អត្ថបទសិក្សា៤១
ចម្រៀងលេខ១០៨ សេចក្ដីស្រឡាញ់ស្មោះត្រង់របស់ព្រះ
សេចក្ដីស្រឡាញ់របស់ព្រះគឺស្ថិតស្ថេរ
« ចូរអរគុណព្រះយេហូវ៉ា ព្រោះលោកជាព្រះដ៏ល្អ។ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត»។—ចសព. ១៣៦:១
ចំណុចផ្ដោត
ពន្យល់អំពីរបៀបដែលការនឹកចាំថាសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដែលជាសេចក្ដីបង្រៀនបឋមក្នុងគម្ពីរ អាចលើកទឹកចិត្តយើងពេលយើងជួបទុក្ខលំបាក។
១-២. តើគ្រិស្តសាសនិកជាច្រើនជួបការពិបាកអ្វី?
សូមស្រមៃគិតថា មានទូកក្ដោងមួយនាកណ្ដាលសមុទ្រដែលមានព្យុះបោកបក់យ៉ាងខ្លាំង។ រលកធំៗធ្វើឲ្យទូកក្ដោងបោកបក់ឡើងចុះ។ ទូកក្ដោងនោះរសាត់ទៅទីណាដែលរលកសមុទ្រច្រានវាឲ្យទៅ។ លុះត្រាតែមាននរណាម្នាក់ទម្លាក់យុថ្កា ទើបទូកក្ដោងមានលំនឹង ហើយមិនរសាត់ទៅតាមរលកសមុទ្រទេ។
២ ពេលអ្នកឆ្លងកាត់ទុក្ខលំបាក អ្នកប្រហែលជាមានអារម្មណ៍ដូចទូកក្ដោងនោះ ក្នុងន័យថាអារម្មណ៍របស់អ្នកអាចឡើងចុះ។ ថ្ងៃមួយ អ្នកមានទំនុកចិត្តថាព្រះយេហូវ៉ាស្រឡាញ់និងគាំទ្រអ្នក។ ថ្ងៃបន្ទាប់ អ្នកឆ្ងល់ថា តើលោកឃើញអ្វីដែលអ្នកកំពុងឆ្លងកាត់ឬទេ? (ចសព. ១០:១; ១៣:១) មិត្តរបស់អ្នកប្រហែលជាសម្រាលទុក្ខអ្នក ហើយអ្នកធូរចិត្តអស់មួយរយៈ។ (សុភ. ១៧:១៧; ២៥:១១) ប៉ុន្តែក្រោយមក អ្នកចាប់ផ្ដើមសង្ស័យម្ដងទៀត។ អ្នកប្រហែលជាថែមទាំងសង្ស័យថា តើព្រះយេហូវ៉ាចាត់ទុកអ្នកជាមនុស្សគ្មានតម្លៃឬមិនសមនឹងទទួលសេចក្ដីស្រឡាញ់ឬទេ? ពេលជួបបញ្ហា តើអ្នកអាចមានលំនឹង ហាក់ដូចជាទម្លាក់យុថ្កាយ៉ាងដូចម្ដេច? និយាយឲ្យចំទៅ តើអ្នកអាចជឿជាក់អំពីសេចក្ដីស្រឡាញ់និងការគាំទ្រពីព្រះយេហូវ៉ា ហើយបន្តជឿជាក់ដូច្នេះជានិច្ចតាមរបៀបណា?
