ហេតុអ្វីយើងរងទុក្ខ ទៅជាចាស់ ហើយស្លាប់?
អ្នកបង្កើតយើងចាត់ទុកយើងរាល់គ្នាជាកូនៗរបស់លោក។ ដូច្នេះលោកមិនចង់ឲ្យយើងរងទុក្ខវេទនានោះឡើយ។ ប៉ុន្តែ យើងនៅតែឃើញទុក្ខវេទនាជាច្រើន។ ហេតុអ្វី?
ឪពុកម្ដាយដំបូងរបស់យើងនាំឲ្យយើងរងទុក្ខ
«ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលមកតាមរយៈភាពខុសឆ្គង នោះសេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់»។—រ៉ូម ៥:១២
ព្រះបានបង្កើតឪពុកម្ដាយដំបូងរបស់យើងគឺអាដាមនិងអេវ៉ាយ៉ាងល្អឥតខ្ចោះ ទាំងសមត្ថភាពរិះគិត ទាំងរូបកាយ។ លំនៅដែលលោកឲ្យពួកគាត់គឺជាសួនឧទ្យាននៅផែនដី ដែលហៅថាសួនអេដែន។ លោកបានប្រាប់ពួកគេថា ពួកគេអាចបរិភោគផ្លែឈើពីដើមឈើទាំងអស់ក្នុងសួនច្បារនោះ លើកលែងតែផ្លែពីដើមឈើមួយប៉ុណ្ណោះ។ ប៉ុន្តែ អាដាមនិងអេវ៉ាបានសម្រេចចិត្តបរិភោគផ្លែឈើពីដើមឈើនោះ ហើយនោះគឺជាអំពើខុសឆ្គង។ (ដើមកំណើត ២:១៥-១៧; ៣:១-១៩) ក្រោយពីពួកគេមិនស្ដាប់បង្គាប់ ព្រះបានបណ្ដេញប្ដីប្រពន្ធមួយគូនេះចេញពីសួននោះ ហើយជីវិតរបស់ពួកគេគឺលំបាកណាស់។ មិនយូរក្រោយមក ពួកគេមានកូន ហើយកូនៗក៏មានជីវិតពិបាកដែរ។ ពួកគេទាំងអស់ទៅជាចាស់ហើយស្លាប់។ (ដើមកំណើត ៣:២៣; ៥:៥) យើងទៅជាឈឺ ចាស់ ហើយស្លាប់ដោយសារយើងជាកូនចៅអាដាមនិងអេវ៉ា។
ពួកវិញ្ញាណទុច្ចរិតក៏នាំឲ្យយើងរងទុក្ខ
«ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច»។—យ៉ូហានទី១ ៥:១៩
«មេកំណាច»នោះគឺសាថាន។ វាជាបុគ្គលវិញ្ញាណដែលមនុស្សមើលមិនឃើញ ដែលបានបះបោរប្រឆាំងនឹងព្រះ។ (យ៉ូហាន ៨:៤៤; ការបើកបង្ហាញ ១២:៩) មិនយូរក្រោយមក បុគ្គលវិញ្ញាណឯទៀតក៏បានចូលរួមជាមួយសាថានក្នុងការបះបោរប្រឆាំងនឹងព្រះដែរ។ ពួកវាបានត្រូវហៅថាវិញ្ញាណកំណាច។ ពួកវិញ្ញាណកំណាចទាំងនេះប្រើអំណាចរបស់ពួកវាដើម្បីបំភាន់មនុស្ស ហើយបង្វែរពួកគេចេញពីអ្នកបង្កើត។ ពួកវាព្យាយាមនាំឲ្យមនុស្សជាច្រើនធ្វើអ្វីដ៏អាក្រក់។ (ចម្រៀងសរសើរព្រះ ១០៦:៣៥-៣៨; ធីម៉ូថេទី១ ៤:១) សាថាននិងពួកវិញ្ញាណកំណាចរបស់វា សប្បាយក្នុងការធ្វើឲ្យមនុស្សឈឺចាប់និងរងទុក្ខវេទនា។
ជួនកាលយើងរងទុក្ខដោយសារការសម្រេចចិត្តរបស់យើង
«មនុស្សទទួលផលតាមតែអ្វីដែលគេសាបព្រោះ»។—កាឡាទី ៦:៧
យើងទាំងអស់គ្នារងទុក្ខតាមរបៀបផ្សេងៗ ដោយសារយើងមានភាពខុសឆ្គង និងឥទ្ធិពលរបស់សាថានដែលមាននៅជុំវិញយើង។ ប៉ុន្តែ ពេលខ្លះមនុស្សរងទុក្ខដោយសារខ្លួនឯង។ តើតាមរបៀបណា? ពេលពួកគេធ្វើមិនល្អឬធ្វើការសម្រេចចិត្តមិនឈ្លាសវៃ ពួកគេច្រើនតែទទួលលទ្ធផលអាក្រក់។ ផ្ទុយទៅវិញ ពេលមនុស្សធ្វើអ្វីដែលល្អ ពួកគេទទួលលទ្ធផលល្អ។ ជាឧទាហរណ៍ បុរសម្នាក់ដែលជាប្ដីនិងជាឪពុក ដែលប្រព្រឹត្តដោយទៀងត្រង់ ខំប្រឹងធ្វើការនឿយហត់ ហើយស្រឡាញ់ក្រុមគ្រួសារគាត់ នឹងទទួលលទ្ធផលល្អជាច្រើន ហើយនឹងធ្វើឲ្យក្រុមគ្រួសារមានសុភមង្គល។ ប៉ុន្តែ បុរសដែលលេងល្បែង ផឹកស្រាច្រើនពេក ឬខ្ជិលច្រអូសអាចនាំឲ្យខ្លួនគាត់និងក្រុមគ្រួសារគាត់ធ្លាក់ក្នុងភាពក្រីក្រ។ ដូច្នេះយើងនឹងទទួលប្រយោជន៍ជាច្រើនបើយើងស្ដាប់តាមអ្នកបង្កើតរបស់យើង។ លោកចង់ឲ្យយើងទទួលលទ្ធផលល្អជាច្រើន រួមទាំង«សេចក្ដីសុខជាបរិបូរ»។—ចម្រៀងសរសើរព្រះ ១១៩:១៦៥
យើងរងទុក្ខដោយសារយើងរស់នៅ«គ្រាចុងក្រោយបង្អស់»
«នៅគ្រាចុងក្រោយបង្អស់ . . . មនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ . . . មិនស្ដាប់បង្គាប់ឪពុកម្ដាយ . . . មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌»។—ធីម៉ូថេទី២ ៣:១-៥
មនុស្សជាច្រើននៅសព្វថ្ងៃនេះប្រព្រឹត្តដូចអ្វីដែលគម្ពីរបានទាយនៅខាងលើនេះ។ ការប្រព្រឹត្តរបស់ពួកគេក៏ជាភ័ស្តុតាងមួយដែលបញ្ជាក់ថាយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់»នៃរបៀបរបបពិភពលោកនេះ។ បទគម្ពីរក៏ទាយទុកដែរថា គ្រាចុងក្រោយបង្អស់នឹងត្រូវសម្គាល់ដោយសង្គ្រាម ការអត់ឃ្លាន រញ្ជួយដីជាខ្លាំង និងជំងឺ។ (ម៉ាថាយ ២៤:៣, ៧, ៨; លូកា ២១:១០, ១១) អ្វីទាំងនេះបណ្ដាលឲ្យមានទុក្ខវេទនានិងសេចក្ដីស្លាប់ជាច្រើន។