បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 សីហា ទំ. ៨-១៣
  • សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​អ្នក​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក?
  • តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង?
  • របៀប​ដែល​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង
  • ចូរ​បន្ត​ពង្រឹង​ការ​ជឿ​ជាក់​របស់​អ្នក
  • ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • តើ​យើង​រៀន​អ្វី​ពី​ថ្លៃ​លោះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ​ស្ថិត​ស្ថេរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចូរ​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​មិន​ដឹង​ដោយ​ចិត្ត​រាប​ទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 សីហា ទំ. ៨-១៣

អត្ថបទសិក្សា ៣៣

ចម្រៀង​លេខ​៤ ​«​ព្រះ​យេហូវ៉ា​ជា​គង្វាល​របស់​ខ្ញុំ​»​

សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក

​«​ខ្ញុំ​ទាញ​នាំ​អ្នក​មក​ឯ​ខ្ញុំ ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»។—យេ. ៣១:៣

ចំណុច​ផ្ដោត

មូលហេតុ​ដែល​យើង​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​របៀប​ដែល​យើង​អាច​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​អំពី​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង​ផ្ទាល់។

១. ហេតុ​អ្វី​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

តើ​អ្នក​អាច​ចាំ​អំពី​ពេល​ដែល​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ឬ​ទេ? អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​ដោយ​សារ​អ្នក​ស្គាល់​លោក ហើយ​ស្រឡាញ់​លោក។ អ្នក​សន្យា​ថា អ្នក​នឹង​ចាត់​ទុក​បំណង​ប្រាថ្នា​របស់​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក ហើយ​ថា​អ្នក​នឹង​បន្ត​ស្រឡាញ់​លោក​ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់​ពី​កម្លាំង​កាយ​របស់​អ្នក។ (​ម៉ាក. ១២:៣០​) តាំង​ពី​ពេល​នោះ​មក សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​លោក​គឺ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ដូច្នេះ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា​បើ​មាន​គេ​សួរ​ថា ​«​តើ​អ្នក​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទេ?​»។ អ្នក​នឹង​ឆ្លើយ​ដោយ​មិន​ស្ទាក់​ស្ទើរ​ថា ​«​ខ្ញុំ​ស្រឡាញ់​លោក​ខ្លាំង​ជាង​អ្នក​ណា​ឬ​អ្វី​ណា​ទាំង​អស់!​»។

បណ្ដុំ​រូប​ភាព​៖ បង​ស្រី​ម្នាក់​នឹក​ចាំ​អំពី​ការ​ប្រគល់​ខ្លួន និង​ការ​ជ្រមុជ​ទឹក​របស់​គាត់។ ១. គាត់​អង្គុយ​នៅ​ខាង​ក្រៅ ហើយ​អធិដ្ឋាន។ ២. គាត់​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​ទន្លេ​មួយ។

តើ​អ្នក​ចាំ​អំពី​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ព្រះ​យេហូវ៉ា​ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​លោក​និង​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ​(​សូម​មើល​វគ្គ​១​)​


២​-​៣. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ជឿ​ជាក់​អំពី​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ? (​យេរេមា ៣១:៣​)

២ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​មាន​គេ​សួរ​ថា ​«​តើ​អ្នក​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ឬ​ទេ?​»។ តើ​អ្នក​នឹង​ពិបាក​ឆ្លើយ​ដោយ​គិត​ថា​អ្នក​មិន​សម​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ? បង​ស្រី​ម្នាក់​ដែល​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​ខ្វះ​ភាព​កក់​ក្ដៅ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ខ្ញុំ​មិន​សង្ស័យ​អំពី​រឿង​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​ច្រើន​តែ​សង្ស័យ​គឺ​ថា ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​ខ្ញុំ​ទេ​»។ ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក?

៣ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ជឿ​ជាក់​ថា​លោក​ស្រឡាញ់​អ្នក។ (​សូម​អាន យេរេមា ៣១:៣​) តាម​ការ​ពិត ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​អ្នក​ឲ្យ​មក​ឯ​លោក។ ម្យ៉ាង​ទៀត ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​លោក ហើយ​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​បាន​ទទួល​អ្វី​ដែល​ពិត​ជា​មាន​តម្លៃ គឺ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក។ សេចក្ដី​ស្រឡាញ់​នោះ​គឺ​ជ្រាល​ជ្រៅ ហើយ​នៅ​ជាប់​ជា​និច្ច។ សេចក្ដី​ស្រឡាញ់​នោះ​ជំរុញ​លោក​ឲ្យ​ចាត់​ទុក​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក រួម​ទាំង​អ្នក​ថា​«​ជា​ទ្រព្យ​វិសេស​»។ (​ម៉ាឡ. ៣:១៧​)។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ជឿ​ជាក់​ថា​លោក​ស្រឡាញ់​អ្នក ដូច​សាវ័ក​ប៉ូល​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​គាត់។ ប៉ូល​អាច​សរសេរ​ដោយ​មាន​ទំនុក​ចិត្ត​ថា​៖ ​«​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ជា​សេចក្ដី​ស្លាប់ ជីវិត ទេវតា ពួក​អ្នក​គ្រប់​គ្រង អ្វី​ៗ​នៅ​គ្រា​ឥឡូវ​នេះ អ្វី​ៗ​នៅ​គ្រា​ខាង​មុខ កម្លាំង កម្ពស់ ជម្រៅ ឬ​អ្វី​ផ្សេង​ទៀត​ដែល​លោក​បាន​បង្កើត​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​»​ឡើយ។ (​រ៉ូម ៨:៣៨, ៣៩​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ។

ហេតុ​អ្វី​អ្នក​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក?

៤. តើ​យើង​អាច​តយុទ្ធ​នឹង​កល​ល្បិច​មួយ​របស់​សាថាន​យ៉ាង​ដូច​ម្ដេច?

៤ ពេល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង យើង​អាច​តយុទ្ធ​នឹង​«​កល​ល្បិច​»​មួយ​របស់​សាថាន។ (​អេភ. ៦:១១​) សាថាន​នឹង​ប្រើ​វិធី​សាស្ត្រ​គ្រប់​យ៉ាង​ដើម្បី​រា​រាំង​យើង​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ កល​ល្បិច​មួយ​របស់​សាថាន​គឺ​វា​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ការ​កុហក​របស់​វា​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង។ សូម​កុំ​ភ្លេច​ថា​សាថាន​ពូកែ​ឆ្លៀត​យក​ឱកាស។ វា​ច្រើន​តែ​វាយ​ប្រហារ​មក​លើ​យើង ពេល​យើង​ខ្សោយ​កម្លាំង។ យើង​ប្រហែល​ជា​អស់​កម្លាំង​ចិត្ត​ដោយ​សារ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល ការ​ពិបាក​នៅ​សព្វ​ថ្ងៃ ឬ​ការ​ខ្វល់​ខ្វាយ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។ (​សុភ. ២៤:១០​) សាថាន​ប្រៀប​ដូច​ជា​សត្វ​តោ​ដែល​ស្វែង​រក​ឱកាស​ចាប់​សត្វ​ដែល​មើល​ទៅ​ខ្សោយ​កម្លាំង។ ដូច្នេះ វា​ព្យាយាម​ស្វែង​រក​ឱកាស​ពេល​ដែល​យើង​អស់​កម្លាំង​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​យើង​ឈប់​ព្យាយាម។ ប៉ុន្តែ បើ​យើង​បន្ត​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង យើង​នឹង​‹ត​ស៊ូ​នឹង​សាថាន› ហើយ​កល​ល្បិច​របស់​វា​យ៉ាង​ប្រសើរ​ជាង។—១ពេ. ៥:៨, ៩; យ៉ា. ៤:៧

៥. ហេតុ​អ្វី​យើង​ត្រូវ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​ឲ្យ​តម្លៃ​យើង?

៥ ពេល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង យើង​អាច​ចូល​កាន់​តែ​ជិត​លោក។ សូម​ពិចារណា​អំពី​មូលហេតុដែល​យើង​អាច​និយាយ​ដូច្នេះ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​ពី​អ្នក​ឯ​ទៀត ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ។ តាម​ធម្មតា ពេល​យើង​ទទួល​សេចក្ដី​ស្រឡាញ់ នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​គេ​វិញ។ ដូច្នេះ កាល​ដែល​យើង​កាន់​តែ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​ឲ្យ​តម្លៃ​យើង យើង​នឹង​កាន់​តែ​ស្រឡាញ់​លោក។ (​១យ៉ូន. ៤:១៩​) ម្យ៉ាង​ទៀត កាល​ដែល​សេចក្ដី​ស្រឡាញ់​របស់​យើង​កើន​ឡើង នោះ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង​ក៏​កើន​ឡើង​ដែរ។ គម្ពីរ​ចែង​យ៉ាង​ចំ​ៗ​ថា​៖ ​«​ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​»។ (​យ៉ា. ៤:៨​) ប៉ុន្តែ តើ​យើង​អាច​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​យ៉ាង​ដូច​ម្ដេច?

តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង?

៦. បើ​អ្នក​មិន​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក តើ​អ្នក​អាច​ធ្វើ​អ្វី?

៦ ចូរ​អធិដ្ឋាន​យ៉ាង​ជាក់​លាក់​និង​ម្ដង​ហើយ​ម្ដង​ទៀត។ (​លូក. ១៨:១; រ៉ូម ១២:១២​) សូម​សុំ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ច្រើន​ដង​ជា​រៀង​រាល់​ថ្ងៃ​បើ​ចាំ​បាច់ ឲ្យ​ជួយ​អ្នក​មាន​ទស្សនៈ​ចំពោះ​ខ្លួន​ដូច​ដែល​លោក​មាន​ចំពោះ​អ្នក។ ជួន​កាល អ្នក​ប្រហែល​ជា​មិន​ឲ្យ​តម្លៃ​ខ្លួន​ខ្លាំង​ពេក រហូត​ដល់​អ្នក​ពិបាក​ជឿ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក។ ប៉ុន្តែ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ធំ​ជាង​ចិត្ត​របស់​អ្នក។ (​១យ៉ូន. ៣:១៩, ២០​) លោក​ស្គាល់​អ្នក​ច្បាស់​ជាង​អ្នក​ស្គាល់​ខ្លួន​ឯង​ទៅ​ទៀត ហើយ​លោក​កត់​សម្គាល់​គុណ​សម្បត្តិ​ដែល​អ្នក​មាន ដែល​ប្រហែល​ជា​អ្នក​មិន​បាន​កត់​សម្គាល់។ (​១សាំ. ១៦:៧; ២ប្រ. ៦:៣០​) ដូច្នេះ សូម​កុំ​ស្ទាក់​ស្ទើរ​«​ជម្រាប​លោក​»​អំពី​អារម្មណ៍​របស់​អ្នក ហើយ​សុំ​លោក​ជួយ​អ្នក​ឲ្យ​ជឿ​ជាក់​ថា​លោក​ស្រឡាញ់​អ្នក។ (​ចសព. ៦២:៨​) ក្រោយ​មក សូម​ប្រព្រឹត្ត​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដោយ​ធ្វើ​តាម​យោបល់​បន្ត​បន្ទាប់​នេះ។

៧​-​៨. តើ​ចម្រៀង​សរសើរ​ព្រះ​ពង្រឹង​ទំនុក​ចិត្ត​យើង​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង?

៧ ចូរ​ទុក​ចិត្ត​ពាក្យ​របស់​ព្រះ​យេហូវ៉ា។ លោក​បាន​ដឹក​នាំ​អ្នក​សរសេរ​គម្ពីរ​ឲ្យ​រៀប​រាប់​ការ​ពិត​អំពី​លោក។ ក្នុង​ចម្រៀង​សរសើរ​ព្រះ​មួយ ដាវីឌ​បាន​រៀប​រាប់​យ៉ាង​កក់​ក្ដៅ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​យើង។ គាត់​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៅ​ជិត​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ លោក​ជួយ​អ្នក​ដែល​បាក់​ទឹក​ចិត្ត​»។ (​ចសព. ៣៤:១៨​) ពេល​អ្នក​ធ្លាក់​ទឹក​ចិត្ត អ្នក​ប្រហែល​មាន​អារម្មណ៍​ថា​អ្នក​នៅ​តែ​ឯង។ ប៉ុន្តែ ព្រះ​យេហូវ៉ា​សន្យា​ថា នៅ​ពេល​បែប​នោះ​លោក​នឹង​នៅ​ជិត​អ្នក​ដោយ​សារ​លោក​ឃើញ​ថា អ្នក​ត្រូវ​ការ​លោក​ជាង​ពេល​ណា​ៗ​ទាំង​អស់។ ក្នុង​ចម្រៀង​សរសើរ​ព្រះ​មួយ​ទៀត ដាវីឌ​បាន​សរសេរ​ថា​៖ ​«​សូម​លោក​ប្រមូល​ទឹក​ភ្នែក​ខ្ញុំ​ដាក់​ក្នុង​ថង់​ស្បែក​របស់​លោក​»។ (​ចសព. ៥៦:៨​) ព្រះ​យេហូវ៉ា​ឃើញ​ពេល​អ្នក​ពិបាក​ចិត្ត។ លោក​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​និង​អ្វី​ដែល​អ្នក​កំពុង​ឆ្លង​កាត់។ ដូច​ដំណក់​ទឹក​នីមួយ​ៗ​នៅ​ក្នុង​ថង់​ស្បែក​មាន​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គល​ដែល​ធ្វើ​ដំណើរ​នៅ​វាល​ខ្សាច់ នោះ​ទឹក​ភ្នែក​របស់​អ្នក​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​លោក​ចាំ​រាល់​ដង​ដែល​អ្នក​ឈឺ​ចិត្ត​និង​យំ។ នៅ​ចម្រៀង​សរសើរ​ព្រះ ១៣៩:៣ ដាវីឌ​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​សង្កេត​មើល​ខ្ញុំ . . . លោក​ស្គាល់​ជាក់​នូវ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​ខ្ញុំ​»។ ព្រះ​យេហូវ៉ា​ឃើញ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​អ្នក ប៉ុន្តែ​លោក​ផ្ដោត​អារម្មណ៍​លើ​អ្វី​ល្អ​ដែល​អ្នក​ធ្វើ។ (​ហេ. ៦:១០​) ហេតុ​អ្វី? ដោយ​សារ​លោក​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ទាំង​អស់​ដែល​អ្នក​ធ្វើ​ដើម្បី​ឲ្យ​លោក​ពេញ​ចិត្ត។a

៨ ព្រះ​យេហូវ៉ា​ប្រើ​ខ​គម្ពីរ​ដ៏​សម្រាល​ទុក្ខ​បែប​នេះ​នៅ​ក្នុង​គម្ពីរ​ដើម្បី​ប្រាប់​អ្នក​ថា លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក ហើយ​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់។ ប៉ុន្តែ ដូច​យើង​បាន​រៀន​នៅ​ខាង​លើ សាថាន​ចង់​ឲ្យ​អ្នក​ជឿ​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​អ្នក​ទេ។ ដូច្នេះ បើ​ពេល​ខ្លះ​អ្នក​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​អ្នក សូម​ផ្អាក​សិន​ហើយ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​នឹង​ជឿ​ពាក្យ​របស់​អ្នក​ណា​«​ឪពុក​នៃ​ការ​ភូត​ភរ​»​ ឬ​«​ព្រះ​នៃ​សេចក្ដី​ពិត​»​?›។—យ៉ូន. ៨:៤៤; ចសព. ៣១:៥

៩. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ធានា​អ្វី​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​លោក? (​ដំណើរ​ចាក​ចេញ ២០:៥, ៦​)

៩ សូម​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក។ សូម​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​និយាយ​ទៅ​កាន់​ម៉ូសេ​និង​ជន​ជាតិ​អ៊ីស្រាអែល។ (​សូម​អាន ដំណើរ​ចាក​ចេញ ២០:៥, ៦​) ព្រះ​យេហូវ៉ា​សន្យា​ថា លោក​នឹង​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​លោក។ ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​ស្មោះ​ភក្ដី លោក​តែង​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​លោក។ (​នេហ. ១:៥​) ដូច្នេះ ពេល​អ្នក​ចាប់​ផ្ដើម​គិត​ថា​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​ស្រឡាញ់​អ្នក សូម​ផ្អាក ហើយ​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឬ​ទេ?›។ ក្រោយ​មក សូម​គិត​អំពី​នេះ​៖ បើ​អ្នក​ស្រឡាញ់​លោក ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត នោះ​អ្នក​មាន​ការ​ធានា​ពី​លោក​ថា លោក​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់។ (​ដាន. ៩:៤; ១កូ. ៨:៣​) និយាយ​ឲ្យ​ចំ​ទៅ បើ​អ្នក​មិន​សង្ស័យ​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា នោះ​អ្នក​គ្មាន​ហេតុ​ឲ្យ​សង្ស័យ​ថា​លោក​មិន​ស្រឡាញ់​អ្នក​ទេ។ អ្នក​អាច​ប្រាកដ​ថា លោក​នឹង​តែង​តែ​ស្រឡាញ់​អ្នក ហើយ​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ។

១០​-​១១. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ថ្លៃ​លោះ? (​កាឡាទី ២:២០​)

១០ ចូរ​រំពឹង​គិត​អំពី​ថ្លៃ​លោះ។ គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត​គឺ​ជា​អំណោយ​ដ៏​ធំ​បំផុត​ពី​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្សជាតិ។ (​យ៉ូន. ៣:១៦​) ប៉ុន្តែ តើ​នេះ​សម្រាប់​អ្នក​ផ្ទាល់​ឬ​ទេ? គឺ​សម្រាប់​អ្នក​មែន! សូម​គិត​អំពី​បទ​ពិសោធន៍​របស់​សាវ័ក​ប៉ូល។ សូម​ចាំ​ថា​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​មុន​គាត់​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក ហើយ​គាត់​ត្រូវ​បន្ត​ត​យុទ្ធ​នឹង​ភាព​ខុស​ឆ្គង​របស់​ខ្លួន។ (​រ៉ូម ៧:២៤, ២៥; ១ធី. ១:១២​-​១៤​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​ចាត់​ទុក​ថ្លៃ​លោះ​ថា​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា​សម្រាប់​គាត់​ផ្ទាល់។ (​សូម​អាន កាឡាទី ២:២០​) សូម​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ប៉ូល​ឲ្យ​សរសេរ​ពាក្យ​ទាំង​នេះ​ទៅ​ក្នុង​គម្ពីរ ហើយ​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​គម្ពីរ​គឺ​ដើម្បី​ណែនាំ​យើង។ (​រ៉ូម ១៥:៤​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ជឿ​ថា គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​គឺ​ជា​អំណោយ​សម្រាប់​អ្នក​ផ្ទាល់។ ពេល​អ្នក​មាន​ទស្សនៈ​បែប​នេះ​ចំពោះ​ថ្លៃ​លោះ អ្នក​ពង្រឹង​ការ​ជឿ​ជាក់​របស់​អ្នក​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ផ្ទាល់។

១១ យើង​អគុណ​ព្រះ​យេហូវ៉ា​ដែល​លោក​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី​ដើម្បី​ស្លាប់​សម្រាប់​យើង។ ប៉ុន្តែ មូលហេតុ​មួយ​ទៀត​ដែល​លោក​យេស៊ូ​មក​ផែន​ដី គឺ​ដើម្បី​ប្រាប់​សេចក្ដី​ពិត​អំពី​ព្រះ​ដល់​អ្នក​ឯ​ទៀត។ (​យ៉ូន. ១៨:៣៧​) លោក​យេស៊ូ​ក៏​បង្រៀន​យើង​សេចក្ដី​ពិត​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​កូន​ៗ​របស់​លោក​ដែរ។

របៀប​ដែល​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង

១២. ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ព្រះ​យេហូវ៉ា?

១២ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​សប្បាយ​ប្រាប់​អ្នក​ឯ​ទៀត​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​បែប​ណា។ (​លូក. ១០:២២​) យើង​អាច​ជឿ​អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? ពីព្រោះ​លោក​បាន​រស់​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ​យេហូវ៉ា​រាប់​ពាន់​លាន​ឆ្នាំ​មុន​លោក​មក​ផែន​ដី។ (​កូឡ. ១:១៥​) តាម​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​និង​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​សង្កេត​មើល លោក​យេស៊ូ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​កូន​ៗ​ដ៏​ស្មោះ​ភក្ដី​របស់​លោក​ខ្លាំង​ណាស់។ តើ​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​យ៉ាង​ដូច​ម្ដេច?

១៣. តើ​លោក​យេស៊ូ​ចង់​ឲ្យ​យើង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ព្រះ​យេហូវ៉ា?

១៣ លោក​យេស៊ូ​ចង់​ឲ្យ​យើង​មាន​ទស្សនៈ​ដូច​លោក​អំពី​ព្រះ​យេហូវ៉ា។ នៅ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​លោក​យេស៊ូ​បាន​ហៅ​ព្រះ​យេហូវ៉ា​ថា​ជា​«​បិតា​»​ជាង​១៨០​ដង។ ម្យ៉ាង​ទៀត ពេល​លោក​យេស៊ូ​និយាយ​ទៅ​កាន់​ពួក​អ្នក​កាន់​តាម​លោក លោក​ប្រើ​ពាក្យ​ដូច​ជា​«​បិតា​របស់​អ្នក​រាល់​គ្នា​»​ ឬ​«​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​ស្ថាន​សួគ៌​»។ (​ម៉ាថ. ៥:១៦; ៦:២៦​) មុន​លោក​យេស៊ូ​មក​ផែន​ដី អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​បាន​ហៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»​ ​«​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​»​ ​«​ព្រះ​ដ៏​ឧត្ដម​ដែល​[​ជា​អ្នក​បង្កើត​]​»​ និង​ងារ​ស្រដៀង​នឹង​នោះ។ ប៉ុន្តែ លោក​យេស៊ូ​ច្រើន​តែ​ហៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​បិតា​»​របស់​យើង។ ពាក្យ​នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​បម្រើ​របស់​លោក​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​លោក ដូច​ដែល​កូន​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​ឪពុក​ដែល​ស្រឡាញ់​គាត់។ លោក​យេស៊ូ​ច្បាស់​ជា​ចង់​ឲ្យ​យើង​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ថា លោក​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ឲ្យ​តម្លៃ​ខ្លាំង​ដល់​កូន​ៗ​របស់​លោក។ សូម​ឲ្យ​យើង​ពិចារណា​អំពី​ពេល​ពីរ​ដង​ដែល​លោក​យេស៊ូ​ប្រើ​ពាក្យ​«​បិតា​»។

១៤. តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា​ថា​យើង​ម្នាក់​ៗ​មាន​តម្លៃ​ចំពោះ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌? (​ម៉ាថាយ ១០:២៩​-​៣១​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ ដំបូង សូម​ឲ្យ​យើង​ពិចារណា​ពាក្យ​របស់​លោក​យេស៊ូ ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ១០:២៩​-​៣១។ (​សូម​អាន​) ចាប​ពូក​គឺ​ជា​សត្វ​ដ៏​តូច​មួយ​ដែល​មិន​ស្រឡាញ់​ឬ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្តែ បិតា​របស់​យើង​ឲ្យ​តម្លៃ​ចាប​ពូក​នីមួយ​ៗ រហូត​ដល់​ដឹង​ថា​ពេល​ណា​ដែល​វា​ធ្លាក់​ដល់​ដី។ ទម្រាំ​តែ​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក​ម្នាក់​ៗ​ដែល​បម្រើ​លោក​ដោយ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់ លោក​ច្បាស់​ជា​ឲ្យ​តម្លៃ​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត! លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ថា បិតា​របស់​យើង​ស្គាល់​ចំនួន​សរសៃ​សក់​ដែល​នៅ​លើ​ក្បាល​របស់​យើង​ម្នាក់​ៗ។ ដោយ​សារ​ព្រះ​យេហូវ៉ា​ស្គាល់​សូម្បី​តែ​អ្វី​ល្អិត​ល្អន់​បែប​នេះ​អំពី​យើង យើង​អាច​ជឿ​ជាក់​ថា​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ខ្លាំង​ណាស់។ យើង​ឃើញ​ច្បាស់​ថា លោក​យេស៊ូ​ចង់​ឲ្យ​យើង​ជឿ​ជាក់​ថា យើង​ម្នាក់​ៗ​មាន​តម្លៃ​ចំពោះ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។

លោក​យេស៊ូ​ចង្អុល​ទៅ​ចាប​ពូក​មួយ​ក្បាល​ដែល​កំពុង​ធ្លាក់​មក​ដី។ ពួក​អ្នក​កាន់​តាម​លោក​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ចាប​ពូក​មួយ​ក្បាល​រហូត​ដល់​ដឹង​ថា​ពេល​ណា​វា​ធ្លាក់​ដល់​ដី ទម្រាំ​តែ​អ្នក​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​ដែល​ស្រឡាញ់​លោក លោក​ច្បាស់​ជា​ឲ្យ​តម្លៃ​អ្នក​ជាង​នេះ​ទៅ​ទៀត! ​(​សូម​មើល​វគ្គ​១៤​)​


១៥. តើ​ពាក្យ​របស់​លោក​យេស៊ូ​នៅ​យ៉ូហាន ៦:៤៤​បង្ហាញ​យ៉ាង​ណា​អំពី​បិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌?

១៥ សូម​គិត​អំពី​ពេល​ផ្សេង​ទៀត​ដែល​លោក​យេស៊ូ​ប្រើ​ពាក្យ​ថា​«​បិតា​»។ (​សូម​អាន យ៉ូហាន ៦:៤៤​) បិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌​បាន​ទាញ​នាំ​អ្នក​ដោយ​ផ្ទាល់​ឲ្យ​មក​ឯ​សេចក្ដី​ពិត។ ហេតុ​អ្វី​លោក​បាន​ទាញ​នាំ​អ្នក? ពីព្រោះ​លោក​បាន​ឃើញ​ថា​អ្នក​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ (​សកម្ម. ១៣:៤៨​) ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​នៅ​យ៉ូហាន ៦:៤៤ លោក​ប្រហែល​ជា​សំដៅ​ទៅ​លើ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៅ​យេរេមា ៣១:៣។ នៅ​ខ​នោះ ព្រះ​យេហូវ៉ា​បាន​និយាយ​ទៅ​កាន់​រាស្ត្រ​របស់​លោក​ថា​៖ ​«​ខ្ញុំ​ទាញ​នាំ​អ្នក​មក​ឯ​ខ្ញុំ ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»។ (​យេ. ៣១:៣; សូម​ពិនិត្យ​បន្ថែម ហូសេ ១១:៤​) សូម​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ​នោះ។ បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ តែង​តែ​ឃើញ​គុណ​សម្បត្តិ​របស់​អ្នក ដែល​អ្នក​ប្រហែល​ជា​មិន​កត់​សម្គាល់​អំពី​ខ្លួន​ឯង។

១៦. (​ក​) តើ​លោក​យេស៊ូ​ហាក់​ដូច​ជា​ប្រាប់​យើង​អំពី​អ្វី ហើយ​ហេតុ​អ្វី​យើង​គួរ​ជឿ​លោក? (​ខ​)​ តើ​អ្នក​អាច​ពង្រឹង​ការ​ជឿ​ជាក់​របស់​អ្នក​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​អ្នក​ត្រូវ​ការ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​បិតា​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​»​)

១៦ ពេល​លោក​យេស៊ូ​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង លោក​យេស៊ូ​ហាក់​ដូច​ជា​ប្រាប់​យើង​ថា ​«​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ជា​បិតា​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​បិតា​របស់​អ្នក​ដែរ។ ខ្ញុំ​ចង់​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ថា លោក​ស្រឡាញ់​អ្នក ហើយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ផ្ទាល់​»។ ដូច្នេះ បើ​ជួន​កាល​អ្នក​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​អ្នក សូម​ផ្អាក ហើយ​សួរ​ខ្លួន​អ្នក​ថា ‹ខ្ញុំ​គួរ​តែ​ទុក​ចិត្ត​បុត្រ​ដែល​ស្គាល់​បិតា​របស់​យើង​ច្បាស់​ជាង​គេ ហើយ​តែង​តែ​និយាយ​សេចក្ដី​ពិត មែន​ទេ?›។—១ពេ. ២:២២

​«​បិតា​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​»​

ពាក្យ​ទាំង​នេះ​មាន​នៅ​ក្នុង​បុព្វកថា​នៃ​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ ក្នុង​បុព្វកថា​ពន្យល់​អំពី​គោល​បំណង​របស់​សៀវភៅ​នោះ​ថា​៖ ​«​យើង​នឹង​យល់​ឃើញ​ថា . . . ព្រះ​យេហូវ៉ា​គឺ​ជា​វរបិតា​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ។ ទ្រង់​ខ្លាំង មាន​ប្រាជ្ញា ប្រព្រឹត្ត​ដោយ​យុត្តិធម៌ និង​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ទ្រង់​មិន​ដែល​បោះ​បង់​ចោល​បុត្រា​បុត្រី​ដ៏​ភក្ដី​របស់​ទ្រង់​ឡើយ​»។

អ្នក​អាន​ម្នាក់​ដែល​ធំ​ឡើង​ក្នុង​គ្រួ​សារ​ដែល​ឪពុក​ធ្វើ​បាប​គាត់ ពន្យល់​អំពី​របៀប​ដែល​សៀវភៅ​នេះ​បាន​ជួយ​គាត់។ គាត់​និយាយ​ថា​៖ ​«​សៀវភៅ​នេះ​បង្រៀន​ខ្ញុំ​ថា​ពាក្យ​‹បិតា›​មិន​មែន​គួរ​ឲ្យ​ខ្លាច​ទេ។ ឥឡូវ​ខ្ញុំ​យល់​ថា​បិតា​ល្អ​ជា​បិតា​បែប​ណា។ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​ទទួល​យក​ខ្ញុំ​ជា​កូន ហើយ​ខ្ញុំ​ទទួល​យក​លោក​ជា​បិតា​របស់​ខ្ញុំ​»។ អ្នក​អាន​ម្នាក់​ទៀត​និយាយ​ក្រោយ​ពី​អាន​សៀវភៅ​នេះ​ថា​៖ ​«​ព្រះ​យេហូវ៉ា​គឺ​ជា​បិតា​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​មាន!​»។

ដើម្បី​ពង្រឹង​ការ​ជឿ​ជាក់​របស់​អ្នក​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​អ្នក​ត្រូវ​ការ សូម​មាន​គោល​ដៅ​អាន​សៀវភៅ​នេះ ឬ​បើ​បាន​អាន​សៀវភៅ​នេះ​ហើយ សូម​អាន​សៀវភៅ​នេះ​ម្ដង​ទៀត។

ចូរ​បន្ត​ពង្រឹង​ការ​ជឿ​ជាក់​របស់​អ្នក

១៧. ហេតុ​អ្វី​យើង​ត្រូវ​បន្ត​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង?

១៧ យើង​ត្រូវ​បន្ត​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង។ ដូច​យើង​បាន​រៀន​នៅ​ខាង​លើ សាថាន​ដែល​ជា​សត្រូវ​របស់​យើង​នឹង​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដើម្បី​រា​រាំង​យើង​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ សាថាន​ចង់​ឲ្យ​យើង​ចុះ​ខ្សោយ។ ដូច្នេះ វា​នឹង​បន្ត​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង។ យើង​មិន​ត្រូវ​ជឿ​ពាក្យ​កុហក​របស់​សាថាន​ឡើយ!—យ៉ូប ២៧:៥

១៨. តើ​តាម​របៀប​ណា​អ្នក​អាច​ពង្រឹង​ការ​ជឿ​ជាក់​របស់​អ្នក​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក?

១៨ ដើម្បី​ពង្រឹង​ការ​ជឿ​ជាក់​របស់​អ្នក​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក ចូរ​បន្ត​អធិដ្ឋាន​សុំ​លោក​ជួយ​អ្នក​ឲ្យ​មាន​ទស្សនៈ​ចំពោះ​ខ្លួន ដូច​ដែល​លោក​មាន​ចំពោះ​អ្នក។ ចូរ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​បទ​គម្ពីរ​ដែល​រៀប​រាប់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក។ ចូរ​ចាំ​ថា​ព្រះ​យេហូវ៉ា​នឹង​តែង​តែ​ស្រឡាញ់​បុគ្គល​ដែល​ស្រឡាញ់​លោក។ ចូរ​រំពឹង​គិត​អំពី​មូលហេតុ​ដែល​អ្នក​អាច​ចាត់​ទុក​ថ្លៃ​លោះ​ថា​ជា​អំណោយ​សម្រាប់​អ្នក​ផ្ទាល់។ ម្យ៉ាង​ទៀត ចូរ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​អ្នក​ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។ យ៉ាង​នេះ បើ​មាន​គេ​សួរ​អ្នក​ថា​៖ ​«​តើ​អ្នក​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ឬ​ទេ?​»​ អ្នក​នឹង​ឆ្លើយ​ទាំង​មាន​ទំនុក​ចិត្ត​ថា​៖ ​«​មែន ព្រះ​យេហូវ៉ា​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ខំ​អស់​ពី​សមត្ថភាព​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​លោក!​»។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង?

  • តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង?

  • តើ​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​យ៉ាង​ដូច​ម្ដេច?

ចម្រៀង​លេខ​១៥៤ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ

a ដើម្បី​បាន​បទ​គម្ពីរ​ថែម​ទៀត​ដែល​ពង្រឹង​ការ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង សូម​មើល​សៀវភៅ​បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក ក្រោម​ប្រធានបទ​«​សង្ស័យ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក