បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៨ ទំ. ២៧-៣២
  • ‹ចូរឲ្យពួកកោះដ៏មានជាច្រើន មានសេចក្ដីអំណរ›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ចូរឲ្យពួកកោះដ៏មានជាច្រើន មានសេចក្ដីអំណរ›
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពេល​ជា​សាសនទូត​នៅ​កោះ​ផ្សេង​ៗ​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក
  • ធ្វើ​កិច្ច​ការ​បក​ប្រែ​ដើម្បី​បង្រៀន​សេចក្ដី​ពិត
  • ភារកិច្ច​ឯ​ទៀត
  • ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ណាស់
  • ព្រះយេហូវ៉ាជាព្រះដែលប្រាស្រ័យទាក់ទង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • សេចក្ដីបកប្រែគម្ពីរមួយដែលមានជីវិតរស់នៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ឧបករណ៍ជំនួយសម្រាប់កិច្ចផ្សព្វផ្សាយ: ការបោះពុម្ពផ្សាយសៀវភៅសម្រាប់មនុស្សទូទាំងពិភពលោក
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • ការផលិតសៀវភៅដែលសំខាន់បំផុត
    របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៨ ទំ. ២៧-៣២

ជីវប្រវត្ដិ

‹ចូរ​ឲ្យ​ពួក​កោះ​ដ៏​មាន​ជា​ច្រើន មាន​សេចក្ដី​អំណរ›

រៀប​រាប់​ដោយ បង​ជេហ្វ្រី ចាកសិន

ខ្ញុំ​នឹង​ចាំ​ថ្ងៃ​នោះ​ជា​និច្ច កាល​នៅ​បេតអែល​នា​ក្រុង​ប៊្រុគ្លីន។ ខ្ញុំ​កំពុង​ចាំ​ក្នុង​បន្ទប់​ប្រជុំ​នៃ​គណៈ​អភិបាល​ជា​មួយ​នឹង​បង​ប្អូន​ប្រុស​ដែល​មក​ពី​តំបន់​ផ្សេង​ៗ​ក្នុង​ពិភព​លោក។ ដោយ​មាន​អារម្មណ៍​ភ័យ យើង​កំពុង​រង់​ចាំ​គណៈ​កម្មាធិការ​ខាង​ការ​និពន្ធ​ចូល​ក្នុង​បន្ទប់​នោះ។ យើង​នឹង​ប្រាប់​ពួក​គាត់​អំពី​បញ្ហា​ខ្លះ​ដែល​អ្នក​បក​ប្រែ​ជួប​ប្រទះ។ ថ្ងៃ​នោះ​គឺ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០០០។ ប៉ុន្តែ ហេតុ​អ្វី​កិច្ច​ប្រជុំ​នោះ​គឺ​សំខាន់​ម្ល៉េះ? មុន​ខ្ញុំ​ពន្យល់​អំពី​រឿង​នេះ សូម​ទុក​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​អំពី​ជីវប្រវត្ដិ​របស់​ខ្ញុំ។

ខ្ញុំ​បាន​កើត​នៅ​ឆ្នាំ​១៩៥៥​នា​រដ្ឋ​ឃ្វីនស្លែន ប្រទេស​អូស្ដ្រាលី។ មិន​យូរ​ក្រោយ​មក ម្ដាយ​របស់​ខ្ញុំ​ឈ្មោះ​អេសស្ទេល បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ មួយ​ឆ្នាំ​ក្រោយ​មក គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​១៣​ឆ្នាំ​ក្រោយ​មក ឪពុក​របស់​ខ្ញុំ​ឈ្មោះ​រ៉ន ក៏​បាន​ចូល​មក​ក្នុង​សេចក្ដី​ពិត​ដែរ។ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៦៨​នា​តំបន់​ដាច់​ស្រយាល​នៃ​រដ្ឋ​ឃ្វីនស្លែន។

តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ចូល​ចិត្ត​ភាសា​ផ្សេង​ៗ​និង​ការ​អាន​សៀវភៅ​ខ្លាំង​ណាស់។ ពេល​ណា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​និង​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្ងាយ ខ្ញុំ​អង្គុយ​កៅអី​នៅ​ខាង​ក្រោយ​ក្នុង​ឡាន ហើយ​អាន​សៀវភៅ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ទំនង​ជា​មិន​សូវ​សប្បាយ​ចិត្ត​ទេ ដោយ​សារ​ខ្ញុំ​មិន​បាន​មើល​ទេសភាព​នៅ​តាម​ផ្លូវ។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​ជា​ខ្លាំង នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​រៀន​ពូកែ​នៅ​សាលា។ ម្យ៉ាង​ទៀត ខ្ញុំ​ថែម​ទាំង​បាន​ទទួល​ប័ណ្ណ​សរសើរ កាល​ដែល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​នៅ​ក្រុង​គ្លេនអូឃី កោះ​ថាស្មានៀ។

ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ។ តើ​ខ្ញុំ​នឹង​ទទួល​អាហារូបករណ៍​ដើម្បី​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ​ឬ​ទេ? ទោះ​ជា​ខ្ញុំ​ស្រឡាញ់​សៀវភៅ ហើយ​ចូល​ចិត្ត​រៀន​ក៏​ដោយ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ម្ដាយ​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ច្រើន​ជាង​អ្នក​ណា​ឯ​ទៀត​ឬ​អ្វី​ឯ​ទៀត​ទាំង​អស់។ (​កូរិនថូស​ទី១ ៣:១៨, ១៩​) ដូច្នេះ ដោយ​មាន​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ​របស់​ខ្ញុំ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា​ពេល​ខ្ញុំ​បញ្ចប់​ការ​សិក្សា​ដែល​រដ្ឋ​តម្រូវ ខ្ញុំ​នឹង​ឈប់​រៀន ហើយ​ចាប់​ផ្ដើម​ត្រួស​ត្រាយ។ ខ្ញុំ​បាន​ធ្វើ​ដូច្នេះ​នៅ​ខែ​មករា ឆ្នាំ​១៩៧១ ពេល​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ។

អស់​រយៈ​ពេល​៨​ឆ្នាំ​ក្រោយ​មក ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​នៅ​កោះ​ថាស្មានៀ។ ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​ជេននី អាល់ឃូក​ដែល​មាន​ស្រុក​កំណើត​នៅ​កោះ​ថាស្មានៀ។ អស់​រយៈ​ពេល​បួន​ឆ្នាំ យើង​បាន​បម្រើ​ជា​មួយ​គ្នា​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ស្មីតថិន និង​ឃ្វីនថោន​ដែល​ជា​ក្រុង​តូច​ៗ​ដាច់​ស្រយាល។

ពេល​ជា​សាសនទូត​នៅ​កោះ​ផ្សេង​ៗ​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក

នៅ​ឆ្នាំ​១៩៧៨ ប្រពន្ធ​របស់​ខ្ញុំ​និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ព័រម៉ូរេសប៊ី ប្រទេស​ប៉ាពូអាស៊ី​នូវែល​ហ្គីណេ​ដើម្បី​ចូល​រួម​មហា​សន្និបាត​អន្តរជាតិ។ ជា​ពិសេស​ខ្ញុំ​នឹក​ចាំ​អំពី​សាសនទូត​ម្នាក់​ដែល​ថ្លែង​សុន្ទរកថា​ជា​ភាសា​ហ៊ីរីម៉ូធូ។ ទោះ​ជា​ខ្ញុំ​មិន​យល់​អ្វី​ដែល​គាត់​កំពុង​និយាយ​ក្នុង​សុន្ទរកថា​នោះ​ក៏​ដោយ ខ្ញុំ​បាន​ចាប់​ផ្ដើម​គិត​ថា​ខ្ញុំ​ក៏​ចង់​ក្លាយ​ទៅ​ជា​សាសនទូត រៀន​ភាសា​ផ្សេង​ទៀត ហើយ​លើក​ទឹក​ចិត្ត​បង​ប្អូន​ដោយ​ថ្លែង​សុន្ទរកថា​ជា​ភាសា​របស់​ពួក​គេ​ដែរ។ នៅ​ទី​បំផុត ខ្ញុំ​បាន​ដឹង​របៀប​ដែល​ខ្ញុំ​អាច​យក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ភាសា​ទៅ​បម្រើ​ព្រះ​យេហូវ៉ា។

ពេល​យើង​ត្រឡប់​មក​ដល់​ផ្ទះ​វិញ អ្នក​អាច​ស្រមៃ​គិត​ថា​យើង​ភ្ញាក់​ផ្អើល​យ៉ាង​ណា ពេល​យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​ជា​សាសនទូត។ នៅ​ខែ​មករា ឆ្នាំ​១៩៧៩ យើង​បាន​ទៅ​ដល់​កោះ​ហ៊្វូណាហ៊្វូទី ប្រទេស​ទូវ៉ាលូ។ នៅ​ទី​នោះ​ក្រៅ​ពី​យើង មាន​អ្នក​ផ្សព្វ​ផ្សាយ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​តែ​បី​នាក់​ប៉ុណ្ណោះ​ទូ​ទាំង​ប្រទេស​ទូវ៉ាលូ។

ការ​រៀន​ភាសា​ទូវ៉ាលូ គឺ​មិន​ស្រួល​ទេ។ មាន​សៀវភៅ​តែ​មួយ​ក្បាល​ប៉ុណ្ណោះ​ក្នុង​ភាសា​នោះ គឺ​សៀវភៅ​ដែល​គេ​ហៅ​ថា​សញ្ញា​ថ្មី។ គ្មាន​វចនានុក្រម​ឬ​វគ្គ​សិក្សា​ភាសា​ឡើយ ហេតុ​នេះ​យើង​បាន​សម្រេច​ចិត្ត​ថា​នឹង​ព្យាយាម​រៀន​ពាក្យ​ថ្មី​ពី​១០​ពាក្យ​ទៅ​២០​ពាក្យ​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ មិន​យូរ​ក្រោយ​មក យើង​បាន​ទទួល​ស្គាល់​ថា​យើង​មិន​យល់​អត្ថន័យ​ត្រឹម​ត្រូវ​នៃ​ពាក្យ​ភាគ​ច្រើន​ដែល​យើង​បាន​រៀន​ទេ។ ជា​ជាង​ប្រាប់​មនុស្ស​ថា​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​គឺ​ខុស យើង​បែរ​ជា​ប្រាប់​ពួក​គេ​ថា​ពួក​គេ​មិន​គួរ​ប្រើ​ជញ្ជីង​និង​ឈើ​ច្រត់​ទៅ​វិញ! ប៉ុន្តែ យើង​ត្រូវ​បន្ត​ព្យាយាម​រៀន​ភាសា​នោះ ដោយ​សារ​យើង​បាន​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ​មួយ​ចំនួន។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក សិស្ស​គម្ពីរ​ម្នាក់​ក្នុង​ចំណោម​សិស្ស​គម្ពីរ​ដំបូង​របស់​យើង បាន​ប្រាប់​យើង​ថា​៖ ​«​យើង​សប្បាយ​ចិត្ត​ណាស់​ដែល​ឥឡូវ​នេះ​បង​អាច​និយាយ​ភាសា​របស់​យើង​បាន។ ដំបូង​ឡើយ យើង​មិន​បាន​យល់​អំពី​អ្វី​ដែល​បង​ចង់​និយាយ​សោះ!​»។

ប៉ុន្តែ មាន​អ្វី​មួយ​ដែល​ពិត​ជា​បាន​ជួយ​យើង​ឲ្យ​រៀន​ភាសា​នោះ​បាន​លឿន​ជាង។ ដោយ​សារ​គ្មាន​ផ្ទះ​ជួល យើង​ត្រូវ​រស់​នៅ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​សាក្សី​ក្នុង​ភូមិ​ធំ​ជាង​គេ។ យើង​ត្រូវ​និយាយ​ភាសា​ទូវ៉ាលូ​នៅ​គ្រប់​កន្លែង រួម​ទាំង​ពេល​នៅ​ផ្ទះ។ ក្រោយ​ពី​យើង​មិន​បាន​និយាយ​ភាសា​អង់គ្លេស​អស់​ប៉ុន្មាន​ឆ្នាំ យើង​ឃើញ​ថា​ភាសា​ទូវ៉ាលូ​បាន​ទៅ​ជា​ភាសា​ទី១​របស់​យើង។

មិន​យូរ​ក្រោយ​ពី​យើង​មក​ដល់​ទី​នោះ មនុស្ស​ជា​ច្រើន​បាន​ចាប់​ផ្ដើម​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​សេចក្ដី​ពិត។ ប៉ុន្តែ តើ​យើង​អាច​ប្រើ​អ្វី​ដើម្បី​បង្រៀន​ពួក​គេ? យើង​គ្មាន​សៀវភៅ​ជា​ភាសា​របស់​ពួក​គេ​សោះ។ តើ​ពួក​គេ​អាច​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​យ៉ាង​ដូច​ម្ដេច? ពេល​ពួក​គេ​ចាប់​ផ្ដើមមក​កិច្ច​ប្រជុំ តើ​ពួក​គេ​អាច​ច្រៀង​ចម្រៀង​អ្វី​ខ្លះ? តើ​ពួក​គេ​នឹង​ថ្លែង​សុន្ទរកថា​យ៉ាង​ដូច​ម្ដេច ហើយ​តើ​តាម​របៀប​ណា​ពួក​គេ​អាច​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ? តើ​តាម​របៀប​ណា​ពួក​គេ​អាច​ទទួល​ការ​ជ្រមុជ​ទឹក? មនុស្ស​ទាំង​នេះ​ដែល​មាន​ចិត្ត​រាប​ទាប​ត្រូវ​ការ​សៀវភៅ​ជា​ភាសា​របស់​ពួក​គេ ដើម្បី​ពួក​គេ​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា! (​កូរិនថូស​ទី១ ១៤:៩​) យើង​ឆ្ងល់​ថា ‹តើ​នឹង​មាន​ថ្ងៃ​ដែល​យើង​អាច​មាន​សៀវភៅ​ជា​ភាសា​ទូវ៉ាលូ ជា​ភាសា​ដែល​មាន​មនុស្ស​តិច​ជាង​១៥.០០០​នាក់​និយាយ​ឬ​ទេ?›។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ចំពោះ​សំណួរ​ទាំង​នោះ ដែល​បង្ហាញ​ឲ្យ​យើង​ដឹង​នូវ​អ្វី​ពីរ​យ៉ាង​៖ (​១​) លោក​ចង់​ឲ្យ​មនុស្ស​នៅ​«​កោះ​ដែល​នៅ​ឆ្ងាយ​»​រៀន​អំពី​លោក ហើយ(​២​) លោក​ចង់​ឲ្យ​ពួក​អ្នក​ដែល​ពិភព​លោក​«​មើល​ងាយ​»​និង​ចាត់​ទុក​ថា​«​អាប់​ឱន​»​ យក​នាម​លោក​ធ្វើ​ជា​ទី​ពឹង​ពំនាក់។—យេរេមា ៣១:១០; កូរិនថូស​ទី១ ១:២៨

ធ្វើ​កិច្ច​ការ​បក​ប្រែ​ដើម្បី​បង្រៀន​សេចក្ដី​ពិត

នៅ​ឆ្នាំ​១៩៨០ ការិយាល័យ​សាខា​បាន​ប្រគល់​ភារកិច្ច​ឲ្យ​យើង​បក​ប្រែ​សៀវភៅ​ទៅ​ជា​ភាសា​ទូវ៉ាលូ។ យើង​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​នោះ ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​យើង​មិន​ចេះ​ភាសា​នោះ​ច្រើន​ក៏​ដោយ។ (​កូរិនថូស​ទី១ ១:២៨, ២៩​) កាល​ពី​ដំបូង យើង​បាន​ទិញ​ម៉ាស៊ីន​ចាស់​មួយ​ពី​រដ្ឋាភិបាល​ដើម្បី​បោះ​ពុម្ព​សៀវភៅ​ដោយ​ដៃ​សម្រាប់​កិច្ច​ប្រជុំ​របស់​យើង។ ក្រោយ​មក យើង​ថែម​ទាំង​បាន​បក​ប្រែ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា សេចក្ដី​ពិត​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ (​The Truth That Leads to Eternal Life​) ជា​ភាសា​ទូវ៉ាលូ ហើយ​បាន​បោះ​ពុម្ព​វា​ពី​ម៉ាស៊ីន​តូច​នោះ។ ខ្ញុំ​នៅ​តែ​នឹក​ចាំ​អំពី​ក្លិន​យ៉ាង​ខ្លាំង​នៃ​ទឹក​ថ្នាំ​បោះ​ពុម្ព រួម​ទាំង​អាកាសធាតុ​ក្ដៅ​ខ្លាំង​នៅ​តំបន់​ត្រូពិច​ដែល​ធ្វើ​ឲ្យ​ពិបាក​បោះ​ពុម្ព​សៀវភៅ​ទាំង​អស់​នោះ​ដោយ​ដៃ។ នៅ​ពេល​នោះ យើង​ក៏​គ្មាន​អគ្គិសនី​ដែរ!

ការ​បក​ប្រែ​សៀវភៅ​ជា​ភាសា​ទូវ៉ាលូ គឺ​មិន​ស្រួល​នោះ​ទេ ដោយ​សារ​យើង​មិន​អាច​រក​មើល​ពាក្យ​ក្នុង​វចនានុក្រម ឬ​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​ជា​ភាសា​ទូវ៉ាលូ​ឡើយ។ ប៉ុន្តែ ជួន​កាល​យើង​បាន​ទទួល​ជំនួយ​ដែល​យើង​ត្រូវ​ការ​តាម​របៀប​ផ្សេង​ទៀត។ នៅ​ព្រឹក​មួយ ខ្ញុំ​បាន​ច្រឡំ​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​របស់​បុរស​ម្នាក់​ដែល​ប្រឆាំង​សេចក្ដី​ពិត។ បុរស​វ័យ​ចាស់​នោះ​ដែល​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្រៀន បាន​រំលឹក​ខ្ញុំ​ថា​យើង​មិន​គួរ​មក​ផ្ទះ​របស់​គាត់​ទេ។ បន្ទាប់​មក គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​រឿង​មួយ។ ការ​បក​ប្រែ​របស់​អ្នក​ប្រើ​ច្រើន​ពេក​នូវ​ទម្រង់​ឃ្លា​ដែល​ប្រធាន​ជា​អ្នក​រង​អំពើ។ យើង​មិន​សូវ​ប្រើ​វា​ក្នុង​ភាសា​ទូវ៉ាលូ​ទេ​»។ ខ្ញុំ​បាន​សួរ​អ្នក​ឯ​ទៀត ហើយ​គាត់​បាន​និយាយ​ត្រូវ។ ដូច្នេះ យើង​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដើម្បី​ឲ្យ​ការ​បក​ប្រែ​របស់​យើង​កាន់​តែ​ប្រសើរ។ ខ្ញុំ​កោត​ស្ងើច​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជំនួយនេះ​ដល់​យើង​តាម​រយៈ​បុរស​ដែល​ជា​អ្នក​ប្រឆាំង​នឹង​សេចក្ដី​ពិត ប៉ុន្តែ​ដែល​ច្បាស់​ជា​បាន​អាន​សៀវភៅ​របស់​យើង!

អ្វី​ដែល​យើង​បាន​បក​ប្រែ​ដំបូង​ជា​ភាសា​ទូវ៉ាលូ​ដើម្បី​ស្នើ​ផ្ដល់​ដល់​អ្នក​ឯ​ទៀត គឺ​លិខិត​អញ្ជើញ​សម្រាប់​ពិធី​រំលឹក។ ក្រោយ​មក យើង​មាន​ខិត្តប័ណ្ណ​ដំណឹង​រាជាណាចក្រ (​Kingdom News​) លេខ​៣០ ដែល​បាន​ចេញ​នៅ​ពេល​ដំណាល​គ្នា​នឹង​ភាសា​អង់គ្លេស។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​អាច​ឲ្យ​មនុស្ស​នៅ​ទី​នោះ​នូវ​អ្វី​មួយ​ក្នុង​ភាសា​របស់​ពួក​គេ! មួយ​រយៈ​ពេល​ក្រោយ​មក យើង​ក៏​មាន​សៀវភៅ​ស្តើង​មួយ​ចំនួន ថែម​ទាំង​សៀវភៅ​ខ្លះ​ជា​ភាសា​ទូវ៉ាលូ​ផង​ដែរ។ នៅ​ឆ្នាំ​១៩៨៣ ការិយាល័យ​សាខាប្រទេស​អូស្ដ្រាលី​បាន​ចាប់​ផ្ដើម​បោះ​ពុម្ព​ទស្សនាវដ្ដី​ប៉ម​យាម​ជា​ភាសា​ទូវ៉ាលូ។ ទស្សនាវដ្ដី​នោះ​មាន​២៤​ទំព័រ ហើយ​ចេញ​រាល់​បី​ខែ​ម្ដង។ តើ​បណ្ដា​ជន​នៅ​ប្រទេស​ទូវ៉ាលូ​ចូល​ចិត្ត​សៀវភៅ​និង​ទស្សនាវដ្ដី​ទាំង​នោះ​ឬ​ទេ? មែន ពួក​គេ​ចូល​ចិត្ត ដោយ​សារ​ធម្មតា​ពួក​គេ​ចូល​ចិត្ត​អាន​ខ្លាំង​ណាស់។ រាល់​ដង​ដែល​យើង​ចេញ​សៀវភៅ​ថ្មី ស្ថានីយ​វិទ្យុ​របស់​រដ្ឋាភិបាល​បាន​ប្រកាស​ព័ត៌មាន ហើយ​ជួន​កាល​ការ​ចេញ​សៀវភៅ​ថ្មី​នោះ​គឺ​ជា​សេចក្ដី​ជូន​ដំណឹង​ដ៏​សំខាន់​ជាង​គេ​សម្រាប់​ថ្ងៃ​នោះa (​សូម​មើល​កំណត់​សម្គាល់​)។

តើ​កិច្ច​ការ​បក​ប្រែ​បាន​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច? ដំបូង យើង​សរសេរ​អ្វី​ទាំង​អស់​ដោយ​ប្រើ​ប៊ិច​និង​ក្រដាស។ បន្ទាប់​មក យើង​ប្រើ​អង្គុលីលេខ​វាយ​អត្ថបទ​ដែល​បាន​បក​ប្រែ​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ជា​ច្រើន​ដង​មុន​បញ្ជូន​អត្ថបទ​នោះ​ទៅ​ការិយាល័យ​សាខាប្រទេស​អូស្ដ្រាលី។ បង​ស្រី​ពីរ​នាក់​នៅ​ការិយាល័យ​សាខា​បាន​វាយ​អត្ថបទ​នោះ​ជា​ភាសា​ទូវ៉ាលូ​ដោយ​ឡែក​ពី​គ្នា​ចូល​ទៅ​ក្នុង​កុំព្យូទ័រ ទោះ​ជា​ពួក​គាត់​មិន​យល់​ភាសា​ទូវ៉ាលូ​ក្ដី។ ប៉ុន្តែ ដោយ​បញ្ចូល​អត្ថបទ​នោះ​ពីរ​ដង ហើយ​ប្រៀប​ធៀប​តាម​កុំព្យូទ័រ នោះ​ជួយ​ពួក​គាត់​រក​ឃើញ​កំហុស។ ក្រោយ​មក ការិយាល័យ​សាខា​ដាក់​បញ្ចូល​អត្ថបទ​ជា​មួយ​នឹង​រូប​ភាព។ ក្រោយ​ពី​ធ្វើ​ដូច្នេះ ពួក​គេ​បញ្ជូន​ឲ្យ​យើង​តាម​យន្ត​ហោះ​នូវ​អត្ថបទ​ដែល​មាន​រូប​ភាព​នោះ។ យើង​បាន​ពិនិត្យ​មើល​ឯកសារ​ទាំង​នោះ ហើយ​បញ្ជូន​ទៅ​ការិយាល័យ​សាខា​វិញ​ដើម្បី​បោះ​ពុម្ព។

សព្វ​ថ្ងៃ​នេះ កិច្ច​ការ​បក​ប្រែ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង! ឥឡូវ​ក្រុម​បក​ប្រែ​វាយ​និង​កែ​អត្ថបទ​នៅ​លើ​កុំព្យូទ័រ​តែ​ម្ដង។ តាម​ធម្មតា បុគ្គល​ដែល​នៅ​កន្លែង​ដូច​គ្នា​និង​ក្រុម​បក​ប្រែ​ជា​អ្នក​ដាក់​បញ្ចូល​អត្ថបទ​ជា​មួយ​នឹង​រូប​ភាព។ ក្រោយ​មក ពួក​គាត់​បញ្ជូន​ឯកសារ​នោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​ការិយាល័យ​សាខា​ដើម្បី​បោះ​ពុម្ព។ ពួក​គាត់​មិន​ចាំ​បាច់​ប្រញាប់​ប្រញាល់​ទៅ​ប្រៃសណីយ៍​ដើម្បី​បញ្ជូន​អត្ថបទ​ដែល​បាន​បក​ប្រែ​នោះ​ទេ។

ភារកិច្ច​ឯ​ទៀត

នៅ​ពេល​ក្រោយ​ៗ​មក ជេននី​និង​ខ្ញុំ​បាន​ទទួល​ភារកិច្ច​ផ្សេង​ៗ​នៅ​តំបន់​នានា​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ នៅ​ឆ្នាំ​១៩៨៥ ពី​ប្រទេស​ទូវ៉ាលូ​យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ការិយាល័យ​សាខាប្រទេស​សាម័រ។ នៅ​ទី​នោះ​យើង​បាន​ជួយ​កិច្ច​ការ​បក​ប្រែ​ជា​ភាសា​សាម័រ តុងហ្គា និង​ថូគីឡោ ហើយ​ក៏​ជួយ​ការ​បក​ប្រែ​ភាសា​ទូវ៉ាលូ​ដែរ។ ក្រោយ​មក នៅ​ឆ្នាំ​១៩៩៦​យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ការិយាល័យ​សាខាប្រទេស​ហ៊្វីជី ជា​កន្លែង​ដែល​យើង​បាន​ជួយ​កិច្ច​ការ​បក​ប្រែ​សម្រាប់​ភាសា​ហ៊្វីជី គីរីបាទី ណូរូ រ៉ូទូម៉ាន និង​ទូវ៉ាលូ។

ខ្ញុំ​តែង​តែ​កោត​ស្ងើច​ចំពោះ​អ្នក​បក​ប្រែ​ដែល​ស្រឡាញ់​កិច្ច​ការ​របស់​ពួក​គេ​យ៉ាង​ខ្លាំង ទោះ​ជា​កិច្ច​ការ​នោះ​មិន​ងាយ​ស្រួល ហើយ​អាច​ធ្វើ​ឲ្យ​អស់​កម្លាំង​ខ្លាំង​ក៏​ដោយ។ ដូច​ព្រះ​យេហូវ៉ា​ដែរ បង​ប្អូន​ស្មោះ​ត្រង់​ទាំង​នេះ​ពិត​ជា​ចង់​ឲ្យ​មនុស្ស​ឮ​ដំណឹង​ល្អ​ក្នុង​ភាសា​របស់​ពួក​គេ។ (​ការ​បើក​បង្ហាញ ១៤:៦​) ជា​ឧទាហរណ៍ ពេល​កំពុង​រៀប​ចំ​ការ​បក​ប្រែ​ទស្សនាវដ្ដី​ប៉ម​យាម​ទី១​ជា​ភាសា​តុងហ្គា ខ្ញុំ​បាន​ជួប​ពួក​អ្នក​ចាស់​ទុំ​ទាំង​អស់​នៅ​ប្រទេស​តុងហ្គា ហើយ​បាន​សួរ​ពួក​គាត់​អំពី​អ្នក​ណា​អាច​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​ធ្វើ​ជា​អ្នក​បក​ប្រែ។ អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ចំណោម​អ្នក​ចាស់​ទុំ​ទាំង​នោះ ដែល​មាន​ការ​ងារ​ល្អ​ជា​អ្នក​ជួស​ជុល​ម៉ាស៊ីន បាន​ប្រាប់​ថា​គាត់​អាច​លា​ឈប់​ពី​ការ​ងារ​របស់​គាត់​នៅ​ថ្ងៃ​ស្អែក ហើយ​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​បក​ប្រែ​ភ្លាម​ៗ។ ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ជំនឿ​ដ៏​ខ្លាំង​របស់​គាត់ ដោយ​សារ​គាត់​មាន​ក្រុម​គ្រួសារ ហើយ​មិន​ដឹង​ថា​គាត់​នឹង​រក​លុយ​ឲ្យ​បាន​គ្រប់​គ្រាន់​តាម​របៀបណា​ដើម្បី​ចិញ្ចឹម​ថែ​រក្សា​ក្រុម​គ្រួសារ​របស់​គាត់​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ថែ​រក្សា​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​គាត់​បាន​នៅ​ជាប់​ក្នុង​កិច្ច​ការ​បក​ប្រែ​អស់​ជា​ច្រើន​ឆ្នាំ។

ដូច​អ្នក​បក​ប្រែ​ទាំង​នេះ បង​ប្រុស​ៗ​នៃ​គណៈ​អភិបាល​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ដល់​សៀវភៅ​គ្រប់​ភាសា រួម​ទាំង​ភាសា​ដែល​មនុស្ស​មួយ​ចំនួន​តិច​និយាយ។ ជា​ឧទាហរណ៍ សំណួរ​មួយ​បាន​ត្រូវ​លើក​ឡើង​ថា តើ​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​បក​ប្រែ​សៀវភៅ​ជា​ភាសា​ទូវ៉ាលូ​មាន​ប្រយោជន៍​ឬ​ទេ? ខ្ញុំ​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពេល​អាន​ចម្លើយ​របស់​គណៈ​អភិបាល ដែល​ថា​៖ ​«​យើង​យល់​ថា​គ្មាន​មូលហេតុ​ដែល​អ្នក​គួរ​ឈប់​ធ្វើ​កិច្ច​ការ​បក​ប្រែ​ជា​ភាសា​ទូវ៉ាលូ​នោះ​ទេ។ ទោះ​ជា​មនុស្ស​ដែល​និយាយ​ភាសា​ទូវ៉ាលូ​មាន​ចំនួន​តិច​បើ​ប្រៀប​ធៀប​នឹង​ភាសា​ឯ​ទៀត​ក្ដី មនុស្ស​ទាំង​នោះ​នៅ​តែ​ត្រូវ​ការ​ដំណឹង​ល្អ​ក្នុង​ភាសា​របស់​ពួក​គេ​»។

នៅ​ឆ្នាំ​២០០៣ ជេននី​និង​ខ្ញុំ​បាន​ផ្លាស់​ពី​ផ្នែក​បក​ប្រែ​នា​ប្រទេស​ហ៊្វីជី​ទៅ​ផ្នែក​ផ្ដល់​ជំនួយ​ដល់​អ្នក​បក​ប្រែ​នា​ក្រុង​ផាតឺសិន រដ្ឋ​ញូវយ៉ក។ នេះ​គឺ​ដូច​ជា​សុបិន​ក្លាយ​ទៅ​ជា​ការ​ពិត! យើង​បាន​ទៅ​ជា​សមាជិក​នៃ​ក្រុម​មួយ​ដែល​ជួយ​គាំ​ទ្រ​ការ​បក​ប្រែ​សៀវភៅ​យើង​ជា​ភាសា​កាន់​តែ​ច្រើន។ ក្នុង​អំឡុង​ពេល​ប្រហែល​ជា​ពីរ​ឆ្នាំ​ឬ​ច្រើន​ជាង​ដែល​យើង​បាន​ធ្វើ​ការ​នៅ​ផ្នែក​ផ្ដល់​ជំនួយ​ដល់​អ្នក​បក​ប្រែ យើង​ក៏​មាន​ភារកិច្ច​ជួយ​បង្ហាត់​បង្រៀន​ក្រុម​អ្នក​បក​ប្រែ​ដែល​នៅ​ប្រទេស​ផ្សេង​ៗ​ដែរ។

ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ណាស់

ឥឡូវ​សូម​ទុក​ឲ្យ​ខ្ញុំ​និយាយ​អំពី​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​ដែល​ខ្ញុំ​បាន​រៀប​រាប់​កាល​ពី​ដំបូង​វិញ។ មក​ដល់​ឆ្នាំ​២០០០ គណៈ​អភិបាល​យល់​ថា​ក្រុម​បក​ប្រែ​ទូ​ទាំង​ពិភព​លោក​ត្រូវ​ការ​ជំនួយ​ដើម្បី​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ។ អ្នក​បក​ប្រែ​ភាគ​ច្រើន​មិន​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​អំពី​ការ​បក​ប្រែ​ឡើយ។ ក្រោយ​ពី​កិច្ច​ប្រជុំ​ជា​មួយ​នឹង​គណៈ​កម្មាធិការ​ខាង​ការ​និពន្ធ គណៈ​អភិបាល​បាន​សម្រេច​ចិត្ត​ថា​អ្នក​បក​ប្រែ​ទាំង​អស់​ជុំ​វិញ​ពិភព​លោក​ត្រូវ​ទទួល​ការ​បង្ហាត់​បង្រៀន។ អ្នក​បក​ប្រែ​នឹង​ទទួល​ការ​បង្ហាត់​បង្រៀន​អំពី​របៀប​យល់​អត្ថបទ​ជា​ភាសា​អង់គ្លេស របៀប​ដោះ​ស្រាយ​បញ្ហា​ដែល​ទាក់​ទង​នឹង​ការ​បក​ប្រែ និង​របៀប​ធ្វើ​ការ​ជា​ក្រុម។

តើ​ការ​បង្ហាត់​បង្រៀន​នេះ​ដែល​អ្នក​បក​ប្រែ​បាន​ទទួល​បាន​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា? គុណ​ភាព​នៃ​ការ​បក​ប្រែ​បាន​ល្អ​ប្រសើរ​ជាង។ ម្យ៉ាង​ទៀត សៀវភៅ​របស់​យើង​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​កាន់​តែ​ច្រើន​ជាង​មុន។ ពេល​យើង​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​សាសនទូត​នៅ​ឆ្នាំ​១៩៧៩ ទស្សនាវដ្ដី​ប៉ម​យាម​មាន​តែ​៨២​ភាសា​ប៉ុណ្ណោះ ហើយ​សម្រាប់​ភាសា​ភាគ​ច្រើន​ទស្សនាវដ្ដី​ប៉ម​យាម​នោះ​ចេញ​ប៉ុន្មាន​ខែ​ក្រោយ​ភាសា​អង់គ្លេស។ ប៉ុន្តែ ឥឡូវ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ត្រូវ​បក​ប្រែ​ជាង​២៤០​ភាសា ហើយ​ក្នុង​ភាសា​ភាគ​ច្រើន ទស្សនាវដ្ដី​នោះ​ចេញ​នៅ​ពេល​ដំណាល​គ្នា​នឹង​ភាសា​អង់គ្លេស។ ឥឡូវ សៀវភៅ​របស់​យើង​មាន​ជាង​៧០០​ភាសា​ដែល​មនុស្ស​អាច​អាន​ដើម្បី​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ។ ប៉ុន្មាន​ឆ្នាំ​មុន កិច្ច​ការ​នេះ​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​ឡើង​បាន​ទេ។

ក្នុង​ឆ្នាំ​២០០៤ គណៈ​អភិបាល​បាន​សម្រេច​ចិត្ត​ថា​គឺ​សំខាន់​ណាស់​ដែល​យើង​មាន​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​កាន់​តែ​ច្រើន​ថែម​ទៀត ហើយ​ធ្វើ​កិច្ច​ការ​នេះ​ឲ្យ​បាន​ឆាប់​បំផុត។ ដោយ​សារ​ការ​សម្រេច​ចិត្ត​នោះ មនុស្ស​កាន់​តែ​ច្រើន​នៅ​ឥឡូវ​នេះ​អាច​អាន​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ក្នុង​ភាសា​របស់​ពួក​គេ។ តាម​ការ​ពិត នៅ​ឆ្នាំ​២០១៤ គម្ពីរ​ទាំង​មូល​នេះ​ឬ​ផ្នែក​ខ្លះ​នៃ​គម្ពីរ​មាន​ជា​១២៨​ភាសា រួម​ទាំង​ភាសា​មួយ​ចំនួន​ដែល​មនុស្ស​និយាយ​នៅ​ភាគ​ខាង​ត្បូង​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ការ​នឹក​ចាំ​មួយ​ដែល​មាន​តម្លៃ​ណាស់​ចំពោះ​ខ្ញុំ គឺ​អំពី​មហា​សន្និបាត​នា​ប្រទេស​ទូវ៉ាលូ នៅ​ឆ្នាំ​២០១១។ ដោយ​សារ​មាន​ភាព​រាំង​ស្ងួត​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ប្រទេស​នោះ​អស់​ជា​ច្រើន​ខែ តាម​មើល​ទៅ​ដូច​ជា​មហា​សន្និបាត​នោះ​នឹង​ត្រូវ​លុប​ចោល។ ប៉ុន្តែ នៅ​ល្ងាច​ដែល​យើង​មក​ដល់​ប្រទេស​ទូវ៉ាលូ ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​យ៉ាង​ខ្លាំង។ ដូច្នេះ យើង​អាច​មាន​មហា​សន្និបាត​របស់​យើង​បាន! ចំពោះ​ខ្ញុំ ការ​ចេញ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ជា​ភាសា​ទូវ៉ាលូ គឺ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន! ទោះ​ជា​មាន​បង​ប្អូន​តិច​ដែល​និយាយ​ភាសា​នោះ​ក៏​ដោយ ពួក​គេ​ក៏​អាច​ទទួល​អំណោយ​ដ៏​ពិសេស​នេះ​ពី​ព្រះ​យេហូវ៉ា​ដែរ។ នៅ​ទី​បញ្ចប់​នៃ​មហា​សន្និបាត​នោះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដង​ទៀត។ ដូច្នេះ​បង​ប្អូន​ទាំង​អស់​បាន​ទទួល​សេចក្ដី​ពិត​ដែល​ប្រៀប​ដូច​ជា​ទឹក​យ៉ាង​ហៀ​ហូរ ហើយ​ក៏​បាន​ទទួល​ទឹក​ភ្លៀង​យ៉ាង​ច្រើន​ដែរ!

គួរ​ឲ្យ​ស្ដាយ ជេននី​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ​ជា​មួយ​នឹង​ខ្ញុំ​ទេ។ គាត់​បាន​ស្លាប់​នៅ​ឆ្នាំ​២០០៩ ក្រោយ​ពី​បាន​ស៊ូ​ទ្រាំ​នឹង​ជំងឺ​មហា​រីក​អស់​១០​ឆ្នាំ។ យើង​បាន​រៀប​ការ​ជា​មួយ​គ្នា​អស់​រយៈ​ពេល​៣៥​ឆ្នាំ។ ពេល​គាត់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គាត់​នឹង​សប្បាយ​ចិត្ត​ឮ​អំពី​ការ​ចេញ​គម្ពីរ​ជា​ភាសា​ទូវ៉ាលូ។

ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពរ​ឲ្យ​ខ្ញុំ​មាន​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​មួយ​ទៀត​ឈ្មោះ​ឡូរ៉េនី ស៊ីគីវ៉ូ។ ឡូរ៉េនី​និង​ជេននី​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​នៅ​បេតអែល​ប្រទេស​ហ៊្វីជី ហើយ​ឡូរ៉េនី​ក៏​បាន​ធ្វើ​ជា​អ្នក​បក​ប្រែ​ដែរ។ ដូច្នេះ​ម្ដង​នេះ​ទៀត ខ្ញុំ​មាន​ប្រពន្ធ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ជា​មួយ​នឹង​ខ្ញុំ ហើយ​ដែល​ស្រឡាញ់​ភាសា​ផ្សេង​ៗ​ដូច​ខ្ញុំ​ដែរ!

ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​គ្រប់​ភាសា ទោះ​ជា​ភាសា​របស់​ពួក​គេ​មាន​មនុស្ស​តិច​និយាយ​ក៏​ដោយ។ (​ទំនុក​តម្កើង ៤៩:១​-​៣​) ខ្ញុំ​បាន​ឃើញ​មនុស្ស​មាន​អំណរ​យ៉ាង​ខ្លាំង ពេល​ពួក​គេ​បាន​ទទួល​សៀវភៅ​របស់​យើង​ជា​ភាសា​របស់​ពួក​គេ​ជា​លើក​ដំបូង ឬ​ពេល​ពួក​គេ​ច្រៀង​ជូន​ព្រះ​យេហូវ៉ា​ជា​ភាសា​ដែល​ចូល​ទៅ​ក្នុង​ចិត្ត​របស់​ពួក​គេ។ នៅ​ពេល​ទាំង​នោះ ខ្ញុំ​នឹក​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង។ (​សកម្មភាព ២:៨, ១១​) ខ្ញុំ​នៅ​តែ​អាច​ចាំ​យ៉ាង​ច្បាស់​អំពី​ពាក្យ​របស់​បង​ប្រុស​វ័យ​ចាស់​ម្នាក់​ដែល​ជា​ជន​ជាតិ​ទូវ៉ាលូ ឈ្មោះ​សាវឡូ ធីអូស៊ី។ ក្រោយ​ពី​គាត់​បាន​ច្រៀង​ចម្រៀង​រាជាណាចក្រ​ជា​លើក​ដំបូង​ជា​ភាសា​របស់​គាត់ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​ថា​បង​គួរ​តែ​ប្រាប់​គណៈ​អភិបាល​ថា​ពេល​យើង​ច្រៀង​ចម្រៀង​ទាំង​នេះ​ជា​ភាសា​ទូវ៉ាលូ​ស្ដាប់​ទៅ​ពីរោះ​ជាង​ពេល​យើង​ច្រៀង​ជា​ភាសា​អង់គ្លេស​»។

នៅ​ខែ​កញ្ញា ឆ្នាំ​២០០៥ ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​ដែល​ខ្ញុំ​បាន​ទទួល​ឯកសិទ្ធិ​បម្រើ​ជា​សមាជិក​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា។ ទោះ​ជា​ខ្ញុំ​មិន​អាច​ធ្វើ​ជា​អ្នក​បក​ប្រែ​ទៀត​ក៏​ដោយ ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ដែល​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​បន្ត​គាំ​ទ្រ​កិច្ច​ការ​បក​ប្រែ​ទូ​ទាំង​ពិភព​លោក។ ខ្ញុំ​សប្បាយ​ចិត្ត​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​រាស្ត្រ​ទាំង​អស់​របស់​លោក សូម្បី​តែ​ពួក​អ្នក​ដែល​នៅ​កោះ​ដាច់​ស្រយាល​នៅ​កណ្ដាល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក! មែន​ហើយ នេះ​គឺ​ដូច​អ្នក​តែង​ទំនុក​តម្កើង​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គ្រប់​គ្រង! គួរ​ឲ្យ​ផែន​ដី​អរ​សប្បាយ​ឡើង គួរ​ឲ្យ​ពួក​កោះ​ដ៏​មាន​ជា​ច្រើន​មាន​សេចក្ដី​អំណរ​ដែរ​»។—ទំនុក​តម្កើង ៩៧:១

a ដើម្បី​អាន​ថែម​ទៀត​អំពី​ប្រតិកម្ម​របស់​មនុស្ស​ចំពោះ​សៀវភៅ​របស់​យើង សូម​មើល​ទស្សនាវដ្ដីប៉ម​យាម ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០០១ ទំព័រ​៣២។

អ្វី​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ

នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​បញ្ជី​មួយ​អំពី​ពាក្យ​ភាសា​ទូវ៉ាលូ​និង​អត្ថន័យ​របស់​ពាក្យ​នីមួយ​ៗ​នោះ នៅ​ពេល​ទំនេរ។ ខ្ញុំ​បាន​ធ្វើ​ដូច្នេះ​មួយ​ម៉ោង​ជា​រៀង​រាល់​ព្រឹក​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ រហូត​ដល់​ខ្ញុំ​អាច​មាន​វចនានុក្រម​មួយ។ ក្នុង​ឆ្នាំ​២០០១ រដ្ឋាភិបាល​អូស្ដ្រាលី​បាន​បោះ​ពុម្ព​វចនានុក្រម​នោះ​សម្រាប់​ជា​អំណោយ​ដល់​ជន​ជាតិ​ទូវ៉ាលូ។ នៅ​ឆ្នាំ​១៩៩៩ ជេននី​និង​ខ្ញុំ​ក៏​បាន​សរសេរ​សៀវភៅ​វេយ្យាករណ៍​ភាសា​ទូវ៉ាលូ​មួយ​ក្បាល​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក