បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g19 លេខ ១ ទំ. ១២-១៥
  • ក្រោមរាជាណាចក្រព្រះ «សេចក្ដីសុខនឹងមានជាបរិបូរ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្រោមរាជាណាចក្រព្រះ «សេចក្ដីសុខនឹងមានជាបរិបូរ»
  • ភ្ញាក់រឭក! ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​រាជាណាចក្រ​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​មក​លើ​ផែនដី​នៅ​ពេល​ណា?
  • តើ​រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​យ៉ាង​ដូច​ម្ដេច?
  • តើ​អ្នក​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ?
  • សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើលោកយេស៊ូបង្រៀនអ្វីខ្លះអំពីរាជាណាចក្ររបស់ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ព្រះរាជាណាចក្រ«ដែលមិនត្រូវបំផ្លាញឡើយ»
    ចូរថ្វាយបង្គំព្រះពិតតែមួយ
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០១៩
g19 លេខ ១ ទំ. ១២-១៥
មនុស្សរីករាយនឹងជីវិតក្នុងសួនឧទ្យាន

ការ​កែ​ប្រែ​ពិភព​លោក

ក្រោម​រាជាណាចក្រ​ព្រះ ​«​សេចក្ដី​សុខ​នឹង​មាន​ជា​បរិបូរ​»​

យើង​ទន្ទឹង​រង់​ចាំ​រាជាណាចក្រ​ព្រះ​មក​ដល់​អស់​រយៈ​ពេល​ជា​យូរ។ តែ​មិន​យូរ​ទៀត​រដ្ឋាភិបាល​ដែល​បាន​ត្រូវ​ស្ថាបនា​ដោយ​ព្រះ ពោល​គឺ​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​មនុស្សជាតិ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត​និង​សាមគ្គីភាព។ ដូច​នៅ​ចម្រៀង​សរសើរ​ព្រះ ៧២:៧ បាន​សន្យា​ថា​៖ ​«​សេចក្ដី​សុខ​នឹង​មាន​ជា​បរិបូរ​»។ ប៉ុន្តែ តើ​រាជាណាចក្រ​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​មក​លើ​ផែនដី​នៅ​ពេល​ណា? តើ​នឹង​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ម្យ៉ាង​ទៀត តើ​អ្នក​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ?

តើ​រាជាណាចក្រ​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​មក​លើ​ផែនដី​នៅ​ពេល​ណា?

គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​ព្រឹត្តិការណ៍​ដ៏​តក់​ស្លុត​ជា​ច្រើន​ដែល​បញ្ជាក់​ថា​រាជាណាចក្រ​របស់​ព្រះ​ជិត​មក​ដល់​ហើយ។ ព្រឹត្តិការណ៍​ទាំង​នោះ​គឺ​ជា​«​សញ្ញា​សម្គាល់​»​មួយ ដែល​រួម​មាន​សង្គ្រាម​នៅ​ទូ​ទាំង​ពិភព​លោក ការ​អត់​ឃ្លាន រោគ​រាត​ត្បាត រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​ការ​ប្រឆាំង​ច្បាប់​កាន់​តែ​ច្រើន។—ម៉ាថាយ ២៤:៣, ៧, ១២; លូកា ២១:១១; ការ​បើក​បង្ហាញ ៦:២​-​៨

ក្នុង​គម្ពីរ ក៏​ប្រាប់​ទំនាយ​មួយ​ទៀត​ដែរ​ថា​៖ ​«​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ណាស់។ ព្រោះ​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ . . . មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ គ្មាន​ភក្ដី​ភាព គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស មិន​ព្រម​ស្រុះ​ស្រួល​គ្នា ជា​អ្នក​បង្កាច់​បង្ខូច មិន​ចេះ​ទប់​ចិត្ត កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ . . . មាន​មោទនភាព​ហួស​ហេតុ​ពេក ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ​»។ (​ធីម៉ូថេ​ទី២ ៣:១​-​៤​) តាំង​ពី​យូរ​ហើយ គឺ​តែង​តែ​មាន​មនុស្ស​ខ្លះ​ដែល​មាន​លក្ខណៈ​អាក្រក់​ទាំង​នេះ តែ​សព្វ​ថ្ងៃ​មនុស្ស​ភាគ​ច្រើន​មាន​លក្ខណៈ​បែប​នេះ។

ទំនាយ​ទាំង​នោះ​ចាប់​ផ្ដើម​ក្លាយ​ជា​ការ​ពិត​នៅ​ឆ្នាំ​១៩១៤។ ម្យ៉ាង​វិញ​ទៀត ប្រវត្ដិវិទូ អ្នក​នយោបាយ និង​អ្នក​និពន្ធ​បាន​រៀប​រាប់​អំពី​ការ​ផ្លាស់​ប្ដូរ​របស់​ពិភព​លោក​បន្ទាប់​ពី​ឆ្នាំ​នោះ។ ជា​ឧទាហរណ៍ ភីធើ ម៉ាង​ដែល​ជា​ប្រវត្ដិវិទូ​ជន​ជាតិ​ដាណឺម៉ាក បាន​សរសេរ​ថា​៖ ​«​ការ​ផ្ទុះ​សង្គ្រាម​នៅ​ឆ្នាំ​១៩១៤ បាន​ផ្លាស់​ប្ដូរ​ប្រវត្ដិសាស្ត្រ​របស់​មនុស្សជាតិ​យ៉ាង​ខ្លាំង។ មុន​ឆ្នាំ​នោះ មនុស្ស​គិត​ថា​ស្ថានភាព​ពិភព​លោក​នឹង​ល្អ​ប្រសើរ​ទៅ​ៗ​ . . . តែ​បែរ​ជា​មាន​ព្រឹត្តិការណ៍​អាក្រក់​ៗ ភាព​តក់​ស្លុត ការ​ស្អប់​គ្នា និង​អសន្ដិសុខ​គ្រប់​ទី​កន្លែង​»។

មាន​ពាក្យ​ស្លោក​មួយ​ថា​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ។ ដូច​គ្នា​ដែរ ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង​បង្ហាញ​ថា​រាជាណាចក្រ​ព្រះ​ជិត​គ្រប់​គ្រង​លើ​ផែនដី ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ស្ថានភាព​សុខ​សាន្ត​លើ​ផែនដី។ តាម​ពិត លោក​យេស៊ូ​ក៏​មាន​ប្រសាសន៍​អំពី​សញ្ញា​សម្គាល់​មួយ​ទៀត​នៃ​ទី​បញ្ចប់​ដែរ ដោយ​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។—ម៉ាថាយ ២៤:១៤

ដំណឹង​ល្អ​នោះ​គឺ​ជា​ប្រធានបទ​សំខាន់​ដែល​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ផ្សព្វ​ផ្សាយ។ តាម​ការ​ពិត សៀវភៅ​សំខាន់​ជាង​គេ​របស់​ពួក​គេ​គឺ​មាន​ចំណង​ជើង​ថា​ទស្សនាវដ្ដី​ប៉ម​យាម ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ ទស្សនាវដ្ដី​នេះ​រៀប​រាប់​ជា​ច្រើន​អំពី​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​សម្រាប់​មនុស្សជាតិ​និង​ផែនដី។

តើ​រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​យ៉ាង​ដូច​ម្ដេច?

ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​គិត​អំពី​កត្ដា​សំខាន់​ៗ​បួន​យ៉ាង​គឺ​៖

  1. ១. រាជាណាចក្រ​ព្រះ​នឹង​មិន​ប្រើ​អ្នក​ដឹក​នាំ​នយោបាយ​ណា​ម្នាក់​ក្នុង​ពិភព​លោក​នេះ​ឡើយ។

  2. ២. អ្នក​ដឹក​នាំ​នយោបាយ​ក្នុង​ពិភព​លោក​នឹង​មិន​ចង់​បោះ​បង់​អំណាច​របស់​ខ្លួន​នោះ​ទេ។ ពួក​គេ​នឹង​ព្យាយាម​ប្រឆាំង​នឹង​រាជាណាចក្រ​ព្រះ។ ការ​សម្រេច​ចិត្ត​នេះ​គឺ​មិន​ឈ្លាស​វៃ​ទេ។—ចម្រៀង​សរសើរ​ព្រះ ២:២​-​៩

  3. ៣. រាជាណាចក្រ​ព្រះ​ត្រូវ​តែ​បំផ្លាញ​នគរ​ឬ​រដ្ឋាភិបាល​ដែល​ចង់​បន្ត​មាន​អំណាច​លើ​មនុស្សជាតិ។ (​ដានីយ៉ែល ២:៤៤; ការ​បើក​បង្ហាញ ១៩:១៧​-​២១​) ចុង​ក្រោយ នឹង​មាន​សង្គ្រាម​នៅ​ទូ​ទាំង​ពិភព​លោក​ដែល​បាន​ត្រូវ​ហៅ​ថា​អាម៉ាគេដូន។—ការ​បើក​បង្ហាញ ១៦:១៤, ១៦

  4. ៤. អស់​អ្នក​ដែល​សុខ​ចិត្ត​ចុះ​ចូល​ក្រោម​រាជាណាចក្រ​ព្រះ​នឹង​ត្រូវ​សង្គ្រោះ​ពី​អាម៉ាគេដូន រួច​ចូល​ពិភព​លោក​ថ្មី​ដ៏​សុខ​សាន្ត។ គម្ពីរ​ហៅ​ពួក​គេ​ថា​៖ ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ ដែល​ទំនង​ជា​មាន​ចំនួន​រាប់​លាន​នាក់។—ការ​បើក​បង្ហាញ ៧:៩, ១០, ១៣, ១៤

    តើ​រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​យ៉ាង​ដូច​ម្ដេច?

    ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​ធ្វើ​អ្វី​មួយ​ចំនួន​ដែល​បង្ហាញ​ថា​លោក​នឹង​ធ្វើ​ក្នុង​នាម​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ។ ជា​ឧទាហរណ៍ លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ឈឺ និង​មនុស្ស​ពិការ​ជា​សះ​ស្បើយ។ (​ម៉ាថាយ ៤:២៣​) លោក​បាន​ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់។ (​ម៉ាកុស ៦:៣៥​-​៤៤​) លោក​ក៏​បាន​គ្រប់​គ្រង​លើ​កម្លាំង​ធម្មជាតិ​និង​អាកាសធាតុ​ដែរ។—ម៉ាកុស ៤:៣៧​-​៤១

    លោកយេស៊ូកំពុងបង្រៀនមនុស្សដែលនៅជុំវិញលោក

    ជា​ពិសេស លោក​យេស៊ូ​បាន​បង្រៀន​មនុស្ស​អំពី​របៀប​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត​និង​សាមគ្គីភាព។ អស់​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក ខំ​ព្យាយាម​បណ្ដុះ​គុណ​សម្បត្តិ​ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​ក្ដី​រីករាយ​ជា​រៀង​រហូត​ក្រោម​រាជាណាចក្រ​លោក។ គ្មាន​អ្នក​ណា​អាច​អប់រំ​មនុស្ស​ឲ្យ​ធ្វើ​ដូច្នេះ​បាន​ទេ។ ឧទាហរណ៍​ល្អ​ៗ​អំពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​ស្គាល់​ថា​សុន្ទរកថា​នៅ​លើ​ភ្នំ គឺ​មាន​នៅ​ម៉ាថាយ ជំពូក⁠៥​-​៧។ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​អាន​ជំពូក​ទាំង​នេះ។ ពាក្យ​ក្នុង​សុន្ទរកថា​នោះ​គឺ​ស្រួល​យល់ តែ​មាន​ន័យ​ជ្រៅ ហើយ​ច្បាស់​ជា​មាន​ឥទ្ធិពល​លើ​ចិត្ត។

តើ​អ្នក​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ?

ជំហាន​ដំបូង​ដើម្បី​ចុះ​ចូល​ក្រោម​រាជាណាចក្រ​ព្រះ​គឺ​ការ​អប់រំ។ ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​អធិដ្ឋាន​ទៅ​ព្រះ ដោយ​ពោល​ថា​៖ ​«​អស់​អ្នក​ដែល​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ និង​ត្រូវ​ស្គាល់​យេស៊ូ​គ្រិស្ត​ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។—យ៉ូហាន ១៧:៣

ពេល​មនុស្ស​ស្គាល់​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​បែប​ណា ពួក​គេ​នឹង​ទទួល​ប្រយោជន៍​តាម​របៀប​ជា​ច្រើន។ សូម​ពិចារណា​ប្រយោជន៍​ពីរ​៖ ទី១ ពួក​គេ​បណ្ដុះ​ជំនឿ​មាំ​មួន​ទៅ​លើ​លោក។ ពួក​គេ​មាន​ជំនឿ​ដោយ​មាន​ទី​សំអាង។ ជំនឿ​នោះ​ធ្វើ​ឲ្យ​ពួក​គេ​ទុក​ចិត្ត​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ពិត​ប្រាកដ ហើយ​ថា​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​នោះ​គឺ​ជិត​មក​ដល់​ហើយ។ (​ហេប្រឺ ១១:១​) ទី​២ ពួក​គេ​កាន់​តែ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ស្ដាប់​បង្គាប់​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ច្រើន​តែ​ហៅ​ថា​គោល​ការណ៍​ដ៏​ល្បី​ល្បាញ។ គោល​ការណ៍​នោះ​ចែង​ថា​៖ ​«​ចូរ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត ដូច​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​មក​លើ​អ្នក​ដែរ​»។—លូកា ៦:៣១

ដូច​ឪពុក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ អ្នក​បង្កើត​យើង​តែង​តែ​គិត​ពី​ប្រយោជន៍​របស់​យើង។ លោក​ចង់​ឲ្យ​យើង​ទទួល​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ ជា​អ្វី​ដែល​គម្ពីរ​បាន​ប្រាប់។ (​ធីម៉ូថេ​ទី១ ៦:១៩​) ជីវិត​សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ទេ។ មនុស្ស​ជា​ច្រើន​លាន​នាក់​មាន​ជីវិត​ពិបាក ខំ​រស់​ទាំង​ត្រដរ។ ដើម្បី​សង្ខេប​អំពី​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ សូម​ពិចារណា​អំពី​អ្វី​ដ៏​អស្ចារ្យ​ខ្លះ​ដែល​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​សម្រាប់​រាស្ត្រ​លោក។

សេចក្ដី​សង្ខេប​អំពី​ជីវិត​ដ៏​ពិត​ប្រាកដ

  • «​នៅ​គ្រា​របស់​គាត់​[​ពេល​គ្រិស្ត​គ្រប់​គ្រង​ជា​ស្ដេច​] នោះ​សេចក្ដី​សុចរិត​នឹង​មាន​កាន់​តែ​ច្រើន​ឡើង ហើយ​សេចក្ដី​សុខ​នឹង​មាន​ជា​បរិបូរ . . . គាត់​នឹង​គ្រប់​គ្រង . . . រហូត​ដល់​ចុង​ផែនដី​»។—ចម្រៀង​សរសើរ​ព្រះ ៧២:៧, ៨, ១៣, ១៤

  • «​[​ព្រះ​]​នឹង​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​លែង​មាន​សង្គ្រាម​ទៀត លោក​បំបាក់​ធ្នូ ហើយ​កម្ទេច​លំពែង​»។—ចម្រៀង​សរសើរ​ព្រះ ៤៦:៩

  • «​ផែនដី​នឹង​មាន​ស្រូវ​ជា​បរិបូរ ចំណែក​នៅ​តាម​កំពូល​ភ្នំ​វិញ​នឹង​មាន​ស្រូវ​ហៀរ​ហូរ​»។—ចម្រៀង​សរសើរ​ព្រះ ៧២:១៦

  • «​គ្រា​នោះ ពួក​គេ​នឹង​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​នោះ ពួក​គេ​នឹង​ដាំ​ដំណាំ​ទំពាំង​បាយ​ជូរ ហើយ​ក៏​បរិភោគ​ផល​ផ្លែ​ពី​នោះ​ដែរ។ ពួក​គេ​នឹង​មិន​សង់ រួច​មាន​អ្នក​ឯ​ទៀត​រស់​នៅ​ទេ ពួក​គេ​នឹង​មិន​ដាំ រួច​មាន​អ្នក​ឯ​ទៀត​បរិភោគ​ផល​ដំណាំ​នោះ​ឡើយ។ . . . ឯ​ពួក​អ្នក​ដែល​ខ្ញុំ​ជ្រើស​រើស ពួក​គេ​នឹង​មាន​អំណរ​យ៉ាង​ពេញ​លេញ ចំពោះ​ស្នា​ដៃ​របស់​ខ្លួន​»។—អេសាយ ៦៥:២១, ២២

  • «​ត្រសាល​របស់​ព្រះ​នៅ​ជា​មួយ​នឹង​មនុស្សជាតិ . . . លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។—ការ​បើក​បង្ហាញ ២១:៣, ៤

មនុស្សរីករាយនឹងជីវិតក្នុងសួនឧទ្យាន

ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ មនុស្ស​នឹង​មាន​សេចក្ដី​សុខ​និង​សន្តិភាព ហើយ​ពួក​គេ​នឹង​មាន​អាហារ​ជា​បរិបូរ

ចំណុច​សំខាន់

សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​មនុស្ស​មាន​កម្លាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ អស់​អ្នក​ដែល​ធ្វើ​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត​និង​សាមគ្គីភាព​ជា​មួយ​គ្នា​ក្រោម​ការ​គ្រប់​គ្រង​នៃ​រដ្ឋាភិបាល​របស់​ព្រះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក