២៨
របៀបដែលម៉ូសេត្រូវបានសង្គ្រោះ
សូមមើលទារកដ៏តូចដែលកំពុងតែយំ ហើយកំពុងតែកាន់ម្រាមដែស្ត្រីនេះ។ នេះជាម៉ូសេ។ តើអ្នកស្គាល់ស្ត្រីដ៏ស្អាតនេះ ជាអ្នកណាទេ? នាងជារាជបុត្រីសាសន៍អេស៊ីព្ទ ជាបុត្រីរបស់ស្តេចផារ៉ោន។
ម្ដាយរបស់ម៉ូសេបានលាក់ទារករបស់នាង ទាល់តែកូននេះបានអាយុ៣ខែ ពីព្រោះនាងមិនចង់ឲ្យសាសន៍អេស៊ីព្ទសម្លាប់កូនរបស់នាងទេ។ ប៉ុន្តែ នាងដឹងថា គេច្បាស់ជាអាចរកឃើញម៉ូសេ ដូច្នេះហើយ នេះជាអ្វីដែលនាងបានធ្វើដើម្បីនឹងសង្គ្រោះកូន។
នាងបានយកកញ្ជើមួយ ហើយក៏បានជួសជុលដើម្បីកុំឲ្យទឹកអាចលិចចូលបាន។ បន្ទាប់មកនាងដាក់ម៉ូសេនៅក្នុងនោះ ហើយក៏ដាក់កញ្ជើនៅកណ្ដាលគុម្ពត្រែងខ្ពស់ៗតាមមាត់ទន្លេ។ ម៉ារាមជាបងស្រីរបស់ម៉ូសេបានត្រូវបង្គាប់ឲ្យឈរនៅជិតនោះ ដើម្បីចាំមើលហេតុដែលនឹងកើតមានឡើង។
បន្ដិចមក បុត្រីរបស់ស្តេចផារ៉ោនបានចុះមកមាត់ច្រាំងទន្លេដើម្បីងូតទឹក។ មួយរំពេចនោះ នាងបានឃើញកញ្ជើមួយនៅក្នុងគុម្ពត្រែងខ្ពស់ៗ។ នាងបានហៅទៅបាវស្រីម្នាក់ថា៖ ‹ចូរទៅយកកញ្ជើនោះមកឲ្យខ្ញុំ›។ នៅពេលដែលរាជបុត្រីបានបើកកញ្ជើនោះឡើង នាងឃើញទារកយ៉ាងស្អាតស្រស់មួយ! ម៉ូសេជាកូនដ៏តូចនេះកំពុងតែយំ ហើយរាជបុត្រីនោះមានចិត្តអាណិតណាស់។ នាងមិនចង់ឲ្យទារកនេះស្លាប់ឡើយ។
បន្ទាប់មក ម៉ារាមក៏បានចេញមក។ អ្នកអាចឃើញនាងនៅក្នុងរូបភាពនេះ។ ម៉ារាមបានសួរបុត្រីរបស់ស្តេចផារ៉ោនថា៖ ‹តើចង់ឲ្យខ្ញុំទៅហៅស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ មកបំបៅទារកនេះឬទេ›?
រាជបុត្រីនោះបានឆ្លើយថា៖ ‹ចូរទៅចុះ›។
ដូច្នេះ ម៉ារាមក៏រត់យ៉ាងលឿនទៅប្រាប់ម្ដាយរបស់នាង។ នៅពេលដែលម្ដាយរបស់ម៉ូសេមកដល់ រាជបុត្រីនោះក៏និយាយថា៖ ‹ចូរយកទារកនេះទៅបំបៅឲ្យខ្ញុំចុះ ខ្ញុំនឹងឲ្យប្រាក់ខែដល់អ្នក›។
ដូច្នេះ ម្ដាយរបស់ម៉ូសេក៏បានមើលថែរក្សាកូនរបស់ខ្លួនផ្ទាល់។ ក្រោយមក នៅពេលដែលម៉ូសេបានធំឡើងបន្ដិច នាងក៏យកគាត់ទៅឲ្យបុត្រីរបស់ស្តេចផារ៉ោន ដែលបានយកទៅចិញ្ចឹមជាកូនប្រុសរបស់នាងផ្ទាល់។ នេះហើយជារបៀបដែលម៉ូសេ បានមករស់នៅក្នុងរាជវង្សនៃស្តេចផារ៉ោននោះ។