អត្ថបទសិក្សា៤៣
ចម្រៀងលេខ៤១ សូមលោកស្ដាប់ខ្ញុំអធិដ្ឋាន
សូមកុំភ្លេចអធិដ្ឋានឲ្យអ្នកឯទៀត
« [ចូរ]អធិដ្ឋានឲ្យគ្នាទៅវិញទៅមក . . . សេចក្ដីអធិដ្ឋានអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់»។—យ៉ា. ៥:១៦
ចំណុចផ្ដោត
មូលហេតុដែលសំខាន់ឲ្យអធិដ្ឋានឲ្យអ្នកឯទៀត ហើយយោបល់អំពីរបៀបដែលយើងអាចធ្វើដូច្នោះ។
១. ហេតុអ្វីយើងដឹងថាសេចក្ដីអធិដ្ឋានរបស់យើងគឺសំខាន់ចំពោះព្រះយេហូវ៉ា?
ការអធិដ្ឋានគឺជាអំណោយដ៏អស្ចារ្យមួយ។ សូមគិតអំពីចំណុចនេះ៖ ព្រះយេហូវ៉ាបានប្រគល់ភារកិច្ចផ្សេងៗឲ្យពួកទេវតា។ (ចសព. ៩១:១១) លោកក៏បានឲ្យបុត្ររបស់លោកនូវភារកិច្ចដ៏សំខាន់ដែរ។ (ម៉ាថ. ២៨:១៨) ប៉ុន្តែ តើលោកបានចាត់អ្នកណាផ្សេងទៀតឲ្យស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងដែរឬទេ? មិនមែនទេ។ នេះគឺជាអ្វីដែលព្រះយេហូវ៉ាសម្រេចចិត្តធ្វើដោយខ្លួនលោកផ្ទាល់។ ព្រះយេហូវ៉ាដែលជា«ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន» ស្ដាប់យើងដោយផ្ទាល់។—ចសព. ៦៥:២
២. តើសាវ័កប៉ូលបានទុកគំរូអ្វីស្ដីអំពីការអធិដ្ឋានឲ្យអ្នកឯទៀត?
២ ទោះជាយើងអាចអធិដ្ឋានទៅព្រះយេហូវ៉ាអំពីការខ្វល់ខ្វាយរបស់យើងដោយសេរីក៏ដោយ យើងក៏គួរអធិដ្ឋានសម្រាប់អ្នកឯទៀតដែរ។ សាវ័កប៉ូលបានធ្វើដូច្នោះ។ ជាឧទាហរណ៍ គាត់បានសរសេរទៅកាន់បងប្អូននៅក្រុមជំនុំនាក្រុងអេភេសូរថា៖ «ខ្ញុំនៅតែអធិដ្ឋានអំពីអ្នករាល់គ្នាជានិច្ច»។ (អេភ. ១:១៦) ប៉ូលបានអធិដ្ឋានសម្រាប់បុគ្គលម្នាក់ៗដែរ។ ជាឧទាហរណ៍ គាត់បានប្រាប់ធីម៉ូថេថា៖ «ខ្ញុំអរគុណព្រះ . . . ហើយទាំងយប់ទាំងថ្ងៃ ខ្ញុំតែងតែនឹកឃើញអ្នកជានិច្ចពេលខ្ញុំអធិដ្ឋានអង្វរព្រះ»។ (២ធី. ១:៣) ប៉ូលមានបញ្ហាផ្ទាល់ខ្លួនដែលគាត់ត្រូវអធិដ្ឋាន។ (២កូ. ១១:២៣; ១២:៧, ៨) ប៉ុន្តែ គាត់បានលៃទុកពេលដើម្បីអធិដ្ឋានសម្រាប់អ្នកឯទៀត។
៣. ហេតុអ្វីយើងប្រហែលជាភ្លេចអធិដ្ឋានឲ្យអ្នកឯទៀត?
៣ ជួនកាលយើងប្រហែលជាភ្លេចអធិដ្ឋានឲ្យអ្នកឯទៀត។ ហេតុអ្វី? បងស្រីម្នាក់ឈ្មោះសាព្រីណាaពន្យល់អំពីមូលហេតុមួយ។ គាត់និយាយថា៖ «ជីវិតក្នុងរបៀបរបបពិភពលោកនេះគឺរវល់ណាស់។ យើងប្រហែលជាគិតច្រើនពេកអំពីបញ្ហារបស់យើង រហូតដល់យើងអធិដ្ឋានតែអំពីសេចក្ដីត្រូវការរបស់ខ្លួនប៉ុណ្ណោះ»។ តើនេះធ្លាប់កើតឡើងចំពោះអ្នកឬទេ? បើធ្លាប់កើតឡើងមែន អត្ថបទនេះអាចជួយអ្នក។ អត្ថបទនេះនឹង (១) ពន្យល់អំពីមូលហេតុគឺសំខាន់ឲ្យអធិដ្ឋានសម្រាប់អ្នកឯទៀត ហើយ(២) ផ្ដល់យោបល់អំពីរបៀបដែលអ្នកអាចធ្វើដូច្នោះ។
ហេតុអ្វីអធិដ្ឋានឲ្យអ្នកឯទៀត?
៤-៥. តើការអធិដ្ឋានរបស់យើងឲ្យអ្នកឯទៀតអាច«មានប្រសិទ្ធភាពខ្លាំងណាស់»យ៉ាងដូចម្ដេច? (យ៉ាកុប ៥:១៦)
៤ ការអធិដ្ឋានឲ្យអ្នកឯទៀត«មានប្រសិទ្ធភាពខ្លាំងណាស់»។ (សូមអាន យ៉ាកុប ៥:១៦) តើការអធិដ្ឋានឲ្យអ្នកឯទៀតពិតជាអាចធ្វើឲ្យស្ថានភាពរបស់ពួកគេផ្លាស់ប្ដូរឬទេ? ពិតជាអាចមែន។ ពេលលោកយេស៊ូដឹងថាមិនយូរទៀតសាវ័កពេត្រុសនឹងបដិសេធមិនទទួលស្គាល់លោក លោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ «ខ្ញុំបានអធិដ្ឋានអង្វរ ដើម្បីកុំឲ្យជំនឿរបស់អ្នកចុះខ្សោយ»។ (លូក. ២២:៣២) ប៉ូលក៏ដឹងដែរថាសេចក្ដីអធិដ្ឋានអាចកែប្រែស្ថានភាពរបស់បុគ្គលណាម្នាក់។ ពេលគាត់បានត្រូវចាប់ដាក់គុកដោយអយុត្តិធម៌នៅក្រុងរ៉ូម គាត់បានសរសេរទៅភីលេម៉ូនថា៖ «ខ្ញុំសង្ឃឹមថាខ្ញុំអាចត្រឡប់ទៅឯអ្នករាល់គ្នាវិញ ដោយសារសេចក្ដីអធិដ្ឋានរបស់អ្នករាល់គ្នា»។ (ភីលេ. ២២) មិនយូរក្រោយពីនោះ ប៉ូលបានត្រូវដោះលែងពីគុក ហើយអាចផ្សព្វផ្សាយម្ដងទៀត។
៥ ការអធិដ្ឋានទៅព្រះយេហូវ៉ាមិនមែនមានន័យថា យើងដាក់សម្ពាធលើព្រះយេហូវ៉ានោះទេ។ លោកកត់សម្គាល់ថាអ្នកបម្រើរបស់លោកយកចិត្តទុកដាក់ខ្លាំងយ៉ាងណាចំពោះអ្វីដែលពួកគេអធិដ្ឋាន ហើយជួនកាលលោកសម្រេចចិត្តធ្វើតាមសំណូមពររបស់ពួកគេ។ ការដឹងដូច្នេះអាចជួយយើងឲ្យអធិដ្ឋានកាន់តែខ្លាំងឡើងៗអំពីស្ថានភាពណាមួយ ហើយទុករឿងនោះឲ្យព្រះយេហូវ៉ាដោះស្រាយ។—ចសព. ៣៧:៥; ២កូ. ១:១១
៦. តើការអធិដ្ឋានឲ្យអ្នកឯទៀតអាចមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់យើងចំពោះពួកគេ? (ពេត្រុសទី១ ៣:៨)
៦ ការអធិដ្ឋានឲ្យអ្នកឯទៀតជួយយើងបណ្ដុះឲ្យមាន«ចិត្តអាណិតមេត្តា»។ (សូមអាន ពេត្រុសទី១ ៣:៨) ការមានចិត្តអាណិតមេត្តា គឺជាការកត់សម្គាល់អំពីការឈឺចាប់របស់អ្នកឯទៀត ហើយចង់ជួយពួកគេ។ (ម៉ាក. ១:៤០, ៤១) អ្នកចាស់ទុំម្នាក់ឈ្មោះម៉ៃឃឺលនិយាយថា៖ «ពេលខ្ញុំអធិដ្ឋានឲ្យអ្នកឯទៀតអំពីសេចក្ដីត្រូវការរបស់ពួកគេ ខ្ញុំកាន់តែយល់អំពីបញ្ហារបស់ពួកគេ ហើយនេះធ្វើឲ្យខ្ញុំកាន់តែស្រឡាញ់ពួកគេ។ ខ្ញុំចូលកាន់តែជិតពួកគេសូម្បីតែពួកគេប្រហែលជាមិនស្គាល់អំពីរឿងនេះក៏ដោយ»។ អ្នកចាស់ទុំម្នាក់ទៀតឈ្មោះរីឆឺដក៏បានរៀបរាប់អំពីប្រយោជន៍មួយទៀតដែរ។ គាត់និយាយថា៖ «ពេលយើងអធិដ្ឋានឲ្យអ្នកណាម្នាក់ នេះកាន់តែជំរុញចិត្តយើងឲ្យធ្វើអ្វីផ្សេងៗដើម្បីជួយគាត់»។ គាត់បន្ថែមថា៖ «ពេលយើងផ្ដល់ជំនួយដល់បុគ្គលដែលយើងកំពុងអធិដ្ឋានឲ្យ គឺហាក់ដូចជាយើងជួយឆ្លើយតបសេចក្ដីអធិដ្ឋានរបស់យើងសម្រាប់គាត់»។
៧. តើការអធិដ្ឋានឲ្យអ្នកឯទៀតអាចជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះបញ្ហារបស់យើងយ៉ាងដូចម្ដេច? (ភីលីព ២:៣, ៤) (សូមមើលរូបភាពផងដែរ)
៧ ការអធិដ្ឋានឲ្យអ្នកឯទៀតជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះបញ្ហារបស់យើង។ (សូមអាន ភីលីព ២:៣, ៤) យើងម្នាក់ៗមានការពិបាកផ្សេងៗ ដោយសារយើងរស់នៅក្នុងពិភពលោកដែលនៅក្រោមអំណាចរបស់មេកំណាច។ (១យ៉ូន. ៥:១៩; បប. ១២:១២) ពេលយើងមានទម្លាប់អធិដ្ឋានឲ្យអ្នកឯទៀត យើងនឹកចាំថា«បងប្អូន[របស់យើង]ពេញពិភពលោកកំពុងឆ្លងកាត់ទុក្ខលំបាកដូចគ្នាដែរ»។ (១ពេ. ៥:៩) អ្នកត្រួសត្រាយម្នាក់ឈ្មោះកេតរ៉ឹននិយាយថា៖ «ការអធិដ្ឋានឲ្យអ្នកឯទៀតរំលឹកខ្ញុំថា អ្នកឯទៀតក៏មានការពិបាកដែរ។ នេះជួយខ្ញុំមិនឲ្យផ្ដោតអារម្មណ៍ខ្លាំងពេកមកលើបញ្ហារបស់ខ្ញុំ»។
ការអធិដ្ឋានឲ្យអ្នកឯទៀតជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះបញ្ហាផ្ទាល់ខ្លួន (សូមមើលវគ្គ៧)d
ពួកគេត្រូវការសេចក្ដីអធិដ្ឋានរបស់យើង
៨. តើយើងអាចអធិដ្ឋានឲ្យអ្នកណាខ្លះ?
៨ តើយើងអាចអធិដ្ឋានឲ្យអ្នកណាខ្លះ? យើងអាចអធិដ្ឋានឲ្យមនុស្សជាក្រុមៗ។ ជាឧទាហរណ៍ ពួកអ្នកដែលមានបញ្ហាសុខភាព ប្អូនៗវ័យក្មេងដែលប្រឈមនឹងការសើចចំអកនិងការបង្ខិតបង្ខំនៅសាលា ឬពួកអ្នកដែលប្រឈមមុខនឹងការពិបាកដែលមកពីភាពចាស់ជរា។ បងប្អូនរួមជំនឿជាច្រើនរបស់យើងកំពុងស៊ូទ្រាំនឹងការប្រឆាំងមិនថាពីសមាជិកក្រុមគ្រួសារឬពីរដ្ឋាភិបាលក្ដី។ (ម៉ាថ. ១០:១៨, ៣៦; សកម្ម. ១២:៥) បងប្អូនខ្លះរបស់យើងត្រូវចាកចេញពីផ្ទះរបស់ពួកគេ ដោយសារភាពចលាចលខាងនយោបាយ។ បងប្អូនខ្លះទៀត រងទុក្ខដោយសារមហន្តរាយធម្មជាតិ។ យើងប្រហែលជាមិនស្គាល់បងប្អូនទាំងនេះដោយផ្ទាល់ទេ។ ប៉ុន្តែ ពេលយើងអធិដ្ឋានឲ្យពួកគេ យើងបង្ហាញថាយើងកំពុងធ្វើតាមបង្គាប់របស់លោកយេស៊ូដែលឲ្យ«ស្រឡាញ់គ្នាទៅវិញទៅមក»។—យ៉ូន. ១៣:៣៤
៩. ហេតុអ្វីយើងគួរអធិដ្ឋានឲ្យពួកអ្នកដែលនាំមុខ?
៩ យើងក៏អាចអធិដ្ឋានឲ្យពួកអ្នកដែលកំពុងនាំមុខក្នុងអង្គការរបស់ព្រះយេហូវ៉ាដែរ។ នេះអាចរួមបញ្ចូលសមាជិកគណៈអភិបាលនិងជំនួយការរបស់ពួកគេ គណៈកម្មាធិការការិយាល័យសាខា អ្នកត្រួតពិនិត្យនៅការិយាល័យសាខា អ្នកត្រួតពិនិត្យប្រចាំមណ្ឌល អ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើ។ ក្នុងចំណោមបងប្អូនប្រុសទាំងនេះ មានបងប្អូនជាច្រើនកំពុងប្រឈមមុខនឹងបញ្ហារបស់ខ្លួន កាលដែលពួកគេខំប្រឹងដើម្បីជួយយើង។ (២កូ. ១២:១៥) ជាឧទាហរណ៍ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ឈ្មោះម៉ាកនិយាយថា៖ «ការពិបាកដ៏ធំមួយរបស់ខ្ញុំ គឺការនៅឆ្ងាយពីឪពុកម្ដាយដែលមានវ័យចាស់។ ពួកគាត់មានបញ្ហាសុខភាព។ ទោះជាបងស្រីរបស់ខ្ញុំនិងប្ដីរបស់គាត់កំពុងមើលថែឪពុកម្ដាយរបស់ខ្ញុំក៏ដោយ ខ្ញុំពិតជាពិបាកចិត្តដែលខ្ញុំមិនអាចធ្វើច្រើនជាងដើម្បីជួយឪពុកម្ដាយ»។ មិនថាយើងស្គាល់អំពីការពិបាករបស់បងប្អូនប្រុសដែលខំប្រឹងធ្វើការយ៉ាងនឿយហត់ទាំងនេះឬមិនស្គាល់ក្ដី គឺជាការល្អឲ្យយើងបន្តអធិដ្ឋានឲ្យពួកគេ។ (១ថែ. ៥:១២, ១៣) យើងក៏អាចអធិដ្ឋានឲ្យប្រពន្ធរបស់បងប្អូនទាំងនេះដែរ។ ដោយសារប្រពន្ធទាំងនោះគាំទ្រប្ដីរបស់ពួកគេដោយស្មោះភក្ដី នោះប្ដីរបស់ពួកគេអាចបន្តបំពេញភារកិច្ចបាន។
១០-១១. តើការអធិដ្ឋានឲ្យបងប្អូនជាទូទៅនាំឲ្យព្រះយេហូវ៉ាពេញចិត្តឬទេ? សូមពន្យល់។
១០ ដូចយើងបានពិចារណារួចហើយ យើងច្រើនតែអធិដ្ឋានឲ្យបងប្អូនជាក្រុមៗ។ ជាឧទាហរណ៍ ដោយមិនគិតអំពីបុគ្គលជាក់លាក់ណាមួយ យើងប្រហែលជាសុំព្រះយេហូវ៉ាឲ្យជួយពួកអ្នកដែលជាប់គុក ឬឲ្យសម្រាលទុកពួកអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ អ្នកចាស់ទុំម្នាក់ឈ្មោះដាណឺលនិយាយថា៖ «យើងមានបងប្អូនជាច្រើនដែលកំពុងឆ្លងកាត់ទុក្ខលំបាក។ ដូច្នេះ ជួនកាលយើងអធិដ្ឋានឲ្យពួកគេជាទូទៅដើម្បីយើងអាចរួមបញ្ចូលអស់អ្នកដែលកំពុងរងទុក្ខ»។
១១ តើព្រះយេហូវ៉ាពេញចិត្តសេចក្ដីអធិដ្ឋានបែបនេះឬទេ? លោកពេញចិត្តមែន! ដោយសារយើងមិនស្គាល់អំពីសេចក្ដីត្រូវការជាក់លាក់របស់បងប្អូនរួមជំនឿទាំងអស់ គឺសមត្រឹមត្រូវឲ្យយើងអធិដ្ឋានសម្រាប់បងប្អូនជាក្រុមៗ។ (យ៉ូន. ១៧:២០; អេភ. ៦:១៨) ការអធិដ្ឋានទាំងនេះបង្ហាញថា យើង«ស្រឡាញ់បងប្អូនរួមជំនឿទាំងអស់»។—១ពេ. ២:១៧
ពេលអធិដ្ឋានឲ្យបងប្អូនម្នាក់ៗ
១២. តើការចេះសង្កេតមើលអាចជួយយើងឲ្យអធិដ្ឋានយ៉ាងជាក់លាក់ជាងយ៉ាងដូចម្ដេច?
១២ ចូរចេះសង្កេតមើល។ ក្រៅពីអធិដ្ឋានឲ្យបងប្អូនជាក្រុមៗ គឺជាការសមត្រឹមត្រូវឲ្យយើងអធិដ្ឋានឲ្យបុគ្គលម្នាក់ៗដោយលើកឈ្មោះរបស់គាត់។ តើមានបងប្អូនណាម្នាក់ក្នុងក្រុមជំនុំរបស់អ្នកមានជំងឺរ៉ាំរ៉ៃឬទេ? តើមានប្អូនៗវ័យក្មេងណាម្នាក់ធ្លាក់ទឹកចិត្តដោយសារការបង្ខិតបង្ខំនៅសាលាឬទេ? តើមានស្ត្រីមេម៉ាយឬពោះម៉ាយណាម្នាក់ដែលពិបាកចិញ្ចឹមអប់រំកូន«ទៅតាមការប្រៀនប្រដៅនិងការណែនាំរបស់ព្រះយេហូវ៉ា»ឬទេ? (អេភ. ៦:៤) ដោយចេះសង្កេតមើល អ្នកនឹងកាន់តែយល់អារម្មណ៍អ្នកឯទៀត ហើយនោះនឹងជំរុញចិត្តអ្នកឲ្យអធិដ្ឋានឲ្យពួកគេ។b—រ៉ូម ១២:១៥
១៣. តើតាមរបៀបណាយើងអាចអធិដ្ឋានឲ្យពួកអ្នកដែលយើងមិនស្គាល់?
១៣ ចូរអធិដ្ឋានឲ្យអ្នកឯទៀតដោយលើកឈ្មោះរបស់ពួកគេ។ យើងអាចធ្វើដូច្នោះសូម្បីតែចំពោះបងប្អូនដែលយើងមិនដែលជួបពីមុនក្ដី។ ជាឧទាហរណ៍ សូមគិតអំពីបងប្អូនដែលកំពុងជាប់គុកនៅកន្លែងផ្សេងៗដូចជា គ្រីមា អេរីត្រេ រុស្ស៊ី និងសិង្ហបុរី។ នៅគេហទំព័រjw.org មានឈ្មោះរបស់បងប្អូនដែលជាប់គុក។c អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ឈ្មោះប្រាយអេននិយាយថា៖ «ខ្ញុំឃើញថាការសរសេរឈ្មោះរបស់បងប្អូនរួមជំនឿណាម្នាក់ដែលជាប់គុក ហើយក្រោយមកនិយាយឈ្មោះរបស់បងប្អូននោះឮៗ ជួយខ្ញុំឲ្យចាំអំពីគាត់ ហើយពេលនៅម្នាក់ឯង ខ្ញុំអធិដ្ឋានឲ្យគាត់»។
១៤-១៥. តើយើងអាចធ្វើឲ្យសំណូមពររបស់យើងកាន់តែជាក់លាក់យ៉ាងដូចម្ដេច?
១៤ ចូរអធិដ្ឋានយ៉ាងជាក់លាក់។ បងម៉ៃឃឺលដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «ពេលខ្ញុំអានកំណត់ហេតុរបស់បងប្អូនដែលជាប់គុកនៅគេហទំព័រjw.org ខ្ញុំព្យាយាមស្រមៃថា តើខ្ញុំនឹងមានអារម្មណ៍យ៉ាងណា បើខ្ញុំស្ថិតនៅក្នុងស្ថានភាពដូចពួកគេ? ខ្ញុំដឹងថា ខ្ញុំនឹងបារម្ភអំពីប្រពន្ធរបស់ខ្ញុំ ហើយចង់ធ្វើឲ្យប្រាកដថានាងទទួលអ្វីដែលនាងត្រូវការ។ ដូច្នេះ នេះជួយខ្ញុំឲ្យអធិដ្ឋានយ៉ាងជាក់លាក់ឲ្យបងប្អូនប្រុសដែលរៀបការដែលកំពុងជាប់គុក»។—ហេ. ១៣:៣, កំ.ស.
១៥ ពេលយើងគិតអំពីជីវិតប្រចាំថ្ងៃរបស់បងប្អូនដែលជាប់គុក យើងក៏អាចគិតអំពីរបៀបផ្សេងៗដែលយើងអាចអធិដ្ឋានយ៉ាងចំៗឲ្យពួកគេ។ ជាឧទាហរណ៍ យើងអាចអធិដ្ឋានសុំឲ្យពួកអ្នកដែលយាមគុកបង្ហាញចិត្តសប្បុរស ហើយឲ្យពួកអ្នកដែលមានអំណាចអនុញ្ញាតឲ្យបងប្អូនរបស់យើងគោរពប្រណិប័តន៍ដោយមានសេរីភាព។ (១ធី. ២:១, ២) យើងអាចអធិដ្ឋានឲ្យបងប្អូនក្នុងក្រុមជំនុំនៅតំបន់នោះទទួលការលើកទឹកចិត្តពីគំរូដ៏ស្មោះត្រង់របស់បងប្អូនដែលជាប់គុក ឬឲ្យពួកអ្នកដែលមិនជឿ ឃើញការប្រព្រឹត្តល្អរបស់បងប្អូនដែលជាប់គុកនោះ ហើយចង់ស្ដាប់ដំណឹងល្អ។ (១ពេ. ២:១២) យើងក៏អាចធ្វើអ្វីស្រដៀងនឹងនោះដែរ ពេលអធិដ្ឋានឲ្យបងប្អូនរបស់យើងដែលកំពុងស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងទៀត។ ដោយចេះសង្កេតមើល អធិដ្ឋានឲ្យបងប្អូនដោយលើកឈ្មោះ និងធ្វើសំណូមពរយ៉ាងជាក់លាក់ យើងអាចបង្ហាញថា យើង«មានសេចក្ដីស្រឡាញ់ជាបរិបូរចំពោះគ្នាទៅវិញទៅមក»។—១ថែ. ៣:១២
ចូរអធិដ្ឋានដោយមានទស្សនៈត្រឹមត្រូវ
១៦. តើយើងអាចរក្សាទស្សនៈត្រឹមត្រូវចំពោះសេចក្ដីអធិដ្ឋានរបស់យើងតាមរបៀបណា? (ម៉ាថាយ ៦:៨)
១៦ ដូចយើងបានឃើញ ពេលយើងអធិដ្ឋានឲ្យអ្នកឯទៀត យើងប្រហែលជាជួយកែប្រែស្ថានភាពរបស់ពួកគេ។ ប៉ុន្តែ យើងត្រូវមានទស្សនៈត្រឹមត្រូវ។ ពេលយើងអធិដ្ឋាន យើងមិនមែនប្រាប់ព្រះយេហូវ៉ាអំពីអ្វីដែលលោកមិនទាន់ដឹងឬរបៀបដោះស្រាយបញ្ហាយ៉ាងល្អបំផុតនោះទេ។ ព្រះយេហូវ៉ាដឹងអ្វីដែលអ្នកបម្រើរបស់លោកត្រូវការ សូម្បីតែមុនពួកគេឬយើងដឹងទៅទៀត។ (សូមអាន ម៉ាថាយ ៦:៨) ដូច្នេះ ហេតុអ្វីយើងគួរអធិដ្ឋានឲ្យអ្នកឯទៀត? ក្រៅពីមូលហេតុដែលបានត្រូវរៀបរាប់នៅអត្ថបទនេះ នោះគឺជារបៀបមួយដែលយើងបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ សេចក្ដីស្រឡាញ់ជំរុញចិត្តយើងឲ្យអធិដ្ឋានឲ្យគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ព្រះយេហូវ៉ាត្រេកអរ ពេលលោកឃើញអ្នកបម្រើរបស់លោកបង្ហាញសេចក្ដីស្រឡាញ់ដូចលោក។
១៧-១៨. តើយើងអាចប្រដូចការអធិដ្ឋានឲ្យបងប្អូនរួមជំនឿទៅនឹងឧទាហរណ៍អ្វី?
១៧ ទោះជាសេចក្ដីអធិដ្ឋានរបស់យើងមើលទៅមិនកែប្រែស្ថានភាពណាមួយក្ដី សេចក្ដីអធិដ្ឋានទាំងនោះបង្ហាញអំពីសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនរួមជំនឿ ហើយព្រះយេហូវ៉ាកត់សម្គាល់។ សូមគិតអំពីឧទាហរណ៍មួយ។ សូមស្រមៃថាមានក្រុមគ្រួសារមួយដែលមានកូនតូចៗពីរនាក់ គឺកូនប្រុសម្នាក់និងកូនស្រីម្នាក់។ កូនប្រុសនោះធ្លាក់ខ្លួនឈឺ។ កូនស្រីអង្វរឪពុករបស់នាងថា៖ «សូមជួយបងប្រុសកូនឲ្យជាឡើងវិញផង។ គាត់ឈឺធ្ងន់ធ្ងរណាស់!»។ ឪពុកនោះស្រឡាញ់កូនរបស់គាត់ ហើយចាត់វិធានការរួចហើយដើម្បីជួយកូនប្រុសគាត់ឲ្យជាសះស្បើយឡើងវិញ។ ប៉ុន្តែ គាត់សប្បាយចិត្តពេលគាត់ឃើញថា កូនស្រីរបស់គាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្រុសរបស់នាង រហូតដល់នាងអង្វរឪពុករបស់នាងឲ្យជួយ។
១៨ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យយកចិត្តទុកដាក់ចំពោះគ្នា ហើយអធិដ្ឋានឲ្យគ្នាទៅវិញទៅមក។ កាលដែលយើងធ្វើដូច្នេះ ការអធិដ្ឋានរបស់យើងបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះអ្នកឯទៀតខ្លាំងប៉ុនណា ហើយព្រះយេហូវ៉ាកត់សម្គាល់ចំណុចនោះ។ (២ថែ. ១:៣; ហេ. ៦:១០) ម្យ៉ាងទៀត ដូចដែលយើងបានពិចារណារួចហើយ ក្នុងករណីខ្លះសេចក្ដីអធិដ្ឋានរបស់យើងអាចធ្វើឲ្យស្ថានភាពរបស់បងប្អូនផ្លាស់ប្ដូរ។ ដូច្នេះ សូមឲ្យយើងខំអស់ពីសមត្ថភាពដើម្បីអធិដ្ឋានឲ្យគ្នាទៅវិញទៅមក។
ចម្រៀងលេខ១០១ ចូរបម្រើដោយសាមគ្គីភាព
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
b សូមមើលវីដេអូថាគេស៊ិ ស៊ីមីហ្សូ: ព្រះយេហូវ៉ាគឺជា«ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន»នៅគេហទំព័រjw.org/km។
c ដើម្បីបានឈ្មោះបងប្អូនដែលជាប់គុក សូមវាយពាក្យ«Jehovah’s Witnesses Imprisoned for Their Faith—By Location»ក្នុងប្រអប់ស្វែងរកនៅគេហទំព័រjw.org/en។
d ការពណ៌នាអំពីរូបភាព៖ បងប្អូនដែលមានបញ្ហាផ្ទាល់ខ្លួនអធិដ្ឋានឲ្យអ្នកឯទៀត។