សំណួរពីយុវវ័យ
តើខ្ញុំអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំតាមរបៀបណា?
ប្អូនការីសាបានរៀបរាប់ថា៖«ថ្ងៃខ្លះខ្ញុំសប្បាយមែនទែន តែថ្ងៃខ្លះទៀតខ្ញុំបែរជាកើតទុក្ខដោយគ្មានមូលហេតុ។ រឿងដែលម្សិលមិញខ្ញុំចាត់ទុកថាជារឿងតូចតាច តែថ្ងៃនេះខ្ញុំបែរជាចាត់ទុកជារឿងធំដុំទៅវិញ»។
តើអារម្មណ៍របស់ប្អូនឡើងចុះដូចជិះលើផ្លូវដែលមានគ្រលុកធំៗទេ?a បើមែន អត្ថបទនេះអាចជួយប្អូនបាន!
ហេតុអ្វីមានអារម្មណ៍បែបនេះ?
ពេលមានការប្រែប្រួលរាងកាយដោយសារជិតចូលវ័យជំទង់ គឺធម្មតាទេដែលប្អូនមានអារម្មណ៍ឡើងចុះ។ ប៉ុន្តែ សូម្បីតែផុតគ្រាប្រែប្រួលនេះក្ដី ក៏អារម្មណ៍របស់ប្អូននៅតែអាចឡើងចុះដែលប្អូនមិនអាចដឹងទុកជាមុន។
បើអារម្មណ៍របស់ប្អូនច្របូកច្របល់ ហើយឡើងចុះជាញឹកញាប់ សូមកុំបារម្ភ នេះជារឿងធម្មតាទេ វាកើតឡើងដោយសាររូបកាយប្អូនកំពុងធំលូតលាស់។ ប៉ុន្តែ ប្អូនអាចស្វែងយល់ពីអារម្មណ៍ទាំងនោះ ហើយប្អូនអាចរៀនគ្រប់គ្រងវាបាន។
សូមចាំថា៖ គឺជាការសំខាន់ដែលប្អូនរៀនឲ្យចេះគ្រប់គ្រងអារម្មណ៍របស់ប្អូនពេលនៅក្មេង ព្រោះពេលដែលប្អូនធំពេញវ័យប្អូននឹងត្រូវការគុណសម្បត្តិនេះក្នុងស្ថានភាពផ្សេងៗ។
អារម្មណ៍អវិជ្ជមានប្រៀបដូចជាផ្លូវដែលមានគ្រលុក។ បើប្អូនស្គាល់របៀបគ្រប់គ្រងវា ប្អូនអាចគេចពីបញ្ហាអាក្រក់ៗ ហើយអាចធ្វើឲ្យដំណើររបស់ប្អូនទៅមុខយ៉ាងរលូន។
វិធីបីយ៉ាងដែលប្អូនអាចធ្វើ
និយាយអារម្មណ៍។ គម្ពីរចែងថា៖«មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមក ដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក»។—សុភាសិត ១៧:១៧
ប្អូនយ៉ូឡេនដាបានរៀបរាប់ថា៖«ខ្ញុំមានមិត្តម្នាក់ដែលជិតស្និទ្ធដូចជាក្រុមគ្រួសារ ហើយខ្ញុំចាត់ទុកគាត់ដូចជាមីងខ្ញុំអ៊ីចឹង។ រាល់ដងគាត់តែងតែយកចិត្តទុកដាក់ស្ដាប់ខ្ញុំ ហើយខ្ញុំអាចប្រាប់អារម្មណ៍ខ្ញុំយ៉ាងអស់ពីចិត្តដល់គាត់។ គាត់សរសើរខ្ញុំ ពេលខ្ញុំមានទស្សនៈត្រឹមត្រូវ តែពេលគាត់ឃើញថាខ្ញុំមានទស្សនៈមិនល្អ គាត់បានកែតម្រង់ខ្ញុំដោយចិត្តស្លូតបូត»។
យោបល់៖ ជាជាងនិយាយប្រាប់អារម្មណ៍ដល់មិត្តស្រករគ្នាដែលមានអារម្មណ៍ឡើងចុះដូចប្អូន សូមនិយាយជាមួយឪពុកម្ដាយឬមនុស្សពេញវ័យណាម្នាក់ដែលប្អូនទុកចិត្ត។
កត់ទុកអារម្មណ៍។ គម្ពីរបានប្រាប់អំពីបុរសម្នាក់ឈ្មោះយ៉ូបដែលកើតទុក្ខយ៉ាងខ្លាំង គាត់បាននិយាយថា៖«ខ្ញុំនឹងទម្លាយទុក្ខម្នេញចេញឲ្យអស់។ ខ្ញុំនឹងបរិយាយអំពីទុក្ខធ្ងន់របស់ខ្ញុំចេញមក!»។ (យ៉ូប ១០:១) ក្រៅពីប្រាប់អារម្មណ៍របស់ប្អូនដល់អ្នកណាម្នាក់ ប្អូនក៏អាច«បរិយាយ»ពីអារម្មណ៍របស់ប្អូន ដោយកត់ទុកក្នុងសៀវភៅ។
ប្អូនអ៊ីលយ៉ាណាបានរៀបរាប់ថា៖«ខ្ញុំតែងតែមានកូនសៀវភៅតូចមួយជាប់ខ្លួនជានិច្ច ពេលមានរឿងដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្ត ខ្ញុំបានកត់ទុកអារម្មណ៍នោះក្នុងសៀវភៅ។ ការធ្វើដូច្នេះជួយខ្ញុំឲ្យធូរចិត្តណាស់»។
យោបល់៖ សូមកត់ទុកអារម្មណ៍ដែលប្អូនមាន មូលហេតុដែលប្អូនមានអារម្មណ៍បែបនោះ និងរបៀបដែលប្អូនអាចយកឈ្នះអារម្មណ៍ទាំងនោះ។
អធិដ្ឋាន។ គម្ពីរចែងថា៖«ចូរផ្ទេរបន្ទុកទៅព្រះយេហូវ៉ា នោះលោកនឹងជួយអ្នក លោកមិនព្រមឲ្យមនុស្សសុចរិតដួលចុះឡើយ»។—ចម្រៀងសរសើរព្រះ ៥៥:២២
ប្អូនចាស្មីនបានរៀបរាប់ថា៖«ពេលខ្ញុំពិបាកចិត្ត ខ្ញុំតែងតែអធិដ្ឋានទៅព្រះយេហូវ៉ា។ ហើយរាល់ដងដែលខ្ញុំប្រាប់លោកពីទុក្ខកង្វល់របស់ខ្ញុំអស់ពីចិត្ត ខ្ញុំមានអារម្មណ៍សប្បាយឡើងវិញ»។
យោបល់៖ ទោះជាប្អូនពិបាកចិត្តក៏ដោយ សូមរំពឹងគិតអំពីអ្វីបីយ៉ាងក្នុងជីវិតដែលប្អូនអាចអរគុណព្រះយេហូវ៉ា។ ដូច្នេះពេលប្អូនអធិដ្ឋានទៅព្រះយេហូវ៉ា ប្អូនមិនគ្រាន់តែសុំជំនួយពីលោកប៉ុណ្ណោះទេ តែក៏ចង់អរគុណលោកចំពោះពរដែលប្អូនទទួលដែរ។
a អត្ថបទនេះរៀបរាប់អំពីអារម្មណ៍ដែលយុវវ័យមានជាទូទៅ។ បើប្អូនកំពុងមានជំងឺប្រែប្រួលអារម្មណ៍ខ្លាំង ឬជំងឺបាក់ទឹកចិត្តណាមួយ សូមអានអត្ថបទដែលមានចំណងជើងថា«តើខ្ញុំអាចយកឈ្នះអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេច?»។