អត្ថបទសិក្សា៤២
ចម្រៀងលេខ៤៤ សេចក្ដីអធិដ្ឋានរបស់មនុស្សទន់ទាប
របៀបអធិដ្ឋានឲ្យបានល្អជាង
« ឱព្រះយេហូវ៉ា ខ្ញុំហៅរកលោកអស់ពីដួងចិត្ត សូមមេត្តាឆ្លើយតបមកខ្ញុំផង»។—ចសព. ១១៩:១៤៥
ចំណុចផ្ដោត
ការរំពឹងគិតអំពីសេចក្ដីអធិដ្ឋានដែលបានកត់ទុកនៅក្នុងគម្ពីរអាចជួយយើងអធិដ្ឋានឲ្យបានល្អជាង។
១-២. (ក) តើអ្វីអាចរារាំងយើងពីការអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា? (ខ) ហេតុអ្វីយើងដឹងថាព្រះយេហូវ៉ាស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងយ៉ាងយកចិត្តទុកដាក់?
ជួនកាល តើអ្នកមានអារម្មណ៍ថាសេចក្ដីអធិដ្ឋានរបស់អ្នកដដែលៗ មិនសូវអស់ពីចិត្ត ឬគ្រាន់តែចាំមាត់ឬទេ? នេះអាចកើតឡើងចំពោះយើងទាំងអស់គ្នា។ ដោយសារយើងទាំងអស់គ្នារវល់ ជួនកាលយើងអធិដ្ឋានលឿនៗ។ យើងក៏ប្រហែលជាថែមទាំងពិបាកអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ាទៀតផង ដោយសារយើងមានអារម្មណ៍ថា យើងមិនសមនឹងអធិដ្ឋានទៅលោក។
២ គម្ពីរពង្រឹងទំនុកចិត្តយើងថា អ្វីដែលសំខាន់ចំពោះព្រះយេហូវ៉ា មិនមែនជាការអធិដ្ឋានយ៉ាងពីរោះទេ តែជាការអធិដ្ឋានដែលផុសចេញពីចិត្តរាបទាប។ លោកស្ដាប់«សំណូមពររបស់មនុស្សដែលមានចិត្តសុភាព»។ (ចសព. ១០:១៧) លោកស្ដាប់ពាក្យនីមួយៗដែលយើងនិយាយ ដោយសារលោកពិតជាយកចិត្តទុកដាក់ចំពោះយើង។—ចសព. ១៣៩:១-៣
៣. តើយើងនឹងពិចារណាសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ក្នុងអត្ថបទនេះ យើងនឹងពិចារណាសំណួរដូចតទៅនេះ៖ ហេតុអ្វីយើងអាចអធិដ្ឋានយ៉ាងមានទំនុកចិត្តទៅព្រះយេហូវ៉ា? តើតាមរបៀបណាយើងអាចធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់យើងកាន់តែមានន័យខ្លឹមសារ? តើការរំពឹងគិតអំពីសេចក្ដីអធិដ្ឋានអស់ពីចិត្តដែលបានត្រូវកត់ទុកក្នុងគម្ពីរអាចជួយយើងអធិដ្ឋានឲ្យបានល្អជាងយ៉ាងដូចម្ដេច? តើយើងអាចធ្វើអ្វីបើយើងពិបាកចិត្តខ្លាំងពេករហូតដល់រកពាក្យអធិដ្ឋានមិនបាន? សូមយើងគិតអំពីចម្លើយចំពោះសំណួរទាំងនេះ។
សូមកុំខ្លាចអធិដ្ឋានទៅព្រះយេហូវ៉ា
៤. តើអ្វីអាចជួយយើងឲ្យអធិដ្ឋានទៅព្រះយេហូវ៉ាទាំងមានទំនុកចិត្ត? (ចម្រៀងសរសើរព្រះ ១១៩:១៤៥)
៤ ពេលយើងយល់ថា ព្រះយេហូវ៉ាគឺជាមិត្តដ៏ស្មោះភក្ដីដែលចង់ឲ្យយើងជោគជ័យ យើងនឹងទទួលស្គាល់ថា យើងអាចអធិដ្ឋានទៅលោកដោយមានទំនុកចិត្ត។ អ្នកសរសេរចម្រៀងសរសើរព្រះ ១១៩ ព្យាយាមមានចំណងមិត្តភាពជិតស្និទ្ធបែបនោះជាមួយនឹងព្រះយេហូវ៉ា។ ជីវិតរបស់គាត់មិនមែនគ្មានបញ្ហាសោះនោះទេ។ មនុស្សអាក្រក់បាននិយាយកុហកអំពីគាត់។ (ចសព. ១១៩:២៣, ៦៩, ៧៨) ជួនកាល គាត់ក៏ធ្លាក់ទឹកចិត្តដោយសារគាត់បានធ្វើខុសដែរ។ (ចសព. ១១៩:៦៧) ទោះជាយ៉ាងនោះក៏ដោយ គាត់មិនខ្លាចអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ាទេ។—សូមអាន ចម្រៀងសរសើរព្រះ ១១៩:១៤៥
៥. ហេតុអ្វីយើងមិនគួរអនុញ្ញាតឲ្យអារម្មណ៍អវិជ្ជមានរារាំងយើងពីការអធិដ្ឋានទៅព្រះយេហូវ៉ា? សូមលើកឧទាហរណ៍។
៥ ព្រះយេហូវ៉ាចង់ឲ្យមនុស្សទាំងអស់អធិដ្ឋានទៅលោក សូម្បីតែពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ក៏លោកចង់ឲ្យពួកគេអធិដ្ឋានទៅលោកដែរ។ (អេ. ៥៥:៦, ៧) យើងមិនគួរអនុញ្ញាតឲ្យអារម្មណ៍អវិជ្ជមានរារាំងយើងពីការអធិដ្ឋានទៅព្រះយេហូវ៉ាឡើយ។ ជាឧទាហរណ៍ អ្នកបើកយន្តហោះដឹងថា បើគាត់ត្រូវការជំនួយ គាត់អាចនិយាយជាមួយនឹងអ្នកគ្រប់គ្រងអាកាសចរណ៍ផ្លូវអាកាស។ ដូច្នេះ តើគាត់គួរស្ទាក់ស្ទើរទាក់ទងនឹងពួកគេដោយសារគាត់ខ្មាសគេដែលបានវង្វេងផ្លូវឬបានធ្វើខុសឬទេ? ច្បាស់ជាមិនមែនទេ! ស្រដៀងគ្នាដែរ បើពេលខ្លះយើងមានអារម្មណ៍ថាមិនដឹងថាត្រូវធ្វើអ្វី ឬបានប្រព្រឹត្តអំពើខុសឆ្គង យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ាទាំងមានទំនុកចិត្ត។—ចសព. ១១៩:២៥, ១៧៦
របៀបអធិដ្ឋានឲ្យកាន់តែមានន័យ
៦-៧. តើការរំពឹងគិតអំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ាជួយយើងធ្វើឲ្យសេចក្ដីអធិដ្ឋានកាន់តែមានន័យខ្លឹមសារយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍មួយ។ (សូមមើលកំណត់សម្គាល់ផងដែរ)
៦ ពេលយើងអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា ដោយប្រាប់លោកអំពីគំនិតនិងអារម្មណ៍កប់ជ្រៅរបស់យើង សេចក្ដីអធិដ្ឋានរបស់យើងកាន់តែមានន័យខ្លឹមសារ។ ដូច្នេះ តើយើងអាចធ្វើអ្វីដើម្បីឲ្យសេចក្ដីអធិដ្ឋានរបស់យើងកាន់តែមានន័យ?
៧ ចូររំពឹងគិតអំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ា។a កាលដែលយើងកាន់តែរំពឹងគិតអំពីគុណសម្បត្តិរបស់លោក យើងនឹងកាន់តែស្រួលប្រាប់លោកអំពីគំនិតរបស់យើង។ (ចសព. ១៤៥:៨, ៩, ១៨) សូមគិតអំពីបងស្រីគ្រីស្ទីន។ គាត់មានឪពុកដែលប្រើអំពើហិង្សា។ គាត់ពន្យល់ថា៖ «ពីមុន ការនិយាយទៅកាន់ព្រះយេហូវ៉ាដែលជាបិតាគឺមិនស្រួលសម្រាប់ខ្ញុំទេ។ ខ្ញុំមានអារម្មណ៍ថា ភាពមិនល្អឥតខ្ចោះរបស់ខ្ញុំនឹងនាំឲ្យលោកបោះបង់ខ្ញុំចោល»។ តើគុណសម្បត្តិមួយណារបស់ព្រះយេហូវ៉ាបានជួយគាត់? គាត់និយាយថា៖ «សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាធ្វើឲ្យខ្ញុំមានអារម្មណ៍សុវត្ថិភាព។ ខ្ញុំដឹងថា លោកមិនលែងដៃខ្ញុំចោលឡើយ។ ទោះជាខ្ញុំដួលក៏ដោយ លោកនឹងលើកខ្ញុំឡើងវិញដោយក្ដីស្រឡាញ់។ នេះជួយខ្ញុំឲ្យប្រាប់លោកយ៉ាងអស់ពីចិត្តអំពីអំណរនិងទុក្ខកង្វល់ទាំងអស់របស់ខ្ញុំ»។
៨-៩. តើមានប្រយោជន៍អ្វីខ្លះបើយើងគិតអំពីអ្វីដែលយើងចង់និយាយមុនយើងអធិដ្ឋាន? សូមលើកឧទាហរណ៍មួយ។
៨ សូមគិតអំពីអ្វីដែលអ្នកនឹងនិយាយ។ មុនអធិដ្ឋាន អ្នកអាចសួរខ្លួននូវសំណួរផ្សេងៗដូចជា៖ ‹តើខ្ញុំជួបបញ្ហាណាខ្លះនៅឥឡូវនេះ? តើខ្ញុំត្រូវអភ័យទោសឲ្យអ្នកណាម្នាក់ឬទេ? តើខ្ញុំប្រឈមមុខនឹងបញ្ហាថ្មីណាមួយដែលខ្ញុំត្រូវការជំនួយពីព្រះយេហូវ៉ាដើម្បីយកឈ្នះឬទេ?›។ (២បស. ១៩:១៥-១៩) យើងក៏អាចធ្វើតាមគំរូរបស់លោកយេស៊ូដែរ ដោយគិតអំពីអ្វីដែលយើងអាចសុំព្រះយេហូវ៉ាស្ដីអំពីនាមរបស់លោក រាជាណាចក្ររបស់លោក និងបំណងប្រាថ្នារបស់លោក។—ម៉ាថ. ៦:៩, ១០
៩ ពេលបងស្រីអាល្លីសកាដឹងថាប្ដីរបស់គាត់មានជំងឺមហារីកខួរក្បាលដែលមិនអាចព្យាបាលបាន នោះគាត់ពិបាកអធិដ្ឋាន។ គាត់នឹកចាំថា៖ «ខ្ញុំតានតឹងចិត្តជាខ្លាំងរហូតដល់ខ្ញុំពិបាកដឹងថាអធិដ្ឋានយ៉ាងណា»។ តើអ្វីបានជួយគាត់? គាត់ពន្យល់ថា៖ «មុនខ្ញុំអធិដ្ឋាន ខ្ញុំគិតអំពីអ្វីដែលខ្ញុំអាចប្រាប់ព្រះយេហូវ៉ាដើម្បីកុំឲ្យខ្ញុំនិយាយតែអំពីខ្លួនឯង និងអំពីជំងឺរបស់ប្ដីខ្ញុំប៉ុណ្ណោះ។ ពេលខ្ញុំធ្វើដូច្នេះ ខ្ញុំមានចិត្តស្ងប់ជាង ហើយអាចអធិដ្ឋានអំពីរឿងផ្សេងៗ»។
១០. ហេតុអ្វីយើងគួរព្យាយាមអធិដ្ឋានយ៉ាងយូរ? (សូមមើលរូបភាពផងដែរ)
១០ សូមទុកពេលអធិដ្ឋានយ៉ាងយូរ។ ទោះបីជាសេចក្ដីអធិដ្ឋានខ្លីអាចមានន័យខ្លឹមសារក៏ដោយ ពេលយើងអធិដ្ឋានយ៉ាងយូរ នោះយើងច្រើនតែអាចប្រាប់អំពីអារម្មណ៍កប់ជ្រៅក្នុងចិត្តរបស់យើងជាង។b បងអ៊ីឡាយចាដែលជាប្ដីរបស់បងអាល្លីសការៀបរាប់ថា៖ «ខ្ញុំព្យាយាមអធិដ្ឋានច្រើនដងជារៀងរាល់ថ្ងៃ។ ដោយសារខ្ញុំចំណាយពេលជាច្រើនអធិដ្ឋានទៅព្រះយេហូវ៉ា នោះខ្ញុំបានចូលកាន់តែជិតលោក។ ព្រះយេហូវ៉ាស្ដាប់ខ្ញុំដោយចិត្តអត់ធ្មត់ ដូច្នេះខ្ញុំមិនចាំបាច់អធិដ្ឋានប្រញាប់ប្រញាល់ទេ»។ សូមសាកល្បង៖ សូមរកពេលនិងកន្លែងដែលបើកឱកាសឲ្យអ្នកអធិដ្ឋានដោយគ្មានអ្វីបំបែរអារម្មណ៍។ អ្នកថែមទាំងអាចអធិដ្ឋានឮៗទៀតផង ហើយជាការល្អឲ្យមានទម្លាប់អធិដ្ឋានយ៉ាងយូរ។
សូមរកពេលនិងកន្លែងដែលបើកឱកាសឲ្យអ្នកអធិដ្ឋានយ៉ាងយូរ (សូមមើលវគ្គ១០)
ចូររំពឹងគិតអំពីសេចក្ដីអធិដ្ឋានអស់ពីចិត្តដែលបានកត់ទុកក្នុងគម្ពីរ
១១. តើយើងនឹងទទួលប្រយោជន៍យ៉ាងណាពីការរំពឹងគិតអំពីសេចក្ដីអធិដ្ឋានអស់ពីចិត្តដែលបានត្រូវកត់ទុកក្នុងគម្ពីរ? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា «តើអ្នកធ្លាប់មានអារម្មណ៍ដូចពួកគេឬទេ?»)
១១ អ្នកអាចទទួលប្រយោជន៍ពីការរំពឹងគិតអំពីសេចក្ដីអធិដ្ឋានអស់ពីចិត្ត និងចម្រៀងដ៏ពិសិដ្ឋឬចម្រៀងសរសើរព្រះ ដែលបានត្រូវកត់ទុកក្នុងគម្ពីរ។ កាលដែលអ្នកពិចារណាអំពីរបៀបដែលអ្នកបម្រើរបស់ព្រះនិយាយអំពីអារម្មណ៍កប់ជ្រៅរបស់ពួកគេ នោះនឹងជំរុញចិត្តអ្នកឲ្យអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា។ ការអធិដ្ឋានរបស់ពួកគេក៏ប្រហែលជាជួយអ្នកឲ្យរកឃើញពាក្យសរសើរថ្មីដែលអ្នកអាចរួមបញ្ចូលក្នុងសេចក្ដីអធិដ្ឋានរបស់អ្នកដែរ។ ម្យ៉ាងទៀត អ្នកទំនងជារកឃើញសេចក្ដីអធិដ្ឋានដែលជាប់ទាក់ទងនឹងស្ថានភាពរបស់អ្នក។
១២. កាលដែលយើងរំពឹងគិតអំពីសេចក្ដីអធិដ្ឋាន តើយើងអាចសួរខ្លួននូវសំណួរអ្វីខ្លះ?
១២ កាលដែលអ្នករំពឹងគិតអំពីសេចក្ដីអធិដ្ឋានដែលបានត្រូវកត់ទុកក្នុងគម្ពីរ សូមសួរខ្លួនអ្នកថា ‹តើអ្នកណាបាននិយាយពាក្យទាំងនេះ ហើយតើគាត់ស្ថិតក្នុងស្ថានភាពបែបណា? តើខ្ញុំយល់អារម្មណ៍របស់គាត់ឬទេ? តើខ្ញុំអាចទាញមេរៀនអ្វីពីសេចក្ដីអធិដ្ឋាននេះ?›។ អ្នកប្រហែលជាត្រូវខំស្រាវជ្រាវថែមទៀតដើម្បីទទួលចម្លើយចំពោះសំណួរទាំងនេះ។ សូមចាំថា ការខំប្រឹងរបស់អ្នកគឺមិនមែនឥតប្រយោជន៍ទេ។ សូមគិតអំពីគំរូរបស់បុគ្គលមួយចំនួន។
១៣. តើយើងអាចទាញមេរៀនអ្វីពីហាណាអំពីការអធិដ្ឋាន? (សាំយូអែលទី១ ១:១០, ១១) (សូមមើលរូបភាពផងដែរ)
១៣ សូមអាន សាំយូអែលទី១ ១:១០, ១១។ ពេលហាណាអធិដ្ឋានពាក្យទាំងនេះ គាត់កំពុងតែប្រឈមមុខនឹងបញ្ហាដ៏ធំពីរ។ ទី១ គាត់មិនអាចមានកូន។ ទី២ ប្រពន្ធមួយទៀតរបស់ប្ដីគាត់ធ្វើឲ្យគាត់មានជីវិតពិបាក។ (១សាំ. ១:៤-៧) បើអ្នកកំពុងប្រឈមមុខនឹងទុក្ខលំបាកអស់រយៈពេលយូរ តើអ្នកអាចទាញមេរៀនអ្វីពីសេចក្ដីអធិដ្ឋានរបស់ហាណា? គាត់បានធូរចិត្តដោយអធិដ្ឋានយ៉ាងយូរ និងអស់ពីចិត្តទៅព្រះ។ (១សាំ. ១:១២, ១៨) យើងក៏អាចធូរចិត្តដែរ ពេលយើង«ផ្ទេរបន្ទុក[របស់យើង]ទៅព្រះយេហូវ៉ា» ដោយរៀបរាប់ប្រាប់លោកអំពីអារម្មណ៍របស់យើងចំពោះការពិបាកនោះ។—ចសព. ៥៥:២២
ពេលហាណាពិបាកចិត្តយ៉ាងខ្លាំង គាត់បានអធិដ្ឋានទៅព្រះយេហូវ៉ាអស់ពីចិត្តអំពីទុក្ខកង្វល់របស់គាត់ (សូមមើលវគ្គ១៣)
១៤. (ក) តើយើងរៀនអ្វីទៀតពីគំរូរបស់ហាណា? (ខ) តើតាមរបៀបណាយើងអាចធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់យើងកាន់តែមានន័យខ្លឹមសារដោយរំពឹងគិតអំពីបទគម្ពីរ? (សូមមើលកំណត់សម្គាល់)
១៤ ប៉ុន្មានឆ្នាំក្រោយពីហាណាបានបង្កើតសាំយូអែល គាត់បាននាំសាំយូអែលទៅឯសម្ដេចសង្ឃអេលី។ (១សាំ. ១:២៤-២៨) នៅពេលនោះ ហាណាបានអធិដ្ឋានទៅព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត។ ក្នុងសេចក្ដីអធិដ្ឋាននោះ គាត់បានប្រាប់ព្រះយេហូវ៉ាអំពីការជឿជាក់របស់គាត់ថា ព្រះយេហូវ៉ាការពារនិងថែរក្សាអ្នកបម្រើដ៏ស្មោះត្រង់របស់លោក។c (១សាំ. ២:១, ៨, ៩) បញ្ហារបស់គាត់ប្រហែលជាមិនបាត់ទៅទាំងស្រុងទេ តែហាណាបានផ្ដោតអារម្មណ៍ទៅលើរបៀបដែលព្រះយេហូវ៉ាបានឲ្យពរគាត់។ តើយើងអាចទាញយកមេរៀនអ្វី? យើងអាចស៊ូទ្រាំនឹងការពិបាកកាន់តែប្រសើរជាង បើយើងផ្ដោតអារម្មណ៍លើរបៀបដែលព្រះយេហូវ៉ាគាំទ្រយើងរហូតមកដល់សព្វថ្ងៃនេះ។
១៥. ពេលយើងរងអំពើអយុត្តិធម៌ តើយើងរៀនអ្វីពីសេចក្ដីអធិដ្ឋានរបស់អ្នកប្រកាសទំនាយយេរេមា? (យេរេមា ១២:១)
១៥ សូមអាន យេរេមា ១២:១។ នៅពេលមួយក្នុងជីវិតរបស់អ្នកប្រកាសទំនាយយេរេមា គាត់ពិបាកចិត្តដោយសារឃើញមនុស្សទុច្ចរិតទទួលជោគជ័យ។ គាត់ក៏ច្រើនតែធ្លាក់ទឹកចិត្តដោយសារជនជាតិអ៊ីស្រាអែលឯទៀតចំអកឲ្យគាត់ដែរ។ (យេ. ២០:៧, ៨) ពេលយើងឃើញមនុស្សដែលមិនទៀងត្រង់រីកចម្រើនឬពេលគេចំអកឲ្យយើង យើងអាចយល់អារម្មណ៍របស់យេរេមា។ ទោះជាយេរេមាប្រាប់ព្រះយេហូវ៉ាអំពីការពិបាកចិត្តរបស់គាត់ក្ដី គាត់មិនបានសង្ស័យអំពីភាពយុត្តិធម៌របស់ព្រះយេហូវ៉ាទេ។ កាលដែលគាត់ឃើញរបៀបដែលព្រះយេហូវ៉ាប្រៀនប្រដៅរាស្ត្រដែលបះបោររបស់លោក គាត់ទំនងជាកាន់តែមានទំនុកចិត្តលើភាពយុត្តិធម៌របស់ព្រះយេហូវ៉ា។ (យេ. ៣២:១៩) យើងក៏អាចប្រាប់ព្រះយេហូវ៉ាដោយអស់ពីចិត្តអំពីការពិបាករបស់យើងទាំងមានទំនុកចិត្តថាលោកនឹងដោះស្រាយអំពើអយុត្តិធម៌ណាក៏ដោយដែលយើងជួបឥឡូវនេះនៅពេលត្រឹមត្រូវ។
១៦. តើយើងអាចទាញមេរៀនអ្វីពីសេចក្ដីអធិដ្ឋានរបស់លេវីម្នាក់? (ចម្រៀងសរសើរព្រះ ៤២:១-៤) (សូមមើលរូបភាពផងដែរ)
១៦ សូមអាន ចម្រៀងសរសើរព្រះ ៤២:១-៤។ ចម្រៀងនេះបានត្រូវសរសេរដោយលេវីម្នាក់ជានិរទេសជនដែលមិនអាចគោរពប្រណិប័តន៍ជាមួយនឹងបងប្អូនរួមជំនឿនៅឯវិហាររបស់ព្រះ។ បទចម្រៀងនេះបង្ហាញអំពីអារម្មណ៍របស់គាត់។ យើងប្រហែលជាអាចយល់អារម្មណ៍គាត់ បើសិនជាយើងមិនអាចចាកចេញពីផ្ទះដោយសារយើងឈឺ ឬបើយើងជាប់គុកដោយសារជំនឿ។ អារម្មណ៍របស់យើងប្រហែលជាឡើងចុះ ប៉ុន្តែជាការល្អឲ្យយើងប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍ទាំងនោះក្នុងសេចក្ដីអធិដ្ឋាន។ នេះប្រហែលជានឹងជួយយើងឲ្យពិនិត្យពិចារណាអំពីគំនិតរបស់យើង ហើយជួយយើងឲ្យមានទស្សនៈប្រសើរជាងចំពោះស្ថានភាពរបស់យើង។ ជាឧទាហរណ៍ លេវីនោះយល់ថា គាត់នឹងមានឱកាសថ្មីដើម្បីសរសើរព្រះយេហូវ៉ា។ (ចសព. ៤២:៥) គាត់ក៏រំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាថែរក្សាគាត់ដែរ។ (ចសព. ៤២:៨) ការអធិដ្ឋានអស់ពីចិត្តទៅព្រះ អាចជួយយើងឲ្យពិនិត្យពិចារណាអំពីអារម្មណ៍របស់យើង មានលំនឹងឡើងវិញ និងមានកម្លាំងដើម្បីស៊ូទ្រាំ។
លេវីម្នាក់ដែលបានសរសេរចម្រៀងសរសើរព្រះ ៤២ បានអធិដ្ឋានយ៉ាងអស់ពីចិត្តទៅព្រះ។ ពេលដែលយើងប្រាប់អំពីអារម្មណ៍របស់យើងក្នុងសេចក្ដីអធិដ្ឋាន យើងប្រហែលជាអាចមានទស្សនៈប្រសើរជាងចំពោះស្ថានភាពរបស់យើង (សូមមើលវគ្គ១៦)
១៧. (ក) តើយើងអាចទាញមេរៀនអ្វីពីសេចក្ដីអធិដ្ឋានរបស់អ្នកប្រកាសទំនាយយ៉ូណាស? (យ៉ូណាស ២:១, ២) (ខ) តើពាក្យនៅចម្រៀងសរសើរព្រះអាចជួយយើងយ៉ាងដូចម្ដេចពេលយើងប្រឈមមុខនឹងទុក្ខលំបាក? (សូមមើលកំណត់សម្គាល់)
១៧ សូមអាន យ៉ូណាស ២:១, ២។ នេះជាពាក្យអធិដ្ឋានរបស់អ្នកប្រកាសទំនាយយ៉ូណាសពេលគាត់នៅក្នុងពោះត្រីធំ។ ទោះជាគាត់មិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាក៏ដោយ យ៉ូណាសជឿជាក់ថាព្រះនឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់គាត់។ ក្នុងសេចក្ដីអធិដ្ឋាននេះ យ៉ូណាសបានប្រើពាក្យដែលស្រដៀងនឹងពាក្យនៅក្នុងសៀវភៅចម្រៀងសរសើរព្រះ។d គាត់ទំនងជាស្គាល់បទចម្រៀងទាំងនេះយ៉ាងច្បាស់។ ការរំពឹងគិតបទចម្រៀងទាំងនេះជួយពង្រឹងទំនុកចិត្តគាត់ថា ព្រះយេហូវ៉ានឹងជួយគាត់។ ស្រដៀងគ្នាដែរ បើយើងព្យាយាមទន្ទេញចាំខគម្ពីរខ្លះៗ ខគម្ពីរទាំងនោះអាចលេចមកក្នុងគំនិតរបស់យើង ហើយជួយសម្រាលទុក្ខយើងពេលយើងអធិដ្ឋានទៅព្រះយេហូវ៉ាក្នុងគ្រាលំបាក។
ចូលបន្ដចូលទៅជិតព្រះយេហូវ៉ាដោយអធិដ្ឋាន
១៨-១៩. បើយើងពិបាកចិត្តយ៉ាងខ្លាំងរហូតដល់រកពាក្យអធិដ្ឋានមិនបាន តើរ៉ូម ៨:២៦, ២៧ពង្រឹងទំនុកចិត្តយើងយ៉ាងណា? សូមលើកឧទាហរណ៍មួយ។
១៨ សូមអាន រ៉ូម ៨:២៦, ២៧។ ជួនកាល យើងប្រហែលជាខ្វល់ខ្វាយខ្លាំងពេករហូតដល់យើងរកពាក្យនិយាយអំពីអារម្មណ៍របស់យើងមិនបាន។ ប៉ុន្តែ យើងមិនមែនគ្មានជំនួយនោះទេ។ នៅពេលបែបនោះ ឫទ្ធានុភាពបរិសុទ្ធរបស់ព្រះនឹង«អង្វរ»ជំនួសយើង។ តើតាមរបៀបណា? តាមរយៈឫទ្ធានុភាពបរិសុទ្ធរបស់ព្រះយេហូវ៉ា លោកបានដឹកនាំមនុស្សឲ្យកត់ទុកសេចក្ដីអធិដ្ឋានជាច្រើនក្នុងគម្ពីរ។ ពេលយើងមិនអាចរៀបរាប់ពីគំនិតនិងអារម្មណ៍របស់យើង ព្រះយេហូវ៉ាអាចចាត់ទុកពាក្យក្នុងសេចក្ដីអធិដ្ឋានទាំងនោះ ថាជាសំណូមពរដែលយើងចង់អធិដ្ឋានទៅលោក ហើយលោកប្រហែលជានឹងតបឆ្លើយសំណូមពរនោះ។
១៩ គំនិតនេះបានជួយបងស្រីជនជាតិរុស្ស៊ីម្នាក់ឈ្មោះយេលអ៊ីណា។ គាត់បានត្រូវគេចាប់ខ្លួនដោយសារគាត់អធិដ្ឋាននិងអានគម្ពីរ។ បងយេលអ៊ីណាតានតឹងចិត្តយ៉ាងខ្លាំងរហូតដល់គាត់ពិបាកអធិដ្ឋាន។ គាត់រៀបរាប់ថា៖ «ក្រោយមកខ្ញុំបាននឹកចាំថា ពេលខ្ញុំខ្វល់ខ្វាយយ៉ាងខ្លាំង ហើយខ្ញុំមិនដឹងថាគួរអធិដ្ឋានយ៉ាងណាទៅព្រះយេហូវ៉ា នោះលោកនឹងចាត់ទុកការអធិដ្ឋានរបស់អ្នកបម្រើលោកនៅអតីតកាលថាជាសំណូមពររបស់ខ្ញុំ។ នៅគ្រាដ៏ពិបាកនោះ នេះបានសម្រាលទុក្ខខ្ញុំខ្លាំងណាស់»។
២០. តើយើងអាចត្រៀមខ្លួនអធិដ្ឋានពេលយើងតានតឹងចិត្តយ៉ាងដូចម្ដេច?
២០ នៅគ្រាដែលយើងតានតឹងចិត្ត យើងប្រហែលជាពិបាកផ្ចង់អារម្មណ៍ពេលអធិដ្ឋាន។ ដូច្នេះដើម្បីត្រៀមគំនិត យើងអាចស្ដាប់ឯកសារសំឡេងពីសៀវភៅចម្រៀងសរសើរព្រះ។ យើងក៏អាចព្យាយាមសរសេរអំពីអារម្មណ៍របស់យើង ដូចដែលស្ដេចដាវីឌបានធ្វើ។ (ចសព. ១៨; ៣៤; ១៤២; ពាក្យផ្ដើម) ប៉ុន្តែ មិនមានច្បាប់អំពីរបៀបត្រៀមខ្លួនដើម្បីអធិដ្ឋានទេ។ (ចសព. ១៤១:២) សូមធ្វើអ្វីដែលមានប្រយោជន៍សម្រាប់អ្នក។
២១. ហេតុអ្វីយើងអាចអធិដ្ឋានអស់ពីចិត្ត?
២១ ការដឹងថាព្រះយេហូវ៉ាយល់អារម្មណ៍របស់យើងទោះជាមុនយើងនិយាយអ្វីក៏ដោយ ធ្វើឲ្យយើងកក់ក្ដៅខ្លាំងណាស់។ (ចសព. ១៣៩:៤) ប៉ុន្តែ លោកសប្បាយចិត្តស្ដាប់អំពីអារម្មណ៍របស់យើង និងទំនុកចិត្តរបស់យើងទៅលើលោក។ ដូច្នេះ សូមកុំស្ទាក់ស្ទើរអធិដ្ឋានទៅបិតារបស់អ្នកដែលនៅស្ថានសួគ៌ឡើយ។ សូមរៀនពីសេចក្ដីអធិដ្ឋានដែលបានកត់ទុកក្នុងបណ្ដាំរបស់លោក។ ម្យ៉ាងទៀត សូមអធិដ្ឋានអស់ពីចិត្ត។ សូមប្រាប់លោកអំពីអំណរនិងទុក្ខលំបាករបស់អ្នក។ ក្នុងនាមជាមិត្តពិត ព្រះយេហូវ៉ានឹងតែងតែជួយអ្នកជានិច្ច!
ចម្រៀងលេខ៤៥ ការរំពឹងគិតក្នុងចិត្ត
a សូមពិចារណា«គុណសម្បត្តិដ៏លេចធ្លោរបស់ព្រះយេហូវ៉ា»ដែលបានត្រូវរៀបរាប់ក្នុងសៀវភៅបទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក ក្រោមប្រធានបទ«ព្រះយេហូវ៉ា»។
b តាមធម្មតាការអធិដ្ឋានសាធារណៈជាតំណាងក្រុមជំនុំគឺមានរយៈពេលខ្លី។
c ក្នុងសេចក្ដីអធិដ្ឋានរបស់ហាណា គាត់បានប្រើពាក្យស្រដៀងនឹងអ្វីដែលម៉ូសេបានសរសេរ។ ហាណាទំនងជាលៃទុកពេលដើម្បីរំពឹងគិតអំពីបទគម្ពីរ។ (បច. ៤:៣៥; ៨:១៨; ៣២:៤, ៣៩; ១សាំ. ២:២, ៦, ៧) រាប់រយឆ្នាំក្រោយមក ម៉ារៀដែលជាម្ដាយរបស់លោកយេស៊ូបានប្រើពាក្យសរសើរដែលស្រដៀងនឹងពាក្យដែលហាណាបានប្រើ។—លូក. ១:៤៦-៥៥
d ជាឧទាហរណ៍ សូមប្រៀបធៀបយ៉ូណាស ២:៣-៩ ទៅនឹងចម្រៀងសរសើរព្រះ ៦៩:១; ១៦:១០; ៣០:៣; ១៤២:២, ៣; ១៤៣:៤, ៥; ១៨:៦; ៣:៨ តាមលំដាប់លំដោយដែលយ៉ូណាសប្រើ។