អត្ថបទសិក្សា ៣៦
ចម្រៀងលេខ១០៣ ពួកគង្វាលគឺអំណោយជាមនុស្ស
ចូរ«ហៅពួកអ្នកចាស់ទុំ»ដើម្បីសុំជំនួយ
«ចូរឲ្យអ្នកនោះហៅពួកអ្នកចាស់ទុំក្នុងក្រុមជំនុំមក»។—យ៉ា. ៥:១៤
ចំណុចផ្ដោត
យើងនឹងពិចារណាថា ហេតុអ្វីគឺជាការសំខាន់ឲ្យយើងសុំជំនួយពីពួកអ្នកចាស់ទុំពេលយើងត្រូវការជំនួយ?
១. តើតាមរបៀបណាព្រះយេហូវ៉ាបង្ហាញថាអ្នកបម្រើរបស់លោកមានតម្លៃចំពោះលោក?
ចៀមរបស់ព្រះយេហូវ៉ាមានតម្លៃណាស់ចំពោះលោក។ លោកបានទិញពួកគេដោយឈាមរបស់លោកយេស៊ូ ហើយបានតែងតាំងពួកអ្នកចាស់ទុំក្នុងក្រុមជំនុំឲ្យថែរក្សាហ្វូងចៀមរបស់លោក។ (សកម្ម. ២០:២៨) ព្រះចង់ឲ្យពួកអ្នកចាស់ទុំប្រព្រឹត្តចំពោះអ្នកបម្រើរបស់លោកដោយសប្បុរស។ ដោយមានលោកយេស៊ូជាអ្នកនាំមុខ ពួកអ្នកចាស់ទុំពង្រឹងកម្លាំងចិត្តអ្នកបម្រើរបស់ព្រះ និងការពារពួកគេពីអ្វីដែលអាចបង្ខូចចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា។—អេ. ៣២:១, ២
២. តើព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះអ្នកណាជាពិសេស? (អេសេគាល ៣៤:១៥, ១៦)
២ ព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកបម្រើទាំងអស់របស់លោក ជាពិសេសពួកអ្នកដែលកំពុងរងទុក្ខ។ ពួកគេខ្លះប្រហែលជាកំពុងរងទុក្ខដោយសារបានធ្វើខុស ហើយព្រះយេហូវ៉ាប្រើពួកអ្នកចាស់ទុំឲ្យជួយពួកគេ។ (សូមអាន អេសេគាល ៣៤:១៥, ១៦) ប៉ុន្តែ លោកចង់ឲ្យយើងស្វែងរកជំនួយនៅពេលដែលយើងត្រូវការ។ លោកមិនគ្រាន់តែចង់ឲ្យយើងអធិដ្ឋានសុំជំនួយពីលោកប៉ុណ្ណោះទេ តែលោកក៏ចង់ឲ្យយើងសុំជំនួយពី‹គង្វាលនិងអ្នកបង្រៀន›ក្នុងក្រុមជំនុំដើម្បីជួយយើងពេលយើងត្រូវការជំនួយដែរ។—អេភ. ៤:១១, ១២
៣. តើយើងទាំងអស់គ្នាអាចទទួលប្រយោជន៍យ៉ាងណាពីការពិចារណាតួនាទីរបស់ពួកអ្នកចាស់ទុំ?
៣ នៅក្នុងអត្ថបទនេះ យើងនឹងរៀនថែមទៀតអំពីរបៀបដែលព្រះយេហូវ៉ាប្រើពួកអ្នកចាស់ទុំដើម្បីជួយពួកអ្នកដែលមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាចុះខ្សោយ។ យើងនឹងឆ្លើយសំណួរដូចតទៅនេះ៖ តើពេលណាយើងគួរសុំជំនួយពីពួកអ្នកចាស់ទុំ? ហេតុអ្វីយើងគួរធ្វើដូច្នោះ? តើតាមរបៀបណាពួកគេជួយយើង? ទោះបីជាឥឡូវយើងមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ា ហើយមិនត្រូវការជំនួយពីពួកអ្នកចាស់ទុំក៏ដោយ ចម្លើយចំពោះសំណួរទាំងនេះនឹងជួយយើងឲ្យកាន់តែមានអំណរគុណចំពោះការរៀបចំរបស់ព្រះយេហូវ៉ា ហើយនឹងជួយយើងឲ្យដឹងអ្វីដែលយើងត្រូវធ្វើពេលយើងត្រូវការជំនួយពីពួកអ្នកចាស់ទុំ។
តើយើងគួរ«ហៅពួកអ្នកចាស់ទុំ»នៅពេលណា?
៤. តើតាមរបៀបណាយើងដឹងថាយ៉ាកុប ៥:១៤-១៦, ១៩, ២០សំដៅទៅលើបុគ្គលដែលត្រូវផ្សះផ្សាចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា? (សូមមើលរូបភាពផងដែរ)
៤ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានពន្យល់អំពីរបៀបដែលព្រះយេហូវ៉ាប្រើពួកអ្នកចាស់ទុំដើម្បីជួយយើង។ គាត់បានសរសេរថា៖ «តើមានអ្នកណាឈឺក្នុងចំណោមអ្នករាល់គ្នាឬទេ? ចូរឲ្យអ្នកនោះហៅពួកអ្នកចាស់ទុំក្នុងក្រុមជំនុំមក»។ (សូមអាន យ៉ាកុប ៥:១៤-១៦, ១៩, ២០) បរិបទក្នុងខនេះបង្ហាញថា ពេលយ៉ាកុបនិយាយអំពីបុគ្គលដែលឈឺ គាត់កំពុងសំដៅទៅលើបុគ្គលដែលត្រូវផ្សះផ្សាចំណងមិត្តភាពជាមួយនឹងព្រះ។ យ៉ាកុបប្រាប់បុគ្គលដែលឈឺនោះឲ្យសុំជំនួយពីពួកអ្នកចាស់ទុំនៅក្នុងក្រុមជំនុំ មិនមែនពីគ្រូពេទ្យទេ។ ម្យ៉ាងទៀត យ៉ាកុបបានពន្យល់ថាបុគ្គលដែលឈឺអាចជាសះស្បើយ ពេលដែលការខុសឆ្គងរបស់គាត់បានត្រូវអភ័យទោស។ ជាឧទាហរណ៍ ដើម្បីឲ្យបុគ្គលដែលឈឺជាសះស្បើយ គាត់ត្រូវទៅជួបគ្រូពេទ្យ ប្រាប់អំពីអាការជំងឺរបស់គាត់ ហើយក្រោយមកគាត់ត្រូវធ្វើតាមការណែនាំពីគ្រូពេទ្យ។ ស្រដៀងគ្នាដែរ បើយើងត្រូវការជំនួយដើម្បីមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាម្ដងទៀត យើងគួរនិយាយជាមួយនឹងអ្នកចាស់ទុំ ប្រាប់ពួកគេអំពីបញ្ហារបស់យើង ហើយធ្វើតាមឱវាទពីគម្ពីរដែលពួកគេផ្ដល់ឲ្យ។
ពេលយើងឈឺ យើងទៅជួបគ្រូពេទ្យ។ ស្រដៀងគ្នាដែរ ពេលជំនឿរបស់យើងចុះខ្សោយ យើងគួរសុំជំនួយពីពួកអ្នកចាស់ទុំ (សូមមើលវគ្គ៤)
៥. តើតាមរបៀបណាយើងដឹងថាចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាកំពុងចុះខ្សោយ?
៥ ការរៀបចំដែលបានរៀបរាប់នៅយ៉ាកុប ជំពូកទី៥ លើកទឹកចិត្តយើងឲ្យទៅជួបពួកអ្នកចាស់ទុំពេលយើងមានអារម្មណ៍ថាចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាចុះខ្សោយ។ ប៉ុន្តែ គឺជាការឈ្លាសវៃដែលយើងទទួលជំនួយមុនចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះបានត្រូវបង្ខូច! យើងត្រូវស្គាល់ធាតុពិតរបស់ខ្លួន។ បទគម្ពីរព្រមានយើងថា យើងអាចបញ្ឆោតខ្លួនថាយើងមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះ តែតាមពិតយើងមិនមានទេ។ (យ៉ា. ១:២២) នេះជាអ្វីដែលបានកើតឡើងចំពោះគ្រិស្តសាសនិកខ្លះនៅក្រុងសាដេស។ លោកយេស៊ូបានប្រាប់ពួកគេថា ពួកគេលែងទទួលការពេញចិត្តពីព្រះយេហូវ៉ាទៀត។ (បប. ៣:១, ២) របៀបមួយដែលយើងអាចដឹងថាចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះរឹងមាំឬយ៉ាងណា គឺដោយប្រៀបធៀបចិត្តខ្នះខ្នែងរបស់យើងក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅឥឡូវ ទៅនឹងចិត្តខ្នះខ្នែងរបស់យើងនៅដើមដំបូង។ (បប. ២:៤, ៥) យើងអាចសួរខ្លួនថា ‹តើខ្ញុំសប្បាយក្នុងការអានគម្ពីរនិងរំពឹងគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលខ្ញុំអានដូចពីមុនឬទេ? តើខ្ញុំចូលរួមតែកិច្ចប្រជុំខ្លះ ហើយពេលចូលរួមមិនបានរៀបចំឬទេ? តើចិត្តខ្នះខ្នែងរបស់ខ្ញុំចំពោះកិច្ចបម្រើផ្សាយបានរសាយទៅឬទេ? តើខ្ញុំគិតអំពីការសប្បាយឬទ្រព្យសម្បត្តិច្រើនជាងមុនឬទេ?›។ បើយើងឆ្លើយថាមែនចំពោះសំណួរណាមួយ នេះអាចបង្ហាញថាចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាចុះខ្សោយ ហើយនោះទំនងជានឹងកាន់តែខ្សោយបើយើងមិនចាត់វិធានការអ្វីសោះ។ បើយើងមិនអាចពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាដោយខ្លួនឯងទេ ឬបើយើងដឹងថាយើងបានបំពានខ្នាតតម្រារបស់ព្រះ យើងគួរសុំជំនួយពីពួកអ្នកចាស់ទុំ។
៦. តើបុគ្គលដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរគួរធ្វើអ្វី?
៦ ពិតណាស់ ពួកអ្នកដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរដែលអាចនាំឲ្យអ្នកនោះត្រូវដកចេញពីក្រុមជំនុំគួរទៅជួបអ្នកចាស់ទុំ។ (១កូ. ៥:១១-១៣) បុគ្គលណាក៏ដោយដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ត្រូវការជំនួយដើម្បីផ្សះផ្សាចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា។ ព្រះយេហូវ៉ានឹងអភ័យទោសការខុសឆ្គងរបស់យើង ឲ្យតែយើងបង្ហាញថាយើងប្រែចិត្តដោយស្មោះ។ (សកម្ម. ២៦:២០) របៀបមួយដែលយើងអាចធ្វើដូច្នេះ គឺដោយប្រាប់ពួកអ្នកចាស់ទុំបើយើងបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។
៧. តើអ្នកណាទៀតគួរសុំជំនួយពីពួកអ្នកចាស់ទុំ?
៧ ពួកអ្នកចាស់ទុំមិនគ្រាន់តែជួយបុគ្គលដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពួកអ្នកដែលមានជំនឿចុះខ្សោយដែរ។ (សកម្ម. ២០:៣៥) ជាឧទាហរណ៍ អ្នកប្រហែលជាភ័យខ្លាចថា អ្នកនឹងចុះចាញ់ការតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង។ អ្នកប្រហែលជាកាន់តែពិបាកតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងបើមុនអ្នកក្លាយទៅជាគ្រិស្តសាសនិក អ្នកមានទម្លាប់ប្រើគ្រឿងញៀន មើលរូបអាសអាភាស ឬបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ អ្នកមិនចាំបាច់ប្រឈមមុខនឹងការពិបាកទាំងនោះតែម្នាក់ឯងទេ។ អ្នកអាចសម្រេចចិត្តនិយាយប្រាប់អ្នកចាស់ទុំម្នាក់ដែលនឹងស្ដាប់ទុក្ខកង្វល់របស់អ្នក ផ្ដល់ឱវាទដែលមានប្រយោជន៍ និងពង្រឹងទំនុកចិត្តអ្នកថា អ្នកអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តដោយបដិសេធប្រព្រឹត្តតាមសេចក្ដីប៉ងប្រាថ្នាខុសឆ្គង។ (អទ. ៤:១២) បើអ្នកធ្លាក់ទឹកចិត្តដោយសារអ្នកកំពុងតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង អ្នកចាស់ទុំអាចរំលឹកអ្នកថា ការមានអារម្មណ៍បែបនេះ ទំនងជាមកពីអ្នកកំពុងចាត់ទុកចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាថាសំខាន់ ហើយថាអ្នកកំពុងជៀសវាងពីការមានទំនុកចិត្តហួសហេតុពេក។—១កូ. ១០:១២
៨. តើយើងចាំបាច់និយាយជាមួយនឹងពួកអ្នកចាស់ទុំអំពីកំហុសទាំងអស់ដែលយើងធ្វើឬទេ? សូមពន្យល់។
៨ យើងមិនចាំបាច់និយាយជាមួយពួកអ្នកចាស់ទុំអំពីកំហុសទាំងអស់ដែលយើងបានធ្វើទេ។ ជាឧទាហរណ៍ អ្នកប្រហែលជានិយាយអ្វីដែលនាំឲ្យបងប្អូនឈឺចិត្ត ឬអ្នកប្រហែលជាថែមទាំងផ្ទុះកំហឹងទៀតផង។ ជាជាងទៅជួបអ្នកចាស់ទុំ អ្នកអាចធ្វើតាមយោបល់របស់លោកយេស៊ូដែលឲ្យទៅរកជានឹងបងប្អូនរបស់អ្នក។ (ម៉ាថ. ៥:២៣, ២៤) អ្នកអាចស្រាវជ្រាវប្រធានបទអំពីចិត្តស្លូតបូត ចិត្តអត់ធ្មត់ និងការចេះទប់ចិត្ត ដើម្បីអ្នកអាចបង្ហាញគុណសម្បត្តិទាំងនេះឲ្យបានល្អជាងនៅថ្ងៃអនាគត។ បើអ្នកនៅតែត្រូវការជំនួយ អ្នកអាចសុំជំនួយពីអ្នកចាស់ទុំ។ នៅក្នុងសំបុត្ររបស់សាវ័កប៉ូលទៅកាន់គ្រិស្តសាសនិកនៅក្រុងភីលីព គាត់បានសុំបងប្រុសម្នាក់ឲ្យជួយអឺរ៉ូឌានិងស៊ីនទីចដោះស្រាយការខ្វែងគំនិតគ្នា។ អ្នកចាស់ទុំក្នុងក្រុមជំនុំរបស់អ្នកក៏ប្រហែលជាអាចជួយអ្នកតាមរបៀបដូចនេះដែរ។—ភី. ៤:២, ៣
ហេតុអ្វីយើងគួរហៅពួកអ្នកចាស់ទុំ?
៩. ហេតុអ្វីយើងមិនគួរឲ្យការខ្មាសអៀនរារាំងយើងពីការសុំជំនួយពីពួកអ្នកចាស់ទុំ? (សុភាសិត ២៨:១៣)
៩ យើងត្រូវការជំនឿនិងចិត្តក្លាហានដើម្បីសុំជំនួយពេលយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ឬពេលយើងមានអារម្មណ៍ថាយើងមិនអាចតយុទ្ធនឹងភាពទន់ខ្សោយរបស់ខ្លួនបាន។ យើងមិនគួរឲ្យការខ្មាសអៀនរារាំងយើងពីការសុំជំនួយពីពួកអ្នកចាស់ទុំឡើយ។ ហេតុអ្វី? ពីព្រោះពេលយើងធ្វើតាមការរៀបចំរបស់ព្រះយេហូវ៉ា យើងបង្ហាញថាយើងទុកចិត្តលោក ហើយទុកចិត្តការណែនាំរបស់លោកដើម្បីរក្សាជំនឿមាំមួន។ យើងទទួលស្គាល់ថាយើងត្រូវការជំនួយពីលោកដើម្បីបន្តធ្វើអ្វីដែលត្រឹមត្រូវ។ (ចសព. ៩៤:១៨) យើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងអភ័យទោសឲ្យយើង បើយើងប្រាប់ពួកអ្នកចាស់ទុំអំពីអំពើខុសឆ្គង ហើយឈប់ធ្វើអ្វីនោះ។—សូមអាន សុភាសិត ២៨:១៣
១០. តើអ្វីអាចកើតឡើងបើយើងព្យាយាមលាក់បាំងអំពើខុសឆ្គងរបស់យើង?
១០ ពេលយើងប្រាប់ពួកអ្នកចាស់ទុំអំពីការខុសឆ្គងដែលយើងបានប្រព្រឹត្ត ព្រះយេហូវ៉ាអាចអភ័យទោសឲ្យយើង ហើយយើងអាចមានចំណងមិត្តភាពជាមួយនឹងលោកម្ដងទៀត។ ប៉ុន្តែ បើយើងមិនប្រាប់ពួកអ្នកចាស់ទុំទេ យើងនឹងកាន់តែរងទុក្ខ។ ពេលស្ដេចដាវីឌព្យាយាមលាក់បាំងអំពើខុសឆ្គងរបស់គាត់ គាត់ធ្លាក់ទឹកចិត្តនិងឈឺចាប់ដោយសារគាត់ដឹងថា គាត់បានបង្ខូចចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។ (ចសព. ៣២:៣-៥) ដូចពេលយើងមានជំងឺឬរបួស បើយើងមិនឆាប់ព្យាបាលទេ នោះយើងនឹងកាន់តែឈឺ។ ស្រដៀងគ្នាដែរ បើយើងបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយមិនឆាប់សុំជំនួយពីពួកអ្នកចាស់ទុំទេ យើងនឹងកាន់តែរងទុក្ខ។ ព្រះយេហូវ៉ាយល់អំពីចំណុចនេះ ដូច្នេះលោកអញ្ជើញយើងឲ្យ«សម្រុះសម្រួល»ជាមួយនឹងលោក តាមរយៈអ្វីដែលលោកបានរៀបចំដើម្បីជួយយើងឲ្យមានចំណងមិត្តភាពជាមួយនឹងលោកឡើងវិញ។—អេ. ១:៥, ៦, ១៨
១១. បើយើងលាក់បាំងអំពើខុសឆ្គង តើនោះមានឥទ្ធិពលយ៉ាងណាទៅលើអ្នកឯទៀត?
១១ បើយើងលាក់បាំងអំពើខុសឆ្គងរបស់យើង នេះអាចនាំទុក្ខដល់អ្នកឯទៀត។ យើងអាចរារាំងព្រះយេហូវ៉ាពីការផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកមកលើក្រុមជំនុំ ហើយធ្វើឲ្យបងប្អូនរបស់យើងលែងមានសន្តិភាព។ (អេភ. ៤:៣០) ស្រដៀងគ្នាដែរ បើយើងដឹងថាបុគ្គលណាម្នាក់នៅក្នុងក្រុមជំនុំបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ យើងគួរលើកទឹកចិត្តបុគ្គលនោះឲ្យទៅនិយាយជាមួយនឹងពួកអ្នកចាស់ទុំអំពីរឿងនោះ។a ការលាក់បាំងអំពើខុសឆ្គងធ្ងន់ធ្ងររបស់អ្នកឯទៀត ក៏នឹងនាំឲ្យយើងមានទោសដែរ។ (ចល. ៥:១) សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាគួរជំរុញចិត្តយើងឲ្យទៅជួបពួកអ្នកចាស់ទុំ ហើយប្រាប់ពួកគេអំពីការពិត។ ពេលយើងធ្វើដូច្នេះ យើងជួយរក្សាក្រុមជំនុំឲ្យមានភាពស្អាតស្អំ និងជួយបុគ្គលដែលបានធ្វើខុសនោះឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាឡើងវិញ។
តើពួកអ្នកចាស់ទុំជួយយើងយ៉ាងដូចម្ដេច?
១២. តើតាមរបៀបណាពួកអ្នកចាស់ទុំជួយពួកអ្នកដែលមានជំនឿចុះខ្សោយ?
១២ ពួកអ្នកចាស់ទុំបានត្រូវបង្គាប់ឲ្យគាំពារពួកអ្នកដែលត្រូវផ្សះផ្សាចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា។ (១ថែ. ៥:១៤) បើអ្នកបានធ្វើខុស ពួកអ្នកចាស់ទុំប្រហែលជាសួរសំណួរដើម្បីយល់អំពីគំនិតនិងអារម្មណ៍របស់អ្នក។ (សុភ. ២០:៥) អ្នកប្រហែលជាមិនស្រួលនិយាយជាមួយនឹងពួកអ្នកចាស់ទុំទេ។ ប្រហែលជាអ្នកអៀនឬខ្មាសនិយាយជាមួយនឹងពួកគេអំពីអ្វីដែលបានកើតឡើង។ ប៉ុន្តែ អ្នកអាចជួយពួកគេឲ្យងាយស្រួលជួយអ្នកជាង បើអ្នកប្រាប់ពួកគេអំពីបញ្ហារបស់អ្នក។ សូមកុំភ័យខ្លាចថាពាក្យរបស់អ្នកអាចប្រៀបដូចជា«ពោលពាក្យដោយមិនបានគិត»។ (យ៉ូប ៦:៣) ជាជាងសន្និដ្ឋានភ្លាមៗ ពួកអ្នកចាស់ទុំនឹងព្យាយាមស្ដាប់យ៉ាងយកចិត្តទុកដាក់ ហើយខំយល់សាច់រឿងទាំងមូលមុនឲ្យយោបល់ដល់អ្នក។ (សុភ. ១៨:១៣) ពួកគេដឹងថាការឃ្វាលហ្វូងចៀមរបស់ព្រះគឺត្រូវការពេល ដូច្នេះពួកគេមិនរំពឹងថាបញ្ហាខ្លះនឹងត្រូវដោះស្រាយដោយគ្រាន់តែនិយាយគ្នាតែមួយដងប៉ុណ្ណោះទេ។
១៣. តាមរយៈសេចក្ដីអធិដ្ឋាននិងការណែនាំពីគម្ពីរ តើពួកអ្នកចាស់ទុំអាចជួយយើងយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១៣ ពេលអ្នកជួបពួកអ្នកចាស់ទុំ ពួកគេមិនព្យាយាមធ្វើឲ្យអ្នកកាន់តែបន្ទោសខ្លួនទេ។ ផ្ទុយទៅវិញ ពួកគេនឹងអធិដ្ឋានឲ្យអ្នក។ ព្រះយេហូវ៉ានឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់ពួកគេ ហើយនោះនឹងមាន«ប្រសិទ្ធភាពខ្លាំងណាស់»។ អ្នកនឹងទទួលកម្លាំងចិត្ត ហើយទទួលការសម្រាលទុក្ខច្រើនជាងអ្នកនឹកស្មានទៅទៀត។ ពេលបុគ្គលណាម្នាក់ជួបពួកអ្នកចាស់ទុំ នោះពួកអ្នកចាស់ទុំនឹងជួយគាត់ដោយ«លាបប្រេងឲ្យ[គាត់]ក្នុងនាមព្រះយេហូវ៉ា»។ (យ៉ា. ៥:១៤-១៦) ពាក្យ«ប្រេង»ក្នុងខនេះសំដៅទៅលើសេចក្ដីពិតនៃបណ្ដាំរបស់ព្រះ។ ដោយប្រើគម្ពីរយ៉ាងប៉ិនប្រសប់ ពួកអ្នកចាស់ទុំអាចជួយអ្នកឲ្យសប្បាយចិត្តឡើងវិញនិងសម្រាលទុក្ខអ្នក ហើយជួយអ្នកឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាឡើងវិញ។ (អេ. ៥៧:១៨) ការណែនាំក្នុងគម្ពីរដែលពួកគេឲ្យដល់អ្នក អាចពង្រឹងកម្លាំងចិត្តរបស់អ្នកដើម្បីបន្តធ្វើអ្វីដែលត្រឹមត្រូវ។ តាមរយៈពួកអ្នកចាស់ទុំ អ្នកអាចឮសំឡេងរបស់ព្រះយេហូវ៉ាដែលកំពុងប្រាប់អ្នកថា៖ «គឺផ្លូវនេះហើយ ចូរដើរតាមផ្លូវនេះចុះ»។—អេ. ៣០:២១
ពួកអ្នកចាស់ទុំប្រើគម្ពីរដើម្បីជួយយើងឲ្យសប្បាយចិត្តឡើងវិញនិងសម្រាលទុក្ខយើង (សូមមើលវគ្គ១៣-១៤)
១៤. យោងទៅតាមកាឡាទី ៦:១ តើតាមរបៀបណាពួកអ្នកចាស់ទុំជួយអ្នកដែលចាប់ផ្ដើម«ដើរផ្លូវខុស»? (សូមមើលរូបភាពផងដែរ)
១៤ សូមអាន កាឡាទី ៦:១។ គ្រិស្តសាសនិកម្នាក់ដែលចាប់ផ្ដើម«ដើរផ្លូវខុស» មិនដើរស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះទេ។ ការចាប់ផ្ដើមដើរផ្លូវខុសអាចសំដៅទៅលើការសម្រេចចិត្តមិនឈ្លាសវៃឬការប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ ដោយសារអ្នកចាស់ទុំស្រឡាញ់បងប្អូនរួមជំនឿ ពួកគេ«ព្យាយាមកែតម្រង់អ្នកនោះដោយចិត្តស្លូតបូត»។ ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«កែតម្រង់» ក៏អាចប្រើដើម្បីរៀបរាប់អំពីរបៀបដែលគ្រូពេទ្យតម្រង់ឆ្អឹងដែលបានបាក់ ដើម្បីឲ្យឆ្អឹងនោះជាសះស្បើយនៅកន្លែងត្រឹមត្រូវ។ ដូចគ្រូពេទ្យដែលមានជំនាញព្យាយាមតម្រង់ឆ្អឹងអ្នកជំងឺ ដោយធ្វើឲ្យគាត់ឈឺចាប់តិចបំផុតតាមដែលអាចធ្វើបាន នោះពួកអ្នកចាស់ទុំផ្ដោតអារម្មណ៍លើការកែតម្រង់បងប្អូនដែលចាប់ផ្ដើមដើរផ្លូវខុស ដោយមិនធ្វើឲ្យអ្នកនោះឈឺចាប់កាន់តែខ្លាំងថែមទៀត។ គម្ពីរក៏បានប្រាប់ពួកអ្នកចាស់ទុំឲ្យ«ប្រយ័ត្នខ្លួន»ដែរ។ កាលដែលពួកគេព្យាយាមជួយយើងឲ្យតម្រង់ផ្លូវរបស់ខ្លួន ពួកអ្នកចាស់ទុំទទួលស្គាល់ថាពួកគេក៏មិនល្អឥតខ្ចោះ ហើយចេះធ្វើខុសដែរ។ ដូច្នេះ ពួកគេនឹងប្រុងប្រយ័ត្នយ៉ាងខ្លាំងមិនគិតថាពួកគេល្អជាងបុគ្គលដែលពួកគេកំពុងជួយនោះឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងមានចិត្តរាបទាប ហើយបង្ហាញចិត្តអាណិតមេត្តា។—១ពេ. ៣:៨
១៥. បើយើងមានបញ្ហា តើយើងអាចធ្វើអ្វី?
១៥ យើងអាចទុកចិត្តពួកអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់យើងបាន។ ពួកគេបានត្រូវបង្ហាត់បង្រៀនឲ្យរក្សារឿងសម្ងាត់ផ្ទាល់ខ្លួនរបស់យើង ផ្ដល់យោបល់ដែលមានមូលដ្ឋានពីគម្ពីរជាជាងផ្ដល់យោបល់ដែលមកពីទស្សនៈរបស់ពួកគេ ហើយជួយយើងឲ្យរែកពុនបន្ទុករបស់យើង។ (សុភ. ១១:១៣; កាឡ. ៦:២) គុណសម្បត្តិនិងបទពិសោធន៍របស់ពួកគេគឺខុសៗគ្នា ប៉ុន្តែយើងអាចមានអារម្មណ៍ស្រួលនិយាយអំពីបញ្ហារបស់យើងជាមួយអ្នកចាស់ទុំមួយណាក៏បាន។ ពិតណាស់ យើងនឹងមិនទៅសុំយោបល់ពីអ្នកចាស់ទុំម្នាក់ហើយម្នាក់ទៀត ដោយសង្ឃឹមថានឹងទទួលចម្លើយដែលយើងចង់ឮនោះទេ។ បើយើងធ្វើដូច្នោះ យើងនឹងដូចពួកអ្នកដែលចង់ឲ្យអ្នកឯទៀតនិយាយ«អ្វីដែលពួកគេចង់ស្ដាប់» ជាជាងរៀន«សេចក្ដីបង្រៀនដែលមានប្រយោជន៍»ពីបណ្ដាំរបស់ព្រះ។ (២ធី. ៤:៣) ពេលយើងប្រាប់អ្នកចាស់ទុំណាម្នាក់អំពីបញ្ហារបស់យើង គាត់ប្រហែលជាសួរយើងថា តើយើងបាននិយាយជាមួយនឹងអ្នកចាស់ទុំឯទៀតអំពីរឿងនេះឬទេ ហើយតើពួកគេផ្ដល់យោបល់អ្វីដល់យើង? ម្យ៉ាងទៀត ដោយសារអ្នកចាស់ទុំនោះមានចិត្តសុភាព គាត់ប្រហែលជានឹងសួរយោបល់ពីអ្នកចាស់ទុំម្នាក់ទៀត។—សុភ. ១៣:១០
ទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់យើង
១៦. តើយើងម្នាក់ៗមានទំនួលខុសត្រូវអ្វី?
១៦ ទោះបីជាអ្នកចាស់ទុំមានតួនាទីមើលថែយើងដែលជាចៀមរបស់ព្រះក្ដី ពួកគេមិនប្រាប់យើងអំពីអ្វីដែលយើងត្រូវធ្វើនោះទេ។ យើងម្នាក់ៗត្រូវបង្ហាញព្រះយេហូវ៉ាតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តក្នុងជីវិតប្រចាំថ្ងៃរបស់យើងថា យើងស្រឡាញ់ព្រះយេហូវ៉ា ហើយចង់ធ្វើឲ្យលោកពេញចិត្ត។ ដោយមានជំនួយពីលោក យើងអាចរក្សាចិត្តស្មោះឥតងាករេ ទោះជាប្រឈមមុខនឹងការពិបាកក្ដី។ (រ៉ូម ១៤:១២) ដូច្នេះ ជាជាងប្រាប់អ្វីដែលយើងត្រូវធ្វើ អ្នកចាស់ទុំនឹងជួយយើងឲ្យគិតអំពីរបៀបគិតគូររបស់ព្រះដែលមាននៅក្នុងបណ្ដាំរបស់លោក។ ដោយធ្វើតាមយោបល់ដែលពួកគេផ្ដល់ឲ្យ យើងអាចបង្វឹកបង្ហាត់«សមត្ថភាពវែកញែក»របស់ខ្លួនដើម្បីធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។—ហេ. ៥:១៤
១៧. តើយើងគួរតាំងចិត្តធ្វើអ្វី?
១៧ យើងពិតជាមានកិត្តិយសណាស់ដែលយើងអាចធ្វើជាចៀមរបស់ព្រះយេហូវ៉ា! ព្រះយេហូវ៉ាចាត់លោកយេស៊ូដែលជា«គង្វាលដ៏ល្អប្រសើរ»ឲ្យបង់ថ្លៃលោះសម្រាប់យើង ដើម្បីយើងអាចមានឱកាសរស់ជារៀងរហូត។ (យ៉ូន. ១០:១១) តាមរយៈពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ ព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីសន្យារបស់លោកដែលថា៖ «ខ្ញុំនឹងឲ្យពួកគង្វាលដល់អ្នក ពួកគេនឹងធ្វើតាមចិត្តខ្ញុំ ហើយផ្ដល់ចំណេះនិងការយល់ធ្លុះជ្រៅដល់អ្នក»។ (យេ. ៣:១៥) ដូច្នេះ ពេលយើងមានអារម្មណ៍ថាជំនឿរបស់យើងចុះខ្សោយ ឬពេលយើងត្រូវផ្សះផ្សាចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា យើងមិនគួរភ័យខ្លាចសុំជំនួយពីពួកអ្នកចាស់ទុំឡើយ។ សូមឲ្យយើងតាំងចិត្តទទួលប្រយោជន៍យ៉ាងពេញលេញពីអ្នកចាស់ទុំដែលជាការរៀបចំរបស់ព្រះយេហូវ៉ា។
ចម្រៀងលេខ៣១ ចូរដើរជាមួយនឹងព្រះ!
a បើអ្នកបានទុកពេលឲ្យគាត់មួយរយៈពេលហើយ តែគាត់មិនបានប្រាប់ពួកអ្នកចាស់ទុំ អ្នកត្រូវតែទៅប្រាប់ពួកអ្នកចាស់ទុំអំពីអ្វីដែលអ្នកដឹង ដោយសារអ្នកចង់រក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។