឡេអូន ក្រុងនីញ៉ាម៉េ ប្រទេសនីហ្សេ ក្រុងខាណូ ក្រុងអរីសាន់បារីស និងក្រុងឡាកូសនាប្រទេសនីហ្សេរីយ៉ា។

ការ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​នៅ​តំបន់​ដែល​មាន​សង្គ្រាម​ដ៏​ក្ដៅ​គគុក

ស្ថានភាព​នៅ​ក្រុង​ខាណូ​គឺ​គួរ​ឲ្យ​សោកសៅ​ណាស់។ សង្គ្រាម​ស៊ីវិល​បាន​បំផ្លាញ​ក្រុង​ដ៏​ធំ​នោះ។ ជួន​កាល​ពេល​យើង​កំពុង​ផ្សព្វ​ផ្សាយ យើង​បាន​ឃើញ​សាក​សព​បុគ្គល​ដែល​បាន​ត្រូវ​គេ​សម្លាប់​យ៉ាង​សាហាវ​ក្នុង​អំឡុង​សង្គ្រាម​នោះ។ ទោះ​ជា​មាន​ក្រុម​ជំនុំ​ខ្លះ​នៅ​ទី​នោះ​ក្ដី បង​ប្អូន​ភាគ​ច្រើន​បាន​រត់​ភៀស​ខ្លួន។ នៅ​សល់​តែ​អ្នក​ផ្សាយ​តិច​ជាង​១៥​នាក់​ទេ ហើយ​ពួក​គេ​ភ័យ​ខ្លាច​និង​ធ្លាក់​ទឹក​ចិត្ត។ ប៉ុន្តែ បង​ប្អូន​ទាំង​នោះ​បាន​អរ​សប្បាយ​ឡើង​វិញ​ពេល​ដែល​យើង​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​៦​នាក់​បាន​ទៅ​ដល់​ទី​នោះ។ ពួក​គេ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង ដោយ​សារ​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​យើង។ យើង​បាន​ជួយ​ពួក​គេ​ឲ្យ​រៀប​ចំ​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ​ម្ដង​ទៀត ហើយ​ចាប់​ផ្ដើម​ផ្ញើ​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​បម្រើ​ផ្សាយ​និង​កុម្ម៉ង់​សៀវភៅ​ទៅ​ការិយាល័យ​សាខា។

យើង​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​បាន​ចាប់​ផ្ដើម​រៀន​ភាសា​ហោសា។ ពេល​មនុស្ស​នៅ​តំបន់​នោះ​ឮ​ដំណឹង​អំពី​រាជាណាចក្រ​ជា​ភាសា​កំណើត​របស់​ពួក​គេ ពួក​គេ​ជា​ច្រើន​នាក់​ស្ដាប់​យើង។ ប៉ុន្តែ សមាជិក​នៃ​សាសនា​ធំ​បំផុត​ក្នុង​ក្រុង​ខាណូ​មិន​ចូល​ចិត្ត​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​ទេ ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​ខ្លាំង។ នៅ​ពេល​មួយ បុរស​ម្នាក់​ដែល​មាន​កាំបិត​បាន​ដេញ​តាម​ខ្ញុំ​និង​ដៃ​គូ​ខ្ញុំ។ គួរ​ឲ្យ​សប្បាយ​ណាស់​ដែល​យើង​បាន​រត់​លឿន​ជាង​គាត់ ហើយ​គេច​ខ្លួន​បាន។ ទោះ​ជា​មាន​គ្រោះ​ថ្នាក់​ក្ដី ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​យើង​«​មាន​សុវត្ថិភាព​»​ ហើយ​ចំនួន​អ្នក​ផ្សាយ​បាន​ចាប់​ផ្ដើម​កើន​ឡើង។ (​ចសព. ៤:៨​) សព្វ​ថ្ងៃ​នេះ មាន​អ្នក​ផ្សាយ​ជាង​៥០០​នាក់​កំពុង​បម្រើ​នៅ​ក្រុម​ជំនុំ​១១​នា​ក្រុង​ខាណូ។

ការ​ជួប​ការ​ប្រឆាំង​នៅ​ប្រទេស​នីហ្សេ

ខ្ញុំ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ក្រុង​នីញ៉ាម៉េ ប្រទេស​នីហ្សេ

ក្រោយ​មក​នៅ​ខែ​សីហា ឆ្នាំ​១៩៦៨ បន្ទាប់​ពី​នៅ​ក្រុង​ខាណូ​តែ​ប៉ុន្មាន​ខែ ខ្ញុំ​និង​អ្នក​ត្រួស​ត្រាយ​ពិសេស​ពីរ​នាក់​ទៀត​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​រដ្ឋធានី​នីញ៉ាម៉េ​នៃ​សាធារណរដ្ឋ​នីហ្សេ។ មិន​យូរ​ក្រោយ​មក យើង​ដឹង​ថា​ប្រទេស​នីហ្សេ​នៅ​ទ្វីប​អាហ្វ្រិក​ខាង​លិច ជា​តំបន់​ក្ដៅ​បំផុត​មួយ​នៅ​លើ​ផែន​ដី។ ក្រៅ​ពី​ត្រូវ​រៀន​ទ្រាំ​នឹង​កម្ដៅ​នោះ យើង​ក៏​ត្រូវ​រៀន​ភាសា​ផ្លូវ​ការ​ដែរ គឺ​ភាសា​បារាំង។ ទោះ​ជា​មាន​ការ​ពិបាក​ទាំង​នោះ​ក្ដី យើង​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​នៅ​រដ្ឋធានី​ជា​មួយ​អ្នក​ផ្សាយ​តែ​ប៉ុន្មាន​នាក់​ដែល​រស់​នៅ​ទី​នោះ។ ក្នុង​រយៈ​ពេល​ដ៏​ខ្លី មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ដែល​ចេះ​អក្សរ​នៅ​ក្រុង​នីញ៉ាម៉េ​បាន​ទទួល​សៀវភៅ​សិក្សា​គម្ពីរ​ដែល​មាន​ចំណង​ជើង​ថា សេចក្ដី​ពិត​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​(​The Truth That Leads to Eternal Life​)។ មនុស្ស​ថែម​ទាំង​ស្វែង​រក​យើង​ដើម្បី​សុំ​សៀវភៅ​មួយ​ក្បាល​ទៀត​ផង។

មិន​យូរ​ក្រោយ​មក យើង​ឃើញ​ថា​ពួក​អាជ្ញាធរ​មិន​ចូល​ចិត្ត​សាក្សី​ព្រះ​យេហូវ៉ា​ទេ។ នៅ​ខែ​កក្កដា ឆ្នាំ​១៩៦៩ យើង​មាន​សន្និបាត​ប្រចាំ​មណ្ឌល​លើក​ទី​១​នៅ​ប្រទេស​នោះ ហើយ​មាន​អ្នក​ចូល​រួម​ប្រហែល​ជា​២០​នាក់។ យើង​ទន្ទឹង​រង់​ចាំ​មើល​អ្នក​ផ្សាយ​ថ្មី​ពីរ​នាក់​ទទួល​ការ​ជ្រមុជ​ទឹក។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​១​នៃ​សន្និបាត​នោះ ប៉ូលិស​បាន​មក​ដល់ ហើយ​បញ្ឈប់​កម្ម​វិធី​នោះ។ ពួក​គេ​បាន​ចាប់​អ្នក​ត្រួស​ត្រាយ​ពិសេស​និង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ទៅ​ប៉ុស្តិ៍​ប៉ូលិស។ ក្រោយ​ពី​សួរ​ចម្លើយ​យើង ពួក​គេ​បាន​បង្គាប់​យើង​ឲ្យ​ត្រឡប់​ទៅ​ជួប​ពួក​គេ​វិញ​នៅ​ថ្ងៃ​បន្ទាប់។ យើង​មាន​អារម្មណ៍​ថា​ពួក​អាជ្ញាធរ​នោះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​មក​លើ​យើង ដូច្នេះ​យើង​បាន​រៀប​ចំ​ថ្លែង​សុន្ទរកថា​ការ​ជ្រមុជ​ទឹក​នៅ​ផ្ទះ​របស់​បង​ប្អូន​ម្នាក់ ហើយ​ក្រោយ​មក​បាន​ជ្រមុជ​ទឹក​បុគ្គល​ពីរ​នាក់​នោះ​ដោយ​លួច​លាក់​នៅ​ទន្លេ​មួយ។

ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ក្រសួង​មហាផ្ទៃ​បាន​បណ្ដេញ​ខ្ញុំ​និង​អ្នក​ត្រួស​ត្រាយ​ពិសេស​ប្រាំ​នាក់​ទៀត​ចេញ​ពី​ប្រទេស​នីហ្សេ។ យើង​ត្រូវ​រៀប​ចំ​ចាក​ចេញ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​៤៨​ម៉ោង។ យើង​បាន​ធ្វើ​តាម ហើយ​បាន​ទៅ​ការិយាល័យ​សាខា​នីហ្សេរីយ៉ា​តែ​ម្ដង ជា​កន្លែង​ដែល​យើង​បាន​ទទួល​ភារកិច្ច​ថ្មី។

ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ភូមិ​អរីសាន់បារីស នៅ​ប្រទេស​នីហ្សេរីយ៉ា ជា​កន្លែង​ដែល​ខ្ញុំ​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​និង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ជា​មួយ​អ្នក​ផ្សាយ​មួយ​ក្រុម​តូច​ដែល​រស់​នៅ​ទី​នោះ។ ប៉ុន្តែ​៦​ខែ​ក្រោយ​មក ការិយាល័យ​សាខា​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​នីហ្សេ​វិញ​តែ​ម្នាក់​ឯង។ ដំបូង​ខ្ញុំ​ភ្ញាក់​ផ្អើល​និង​ភ័យ ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​បាន​ទន្ទឹង​រង់​ចាំ​ជួប​បង​ប្អូន​នៅ​ទី​នោះ​ម្ដង​ទៀត។

ខ្ញុំ​បាន​ត្រឡប់​ទៅ​រដ្ឋធានី​នីញ៉ាម៉េ​វិញ។ មួយ​ថ្ងៃ​ក្រោយ​ពី​ខ្ញុំ​បាន​ទៅ​ដល់ បុរស​អ្នក​ជំនួញ​ជន​ជាតិ​នីហ្សេរីយ៉ា​ម្នាក់​បាន​កត់​សម្គាល់​ថា​ខ្ញុំ​ជា​សាក្សី ហើយ​បាន​សួរ​សំណួរ​ផ្សេង​ៗ​អំពី​គម្ពីរ។ យើង​បាន​សិក្សា​គម្ពីរ​ជា​មួយ​គ្នា ហើយ​ក្រោយ​ពី​គាត់​បាន​ផ្ដាច់​បារី​និង​ឈប់​ផឹក​ស្រា​ហួស​ប្រមាណ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ក្រោយ​មក ខ្ញុំ​ក៏​សប្បាយ​មាន​ចំណែក​ក្នុង​ការ​រីក​ចម្រើន​បន្តិច​ម្ដង​ៗ​ដែល​មាន​នៅ​តំបន់​ផ្សេង​ៗ​នា​ប្រទេស​នោះ។ ពេល​ខ្ញុំ​មក​ដល់​ប្រទេស​នោះ​ជា​លើក​ដំបូង មាន​សាក្សី​៣១​នាក់ តែ​ពេល​ខ្ញុំ​ចាក​ចេញ​មាន​សាក្សី​៦៩​នាក់។

​«​យើង​មិន​សូវ​ដឹង​អំពី​កិច្ច​ការ​រាជាណាចក្រ​នៅ​ប្រទេស​ហ្គីណេ​ទេ​»​

នៅ​ចុង​ឆ្នាំ​១៩៧៧ ខ្ញុំ​បាន​ត្រឡប់​ទៅ​ប្រទេស​នីហ្សេរីយ៉ា​ដើម្បី​ទទួល​ការ​បង្ហាត់​បង្រៀន។ នៅ​ចុង​បញ្ចប់​នៃ​វគ្គ​សិក្សា​បី​សប្ដាហ៍​នោះ បង​ប្រុស​ម៉ាលខឹម វិកូ ដែល​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​បាន​ឲ្យ​ខ្ញុំ​អាន​សំបុត្រ​មួយ​ពី​ការិយាល័យ​សាខា​សៀរ៉ាឡេអូន។ ពួក​គេ​ស្វែង​រក​បង​ប្អូន​ប្រុស​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នៅ​លីវ​និង​មាន​សុខភាព​ល្អ ហើយ​ដែល​ចេះ​និយាយ​ភាសា​អង់គ្លេស​និង​ភាសា​បារាំង ដើម្បី​គាត់​អាច​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នៅ​ប្រទេស​ហ្គីណេ។ បង​វិកូ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​កំពុង​ទទួល​ការ​បង្ហាត់​បង្រៀន​សម្រាប់​ភារកិច្ច​នោះ។ គាត់​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ភារកិច្ច​នោះ​គឺ​មិន​ស្រួល​ទេ។ គាត់​បាន​ឲ្យ​យោបល់​ខ្ញុំ​ថា​៖ ​«​សូម​គិត​សិន​មុន​ព្រម​ទទួល​»។ ខ្ញុំ​តប​ឆ្លើយ​ភ្លាម​ៗ​ថា​៖ ​«​ដោយ​សារ​គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ចាត់​ខ្ញុំ ខ្ញុំ​នឹង​ទៅ​»។

ខ្ញុំ​បាន​ជិះ​យន្ត​ហោះ​ទៅ​ប្រទេស​សៀរ៉ាឡេអូន ហើយ​បាន​ជួប​បង​ប្អូន​នៅ​ការិយាល័យ​សាខា។ សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​យើង​មិន​សូវ​ដឹង​អំពី​កិច្ច​ការ​រាជាណាចក្រ​នៅ​ប្រទេស​ហ្គីណេ​ទេ​»។ ទោះ​ជា​ការិយាល័យ​សាខា​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ហ្គីណេ​ដែល​ជា​ប្រទេស​ជិត​ខាង​ក្ដី ការិយាល័យ​សាខា​មិន​អាច​ទាក់​ទង​ជា​មួយ​អ្នក​ផ្សាយ ដោយ​សារ​ស្ថានភាព​នយោបាយ​ដ៏​យ៉ាប់​យ៉ឺន​នៅ​ទី​នោះ។ ពួក​គេ​បាន​សាក​ល្បង​ចាត់​អ្នក​តំណាង​ប៉ុន្មាន​ដង ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ទេ។ ដូច្នេះ ខ្ញុំ​បាន​ត្រូវ​សុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​កូណាគ្រី​នា​ប្រទេស​ហ្គីណេ ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ឲ្យ​ស្នាក់​នៅ​ទី​នោះ។

​«​ដោយ​សារ​គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ចាត់​ខ្ញុំ ខ្ញុំ​នឹង​ទៅ​»​

ពេល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​កូណាគ្រី ខ្ញុំ​បាន​ទៅ​ស្ថានទូត​នីហ្សេរីយ៉ា ហើយ​បាន​ជួប​ឯកអគ្គរដ្ឋទូត។ ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​បំណង​ចិត្ត​របស់​ខ្ញុំ​ឲ្យ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ហ្គីណេ។ គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​កុំ​ឲ្យ​នៅ​ទី​នោះ ដោយ​សារ​ខ្ញុំ​អាច​ត្រូវ​គេ​ចាប់​ខ្លួន​ឬ​ធ្វើ​បាប។ គាត់​និយាយ​ថា​៖ ​«​សូម​ត្រឡប់​ទៅ​ប្រទេស​នីហ្សេរីយ៉ា​វិញ ហើយ​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ​ទៅ​»។ ខ្ញុំ​បាន​តប​ថា​៖ ​«​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​នៅ​ទី​នេះ​»។ ដូច្នេះ គាត់​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​នា​ប្រទេស​ហ្គីណេ​ដើម្បី​ជួយ​ខ្ញុំ ហើយ​រដ្ឋ​មន្ត្រី​នោះ​បាន​ជួយ​ខ្ញុំ​មែន។

មិន​យូរ​ក្រោយ​ពី​នោះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ការិយាល័យ​សាខា​សៀរ៉ាឡេអូន ហើយ​បាន​ប្រាប់​អំពី​ការ​សម្រេច​ចិត្ត​របស់​រដ្ឋ​មន្ត្រី​នោះ។ បង​ប្អូន​បាន​ស្រែក​ហ៊ោ​យ៉ាង​អរ​សប្បាយ​ពេល​ឃើញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ចំពោះ​ការ​ស្នើ​សុំ​របស់​ខ្ញុំ។ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ប្រទេស​ហ្គីណេ។

បងអ៊ីស្រាអែលយួរកាបូបរបស់គាត់ដោយញញឹមសប្បាយ។

ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​នៅ​ប្រទេស​សៀរ៉ាឡេអូន

ចាប់​ពី​ឆ្នាំ​១៩៧៨​ដល់​ឆ្នាំ​១៩៨៩ ខ្ញុំ​បាន​បម្រើ​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​នៅ​ប្រទេស​ហ្គីណេ​និង​ប្រទេស​សៀរ៉ាឡេអូន ហើយ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ជំនួស​នៅ​ប្រទេស​លីបេរីយ៉ា។ ដំបូង ខ្ញុំ​ឧស្សាហ៍​ឈឺ​ណាស់ ពេល​ខ្លះ​នោះ​គឺ​ពេល​ដែល​ខ្ញុំ​នៅ​តំបន់​ដាច់​ស្រយាល។ ប៉ុន្តែ បង​ប្អូន​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​យក​ខ្ញុំ​ទៅ​មន្ទីរ​ពេទ្យ។

នៅ​ពេល​មួយ ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ដោយ​សារ​ខ្ញុំ​កើត​ជំងឺ​គ្រុន​ចាញ់​និង​មាន​សត្វ​ល្អិត​ក្នុង​ពោះ​វៀន។ នៅ​ទី​បំផុត ខ្ញុំ​បាន​ជា ហើយ​ពេល​នោះ ទើប​ខ្ញុំ​ដឹង​ថា​បង​ប្អូន​បាន​ពិភាក្សា​គ្នា​ថា​នឹង​បញ្ចុះ​សព​ខ្ញុំ​នៅ​ឯ​ណា! ទោះ​ជា​ខ្ញុំ​ប៊ិះ​ស្លាប់​ក្ដី ខ្ញុំ​មិន​ដែល​គិត​ថា​នឹង​បោះ​បង់​ភារកិច្ច​របស់​ខ្ញុំ​ទេ។ ខ្ញុំ​នៅ​តែ​ជឿ​ជាក់​ថា​សុវត្ថិភាព​ពិត​ប្រាកដ​និង​ស្ថិត​ស្ថេរ​គឺ​មក​ពី​ព្រះ​ដែល​អាច​ប្រោស​យើង​ពី​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។

ការ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ជា​គូ

បងអ៊ីស្រាអែលនិងបងដូខាសនៅថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគាត់

ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​យើង​នៅ​ឆ្នាំ​១៩៨៨

នៅ​ឆ្នាំ​១៩៨៨ ខ្ញុំ​បាន​ជួប​ដូខាស​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ និង​ជា​ស្ត្រី​ដែល​មាន​ចិត្ត​រាប​ទាប​ខ្លាំង។ យើង​បាន​រៀប​ការ ហើយ​គាត់​បាន​បម្រើ​ជា​មួយ​ខ្ញុំ​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល។ ដូខាស​បាន​បង្ហាញ​ថា​គាត់​ជា​ប្រពន្ធ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​លះ​បង់​ប្រយោជន៍​ខ្លួន។ យើង​បាន​ដើរ​ជា​មួយ​គ្នា​យ៉ាង​ឆ្ងាយ​រហូត​ដល់​២៥​គីឡូ​ម៉ែត្រ​ពី​ក្រុម​ជំនុំ​មួយ​ទៅ​ក្រុម​ជំនុំ​មួយ ដោយ​យួរ​វ៉ាលិស​របស់​យើង។ បើ​ក្រុម​ជំនុំ​ឆ្ងាយ​ជាង យើង​ប្រើ​យាន​ជំនិះ​ណា​ក៏​ដោយ​ដែល​យើង​អាច​រក​ឃើញ​ដើម្បី​ធ្វើ​ដំណើរ​តាម​ផ្លូវ​ភក់​ដែល​មាន​ជង្ហុក​ច្រើន។

ដូខាស​ប្រពន្ធ​របស់​ខ្ញុំ​មាន​ចិត្ត​ក្លាហាន​ខ្លាំង​ណាស់។ ជា​ឧទាហរណ៍ ពេល​ខ្លះ​យើង​ត្រូវ​ឆ្លង​ទឹក​ដែល​មាន​ក្រពើ។ មាន​ពេល​មួយ​ដែល​យើង​ត្រូវ​ធ្វើ​ដំណើរ​អស់​ប្រាំ​ថ្ងៃ យើង​ត្រូវ​ឆ្លង​ទឹក​ទន្លេ​មួយ​ដោយ​ប្រើ​ទូក ដោយ​សារ​ស្ពាន​ឈើ​បាន​បាក់។ ពេល​ដែល​ដូខាស​ងើប​ឈរ​ដើម្បី​ចេញ​ពី​ទូក គាត់​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​ទឹក​ជ្រៅ។ យើង​ទាំង​ពីរ​នាក់​មិន​ចេះ​ហែល​ទឹក​ទេ ហើយ​ក្នុង​ទឹក​នោះ​មាន​ក្រពើ​ទៀត​ផង។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​បុរស​វ័យ​ក្មេង​ខ្លះ​បាន​ចុះ​ទឹក ហើយ​សង្គ្រោះ​គាត់​បាន។ យើង​ពីរ​នាក់​យល់សប្ដិ​អាក្រក់​អំពី​រឿង​នេះ​អស់​មួយ​រយៈ​ពេល ប៉ុន្តែ​យើង​នៅ​តែ​បន្ត​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​របស់​យើង។

យ៉ាគីហ្វនិងអេរិចពេលនៅក្មេង ឈរខាងមុខសាលប្រជុំ។

កូន​របស់​យើង​យ៉ាគីហ្វ​និង​អេរិច​ជា​អំណោយ​ពី​ព្រះ​សម្រាប់​យើង

នៅ​ដើម​ឆ្នាំ​១៩៩២ យើង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដោយ​ដឹង​ថា​ដូខាសមាន​ផ្ទៃ​ពោះ។ តើ​នេះ​នាំ​ឲ្យ​យើង​ឈប់​កិច្ច​បម្រើ​ពេញ​ពេល​របស់​យើង​ឬ​ទេ? យើង​បាន​វែក​ញែក​ថា​៖ ​«​កូន​នេះ​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា!​»។ ដូច្នេះ យើង​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ឲ្យ​កូន​ស្រី​យើង​ថា​យ៉ាគីហ្វ (​ដែល​មាន​ន័យ​ជា​ភាសា​អង់គ្លេស​ថា​អំណោយ​ពី​យ៉ា​)។ បួន​ឆ្នាំ​ក្រោយ​ពី​យ៉ាគីហ្វ​កើត​មក យើង​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​អេរិច។ កូន​ទាំង​ពីរ​នាក់​របស់​យើង​ពិត​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា។ យ៉ាគីហ្វ​បាន​បម្រើ​អស់​មួយ​រយៈ​នៅ​ការិយាល័យ​បក​ប្រែ​នៅ​ក្រុង​កូណាគ្រី ហើយ​អេរិច​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។

បងអ៊ីស្រាអែលនិងបងដូខាស ព្រមទាំងកូនប្រុសរបស់ពួកគាត់អេរិចនិងកូនស្រីរបស់ពួកគាត់យ៉ាគីហ្វ ឈរនៅខាងមុខសាលប្រជុំ។

ទោះ​ជា​ក្រោយ​មក ដូខាសត្រូវ​ឈប់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ក្ដី គាត់​បន្ត​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល សូម្បី​តែ​ពេល​ដែល​គាត់​ចិញ្ចឹម​អប់រំ​កូន​ក៏​ដោយ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​បន្ត​នៅ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ពិសេស។ ក្រោយ​ពី​កូន​របស់​យើង​ធំ​ឡើង ដូខាស​អាច​បម្រើ​ម្ដង​ទៀត​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។ ឥឡូវ​យើង​ទាំង​ពីរ​នាក់​បម្រើ​ជា​សាសនទូត​នៅ​ក្រុង​កូណាគ្រី។

ប្រភព​នៃ​សុវត្ថិភាព​ពិត

ខ្ញុំ​តែង​តែ​បាន​ទៅ​កន្លែង​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ទៅ។ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​ច្រើន​តែ​មាន​អារម្មណ៍​ថា​ពួក​យើង​ទទួល​ការ​ការ​ពារ​និង​ពរ​ពី​លោក។ ដោយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ជា​ជាង​ទ្រព្យ​សម្បត្តិ យើង​បាន​ជៀស​វាង​ពី​បញ្ហា​និង​កង្វល់​ជា​ច្រើន។ ខ្ញុំ​និង​ដូខាស​បាន​រៀន​តាម​រយៈ​បទ​ពិសោធន៍​ផ្ទាល់​ថា ប្រភព​នៃ​សុវត្ថិភាព​ពិត​គឺ​ព្រះ​យេហូវ៉ា ជា​«​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​»។ (​១ប្រ. ១៦:៣៥​) ខ្ញុំ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​ជីវិត​អស់​អ្នក​ដែល​ទុក​ចិត្ត​លោក ​«​ដូច​វេច​ខ្ចប់​ទ្រព្យ​ថ្លៃ​វិសេស​»។—១សាំ. ២៥:២៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក