របៀបរកផ្លូវដែលនាំឲ្យមានសុភមង្គល
ការអភ័យទោស
«កាលខ្ញុំនៅក្មេង ខ្ញុំឧស្សាហ៍ឮគេនិយាយសម្លុតនិងស្រែកគំហកដាក់គ្នា»។ នេះជាពាក្យសម្ដីរបស់ស្ត្រីម្នាក់ឈ្មោះប៉ាទ្រីសា។ នាងបាននិយាយទៀតថា៖ «ហេតុនេះខ្ញុំមិនចេះអភ័យទោសទេ។ សូម្បីតែពេលធំឡើង ខ្ញុំខឹងគេរហូតដល់ដេកមិនលក់»។ មែនហើយ កំហឹងនិងការប្រកាន់ទោសធ្វើឲ្យជីវិតគ្មានសុភមង្គលនិងខូចសុខភាពផងដែរ។ លើសពីនេះទៀត ការសិក្សាផ្សេងៗបង្ហាញថាមនុស្សដែលមិនចេះអភ័យទោសអាច . . .
ឲ្យកំហឹងឬការប្រកាន់ទោសធ្វើឲ្យល្អក់កករដល់ចំណងមិត្តភាព ហើយនាំឲ្យផ្ដាច់ខ្លួននិងឯកោ
ងាយអន់ចិត្ត មានទុក្ខកង្វល់ ឬធ្លាក់ទឹកចិត្តជាខ្លាំង
ផ្ដោតអារម្មណ៍តែទៅលើកំហុសរបស់គេប៉ុណ្ណោះរហូតដល់លែងសប្បាយនឹងជីវិត
មានអារម្មណ៍ថាពួកគេធ្វើខុសនឹងគោលការណ៍របស់ព្រះ
កាន់តែតានតឹងចិត្ត ហើយធ្លាក់ខ្លួនឈឺ រួមមានជំងឺលើសឈាម ជំងឺបេះដូង ការឈឺចាប់ផ្សេងៗដូចជាឈឺសន្លាក់ឆ្អឹងនិងឈឺក្បាលa
តើការអភ័យទោសមានន័យយ៉ាងណា? ការអភ័យទោសមានន័យថាលើកលែងទោស លែងខឹង មិនប្រកាន់ទោស ហើយមិនគុំកួន។ ការអភ័យទោសមិនមែនមានន័យថាយើងចាត់ទុកអ្វីដែលគេធ្វើគឺមិនខុសនោះទេ ហើយក៏មិនមានន័យថាចាត់ទុករឿងនោះថាជារឿងស្រាលឬបិទភ្នែកមិនដឹងមិនឮនោះដែរ។ ផ្ទុយទៅវិញ ការអភ័យទោសគឺជាការសម្រេចចិត្តខ្លួនឯងដោយគិតពិចារណាយ៉ាងហ្មត់ចត់ នោះបង្ហាញថាយើងតាំងចិត្តបង្ហាញសេចក្ដីស្រឡាញ់និងរក្សាសន្ដិភាព ហើយព្យាយាមបន្តមានទំនាក់ទំនងល្អជាមួយមនុស្សឯទៀត។
ការអភ័យទោសក៏បង្ហាញអំពីការយល់ថា យើងទាំងអស់គ្នាចេះធ្វើខុសខាងពាក្យសម្ដីនិងការប្រព្រឹត្ត ឬមានភាពខុសឆ្គង។ (រ៉ូម ៣:២៣) នេះបញ្ជាក់អំពីអ្វីដែលគម្ពីរចែងថា៖ «ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់»។—កូឡុស ៣:១៣
យ៉ាងនេះ គឺសមហេតុផលដែលការអភ័យទោសគឺជាការបង្ហាញសេចក្ដីស្រឡាញ់ ដែលជា«ចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។ (កូឡុស ៣:១៤) បន្ថែមទៅទៀត យោងទៅតាមគេហទំព័រមួយប្រាប់ថា ការអភ័យទោសធ្វើឲ្យ . . .
ទំនាក់ទំនងកាន់តែប្រសើរ ហើយមានចិត្តសន្ដោសប្រណី យល់ថាគ្រប់គ្នាមានគុណវិបត្ដិ និងអាណិតមេត្ដាដល់អ្នកដែលធ្វើខុស
សុខភាពផ្លូវចិត្តកាន់តែល្អ ហើយមានទំនាក់ទំនងល្អជាមួយព្រះ
មិនសូវមានទុក្ខកង្វល់ ការតានតឹងចិត្ត ហើយមិនសូវខឹងអ្នកឯទៀត
កាត់បន្ថយបញ្ហាដែលមកពីការធ្លាក់ទឹកចិត្ត
ការអភ័យទោសឲ្យខ្លួនឯង។ យោងទៅតាមឯកសារមួយរៀបរាប់ថា ការអភ័យទោសឲ្យខ្លួនឯងអាចជា«ការដ៏ពិបាក»មួយ ប៉ុន្តែ«នេះសំខាន់បំផុតចំពោះសុខភាព»ផ្លូវចិត្តនិងផ្លូវកាយ។ (Disability & Rehabilitation) តើអ្វីអាចជួយអ្នកឲ្យអភ័យទោសឲ្យខ្លួនឯង?
កុំតម្រូវពីខ្លួនឯងឲ្យធ្វើល្អឥតខ្ចោះ ប៉ុន្តែសូមមានគំនិតសមហេតុផល ហើយទទួលស្គាល់ថាយើងទាំងអស់គ្នាចេះធ្វើខុស។—សាស្ដា ៧:២០
រៀនពីកំហុសរបស់ខ្លួនដើម្បីកុំឲ្យធ្វើខុសដដែលម្ដងទៀត
មានចិត្តអត់ធ្មត់ចំពោះខ្លួនឯង ដោយចាំថាគុណវិបត្ដិនិងទម្លាប់អាក្រក់មិនអាចបំបាត់ចោលភ្លាមៗនោះទេ។—អេភេសូរ ៤:២៣, ២៤
សេពគប់ជាមួយមិត្តដែលលើកទឹកចិត្តយើង មានគំនិតសុទិដ្ឋិនិយម ហើយសប្បុរស តែក៏និយាយត្រង់ជាមួយយើង។—សុភាសិត ១៣:២០
បើអ្នកធ្វើឲ្យអ្នកណាម្នាក់ឈឺចិត្ត សូមទទួលស្គាល់កំហុសហើយឆាប់សុំទោស។ ពេលអ្នកខំមានសន្ដិភាព អ្នកនឹងទទួលសេចក្ដីសុខសាន្តក្នុងចិត្ត។—ម៉ាថាយ ៥:២៣, ២៤
ការធ្វើតាមគោលការណ៍ក្នុងគម្ពីរពិតជាមានប្រយោជន៍!
ក្រោយបានរៀនគម្ពីរ ប៉ាទ្រីសាដែលបានត្រូវរៀបរាប់នៅដើមអត្ថបទ បានរៀនឲ្យចេះអភ័យទោស។ គាត់បានសរសេរថា៖ «ខ្ញុំឈប់មានកំហឹងដែលធ្វើទុក្ខបុកម្នេញដល់ជីវិតខ្ញុំទៀត។ ខ្ញុំលែងរងទុក្ខ ហើយខ្ញុំក៏លែងធ្វើឲ្យគេរងទុក្ខដែរ។ គោលការណ៍គម្ពីរបញ្ជាក់ថាព្រះស្រឡាញ់យើង ហើយចង់ឲ្យយើងមានជីវិតល្អបំផុត»។
បុរសម្នាក់ឈ្មោះរ៉នបានទទួលសេចក្ដីសុខសាន្តក្នុងចិត្តពីការធ្វើតាមគោលការណ៍ក្នុងគម្ពីរ គាត់បាននិយាយថា៖ «ខ្ញុំមិនអាចគ្រប់គ្រងគំនិតនិងការប្រព្រឹត្តរបស់គេបានទេ។ តែខ្ញុំអាចគ្រប់គ្រងគំនិតនិងការប្រព្រឹត្តរបស់ខ្លួនបាន។ បើខ្ញុំចង់មានសន្ដិភាព ខ្ញុំត្រូវតែឈប់ប្រកាន់ទោស។ ខ្ញុំចាប់ផ្ដើមមានទស្សនៈថាសន្ដិភាពនិងការប្រកាន់ទោសមិនអាចនៅជាមួយគ្នាទេ ដូចមេឃនិងដី។ ខ្ញុំមិនអាចមានសន្ដិភាពទេ បើខ្ញុំនៅតែប្រកាន់ទោស»។
a ប្រភពព័ត៌មាន: Mayo Clinic and Johns Hopkins Medicine websites and the journal Social Psychiatry and Psychiatric Epidemiology.