សមាជិកគណៈអភិបាលថ្មីពីរនាក់
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ មានការប្រកាសដ៏ពិសេសមួយនៅកិច្ចប្រជុំប្រចាំឆ្នាំថា បងប្រុសចូឌី ចាតលី និងបងប្រុសចេកុប រឹមបានត្រូវតែងតាំងឲ្យបម្រើជាសមាជិកគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា។ បងប្រុសទាំងពីរនាក់នេះបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់រយៈពេលជាយូរមកហើយ។
បងចូឌី ចាតលី និងប្រពន្ធរបស់គាត់បងដាម៉ារីស
បងចាតលីបានកើតនៅរដ្ឋមីហ្សូរី សហរដ្ឋអាម៉េរិក ហើយបានធំឡើងក្នុងសេចក្ដីពិត។ ក្រុមគ្រួសាររបស់គាត់រស់នៅតំបន់ដែលមានសាក្សីព្រះយេហូវ៉ាតែមួយចំនួនតូចប៉ុណ្ណោះ។ ហេតុនេះហើយបានជាគាត់មានឱកាសជួបបងប្អូនជាច្រើនពីមជ្ឈដ្ឋានផ្សេងៗដែលមកជួយផ្សព្វផ្សាយដំណឹងល្អនៅទីនោះ។ សេចក្ដីស្រឡាញ់និងសាមគ្គីភាពរបស់បងប្អូនទាំងនោះមានឥទ្ធិពលយ៉ាងខ្លាំងមកលើគាត់។ គាត់បានទទួលការជ្រមុជទឹកនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៨៣។ គាត់ចូលចិត្តផ្សព្វផ្សាយ ហើយក្រោយពីបញ្ចប់វិទ្យាល័យ គាត់បានចាប់ផ្ដើមត្រួសត្រាយពេញពេលនៅខែកញ្ញា ឆ្នាំ១៩៨៩។
ពេលបងចាតលីនៅក្មេង ឪពុកម្ដាយរបស់គាត់បាននាំគាត់និងប្អូនស្រីរបស់គាត់ទៅលេងបេតអែល។ ការមកទស្សនាបេតអែលនេះ ជំរុញចិត្តពួកគេឲ្យតាំងគោលដៅបម្រើនៅបេតអែល ហើយនោះគឺជាគោលដៅដែលពួកគេបានសម្រេចនៅពេលក្រោយមក។ បងចាតលីបានចូលបេតអែលវ៉លឃីលនៅខែកញ្ញា ឆ្នាំ១៩៩០។ កិច្ចការដំបូងរបស់គាត់គឺនៅផ្នែកបោសសម្អាត ហើយក្រោយមកនៅផ្នែកថែទាំសុខភាព។
នៅក្នុងអំឡុងគ្រានោះ មានក្រុមជំនុំភាសាអេស្ប៉ាញជាច្រើននៅជិតៗនោះដែលកំពុងរីកចម្រើន ហើយត្រូវការបងប្អូនប្រុសៗ។ ដូច្នេះ បងចាតលីបានចូលរួមក្នុងក្រុមជំនុំមួយក្នុងចំណោមក្រុមជំនុំនោះ ហើយចាប់ផ្ដើមរៀនភាសាអេស្ប៉ាញ។ មិនយូរក្រោយមក គាត់បានជួបបងស្រីដាម៉ារីសដែលជាអ្នកត្រួសត្រាយនៅក្នុងមណ្ឌលដូចគ្នា។ ក្រោយមក ពួកគាត់បានរៀបការ ហើយបម្រើនៅបេតអែលជាមួយគ្នា។
នៅឆ្នាំ២០០៥ ពួកគាត់បានចាកចេញពីបេតអែលដើម្បីថែរក្សាឪពុកម្ដាយដ៏ស្មោះត្រង់របស់ពួកគាត់។ ក្នុងអំឡុងពេលនោះ ពួកគាត់បានបម្រើជាអ្នកត្រួសត្រាយពេញពេល។ បងចាតលីបានបង្រៀននៅសាលាសម្រាប់អ្នកត្រួសត្រាយ ហើយគាត់បានបម្រើជាសមាជិកគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យនិងគណៈកម្មាធិការខាងការសាងសង់តាមភូមិភាគ។
នៅឆ្នាំ២០១៣ បងចូឌី ចាតលី និងបងដាម៉ារីស ចាតលីបានត្រូវអញ្ជើញឲ្យបម្រើនៅបេតអែលវិញក្នុងគម្រោងសាងសង់នៅវ័រវិក។ ក្រោយមក ពួកគាត់ក៏បម្រើនៅបេតអែលផាតឺសិន និងបេតអែលវ៉លឃីលដែរ។ បងចាតលីបានបម្រើនៅផ្នែករចនាប្លង់និងសាងសង់តាមតំបន់ និងក្នុងក្រុមផ្ដល់ព័ត៌មានខាងពេទ្យ។ នៅខែមីនា ឆ្នាំ២០២៣ គាត់បានត្រូវតែងតាំងឲ្យបម្រើជាជំនួយការគណៈកម្មាធិការកិច្ចបម្រើ។ ពេលគាត់គិតអំពីភារកិច្ចទាំងអស់របស់គាត់ គាត់និយាយថា៖ «ពេលទទួលភារកិច្ចថ្មី ជួនកាលយើងអាចភ័យបារម្ភ។ ប៉ុន្តែ នោះជាឱកាសឲ្យយើងចាំថាយើងត្រូវពឹងផ្អែកព្រះយេហូវ៉ា ដោយសារលោកជាអ្នកដែលធ្វើឲ្យយើងអាចធ្វើអ្វីណាក៏ដោយដែលលោកសុំយើងឲ្យធ្វើ»។
បងចេកុប រឹម និងប្រពន្ធរបស់គាត់បងអ៊ីងកា
បងរឹមបានកើតនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ ពេលគាត់នៅក្មេង ម្ដាយរបស់គាត់អសកម្ម។ ប៉ុន្តែ ម្ដាយរបស់គាត់ព្យាយាមបង្រៀនគាត់សេចក្ដីពិតក្នុងគម្ពីរ។ បងរឹមក៏ទៅលេងយាយរបស់គាត់ជារៀងរាល់ឆ្នាំដែរ។ យាយរបស់គាត់គឺជាសាក្សីព្រះយេហូវ៉ាដ៏ស្មោះត្រង់។ យាយរបស់គាត់បានជួយគាត់ឲ្យចង់ដឹងអំពីគម្ពីរថែមទៀត ហើយពេលគាត់មានអាយុ១៣ឆ្នាំ គាត់បានសុំរៀនគម្ពីរ។ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩២ បងរឹមបានទទួលការជ្រមុជទឹក។ ពិតជាសប្បាយណាស់ ម្ដាយរបស់គាត់ចាប់ផ្ដើមផ្សព្វផ្សាយនិងចូលរួមកិច្ចប្រជុំម្ដងទៀត ហើយឪពុករបស់គាត់និងបងប្អូនបង្កើតរបស់គាត់បានទទួលការជ្រមុជទឹក។
ពេលបងរឹមនៅក្មេង គាត់ឃើញថាអ្នកត្រួសត្រាយគឺសប្បាយយ៉ាងខ្លាំង។ ដូច្នេះ ក្រោយពីគាត់រៀនចប់វិទ្យាល័យ គាត់ចាប់ផ្ដើមត្រួសត្រាយនៅខែកញ្ញា ឆ្នាំ១៩៩៥។ នៅឆ្នាំ២០០០ គាត់បានរើទៅប្រទេសអេក្វាទ័រដើម្បីបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង។ នៅទីនោះ គាត់បានជួបបងស្រីអ៊ីងកាដែលជាអ្នកត្រួសត្រាយពីប្រទេសកាណាដា ហើយក្រោយមកពួកគាត់បានរៀបការ។ ក្រោយពីពួកគាត់បានរៀបការ ពួកគាត់បានបម្រើក្នុងក្រុមមួយដែលមានអ្នកផ្សាយតិចតួចនៅប្រទេសអេក្វាទ័រ។ សព្វថ្ងៃនេះ ក្រុមនោះគឺជាក្រុមជំនុំដ៏រឹងមាំ។
នៅពេលក្រោយមក បងចេកុប រឹម និងបងអ៊ីងកា រឹមបានត្រូវតែងតាំងជាអ្នកត្រួសត្រាយពិសេស ហើយក្រោយមកទៀត ពួកគាត់បានធ្វើកិច្ចការត្រួតពិនិត្យមណ្ឌល។ នៅឆ្នាំ២០១១ ពួកគាត់បានត្រូវអញ្ជើញឲ្យចូលសាលាគីលាតជំនាន់ទី១៣២។ ក្រោយពីបញ្ចប់វគ្គសិក្សា ពួកគាត់បានបម្រើនៅប្រទេសផ្សេងៗនៅជុំវិញពិភពលោក ហើយពួកគាត់សប្បាយចូលរួមកិច្ចបម្រើផ្សេងៗ ដូចជាបម្រើនៅបេតអែល បម្រើជាសាសនទូត និងធ្វើកិច្ចការត្រួតពិនិត្យមណ្ឌល។ បងរឹមក៏មានឯកសិទ្ធិបង្រៀននៅសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះដែរ។
ដោយសាររោគរាតត្បាតជំងឺកូវីដ-១៩ បងចេកុប រឹម និងបងអ៊ីងកា រឹមបានត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញ។ ពួកគាត់បានត្រូវអញ្ជើញឲ្យបម្រើនៅបេតអែលវ៉លឃីល។ នៅទីនោះ បងរឹមបានទទួលការបង្ហាត់បង្រៀនផ្នែកការិយាល័យខាងកិច្ចបម្រើ។ ក្រោយមក ពួកគាត់បានត្រូវចាត់ឲ្យត្រឡប់ទៅការិយាល័យសាខាអេក្វាទ័រវិញ។ នៅទីនោះបងរឹមបានបម្រើជាសមាជិកគណៈកម្មាធិការការិយាល័យសាខា។ នៅឆ្នាំ២០២៣ ពួកគាត់បានផ្លាស់មកវ័រវិកវិញ។ នៅខែមករា ឆ្នាំ២០២៤ បងរឹមបានត្រូវតែងតាំងឲ្យបម្រើជាជំនួយការគណៈកម្មាធិការកិច្ចបម្រើ។ ពេលបងរឹមគិតអំពីកន្លែងដែលគាត់បានបម្រើ គាត់និយាយថា៖ «អ្វីដែលធ្វើឲ្យភារកិច្ចណាមួយទៅជាពិសេស គឺមិនមែនទីកន្លែងទេ តែគឺមនុស្សដែលធ្វើកិច្ចការជាមួយយើង»។
យើងពិតជាឲ្យតម្លៃចំពោះកិច្ចការនឿយហត់របស់បងប្រុសទាំងនេះ ហើយយើង«រក្សាការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ»។—ភី. ២:២៩