៣. នៅចម្រៀងសរសើរព្រះ ៣១:៧ និង១៣៦:១ តើ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»មានន័យយ៉ាងណា ហើយហេតុអ្វីយើងអាចនិយាយថាព្រះយេហូវ៉ាគឺជាគំរូដ៏ល្អបំផុតអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់? (សូមមើលរូបភាពផងដែរ)
៣ របៀបមួយដែលអ្នកអាចនឹងនរពេលប្រឈមមុខនឹងទុក្ខលំបាក គឺដោយនឹកចាំអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ (សូមអាន ចម្រៀងសរសើរព្រះ ៣១:៧; ១៣៦:១) ពាក្យ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់» បញ្ជាក់អំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលស្ថិតស្ថេរ ដែលបុគ្គលម្នាក់មានចំពោះបុគ្គលម្នាក់ទៀត។ ព្រះយេហូវ៉ាគឺជាគំរូដ៏ល្អបំផុតអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។ តាមពិត គម្ពីររៀបរាប់អំពីលោកថា លោក«មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ . . . ជាបរិបូរ»។ (ដច. ៣៤:៦, ៧) គម្ពីរក៏ចែងដែរអំពីព្រះយេហូវ៉ាថា៖ «លោកពេញទៅដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្សទាំងអស់ដែលហៅរកលោក»។ (ចសព. ៨៦:៥) សូមគិតអំពីអត្ថន័យនៃខគម្ពីរទាំងនេះ៖ ព្រះយេហូវ៉ាមិនដែលបោះបង់ចោលអ្នកបម្រើដ៏ស្មោះត្រង់របស់លោកទេ! ការចាំថាព្រះយេហូវ៉ាគឺស្មោះត្រង់ អាចជួយអ្នកឲ្យមានលំនឹងពេលអ្នកប្រឈមមុខនឹងទុក្ខលំបាកដែលធ្វើឲ្យអ្នកច្របូកច្របល់ក្នុងចិត្ត។—ចសព. ២៣:៤
ដូចយុថ្កាធ្វើឲ្យទូកក្ដោងមានលំនឹងមិនឲ្យរសាត់ចេញពេលមានព្យុះខ្លាំង ទំនុកចិត្តរបស់យើងទៅលើសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា នឹងជួយយើងឲ្យរក្សាលំនឹងពេលប្រឈមមុខនឹងការពិបាក (សូមមើលវគ្គ៣)
សូមចាំថាសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា គឺជាសេចក្ដីបង្រៀនបឋមក្នុងគម្ពីរ
៤. សូមលើកឧទាហរណ៍អំពីសេចក្ដីបង្រៀនបឋមក្នុងគម្ពីរ ហើយសូមពន្យល់អំពីមូលហេតុដែលយើងមិនងាយលះចោលសេចក្ដីបង្រៀនទាំងនោះ។
៤ របៀបមួយទៀតដែលអ្នកអាចមានលំនឹងពេលអ្នកប្រឈមមុខនឹងទុក្ខលំបាកគឺដោយចាំថា សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាគឺជាសេចក្ដីបង្រៀនបឋមក្នុងគម្ពីរ។ តើពាក្យ«សេចក្ដីបង្រៀនបឋមក្នុងគម្ពីរ»មានន័យយ៉ាងណាចំពោះអ្នក? អ្នកប្រហែលជាគិតអំពីសេចក្ដីបង្រៀនដែលអ្នកធ្លាប់រៀនពីបណ្ដាំរបស់ព្រះ។ ជាឧទាហរណ៍ អ្នកបានរៀនថា នាមរបស់ព្រះគឺយេហូវ៉ា លោកយេស៊ូជាបុត្ររបស់ព្រះ មនុស្សស្លាប់មិនដឹងអ្វីឡើយ ហើយថានឹងមានសួនឧទ្យាននៅផែនដីដែលមានមនុស្សរស់នៅជារៀងរហូត។ (ចសព. ៨៣:១៨; អទ. ៩:៥; យ៉ូន. ៣:១៦; បប. ២១:៣, ៤) ក្រោយពីអ្នកជឿថាសេចក្ដីបង្រៀនទាំងនេះគឺជាសេចក្ដីពិត នោះអ្នកមិនងាយបោះបង់ចោលសេចក្ដីបង្រៀនទាំងនោះទេ។ ហេតុអ្វី? ពីព្រោះអ្នកទទួលស្គាល់ថា សេចក្ដីបង្រៀនទាំងនោះមានមូលដ្ឋានលើការពិត។ សូមឲ្យយើងមើលអំពីរបៀបដែលការចាត់ទុកសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាថាជាសេចក្ដីបង្រៀនបឋមក្នុងគម្ពីរអាចជួយអ្នកឲ្យលះចោលគំនិតដែលថា ព្រះយេហូវ៉ាមិនយកចិត្តទុកដាក់ឬមិនកត់សម្គាល់អំពីអ្វីដែលអ្នកកំពុងឆ្លងកាត់។
៥. សូមរៀបរាប់អំពីរបៀបដែលបុគ្គលម្នាក់អាចរំលំរំលើងសេចក្ដីបង្រៀនមិនពិត។
៥ ពេលដែលអ្នកចាប់ផ្ដើមសិក្សាគម្ពីរ តើអ្វីបានជួយអ្នកឲ្យបដិសេធសេចក្ដីបង្រៀនមិនពិត? អ្នកទំនងជាបានប្រៀបធៀបសេចក្ដីបង្រៀនក្នុងសាសនាអ្នក ទៅនឹងសេចក្ដីបង្រៀនពីបទគម្ពីរ។ សូមគិតអំពីឧទាហរណ៍មួយ៖ អ្នកប្រហែលជាធ្លាប់ជឿថា លោកយេស៊ូគឺជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ ប៉ុន្តែ កាលដែលអ្នកសិក្សាគម្ពីរ អ្នកបានសួរខ្លួនថា ‹តើសេចក្ដីបង្រៀននេះពិតឬទេ?›។ ក្រោយពីអ្នកសិក្សាអ្វីដែលគម្ពីរបង្រៀនអំពីរឿងនេះ អ្នកដឹងថាលោកយេស៊ូមិនមែនជាព្រះទេ។ ក្រោយមក ជាជាងជឿសេចក្ដីបង្រៀនមិនពិតដែលអ្នកធ្លាប់ជឿ អ្នកចាប់ផ្ដើមជឿសេចក្ដីពិតពីគម្ពីរដែលថា លោកយេស៊ូគឺជា«បុត្រច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះបានបង្កើត» ហើយជា«បុត្រតែមួយរបស់ព្រះ»។ (កូឡ. ១:១៥; យ៉ូន. ៣:១៨) ពិតមែនតែសេចក្ដីបង្រៀនមិនពិតអាច«ចាក់ឫសជ្រៅ» ហើយពិបាករំលំរំលើង។ (២កូ. ១០:៤, ៥) ប៉ុន្តែ ក្រោយពីអ្នកបានធ្វើដូច្នេះរួចហើយ អ្នកមិនបានបែរទៅជឿសេចក្ដីបង្រៀនមិនពិតម្ដងទៀតឡើយ។—ភី. ៣:១៣
៦. ស្ដីអំពីព្រះយេហូវ៉ា ហេតុអ្វីអ្នកអាចជឿជាក់ថា«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត»?
៦ អ្នកអាចធ្វើអ្វីដែលស្រដៀងនឹងនេះស្ដីអំពីអ្វីដែលគម្ពីរបង្រៀនអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ កាលដែលអ្នកប្រឈមមុខនឹងទុក្ខលំបាក បើអ្នកចាប់ផ្ដើមសង្ស័យអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា សូមសួរខ្លួនអ្នកថា ‹តើគំនិតរបស់ខ្ញុំសមហេតុសមផលឬទេ?›។ សូមប្រៀបធៀបការសង្ស័យរបស់អ្នកអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា ទៅនឹងពាក្យនៅចម្រៀងសរសើរព្រះ ១៣៦:១ដែលជាបទគម្ពីរជាមូលដ្ឋានសម្រាប់អត្ថបទនេះ។ ហេតុអ្វីព្រះយេហូវ៉ារៀបរាប់អំពីសេចក្ដីស្រឡាញ់របស់លោកថាគឺ«ស្មោះត្រង់»? ហេតុអ្វីឃ្លាដែលថា៖ «សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត» មានម្ដងហើយម្ដងទៀតអស់២៦ដងនៅក្នុងបទចម្រៀងសរសើរព្រះនេះ? ដូចដែលយើងបានពិចារណា សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាចំពោះរាស្ត្ររបស់លោក គឺជាសេចក្ដីបង្រៀនបឋមក្នុងគម្ពីរ ដែលស្រដៀងនឹងសេចក្ដីបង្រៀនឯទៀតដែលអ្នកងាយទទួលយកពីបណ្ដាំរបស់ព្រះរួចហើយ។ ការគិតថា ព្រះយេហូវ៉ាចាត់ទុកអ្នកថាគ្មានតម្លៃឬមិនគួរឲ្យស្រឡាញ់ គឺជាអ្វីដែលមិនពិត។ ចូរបដិសេធគំនិតបែបនេះយ៉ាងម៉ឺងម៉ាត់ ដូចដែលអ្នកបដិសេធសេចក្ដីបង្រៀនមិនពិតឯទៀតយ៉ាងម៉ឺងម៉ាត់ដែរ!
៧. សូមលើកឧទាហរណ៍អំពីបទគម្ពីរផ្សេងៗដែលបង្ហាញថាព្រះយេហូវ៉ាស្រឡាញ់អ្នក។
៧ នៅក្នុងគម្ពីរ មានទីសំអាងជាច្រើនទៀតដែលបង្ហាញថា ព្រះយេហូវ៉ាស្រឡាញ់យើង។ ជាឧទាហរណ៍ លោកយេស៊ូបានមានប្រសាសន៍ទៅកាន់ពួកអ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នាមានតម្លៃជាងចាបពូកជាច្រើនទៅទៀត»។ (ម៉ាថ. ១០:៣១) ព្រះយេហូវ៉ាផ្ទាល់បានមានប្រសាសន៍ទៅកាន់រាស្ត្ររបស់លោកថា៖ «ខ្ញុំនឹងពង្រឹងកម្លាំងអ្នក ខ្ញុំនឹងជួយអ្នក។ ខ្ញុំប្រាកដជានឹងចាប់អ្នកយ៉ាងជាប់ដោយដៃស្ដាំដ៏សុចរិតរបស់ខ្ញុំ»។ (អេ. ៤១:១០) សូមកត់សម្គាល់ថា ពាក្យទាំងនេះគឺច្បាស់លាស់យ៉ាងណា។ លោកយេស៊ូមិនបានមានប្រសាសន៍ថា ‹អ្នករាល់គ្នាប្រហែលជាមានតម្លៃជាង› ហើយព្រះយេហូវ៉ាមិនបានមានប្រសាសន៍ថា ‹ខ្ញុំប្រហែលជានឹងជួយអ្នកទេ›។ ផ្ទុយទៅវិញ លោកទាំងពីរមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមានតម្លៃជាង» ហើយ«ខ្ញុំនឹងជួយអ្នក»។ បើអ្នកសង្ស័យអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាកាលដែលអ្នកប្រឈមមុខនឹងទុក្ខលំបាក ខគម្ពីរបែបនេះមិនគ្រាន់តែអាចជួយអ្នកឲ្យមានអារម្មណ៍ថាលោកស្រឡាញ់អ្នកប៉ុណ្ណោះទេ តែអាចធ្វើឲ្យអ្នកជឿជាក់ថាលោកស្រឡាញ់អ្នក។ ខគម្ពីរទាំងនេះរៀបរាប់អំពីអ្វីដែលជាការពិត។ បើអ្នកអធិដ្ឋានទៅព្រះយេហូវ៉ាអំពីការសង្ស័យរបស់អ្នក ហើយគិតយ៉ាងដិតដល់អំពីបទគម្ពីរទាំងនេះ នោះអ្នកអាចនិយាយពាក្យនៅយ៉ូហានទី១ ៤:១៦ដែលថា៖ «យើងបានស្គាល់ ហើយបានជឿថាព្រះស្រឡាញ់យើង»។a
៨. តើអ្នកអាចធ្វើអ្វីបើជួនកាលអ្នកសង្ស័យថាព្រះយេហូវ៉ាមិនស្រឡាញ់អ្នក?
៨ ប៉ុន្តែ ចុះបើជួនកាល អ្នកនៅតែសង្ស័យអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា? សូមប្រៀបធៀបអារម្មណ៍របស់អ្នកទៅនឹងអ្វីដែលអ្នកដឹង។ អារម្មណ៍របស់យើងមិនគួរឲ្យទុកចិត្ត ដូចហេតុការណ៍ពិតទេ។ សេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះយើង គឺជាការពិតដែលគម្ពីរបានបង្រៀន។ ដូច្នេះ មិនថាយើងមានអារម្មណ៍បែបណាក្ដី ការពិតនេះនឹងមិនផ្លាស់ប្ដូរទេ។ សេចក្ដីស្រឡាញ់គឺជាគុណសម្បត្តិដ៏សំខាន់បំផុតរបស់ព្រះយេហូវ៉ា។—១យ៉ូន. ៤:៨
សូមចាំថា«បិតានៅស្ថានសួគ៌ស្រឡាញ់អ្នក»
៩-១០. តើអ្វីជាបរិបទនៃប្រសាសន៍របស់លោកយេស៊ូនៅយ៉ូហាន ១៦:២៦, ២៧ដែលថា៖ «បិតានៅស្ថានសួគ៌ស្រឡាញ់អ្នករាល់គ្នា»? (សូមមើលរូបភាពផងដែរ)
៩ យើងអាចរៀនថែមទៀតអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា ដោយពិចារណាអំពីពាក្យរបស់លោកយេស៊ូទៅកាន់ពួកអ្នកកាន់តាមលោកដែលថា៖ «បិតានៅស្ថានសួគ៌ស្រឡាញ់អ្នករាល់គ្នា»។ (សូមអាន យ៉ូហាន ១៦:២៦, ២៧) ហេតុអ្វីលោកយេស៊ូមានប្រសាសន៍ដូច្នេះ? តើនោះគ្រាន់តែដើម្បីលើកទឹកចិត្តពួកអ្នកកាន់តាមលោកប៉ុណ្ណោះឬ? មិនមែនទេ។ បរិបទនៃខទាំងនោះបង្ហាញថា នៅពេលនោះលោកកំពុងនិយាយអំពីរឿងផ្សេង គឺការអធិដ្ឋាន។
១០ លោកយេស៊ូទើបតែបានមានប្រសាសន៍ទៅកាន់ពួកអ្នកកាន់តាមលោកថា ពួកគេគួរអធិដ្ឋានដោយនូវនាមរបស់លោក មិនមែនទៅកាន់លោកទេ។ (យ៉ូន. ១៦:២៣, ២៤) គឺសំខាន់ឲ្យពួកគេដឹងអំពីចំណុចនេះ។ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ពួកអ្នកកាន់តាមលោកប្រហែលជាអាចមានចិត្តចង់អធិដ្ឋានទៅលោក ដោយសារពួកគេចាត់ទុកលោកយេស៊ូជាមិត្តរបស់ពួកគេ។ ពួកគេអាចវែកញែកថា ដោយសារលោកស្រឡាញ់ពួកគេ នោះនឹងជំរុញចិត្តលោកឲ្យស្ដាប់ការអង្វរសុំរបស់ពួកគេ ហើយប្រាប់សំណូមពររបស់ពួកគេទៅកាន់បិតាលោក។ ប៉ុន្តែ លោកបានមានប្រសាសន៍ថា ពួកគេមិនគួរគិតបែបនេះឡើយ។ ហេតុអ្វី? ពីព្រោះលោកបានប្រាប់ពួកគេថា៖ «បិតានៅស្ថានសួគ៌ស្រឡាញ់អ្នករាល់គ្នា»។ ព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងដល់ម្ល៉េះបានជាលោកស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងដោយផ្ទាល់។ នេះគឺជាសេចក្ដីបង្រៀនបឋមក្នុងគម្ពីរស្ដីអំពីសេចក្ដីអធិដ្ឋាន។ សូមគិតអំពីរបៀបដែលនេះជាប់ទាក់ទងនឹងអ្នក។ តាមរយៈការសិក្សាគម្ពីរ អ្នកស្គាល់ ហើយស្រឡាញ់លោកយេស៊ូ។ (យ៉ូន. ១៤:២១) ប៉ុន្តែ ដូចពួកអ្នកកាន់តាមនៅសតវត្សរ៍ទី១ អ្នកអាចមានទំនុកចិត្តពេលអធិដ្ឋានទៅព្រះ ដោយដឹងថាព្រះផ្ទាល់«ស្រឡាញ់អ្នក»។ រាល់ដងដែលអ្នកអធិដ្ឋានទៅព្រះយេហូវ៉ា អ្នកបង្ហាញថាអ្នកជឿពាក្យទាំងនោះ។—១យ៉ូន. ៥:១៤
អ្នកអាចមានទំនុកចិត្តពេលអធិដ្ឋានទៅព្រះ ដោយដឹងថាលោក«ស្រឡាញ់អ្នក» (សូមមើលវគ្គ៩-១០)b
សូមស្វែងយល់ថា តើការសង្ស័យមានប្រភពមកពីណា?
១១. ហេតុអ្វីសាថាននឹងសប្បាយចិត្តបើយើងសង្ស័យអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា?
១១ តើការសង្ស័យថាព្រះយេហូវ៉ាមិនស្រឡាញ់យើងមានប្រភពមកពីណា? អ្នកប្រហែលជាឆ្លើយថាគឺមកពីសាថាន ហើយនេះគឺជាការពិតមួយ។ មេកំណាចកំពុង«រកលេបត្របាក់»យើង ហើយវាចង់ឲ្យយើងសង្ស័យអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ (១ពេ. ៥:៨) សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាបានជំរុញចិត្តលោកឲ្យផ្ដល់ថ្លៃលោះ ជាអ្វីមួយដែលសាថានចង់ឲ្យយើងមានអារម្មណ៍ថា យើងមិនល្អគ្រប់គ្រាន់ឲ្យទទួលប្រយោជន៍ពីថ្លៃលោះនោះទេ។ (ហេ. ២:៩) ប៉ុន្តែ តើអ្នកណានឹងសប្បាយចិត្តបើយើងសង្ស័យអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា? គឺសាថាន។ ម្យ៉ាងទៀត តើអ្នកណានឹងសប្បាយចិត្តបើយើងធ្លាក់ទឹកចិត្តខ្លាំងពេករហូតដល់ឈប់បម្រើព្រះយេហូវ៉ា? គឺសាថាន។ សាថានចង់ឲ្យយើងគិតថា ព្រះយេហូវ៉ាមិនស្រឡាញ់យើង។ ប៉ុន្តែ នេះផ្ទុយពីការពិតទាំងស្រុង។ គឺជាសាថាននោះឯងដែលបានបាត់បង់សេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា។ «កលល្បិច»ដ៏ធំមួយរបស់វា គឺវាព្យាយាមធ្វើឲ្យយើងគិតថា យើងគឺជាអ្នកដែលព្រះយេហូវ៉ាបដិសេធនិងមិនស្រឡាញ់។ (អេភ. ៦:១១) ពេលយើងដឹងអំពីអ្វីដែលសត្រូវរបស់យើងព្យាយាមធ្វើ យើងអាចពង្រឹងការតាំងចិត្តរបស់យើងដើម្បី«តស៊ូនឹងមេកំណាច»។—យ៉ា. ៤:៧
១២-១៣. តើភាពខុសឆ្គងរបស់យើងអាចនាំឲ្យយើងសង្ស័យអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១២ ការសង្ស័យអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាអាចមកពីប្រភពមួយទៀត។ តើនោះគឺជាអ្វី? គឺភាពខុសឆ្គងដែលយើងមានតាំងពីកំណើត។ (ចសព. ៥១:៥; រ៉ូម ៥:១២) ភាពខុសឆ្គងបានបង្ខូចចំណងមិត្តភាពរវាងមនុស្សនិងព្រះ ហើយក៏បានបង្ខូចរបៀបគិតគូរ អារម្មណ៍ និងសុខភាពរបស់យើងដែរ។
១៣ ភាពខុសឆ្គងមានឥទ្ធិពលមិនល្អមកលើអារម្មណ៍របស់យើង គឺនាំឲ្យយើងបន្ទោសខ្លួន ខ្វល់ខ្វាយ ខ្វះទំនុកចិត្ត និងខ្មាសគេ។ យើងប្រហែលមានអារម្មណ៍ទាំងនេះពេលយើងប្រព្រឹត្តអំពើខុសឆ្គង។ ប៉ុន្តែ អារម្មណ៍ទាំងនេះក៏អាចលេចឡើងដែរ ដោយសារយើងតែងតែដឹងថាយើងជាមនុស្សមិនល្អឥតខ្ចោះ ហើយថានេះខុសពីគោលបំណងដើមរបស់ព្រះចំពោះមនុស្សជាតិ។ (រ៉ូម ៨:២០, ២១) សូមគិតអំពីឧទាហរណ៍មួយ។ ពេលយានជំនិះបែកកង់ វាមិនអាចដំណើរការយ៉ាងល្អតាមបំណងរបស់អ្នកដែលផលិតវាទេ។ ស្រដៀងគ្នាដែរ យើងដែលជាមនុស្សមិនល្អឥតខ្ចោះ មិនអាចបំពេញមុខងារយ៉ាងពេញលេញតាមបំណងរបស់អ្នកបង្កើតយើងឡើយ។ ដូច្នេះ គឺមិនគួរឲ្យភ្ញាក់ផ្អើលទេដែលពេលខ្លះ យើងសង្ស័យអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ បើនេះកើតឡើង យើងគួរចាំថា ព្រះយេហូវ៉ាគឺជា«ព្រះដ៏ខ្ពង់ខ្ពស់និងគួរឲ្យកោតស្ងើច លោកតែងតែ . . . បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអស់អ្នកដែលស្រឡាញ់លោកនិងធ្វើតាមបញ្ញត្តិលោក»។—នេហ. ១:៥
១៤. តើការគិតអំពីថ្លៃលោះអាចជួយយើងឲ្យបដិសេធគំនិតដែលថាព្រះយេហូវ៉ាមិនស្រឡាញ់យើងយ៉ាងដូចម្ដេច? (រ៉ូម ៥:៨) (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា «ចូរប្រុងប្រយ័ត្ននឹង‹ការល្បួងនៃភាពខុសឆ្គង›»)
១៤ ជួនកាល យើងប្រហែលជាមានអារម្មណ៍ថា យើងមិនសមនឹងទទួលសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា ហើយតាមការពិត យើងមិនសមនឹងទទួលមែន។ ប៉ុន្តែ នេះជាអ្វីដែលធ្វើឲ្យសេចក្ដីស្រឡាញ់របស់លោកកាន់តែពិសេស។ យើងទទួលសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា មិនមែនដោយសារយើងបានធ្វើអ្វីល្អៗជាច្រើនទេ។ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាបានឲ្យថ្លៃលោះដើម្បីលោកអាចអភ័យទោសការខុសឆ្គងរបស់យើង ដោយសារលោកស្រឡាញ់យើង។ (១យ៉ូន. ៤:១០) សូមចាំដែរថា លោកយេស៊ូបានមកដើម្បីសង្គ្រោះមនុស្សដែលមានភាពខុសឆ្គង មិនមែនមនុស្សល្អឥតខ្ចោះទេ។ (សូមអាន រ៉ូម ៥:៨) គ្មានយើងណាម្នាក់អាចធ្វើអ្វីៗយ៉ាងល្អឥតខ្ចោះទេ ហើយព្រះយេហូវ៉ាមិនតម្រូវឲ្យយើងធ្វើដូច្នេះទេ។ ពេលយើងយល់ថាភាពខុសឆ្គងដែលយើងមានតាំងពីកំណើតអាចធ្វើឲ្យយើងសង្ស័យសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា យើងអាចតាំងចិត្តកាន់តែខ្លាំងឡើងដើម្បីកុំឲ្យមានការសង្ស័យនោះ។—រ៉ូម ៧:២៤, ២៥
ចូរសម្រេចចិត្តរក្សាភក្ដីភាព
១៥-១៦. បើយើងរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា តើយើងអាចប្រាកដអំពីអ្វី ហើយហេតុអ្វី? (សាំយូអែលទី២ ២២:២៦)
១៥ ព្រះយេហូវ៉ាចង់ឲ្យយើងធ្វើការសម្រេចចិត្តត្រឹមត្រូវ ដោយ«នៅជាប់ជាមួយលោកជានិច្ច»។ (បច. ៣០:១៩, ២០) បើយើងធ្វើដូច្នេះ យើងអាចប្រាកដថា លោកនឹងរក្សាភក្ដីភាពចំពោះយើង។ (សូមអាន សាំយូអែលទី២ ២២:២៦) ដរាបណាយើងរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ដរាបនោះយើងអាចប្រាកដថា លោកនឹងជួយយើងឲ្យឆ្លងកាត់ស្ថានភាពណាក៏ដោយដែលយើងជួបនៅក្នុងជីវិតរបស់យើង។
១៦ ដូចយើងបានពិចារណា មានហេតុជាច្រើនឲ្យយើងនឹងនរពេលយើងប្រឈមមុខនឹងទុក្ខលំបាក។ យើងដឹងថាព្រះយេហូវ៉ាស្រឡាញ់យើង ហើយនឹងគាំទ្រយើង។ នេះជាអ្វីដែលគម្ពីរបង្រៀន។ បើយើងសង្ស័យសេចក្ដីស្រឡាញ់របស់លោក យើងអាចគិតអំពីអ្វីដែលយើងដឹងថាជាការពិត ជាជាងអារម្មណ៍របស់យើង។ សូមឲ្យយើងរក្សាទំនុកចិត្តលើសេចក្ដីពិតពីគម្ពីរដែលថា សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាស្ថិតស្ថេរជារៀងរហូត។
ចម្រៀងលេខ១៥៩ ចូរសរសើរតម្កើងព្រះយេហូវ៉ា
a ឧទាហរណ៍ផ្សេងទៀតរួមមានការបំភ្លឺច្បាប់ ៣១:៨ ចម្រៀងសរសើរព្រះ ៩៤:១៤ និងអេសាយ ៤៩:១៥។
b ការពណ៌នាអំពីរូបភាព៖ បងប្រុសម្នាក់អធិដ្ឋានសុំជំនួយដើម្បីថែរក្សាប្រពន្ធគាត់ដែលឈឺ ចាត់ចែងលុយកាក់ដោយមានប្រាជ្ញា ហើយបង្ហាត់បង្រៀនកូនស្រីរបស់គាត់ឲ្យស្រឡាញ់ព្រះយេហូវ៉ា។