សំណួរពីយុវវ័យ
តើខ្ញុំគួរយកអ្នកណាធ្វើជាគំរូ?
ប្អូនហេលីបានរៀបរាប់ថា៖«ពេលខ្ញុំមានបញ្ហានៅសាលា ខ្ញុំឃើញថាអ្វីមួយដែលជួយខ្ញុំ គឺខ្ញុំគិតពីបុគ្គលម្នាក់ដែលខ្ញុំស្ងើចសរសើរនិងធ្លាប់ឆ្លងកាត់បញ្ហាស្រដៀងខ្ញុំ។ បន្ទាប់មក ខ្ញុំព្យាយាមធ្វើតាមគំរូរបស់គាត់ ហើយពេលខ្ញុំធ្វើដូច្នេះជួយខ្ញុំឲ្យស្រួលយកឈ្នះការពិបាកជាង»។
គំរូរបស់បុគ្គលម្នាក់អាចជួយប្អូនឲ្យគេចផុតពីបញ្ហា ហើយជួយប្អូនឲ្យសម្រេចគោលដៅរបស់ប្អូនបាន។ តែអ្វីដែលសំខាន់ គឺប្អូនគួរជ្រើសយកអ្នកណាដែលទុកគំរូល្អ។
ហេតុអ្វីគួរជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន?
បុគ្គលដែលប្អូនយកទុកជាគំរូ អាចមានឥទ្ធិពលខ្លាំងមកលើការប្រព្រឹត្តរបស់ប្អូន។
គម្ពីរប្រាប់គ្រិស្តសាសនិកឲ្យប្រុងប្រយ័ត្ននឹងបុគ្គលដែលពួកគេយកធ្វើជាគំរូ។ គម្ពីរចែងថា៖«ពេលពិចារណាមើលការប្រព្រឹត្តល្អរបស់ពួកគាត់ ចូរយកតម្រាប់ជំនឿរបស់ពួកគាត់»។—ហេប្រឺ ១៣:៧
យោបល់៖ បុគ្គលដែលប្អូនយកជាគំរូ អាចជះឥទ្ធិពលយ៉ាងខ្លាំងមកលើប្អូនទាំងល្អទាំងអាក្រក់។ ដូច្នេះ សូមជ្រើសយកបុគ្គលដែលមានគុណសម្បត្តិល្អធ្វើជាគំរូ មិនមែនបុគ្គលដែលមានប្រជាប្រិយភាព ឬអ្នកដែលមានអាយុស្របាលៗប្អូនទេ។
ប្អូនខូលីនបានរៀបរាប់ថា៖«ខ្ញុំបានរៀនច្រើនពីបងប្អូនរួមជំនឿម្នាក់ឈ្មោះអាដាម។ គាត់មានចិត្តគំនិតនិងការប្រព្រឹត្តល្អ។ សូម្បីតែដល់ឥឡូវខ្ញុំនៅតែចាំពាក្យសម្ដីនិងការប្រព្រឹត្តរបស់គាត់។ គាត់ប្រហែលមិនដឹងទេថាគំរូគាត់មានឥទ្ធិពលខ្លាំងប៉ុណ្ណាមកលើខ្ញុំ»។
បុគ្គលដែលប្អូនយកជាគំរូ អាចជះឥទ្ធិពលយ៉ាងខ្លាំងមកលើគំនិតនិងអារម្មណ៍របស់ប្អូន។
គម្ពីរចែងថា៖«កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ»។—កូរិនថូសទី១ ១៥:៣៣
យោបល់៖ សូមកុំជ្រើសយកបុគ្គលដែលស្រស់ស្អាតឬសង្ហារទុកជាគំរូ តែសូមយកបុគ្គលដែលមានគុណសម្បត្តិល្អទុកជាគំរូវិញ។ បើពុំនោះទេ ប្អូនប្រហែលជានឹងធ្លាក់ទឹកចិត្តមិនខាន។
ប្អូនថាម៉ារ៉ាបានរៀបរាប់ថា៖«ពេលខ្ញុំប្រៀបធៀបខ្លួនជាមួយនឹងអ្នកដែលឡូយឆាយ ខ្ញុំមានអារម្មណ៍ថាខ្លួនអន់និងមានរូបអាក្រក់ ហើយខ្ញុំចេះតែខ្វល់នឹងរូបសម្ផស្សខ្លួនរហូត»។
សូមពិចារណា៖ តើអាចមានបញ្ហាអ្វីខ្លះបើជ្រើសយកតារាល្បីនិងកីឡាករធ្វើជាគំរូ?
បុគ្គលដែលប្អូនយកជាគំរូអាចមានឥទ្ធិពលទៅលើការសម្រេចគោលដៅរបស់ប្អូន។
គម្ពីរចែងថា៖«អ្នកដែលសេពគប់មនុស្សមានប្រាជ្ញានឹងមានប្រាជ្ញាដែរ»។—សុភាសិត ១៣:២០
យោបល់៖ សូមជ្រើសរើសបុគ្គលដែលមានគុណសម្បត្តិដែលប្អូនចូលចិត្ត។ រួចសង្កេតមើលការប្រព្រឹត្តរបស់គាត់។ ពេលធ្វើដូច្នេះ ប្អូនអាចរៀនចំណុចខ្លះដែលប្អូនអាចធ្វើតាមដើម្បីសម្រេចគោលដៅប្អូន។
ប្អូនមៀរាមបានរៀបរាប់ថា៖«ជាជាងកំណត់គោលដៅទូទៅដូចជា‹ខ្ញុំចង់ចេះទទួលខុសត្រូវច្រើនជាង› ខ្ញុំកំណត់គោលដៅជាក់លាក់ណាមួយ ដូចជា‹ខ្ញុំចង់មានទំនួលខុសត្រូវដូចជេន ព្រោះនាងតែងតែមកទាន់ពេលនិងយកចិត្តទុកដាក់នឹងការងារ›»។
សរុបសេចក្ដី៖ ពេលប្អូនជ្រើសយកអ្នកដែលទុកគំរូល្អ ប្អូនអាចដឹងច្បាស់ថាប្អូនចង់ក្លាយជាមនុស្សបែបណា។
ប្អូនដឹងទេ ការធ្វើតាមគំរូល្អ អាចជួយប្អូនឲ្យសម្រេចគោលដៅលឿនជាង!
របៀបជ្រើសរើស
ប្អូនអាចជ្រើសរើសវិធីមួយក្នុងចំណោមវិធីពីរយ៉ាង អំពីបុគ្គលដែលប្អូនចង់យកជាគំរូ។
១. ប្អូនអាចជ្រើសរើសគុណសម្បត្តិមួយដែលប្អូនចង់រីកចម្រើន រួចមកប្អូនអាចគិតអំពីបុគ្គលម្នាក់ដែលមានគុណសម្បត្តិនោះ និងជាបុគ្គលដែលប្អូនស្ងើចសរសើរ។
២. ប្អូនអាចជ្រើសរើសបុគ្គលម្នាក់ដែលប្អូនស្ងើចសរសើរ រួចជ្រើសរើសគុណសម្បត្តិមួយរបស់គាត់ដែលប្អូនចង់បណ្ដុះឲ្យមាន។
បុគ្គលដែលប្អូនចាត់ទុកជាគំរូល្អ រួមបញ្ចូល៖
មិត្តស្រករគ្នា។ ប្អូនមៀរាមបានរៀបរាប់ថា៖«មិត្តសម្លាញ់របស់ខ្ញុំគឺជាបុគ្គលដែលខ្ញុំចង់យកតម្រាប់តាម។ ទោះជាគាត់រវល់ប៉ុណ្ណាក៏ដោយ គាត់តែងតែយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ ពិតមែនថាគាត់ក្មេងជាងខ្ញុំ តែគាត់មានគុណសម្បត្តិជាច្រើនដែលខ្ញុំមិនមាន ហេតុនេះហើយខ្ញុំចង់ធ្វើតាមគំរូរបស់គាត់»។
មនុស្សពេញវ័យ។ ពួកគាត់អាចជាឪពុកម្ដាយរបស់ប្អូន ឬបងប្អូនរួមជំនឿ។ ប្អូនអាណេតបានរៀបរាប់ថា៖«ឪពុកម្ដាយខ្ញុំជាបុគ្គលដែលខ្ញុំចង់យកធ្វើជាគំរូ។ ពួកគាត់មានគុណសម្បត្តិជាច្រើន។ នេះមិនបានន័យថាគាត់មិនចេះធ្វើខុសនោះទេ តែខ្ញុំឃើញថាពួកគាត់នៅតែស្មោះត្រង់។ ពេលខ្ញុំដល់វ័យដូចពួកគាត់ ខ្ញុំសង្ឃឹមថាគេក៏និយាយដូចគ្នាមកកាន់ខ្ញុំដែរ»។
គំរូក្នុងគម្ពីរ។ ប្អូនម៉ាឡេនដាបានរៀបរាប់ថា៖«ខ្ញុំបានជ្រើសយកបុគ្គលខ្លះពីគម្ពីរធ្វើជាគំរូរបស់ខ្ញុំ ដូចជាធីម៉ូថេ រូថ យ៉ូប ពេត្រុស និងក្មេងស្រីជនជាតិអ៊ីស្រាអែល។ ពួកគាត់ម្នាក់ៗមានគំរូផ្សេងគ្នា។ ពេលខ្ញុំរៀនកាន់តែច្រើនអំពីបុគ្គលក្នុងគម្ពីរ នោះខ្ញុំកាន់តែជឿជាក់ថាពួកគាត់ជាបុគ្គលដែលធ្លាប់រស់នៅមែន។ ខ្ញុំចូលចិត្តរៀនកំណត់ហេតុក្នុងសៀវភៅចូរយកតម្រាប់ជំនឿរបស់ពួកគាត់ និងក្នុងសៀវភៅសំណួរយុវវ័យចង់ដឹង និងចម្លើយដែលស្រាយចម្ងល់ ក្នុង‹លិបិក្រមគំរូដែលគួរធ្វើតាម›»។
យោបល់៖ សូមកុំយកតែបុគ្គលម្នាក់ធ្វើជាគំរូឡើយ។ សាវ័កប៉ូលបាននិយាយទៅកាន់គ្រិស្តសាសនិកឯទៀតថា៖«ចូរ . . . បន្តសង្កេតមើលអស់អ្នកដែលកំពុងប្រព្រឹត្តសមស្របតាមគំរូដែលយើងបានទុកឲ្យអ្នករាល់គ្នា»។—ភីលីព ៣:១៧
តើប្អូនដឹងទេ? ប្អូនក៏អាចទៅជាគំរូដល់អ្នកឯទៀតដែរ! គម្ពីរចែងថា៖«ចូរធ្វើជាគំរូល្អដល់ពួកអ្នកស្មោះត្រង់ក្នុងការនិយាយ ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ»។—ធីម៉ូថេទី១ ៤:១២
ប្អូនឃីអាណាបានរៀបរាប់ថា៖«ទោះជាយើងត្រូវរីកចម្រើនគុណសម្បត្តិខ្លះក្ដី តែដំណាលគ្នានោះយើងក៏អាចជួយអ្នកឯទៀតឲ្យក្លាយជាមនុស្សប្រសើរជាងដែរ។ យើងមិនដឹងថាអ្នកណាខ្លះកំពុងសង្កេតមើលយើងទេ ហើយក៏មិនដឹងថាអ្វីដែលយើងនិយាយអាចកែប្រែជីវិតពួកគេយ៉ាងណាដែរ»។